ពលរដ្ឋរងគ្រោះនៅសេសានក្រោមពីរខកចិត្តនឹងអាជ្ញាធរមិនសាងសង់ភូមិថ្មីតាមការសន្យា
2018.10.31

ពលរដ្ឋក្រាញននៀល មិនទទួលសំណង ពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីររស់នៅ ស្រុកសេសាន ខែត្រស្ទឹងត្រែងត្អូញត្អែរ ពីការមិនយកចិត្តទុកដាក់ដោះស្រាយក្តីកង្វល់ និងបញ្ហាប្រឈមច្រើន ដែលអ្នកភូមិជួបប្រទះច្រើនខែមកហើយ ក្រោយពីក្រុមហ៊ុននេះបិទទ្វារទឹកពន្លិចភូមិកំណើតពួកគាត់ជិតមួយឆ្នាំមកហើយ។
ពលរដ្ឋមួយចំនួនដែលរងគ្រោះដោយទឹកជំនន់ដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅភូមិស្រែគរ និងភូមិក្បាលរមាសចាស់ ជិត ១០០គ្រួសារ ឲ្យដឹងនៅថ្ងៃទី៣០ តុលា ថា អាជ្ញាធរខេត្តស្ទឹងត្រែងនៅតែពន្យារពេល មិនដោះស្រាយ បញ្ហាប្រឈមច្រើនដូចការសន្យាមុនពេលព្រឹត្តិការណ៍ថ្ងៃទី២៩ កក្កដា ធ្វើឲ្យពលរដ្ឋខកចិត្ត លើប្រសិទ្ធភាពការងាររបស់រដ្ឋបាលខេត្តនេះ។
កាលពីខែកក្កដា អភិបាលរងខេត្តស្ទឹងត្រែង លោក ជា ថាវរិទ្ធិ បានថ្លែងនៅចំពោះមុខពលរដ្ឋ ដែលជំទាស់មិនទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២ ថា អាជ្ញាធរខេត្តនឹងពន្លឿនដំណោះស្រាយ ជួសជុលផ្លូវពីរខ្សែ សាងសង់សាលារៀន បណ្ដុះបណ្ដាលគ្រូបង្រៀនសហគមន៍ សាងសង់មណ្ឌលសុខភាព ជីកស្រះទឹក និងចុះបញ្ជីដីសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច ប៉ុន្តែការសន្យាទាំងនោះមិនទាន់ក្លាយជាការពិតនៅឡើយទេ។ កាលពីចុងឆ្នាំ២០១៧ លោក ហ៊ុន សែន ក៏ធ្លាប់បានសន្យាថា នឹងកសាងភូមិថ្មីជូនពលរដ្ឋ ដែលបដិសេធមិនទទួលសំណង និងផ្ដល់សេវាសាធារណៈជាដើម។
ជនជាតិដើមភាគតិចព្នង រស់នៅឃុំក្បាលរមាស លោក គឹម ឌឿង ឲ្យដឹងនៅថ្ងៃទី៣០ តុលាថា ថ្មីៗនេះអាជ្ញាធរខេត្ត និងក្រុមហ៊ុនបានព្យាយាមផ្សព្វផ្សាយពីគោលនយោបាយសំណងជាថ្មីទៀត ដែលពួកគេមិនពេញចិត្ត ខណៈដែលពួកគាត់បានទន្ទឹងរង់ចាំ អាជ្ញាធរស្ថាបនាភូមិថ្មីតាមការសន្យាជាច្រើនខែមកហើយ។ លោកបញ្ជាក់ថា អាជ្ញាធរខេត្តសន្យាថា នឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ចុះបញ្ជីដីសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច តែមកទល់ពេលនេះគ្មានលទ្ធផល៖ «អាជ្ញាធរមិនគោរពកិច្ចសន្យារបស់គាត់ គឺក្បត់ឧត្ដមគតិរបស់គាត់។ អាជ្ញាធរសន្យាហើយមិនធ្វើ មានន័យថាគាត់នឹង គាត់ក្បត់ពាក្យសច្ចៈរបស់គាត់ ធ្វើឲ្យពលរដ្ឋគ្មានក្តីទុកចិត្តលើអាជ្ញាធរខេត្ត»។
ជនជាតិដើមភាគតិចព្នង ម្នាក់ទៀត លោកស្រី ស្រាង ឡាញ់ ត្អូញថា ការមិនដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ហាក់ដូចជាសម្លាប់ពលរដ្ឋទាំងរស់ដូច្នេះដែរ ត្បិតលំនៅឋាន និងភូមិកំណើតពួកគាត់ត្រូវបានក្រុមហ៊ុនបិទទ្វារទឹក ពន្លិចភូមិជិត ១ឆ្នាំមកហើយ បង្កឲ្យពួកគាត់លំបាកវេទនា ខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង ផ្លូវលំបាកធ្វើដំណើរ កុមារជាច្រើនបោះបង់ការសិក្សា ខ្វះខាតទឹកស្អាត និងខ្វះមណ្ឌលសុខភាពជាដើម។ លោកថា មកទល់ពេលនេះមានអ្នកភូមិ ៥នាក់ស្លាប់ ដោយសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិនទាន់ ព្រោះផ្លូវមិនលំបាកធ្វើដំណើរ៖ «ព្រួយបារម្ភខ្លាំងរៀបចំលំនៅឋានអត់ទាន់មានគ្រប់គ្រាន់ និងមិនទាន់រៀបចំភូមិឋានស្រួល រស់នៅតាមខ្ទមស្រែ។ មកដល់ខែ១១ ផ្តើមទឹកភ្លៀងស្បើយ ខ្វះទឹកប្រើ ផ្លូវដើរ និងខ្វះសាលារៀន»។
អភិបាលស្រុកសេសានស្តីទី លោក សុវណ្ណ ពិសិដ្ឋ បដិសេធផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរីទេ នៅថ្ងៃទី៣០ តុលា លោកថា ភារកិច្ចដោះស្រាយបញ្ហានេះជាសមត្ថកិច្ចរបស់គណៈកម្មការដោះស្រាយផលប៉ះពាល់ខេត្ត៖ «ខ្ញុំអត់ទាន់បានទទួលព័ត៌មានថា ម៉េចទេ។ ខ្ញុំហួសព្រំដែនសមត្ថកិច្ចហើយ មានតែការងារថ្នាក់ខេត្ត ចុះធ្វើការរឿងហ្នឹង»។
ប្រធានផ្នែកស៊ើបអង្កេត សិទ្ធិមនុស្ស ដីធ្លី និងការពារធនធានធម្មជាតិ នៃសមាគមអាដហុក លោក នី សុខា យល់ថា អាជ្ញាធរមិនគួរអូសបន្លាយពេលដោះស្រាយបញ្ហានេះទេ នាំឲ្យពលរដ្ឋរងទុក្ខវេទនា ទាំងជីវភាព និងសេដ្ឋកិច្ចធ្លាក់ចុះជាដើម។ លោកជំរុញឲ្យអាជ្ញាធរខេត្ត ពន្លឿនដោះស្រាយបញ្ហានេះ ស្របតាមប្រសាសន៍ប្រមុខដឹកនាំរដ្ឋ។ ចំណែកអាជ្ញាធរជាតិត្រូវតាមដាន ពីប្រសិទ្ធភាពការងារអាជ្ញាធរមូលដ្ឋានជាក់ស្ដែង៖ «ថ្នាក់ដឹកនាំរដ្ឋាភិបាល គួរតែពិនិត្យមើលមែនទែន។ តើអនុសាសន៍គាត់ត្រូវបានថ្នាក់ក្រោមយកចិត្តទុកដាក់ដោះស្រាយកម្រិតប៉ុណ្ណា?»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានមតិថា ទុក្ខកង្វល់របស់ពលរដ្ឋ គឺជាភារកិច្ចដោះស្រាយរបស់អាជ្ញាធរពាក់ព័ន្ធ ស្របពេលដែលលំនៅឋានរបស់ពលរដ្ឋត្រូវបានក្រុមហ៊ុនបិទទ្វារទឹកពន្លិចច្រើនខែមកហើយ ធ្វើឲ្យពលរដ្ឋខាតប្រយោជន៍សព្វបែបយ៉ាង។ លោកយល់ថា ការអូសបន្លាយពេលមិនដោះស្រាយបញ្ហាប្រឈម នឹងនាំឲ្យពលរដ្ឋកាន់តែបាត់បង់ទំនុកចិត្តលើប្រព័ន្ធរដ្ឋបាលអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិ៖ «រដ្ឋាភិបាល និងអាជ្ញាធរគួរពន្លឿនដោះស្រាយជូនពលរដ្ឋ កុំឲ្យពលរដ្ឋរង់ចាំយូរ ព្រោះវាប៉ះពាល់ច្រើនណាស់ បើយឺតក្នុងការដោះស្រាយ»។
មកទល់ពេលនេះ ពលរដ្ឋរស់នៅឃុំក្បាលរមាស ៤៧គ្រួសារ និងឃុំស្រែគរ ៥០គ្រួសារ រាប់បញ្ចូលពលរដ្ឋបំបែកគ្រួសារ នៅមិនទាន់យល់ព្រមទទួលយកគោលនយោបាយសំណងពីក្រុមហ៊ុននៅឡើយ ហើយមកទល់ពេលនេះ ពួកគេនៅបន្តរស់នៅលើទីទួលខ្ពស់ នៅគ្រាដែលទឹកលិចលង់លំនៅឋានពួកគេទាំងស្រុង តាំងពីទំនប់វារីអគ្គិសនីសេសានក្រោមពីរបិទទ្វារទឹកជាស្ថាប័នកាលពីចុងឆ្នាំ២០១៧៕