ជនជាតិដើមភាគតិចកួយ ប្រមាណ៨០នាក់ រស់នៅភូមិប្រើសក្អក ឃុំម្លូ ស្រុកឆែប ខេត្តព្រះវិហារ នាំគ្នាធ្វើពិធីសែនលាបំណន់ ដែលពួកគេបានបួងសួងសុំទឹកភ្លៀង កាលពីថ្ងៃទី៦ ឧសភា កន្លងទៅនោះថា ប្រសិនបើកាលណាពួកគេបួងសួងទៅហើយ មេឃធ្លាក់ភ្លៀងមកនោះ ពួកគេនឹងរៀបចំសែនលាបំណន់។
នៅក្នុងពិធីសែនលាបំណន់នៅថ្ងៃទី១៤ ឧសភានេះ គឺបន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើឲ្យអ្នកភូមិ បំពេញតាមការសន្យារបស់ខ្លួនជាមួយនឹងអ្នកតាម្ចាស់ស្រុក។
ចំណែកឯថវិកានៃការរៀបចំពិធីសែនព្រេនលាបំណន់នេះ កើតចេញពីសហគមន៍ជនជាតិដើមភាគតិចកួយ សាមគ្គីគ្នា រៃអង្គាសប្រាក់នៅក្នុងសហគមន៍កាលពីថ្ងៃទី១២ ដល់ ថ្ងៃទី១៣ ខែឧសភា។
មួយវិញទៀត សហគមន៍បានរៀបចំប្រដាប់សែនព្រេនដែលមានធូប ទាន ក្បាលជ្រូក បាយសម្ល ភេសជ្ជៈ រួមទាំងផ្លែឈើមួយចំនួនផងដែរ។
ប្រជាសហគមន៍ម្នាក់គឺ លោក ស៊ន ផុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៤ ឧសភា ថា ការសែនលាបំណន់នេះ គឺដើម្បីថ្វាយដល់អ្នកតាម្ចាស់ស្រុកដែលផ្ដល់ទឹកភ្លៀងដល់អ្នកភូមិ នៅពេលដែលរាំងស្ងួតគ្មានភ្លៀងធ្លាក់។
លោក ស៊ន ផុន៖ «លាបំណន់នេះ លាបំណន់ដូចថា ដូចចាស់ទុំគាត់យល់ថា មេឃរាំងណាស់បង ដល់មេឃរាំងទៅគាត់សុំទឹកភ្លៀង ដល់ពេលមានភ្លៀងមក២ ៣ថ្ងៃមកដល់ពេលថ្ងៃនេះ រាំងទៅគាត់ចាប់ផ្ដើមរៃអង្គាសពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នានេះ ដូចថា បានកូនជ្រូកមួយកាប់ដើម្បីទៅថ្វាយលោកតានៅកន្លែងវត្តឯណោះណា»។
លោក ស៊ន ផុន អះអាងថា ពិធីបួងសួងសុំទឹកភ្លៀង ជាទំនៀមទម្លាប់ដ៏ចំណាស់មួយ ដែលជនជាតិដើមភាគតិចកួយ តែងតែធ្វើនៅពេលជួបប្រទះគ្រោះរាំងស្ងួត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។