ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ស្ទឹងត្រែង​ទទួល​ស្គាល់​ថា មាន​ការ​លក់​សត្វព្រៃ​ហើយ​ពិបាក​បង្ក្រាប

ដោយ សន ចាន់រដ្ឋា
2018-10-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សត្វ​ព្រៃ​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។
សត្វ​ព្រៃ​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។
Photo: RFA

ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ស្ទឹងត្រែង ទទួលស្គាល់​ថា ការ​សម្លាប់​សត្វព្រៃ យក​មក​ដាក់​លក់​លើ​ទីផ្សារ​នៅ​តែ​បន្ត​កើត​ឡើង។ ប្រធាន​មន្ទីរ​កសិកម្ម លោក លាង សេង ថ្លែងប្រាប់​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦ ខែ​តុលា ថា សមត្ថកិច្ច​លំបាក​បង្ក្រាប ករណី​ការ​សម្លាប់​សត្វព្រៃ​ដាក់​លក់​លើ​ទីផ្សារ។

លោក​ថា ពេល​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ការ​លក់​សត្វព្រៃ​លើ​ទីផ្សារ អ្នកលក់​ខ្លះ​បាន​រត់​បាត់ និង​ខ្លះ​ទៀត​ហាក់​ចង់​តដៃ​ជាមួយ​សមត្ថកិច្ច​ទៀត​ផង។ ការ​បកស្រាយ​ទាក់ទង​នឹង​ការ​ដាក់​លក់​សត្វព្រៃ​នៅ​លើ​ទីផ្សារ​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​ចែកចាយ​ត​គ្នា នូវ​រូបភាព​ជាច្រើន​សន្លឹក​នៃ​ការ​លក់​សាច់​ព្រៃ ដោយ​ភ្ជាប់​ជាមួយ​នូវ​ខ្លឹមសារ​បញ្ជាក់​អំពី​តម្លៃ​នៃ​សត្វព្រៃ​ទាំងនេះ​ដូចជា​តម្លៃ​សាច់​ឈ្លូស​ក្នុង​មួយ​គីឡូ បួន​ម៉ឺន​រៀល សាច់​ជ្រូក​ព្រៃ មួយ​គីឡូ​តម្លៃ​ពីរ​ម៉ឺន​រៀល និង​សត្វ​ត្រកួត​រស់ មួយ​គីឡូ ពីរ​ម៉ឺន​ប្រាំ​ពាន់​រៀល​ជាដើម។

ប្រធាន​មន្ទីរ​កសិកម្ម លោក លាង សេង អះអាង​ថា សមត្ថកិច្ច នឹង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត​ដើម្បី​ប្រឆាំង និង​ទប់ស្កាត់​សកម្មភាព​សម្លាប់​សត្វព្រៃ មក​លក់​នៅ​ទីផ្សារ​នេះ។ ការ​យក​សត្វព្រៃ ដែល​ខ្លះ​ជា​សត្វ​ជិត​ផុត​ពូជ​ផង​នោះ មក​ដាក់​លក់​លើ​ទីផ្សារ​មិនមែន​កើតមាន​តែ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ប៉ុណ្ណោះ​ទេ ករណី​នេះ​ក៏​កើតមាន​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ផង​ដែរ។

កាលពី​ថ្ងៃទី១៣ ខែ​តុលា ក្រុម​ល្បាត​ព្រៃ នៅ​ខេត្ត​កោះកុង ក៏បាន​រឹបអូស​សត្វព្រៃ​មួយ​ចំនួន ដែល​ជន​មិន​ស្គាល់​មុខ​បាន​លាក់​ទុក​នៅ​ក្នុង​ព្រៃ ក្នុង​នោះ​មាន​សត្វ​ត្រកួត សត្វ​កន្ត្រង និង​សត្វ​អណ្ដើក​ផង​ដែរ។

ចំណែក​នៅ​ខេត្ត​ក្រចេះ​វិញ ពលរដ្ឋ​នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ លោក វ៉ន ត្រៃ ឱ្យ​ដឹង​ថា​នៅ​ក្នុង​តំបន់​របស់​លោក ក៏​មាន​ការ​ដាក់​អន្ទាក់​សត្វ​ខ្លះ​ដែរ ប៉ុន្តែ​មិនសូវ​កើតមាន​ញឹកញាប់​នោះ​ទេ។ លោក​ថា ពលរដ្ឋ​ក្នុង​ឃុំ​របស់​លោក មួយ​ចំនួន​ប៉ុណ្ណោះ ដែល​ប្រកប​របរ​នេះ ដោយសារតែ​ត្រូវការ​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព៖ «មានតែ​ប្រជាពលរដ្ឋ​ដែល​ទីទ័លក្រ គាត់​មិន​ដឹង​រក​អី គាត់​ទៅ​រក​អាហ្នឹង​តិ​តក់ៗ វា​មិនមែន​រាល់ថ្ងៃ​ទេ យូរៗ​មាន​ម្តង មួយ​អាទិត្យ ឬ​ដប់​ថ្ងៃ​មាន​មួយ ហើយ​អត់​មាន​សត្វ​ធំ​ទេ មានតែ​ឈ្លូស ឬ​ជ្រូកព្រៃ​តែ​ប៉ុណ្ណឹង​ឯង តែ​បើ​សត្វ​តូចៗ​វិញ​មានតែ​ត្រកួត ដូចជា​អណ្ដើក ប៉ុន្តែ​ដូច​ទន្សោង ដូចជា​ខ្ទីង និង​ប្រើស​អី អត់​មាន​អ្នកណា​គេ​ចាប់​យក​មក​ទេ ព្រោះ​គេ​ដាក់​តែ​អន្ទាក់​តូចតាច ដូចជា​ហ្វ្រាំងកង់ អញ្ចឹង​ដាក់​សត្វ​ធំ​អី គឺ​មិន​អាច​ទេ»

ទោះយ៉ាងណា លោក វ៉ន ត្រៃ បន្ថែម​ថា កន្លងទៅ​លោក​បាន​ជួយ​ប្រាប់​ទៅ​ពលរដ្ឋ​ផ្សេងទៀត​អំពី​សារៈសំខាន់​នៃ​ជីវិត​សត្វព្រៃ​នេះ​ដែរ ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​មិន​ព្រម​ស្តាប់ ដោយសារតែ​នេះ​ជា​តម្រូវការ​របស់​ពួកគាត់។

កាលពី​ថ្ងៃទី១១ ដល់​ថ្ងៃទី១២ ខែ​តុលា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ដែល​បាន​ទៅ​ចូលរួម​ក្នុង​សន្និសីទ ស្ដីពី​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ នៅ​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស ហាក់​បំភ្លេច​ពី​ការ​ជួញដូរ​សត្វព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​លើកឡើង​តែ​ថា កម្ពុជា​ជា​ប្រទេស​ដែល​ក្រុម​ឧក្រិដ្ឋជន​ដឹកជញ្ជូន សត្វព្រៃ​ឆ្លងកាត់​តែប៉ុណ្ណោះ។

ទោះ​យ៉ាងណា នៅ​ចំពោះ​មុខ​អន្តរជាតិ លោក ស ខេង ថ្លែង​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ជួញដូរ​សត្វ​ព្រៃ និង​ប្រើប្រាស់​សត្វព្រៃ​សម្រាប់​តម្រូវការ​ប្រចាំថ្ងៃ​នោះ​ទេ។ លោក​ក៏បាន​ប្រកាស​ប្ដេជ្ញា​អនុវត្តន៍​នូវ​វិធានការ​ចាំបាច់​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល