អ្នក​រងគ្រោះ​ពី​គម្រោង​ទំនប់​វារី​អគ្គិសនី​សេសានក្រោម​២ ចោទ​អាជ្ញាធរ​គ្មាន​ឆន្ទៈ​ដោះស្រាយ​បញ្ចប់​ជម្លោះ

ដោយ សុជីវី
2020-05-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ស្ថិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។
ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ស្ថិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។
Photo: RFA

ជនជាតិដើម​ភាគតិច ដែលជា​គ្រួសារ​រងគ្រោះ ពី​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​បដិសេធ​ពុំ​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន ដោយ​ស្ម័គ្រចិត្ត​បង្កើត​ភូមិ​ថ្មី​នៅក្បែរ​ភូមិ​ចាស់ ជាង​៣​ឆ្នាំ​មកហើយ ស្នើ​ឱ្យ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​ដោះស្រាយ​សំណង​របស់​ពួកគេ ខណៈ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា អាជ្ញា​ធរមាន​ការយក​ចិត្ត​ទុកដាក់​តិចតួច​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ជូន​ពួកគេ។

ជនជាតិដើម​ភាគតិច ជា​គ្រួសារ​រងគ្រោះ​ចុងក្រោយ ពី​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ រស់​នៅ​ក្នុង​ភូមិ​ក្បាលរមាស និង​ភូមិ​ស្រែគរ ដែល​បដិសេធ​ពុំ​ទទួល​យក​សំណង កំពុង​ប្រឈម​ការលំបាក​រស់នៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ជាង ៣​ឆ្នាំ​មក​ហើយ។ ពួកគេ​ស្នើ​ឱ្យ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​ដោះស្រាយ​សំណង ខណៈ​ពួកគេ​ព្រួយបារម្ភ ទឹក​លិច​ភូមិ​ក្នុង​ពេល​ខាង​មុខ

ជនជាតិដើម​ភាគតិច​រួមមាន​ជនជាតិ​ព្នង ឡាវ គួយ និង​ព្រៅ ប្រមាណ​ជា ១៣៦​គ្រួសារ យល់​ព្រម​មក​ធ្វើ លំនៅដ្ឋាន​នៅ​ទីតាំង​សុវត្ថិភាព ដែលមាន​ចំងាយ​ជាង ៣​គីឡូម៉ែត្រ ពី​ទីតាំង​ចាស់ ដោយ​ពួកគាត់​អះអាងថា ភូមិ​ចាស់ បង្កប់​នូវ​អត្តសញ្ញាណ វប្បធម៌ និង​ប្រពៃណី ដូនតា​របស់​ពួកគាត់ បើទោះបីជា​ភូមិ​ចាស់ ផ្ទះ វត្ត​អារាម សាលារៀន ទីសក្ការៈ​ដូនតា ដើមឈើ និង​ដំណាំ​ហូប​ផ្លែ​របស់​សហគមន៍​ជនជាតិដើម​ភាគតិច ត្រូវបាន​លិចលង់​នៅ​សល់​តែ​ដំបូល និង​ចុងឈើ​ក៏ដោយ។

តំណាង​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ស្រែគរ លោក ហ្វុត ឃឿន អាយុ ៤០​ឆ្នាំ ដែល​ជា​ម្ចាស់​ពាក្យស្លោក​ឆ្លាក់​នៅ​លើ​បន្ទះ​ឈើ​ថា «​ស៊ូស្លាប់​ក្នុងភូមិ​ជាមួយនឹង​ទំនប់​វារីអគ្គិសនី» ហើយ​ពាក្យ​នេះ​ត្រូវបាន​ចម្លង​យក​ទៅ​សរសេរ​នៅតាម​បណ្ដា​ផ្ទះ​ទាំងឡាយ​នៅក្នុង​ភូមិ និង​នៅក្នុង​វត្ត មុន​ពេល​ភូមិ​ពន្លិច​ទឹក​ដោយ​ក្រុមហ៊ុន។

លោក ឃឿន បាន​ឱ្យ​ដឹង​ថា លោក​និង​អ្នកភូមិ​នៅ​បន្ត​ទាមទារ​សំណង​ឱ្យ​បាន​ប្រសើរ​ជាង​នេះ គឺ​ការផ្តល់​ជា​ថវិកា​សម្រាប់​ផ្ទះ ដី​ភូមិ ដីចម្ការ ស្រែ និង​ផលដំណាំ​ដែល​លិចលង់​។ លោក​ថា អស់​រយៈពេល​បី​ឆ្នាំ​កន្លងផុត​ទៅ​ហើយ ភូមិ​ចាស់​របស់​ពួកលោក​នៅតែ​លិច​ទឹក ហើយ​ពួក​លោក​មក​បោះ​ទីតាំងនៅ​ដី​ថ្មី​គឺ​មិនទាន់មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ត្រឹមត្រូវ សាលា​មិន​មាន​គ្រូបង្រៀន ក្មេងៗ​មិនបាន​ចូលរៀន ហើយ​មិនមាន​ទឹកស្អាត​ប្រើប្រាស់​៖ «ដូច​ថា វា​អស់ជំនឿ​ក្នុង​ខ្លួន​ទៅណា​ស់ ហ្នឹងហើយ វា​អស់ជំនឿ ហ្នឹងហើយ​វា​ទុក​ឱ្យ​យើង​វេទនា ១​ឆ្នាំ ២​ឆ្នាំ​សិន​ទៅ​អត់​គ្រូ អត់​អឺ​សិស្ស​រៀន​អី​អញ្ចឹង​ទៅ អ៊ីចឹង​វេទនា រហូត​ប្រជាពលរដ្ឋ​មិនដឹង​ប៉ុណ្ណា​ទៀត​ទេ​? ធម្មតា​យើង​ចង់បាន​ដែរ យើង វា​ធម្មតា បើ​ក្រុមហ៊ុន​ធ្វើបាប​យើង ធ្វើ​ឱ្យ​បាត់បង់​របស់​យើង​ហើយ ក្រុមហ៊ុន​ត្រូវតែ​សង​អ្វីដែល​យើង​បាត់បង់ ខ្ញុំ​ចង់​បានតែ​ប៉ុណ្ណឹង​ទេ»។

លោក​តែង​តែង​ជិះទូក​ទៅ​មើល​ផ្ទះសម្បែង​លិច​ទឹក​នៅក្នុង​ភូមិ​ចាស់​របស់លោក ហើយ​លោក​នៅតែ​គិត​ស្រម៉ៃ​ក្នុង​ចិត្ត​ថា នៅ​ថ្ងៃ​ណាមួយ​លោក​នឹង​កសាង​ភូមិ​ចាស់​នេះ ជា​ភូមិ​បណ្តែត​ទឹក​សម្រាប់​ភ្ញៀវទេសចរ ដើម្បី​ប្រាប់​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ចំពោះ​ជនជាតិដើម​ភាគតិច​នៅក្នុង​ភូមិ​នេះ ដោយសារតែ​គម្រោង​វារីអគ្គិសនី ប៉ុន្តែ​អ្វីដែល​ឧបសគ្គ​គឺ​ពលរដ្ឋ​នៅក្នុង​សហគមន៍​របស់លោក​ពុំទាន់​មាន​ធនធាន​គ្រប់គ្រាន់​នៅឡើយ​«ខ្ញុំ​វា​មិនទាន់ អឺ​អាច​ធ្វើបាន​ទេ អា​តំបន់​ទេសចរណ៍ ដោយសារតែ ប្រជាពលរដ្ឋ​នៅ​ដុនដាប់​ខ្លាំង​អញ្ចឹង​ណា វា​ពិបាក​អា​ធ្វើ​តំបន់​ទេសចរណ៍ វា​ទាល់​តែមាន​លុយ»។

លោក​ថា បើទោះជា​ពលរដ្ឋ​រស់នៅ​លំបាក ប្រឈម​និង​ជីវភាព​ប្រចាំថ្ងៃ​ណា​យ៉ាងណាក៏ដោយ ក៏​រហូតមក​ដល់​ពេល​នេះ ប្រជាជន​បាន​សាង​ផ្ទះ​នៅ​តំបន់​ថ្មី​នេះ កសាង​វត្ត​អារាម និង​កន្លែង​បន់ស្រន់​សម្រាប់​ដូនតា​ដោយ​ខ្លួនឯង«ជា​រឿង​មួយ​ដែល​គួរ​គិត​ថា រដ្ឋ​មើល​ឃើញ​ជាក់ស្ដែង​ពី​ទឹកចិត្ត​របស់​គេ ទោះ​អ្នកឯង​អត់​ឱ្យ​អី ក៏​គេ​មានលទ្ធភាព​ធ្វើ​ផ្ទះ​ដោយ​ខ្លួនឯង​ដែរ អ៊ីចឹង​ណា»។

គ្រួសារ​របស់​លោក ឃឿន គឺជា​គ្រួសារ​មួយ​ក្នុងចំណោម​ប្រជាជន​រងគ្រោះ​សរុប​ចំនួន ៨៤៦​គ្រួសារ ដែល​រង​ផលប៉ះពាល់​ដោយសារ​ទំនប់​នេះ​។ ភាគច្រើន​ពួកគេ​បានសម្រេច​ទទួល​សំណង​ពី​ក្រុមហ៊ុន​គឺ​ការតាំង​ទីលំនៅ​ថ្មី នៅ​កន្លែង​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន ដោយ​មាន​ផ្តល់​ជា​ផ្ទះ ដី​ភូមិ និង​ថវិកា​មួយ​ចំនួន

ចំណែក​ពលរដ្ឋ​រស់នៅ​ភូមិ​ក្បាល​រមាស​ចាស់ ខាងលើ​ទំនប់ លោក ប្រាជ រិទ្ធី ដែលជា​ជនជាតិ​ព្នង ឱ្យ​ដឹងថា បច្ចុប្បន្ននេះ​ពលរដ្ឋ​នៅក្នុង​សហគមន៍​របស់លោក​ចំនួន ៥២​គ្រួសារ ដែល​បដិសេធ​មិន​ទទួល​សំណង មាន​បញ្ហា​ប្រឈម​ច្រើន​ដូចជា កង្វះ​ទឹកស្អាត ខូចខាត​ស្រូវ​កសិកម្ម កុមារ​ការ​បោះ​បង់ការ​សិក្សារ ជាដើម ប៉ុន្តែ​ពួកគាត់​នឹងមិន​រាថយ​នោះទេ គឺ​បច្ចុប្បន្ននេះ​នៅតែ​ទាមទារ​ឱ្យ​អាជ្ញាធរ​ធ្វើ​ប្លង់​សមូហភាព​ដើម្បី​ការពារ​ដី​នឹង​ព្រៃ​របស់​ពួកគាត់​ពី​ការ​ទន្ទ្រានដូច​ពេល​មុនៗ​ទៀត«កាលណា​ដែល​រដ្ឋាភិបាល​គោរព​នូវ​គោលការណ៍ ដែល​យើង​បាន​ធ្លាប់​ជម្រាប​ប្រាប់​អង្គការ​ពាក់ព័ន្ធ ទាំង​រដ្ឋាភិបាល​ទាំង​ប៉ុន្មាន​ចំនុច នោះ​គឺ អឺ រឿង​សំណង​គឺ​យើង​អត់​ទាន់​គិត​ទេ សំខាន់​គឺ​យើង​បាន​ចុះបញ្ជី​ដី​សមូហភាព​សិន»។

លោក​ថា ពលរដ្ឋ​របស់​លោក​មិន​ចង់​បាន​អគ្គិសនី​ប្រើប្រាស់​ពី​ក្រុមហ៊ុន​នោះទេ គឺ​ពួកគាត់​អាចរ​ស់បាន​ដោយ​ពុំមាន​អគ្គិសនី អ្វី​ដែល​សំខាន់​គឺ​ពួកគាត់​មាន​ដី​ធ្វើស្រែ​ចំការ មាន​ទន្លេ​សម្រាប់​នេសាទ​ត្រី និង​មាន​ទឹកស្អាត​ប្រើប្រាស់​។ សព្វថ្ងៃ​នេះ ស្រះ​ទឹក​ចំនួន​២ ដែល​ខាង​ក្រុមហ៊ុន​ជីក​ឱ្យ​នោះ​មាន​សភាព​ល្អក់ និង​ប្រើ​មិន​គ្រប់​សម្រាប់​ពលរដ្ឋ​នៅក្នុង​ភូមិ​នោះ​ទៀត​ផង៖ «ទាមទារ​ពី អឺ​រាជរដ្ឋាភិបាល​ហ្នឹង យើង​នៅ​ទាមទារ​ចង់បាន អឺ​អណ្តូងទឹក ដើម្បី​នឹង​ប្រើប្រាស់​អ៊ីចឹង​ណា ដោយសារតែ​ទឹកស្រះ​មាន​ល្អក់ មាន​អីអ៊ីចឹង​យើង​មិនអាច​ប្រើ​បាន ប្រជាពលរដ្ឋ​ច្រើន​អី​អ៊ីចឹងៗ​ស្រះ​ពីរ​ហ្នឹង​អត់​គ្រាន់ ហើយ​យើង​នៅ​ដងទឹក​ពី​បាត​អាង​ទៀត»។

គម្រោង​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែលមាន​សមត្ថភាព ផលិត​ថាមពល​អគ្គិសនី​បាន ៤០០​មេ​ហ្កា​វ៉ា​ត់ គឺជា​គម្រោង​វារីអគ្គិសនី​ដ៏​ធំ​បំផុត​របស់​កម្ពុជា គឺជា​គម្រោង​រួមគ្នា​រវាង​ក្រុមហ៊ុន​របស់​កម្ពុជា​គឺ រូយ៉ាល់ គ្រុប (Royal Group) របស់​អ្នកឧកញ៉ា គិត ម៉េង កាន់​កាប់​ចំណែក​ភាគហ៊ុន​ចំនួន ៣៩% រួម​ជាមួយ​ក្រុមហ៊ុន ហួរនឹង ហាយដ្រូឡានឆាង អ៊ីនធើណាសិនណល អ៊ែនើជី (Huaneng Hydrolancang International Energy) របស់​ចិន កាន់កាប់​ចំណែក​ភាគហ៊ុន​ចំនួន ៥១% និង​ក្រុមហ៊ុន អីវីអិនអ៊ីនធើណាសិនណល ចញស្តុក (EVN International Joint Stock Company) របស់​វៀតណាម កាន់កាប់​ភាគហ៊ុន​ចំនួន ១០% ផង​​ដែរ ដែលមាន​តម្លៃ ៨១៦​លាន​ដុល្លារ​អាមេរិក​។ ទំនប់​នេះ​មាន​កម្ពស់ ៧៥​ម៉ែត្រ ការវិនិយោគ​នេះ​តាម​រូបភាព​សាងសង់​ដំណើរការ​ផ្ទេរ (BOT) មាន​រយៈពេល​សម្បទាន ៤៥​ឆ្នាំ ដែល​ក្នុងនោះ​រយៈពេល ៥ ឆ្នាំ​សម្រាប់​ដំណើរការ​សាងសង់ និង ៤០ ឆ្នាំ​សម្រាប់ធ្វើ​អាជីវកម្ម។

អ្នកផ្តល់​ហិរញ្ញប្បទាន​គឺ​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ គឺ​៣០​ភាគរយ ជា​ទុន​របស់​ក្រុមហ៊ុន និង ៧០ ភាគរយ​ទៀត​ជា​កម្ចី​បាន​មក​ពី​ធនាគារ​មួយ​ដែល​មិន​ស្គាល់ឈ្មោះ តែ​ភាគច្រើន​បាន​មក​ពី​ប្រទេស​ចិន​។​

ក្រោយពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​នេះ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ នឹង​ត្រូវ​ត​បណ្តាញ​ពី​ខេត្ត ស្ទឹងត្រែង​ទៅ​ក្រចេះ ពី​ក្រចេះ​ទៅ​កំពង់ចាម និង​បន្ត​ពី​កំពង់ចាម​ទៅ​រាជធានី​ភ្នំពេញ ពោលគឺ​ត្រូវ​ត​ភ្ជាប់​បណ្តាញ​មេ​ទាំងអស់។

អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​លោក ម៉ែន គង់ បាន​ថ្លែង​ឱ្យ​ដឹង​ថា សម្រាប់​ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ និង​ឃុំ​ខ​ក្បាល​រមាស​ចាស់ ហើយ​បាន​រើ​មក​រស់នៅ​ទីតាំង​ថ្មី​នៅក្បែរ​ទីតាំង​ចាស់​របស់​ពួកគាត់​នោះ អាជ្ញាធរ​បានធ្វើ​ផ្លូវ​ថ្នល់ សាលារៀន ប៉ុស្តិ៍​សុខភាព ដល់​ពួក​គាត​រួចរាល់​ហើយ​។ លោក​បញ្ជាក់ថា មន្ត្រី​ជំនាញ​កំពុង​សិក្សា​បន្ថែម​អំពី​ការផ្តល់​សំណង​បន្ថែម​ទៅ​ដល់​គ្រួសារ​នីមួយៗ៖ «គាត់​អត់​ទាន់​យល់ច្បាស់​ហើយ​គាត់ បាន​និយាយ​ថា គាត់​ខ្លាច​ក្នុង​ករណី​ថា បើ​សិន​ជា​គាត់​ព្រមព្រៀង​ទៅ​មាន​ករណី​អញ្ចេះ ករណី​អញ្ចេះ អាហ្នឹង​គាត់ អឺ​មាន​សំណើរ​លើក​ក្រោយ​ទៀត យើង​មិន​បាន​អី​ដោះស្រាយ​សម្រួល​អី​ជូន​គាត់ គាត់​មានការ​ភណ្ឌ​ច្រឡំ​អ៊ីចឹងៗ​គាត់ អត់​បាន អឺ អឺ អនុញ្ញាតិ​ឱ្យ​ក្រុមការងារ​បាន​ទៅ​ជួប​ពិភាក្សារ​ផ្ទាល់​ទេ អ៊ីចឹង​ភាព​យឺតយ៉ាវ​គឺ​កន្លងមក​យើង​អត់​បាន​ជួប​គ្នា​ផ្ទាល់ បាន​ជូ​ប​គ្នា​ធ្វើការ​ឱ្យ​ជិតស្និត​ជាមួយគ្នា​តែ​ប៉ុណ្ណឹង ហើយ​វា​ជូន​ពេល​នៅពេល​សភាពការណ៍​បញ្ហា​ជំងឺ​កូ​វីដ​១៩​មក​គឺ​យើង​ផ្អាក់​ការ​ជូ​ប​ជុំ ប៉ុន្តែ​យើង​នៅ​ផ្សារភ្ជាប់​គ្នា​តាមរយៈ​ទូរស័ព្ទ»។

អ្នកនាំពាក្យ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក សឹង សែនករុណា បាន​លើក​ឡើង​ថា​ ចំពោះ​ពលរដ្ឋ​ដែល​បដិសេធ​ពុំ​ទទួល​យក​សំណង ហើយ​ទៅ​រស់នៅ​ទីទួល​សុវត្ថិភាព​ជិត​ភូមិ​ចាស់​របស់​ពួកគាត់​នោះ លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​មាន​ការ​យកចិត្ត​ទុកដាក់​ចំពោះ​គាត់​តិចតួច​បំផុត​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់៖ «អ៊ីចឹង​អាជ្ញាធរ​គួរតែ​មាន​ការពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​រក​ដំណោះស្រាយ​ជាមួយ​ពួកគាត់ កុំ​ឱ្យ​មានការ​អូសបន្លាយ​ពេល​វេលា ចេះតែ​មួយ​អឺ​ឆ្នាំ ទៅមួយ​ឆ្នាំ មួយឆ្នាំ​ហើយ​ទៅមួយ​ឆ្នាំ​ទៀត​រហូតដល់​បច្ចុប្បន្ន​ហ្នឹង​នៅតែ​មិនអាច​មានការ​ដោះស្រាយ​ឱ្យ​ពួកគាត់​បាន បាទ»។

កាលពី​ឆ្នាំ​២០១៩ កម្ពុជា បាន​ជួប​ប្រទះ​កង្វះខាត​ថាមពល​យ៉ាងធ្ងន់ធ្ងរ​ដោយសារតែ តម្រូវការ​កើនឡើង បណ្ដាល​មក​ពី​កំណើន​នៃ​ការ​សាងសង់ ស្រ​បពេល​មានការ​វិនិយោគទុន​ច្រើន​ពី​ប្រទេស​ចិន​។ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា កង្វះ​អគ្គិសនី​ដោយសារតែ កម្ពស់​ទឹក​ទំ​បន់​វារីអគ្គិសនី នៅតាម​ដង​ទន្លេមេគង្គ​ក្រោម និង​តាម​ដៃទន្លេ​មេគង្គ មាន​កម្រិត​ទាប​។ កម្ពុជា​ប្រើប្រាស់ អគ្គិសនី​បាន​មក​ពី​ទំនប់​វារីអគ្គិសនី ប្រមាណ ៤៨​ភាគរយ​។ កាល​ពី​ឆ្នាំ ២០១៩ កម្ពុជា​បាន​ទិញ​ភ្លើង​អគ្គិសនី ប្រមាណ ២៥​ភាគរយ ពី​ប្រទេស​វៀតណាម និង​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល