ជនខិលខូច​ក្រៀវ​ដើមឈើ​ឱ្យ​ងាប់​រាប់ពាន់​ដើម នៅ​ខេត្តមណ្ឌលគិរី

ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ខេត្ត​មណ្ឌលគិរី​សោកស្តាយ ដើមឈើ​តូច​ធំ​ជាច្រើន​ពាន់​ដើម ឋិត​ក្នុង​ព្រៃ​បម្រុង​ទុក​សហគមន៍ ត្រូវ​ជនខិលខូច កៀវ​ឱ្យ​ងាប់ ដើម្បី​ដុត​កម្ទេច​ឱ្យ​ក្លាយ​ជា​វាល​ធ្វើ​ជា​ទ្រព្យ​បុគ្គល។

ពួកគាត់​ចាត់ទុក​ទង្វើ​នេះ​ជា​ទម្លាប់​ដ៏​អាក្រក់ បន្ត​កើតមាន​ដដែលៗ មិនដែល​ឃើញ​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន មាន​វិធានការ​ច្បាប់​នៅឡើយ​ទេ។

ដី​ព្រៃ​បម្រុង​ទុក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ ក្នុងភូមិ​អន្ត្រេះ ឃុំ​អបួលើ ស្រុក​កោះញែក កំពុង​ប្រឈម​ការបំផ្លាញ​ទ្រង់ទ្រាយ​ធំ ដោយ​សកម្មភាព​កៀវ​ឱ្យ​ងាប់ រួច​ដុត​កម្ទេច​ចោល​ឱ្យ​ក្លាយ​ជា​វាល ពី​សំណាក់​ពលរដ្ឋ​ចំណូលស្រុក។

សមាជិក​សហគមន៍ លោកស្រី យ៉ា យាន់នី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី១១ តុលា ថា សកម្មភាព​ក្រៀវ​ដើមឈើ ឱ្យ​ងាប់​ក្នុង​បំណង​រាន​យក​ដី​ព្រៃ​អភិរក្ស​ធ្វើ​ជា​កម្មសិទ្ធិ នៅតែ​កើត​មាន​ច្រើន ក្នុង​ខេត្ត​មណ្ឌលគិរី ប៉ះពាល់​ធនធាន​ធម្មជាតិ ដែល​ជនជាតិ​ដើម​ភាគតិច​អាស្រ័យ​ផល​ជាច្រើន​ជំនាន់​មក​ហើយ។

លោកស្រី​ថា វិធីសាស្ត្រ​ក្រៀវ ដើមឈើ គឺ​ក្រុម​ជនល្មើស​ចៀរ​សំបក​ជុំវិញ​ដើម​ឱ្យ​អស់ ហើយ​ទុក​រយៈពេល​យ៉ាង​យូរ ១​ឆ្នាំ ដើម្បី​ឱ្យ​ឈើ​ងាប់ រួច​ដុត​បំផ្លាញ។

លោកស្រី យ៉ា យាន់នី៖ «ដែល​គេ​រុករាន ជាប់ៗ​អ្នក​ដែល​ទន្ទ្រាន​ដី​សហគមន៍​ពីមុនៗ​មក គេ​ក្រៀវ​ថ្មីៗ​មួយ​ទួល​ហ្នឹង​អស់រលីង​។ ពីមុនៗ បងប្អូន​ជនជាតិ​ចង់​កាប់ មាន​មន្ត្រី​បរិស្ថាន ហាមឃាត់ តែ​ដល់​មាន​បងប្អូន​ខ្មែរ​មក កាប់​ដូច​រលូន»។

ថ្មីៗ​នេះ ប្រជា​សហគមន៍​មួយ​ក្រុម បាន​ចុះ​ដល់​តាំង​ព្រៃ​បម្រុង​ទុក​សហគមន៍​ភូមិ​អន្ត្រេះ ប្រទះ​ឃើញ ដើមឈើ​តូច​ធំ​ជា​ច្រើន​ពាន់​ដើម ឋិត​នៅ​ចំណុច​ទួលត្រពាំង​រ៉េប៉េត ត្រូវ​គេ​ក្រៀវ កាល​ពី​ពេល​ថ្មីៗ​នេះ។

ប្រជា​សហគមន៍​ទាំងនោះ មានបំណង​ស្ដារ​ព្រៃ​ឡើងវិញ ដើម្បី​រក្សា​ជម្រក​សត្វព្រៃ​ជាច្រើន​ប្រភេទ​រស់នៅ និង​សំបូរ​អនុផល​ព្រៃឈើ​។ ពួកគាត់​បាន​ថតរូប​ភាព និង​វីដេអូ ធ្វើជា​ភស្តុតាង ដើម្បី​ស្នើ​ឱ្យ​អាជ្ញាធរ​ជំនាញ រកមុខ​ជនល្មើស​អនុវត្ត​ច្បាប់។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក ឆៅ ប៊ុនឈឿន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១១ តុលា។ រីឯ​មេឃុំ​អរបួន លោក ហាន សាខន ក៏​មិនទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ក៏ប៉ុន្តែ​មេភូមិ​អន្ត្រេះ លោក គង់ សុធា ទទួល​ស្គាល់​ថា ពិត​ជា​កើត​មាន​ករណី​នេះ​មែន ហើយ​អាជ្ញាធរ​ភូមិ និង​ឃុំ​កំពុង​ប្រមូល​ព័ត៌មាន ដើម្បី​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​មន្ត្រី​បរិស្ថាន ចាត់​វិធានការ​តាម​ច្បាប់។

លោក​ថា ព្រៃ​ដែល​ជនល្មើស​ក្រៀវ ជា​កន្លែង​ដែល​សហគមន៍​រក្សាទុក ដើម្បី​ស្តារ​ព្រៃ​ឡើង​វិញ។

លោក គង់ សុធា៖ «គេ​កាប់​ក្រៀវ​ប៉ុន្មាន ពួក​ខ្ញុំ​ផ្ញើ​ទៅ​មន្ត្រី​ជំនាញ។ មាន​ជនខិលខូច​ក្រៀវ​ខ្ញុំ​កំពុងតែ​រក»។

ព្រៃ​បម្រុង​ទុក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ភូមិ​អន្ត្រេះ​មាន​ផ្ទៃដី​ជាង ២​ពាន់ ៣​រយ​ហិកតារ (២.៣១៩) ឋិត​ក្នុង​ឃុំ​អបួនលើ ស្រុក​កោះញែក ដែល​ជា​ផ្នែក​មួយ នៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច។ ព្រៃ​អភិរក្ស​នេះ សហគមន៍​បាន​ស្នើ​សុំ​ចុះបញ្ជី​ជា​តំបន់​អភិរក្ស​សហគមន៍ បែប​ប្រពៃណី​ជនជាតិ​ដើម​ព្នង ឋិត​ក្នុង​តំបន់​អភិរក្ស​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក ប៊ី វ៉ាន់នី សង្កេត​ឃើញ​ថា សកម្មភាព​ក្រៀវ​ដើមឈើ មិន​ខុសគ្នា​នឹង​កាប់​ផ្តួល​ដើមឈើ​ដោយ​រណា​យន្ត នោះ​ទេ ដោយ​ក្រុម​ជនល្មើស​បាន​ប្រើ​រូបភាព​នេះ​ជំនួស​រណា​យន្ត។

លោក​ថា អាជ្ញាធរ និង​មន្ត្រី​បរិស្ថាន គួរ​ស៊ើបអង្កេត​រកមុខ​ជនល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ព្រមាន​ដល់​អ្នក​ផ្សេង​ទៀត។

លោក ប៊ី វ៉ាន់នី៖ «យើង​មិន​គួរ​បណ្តែតបណ្តោយ​ឱ្យ​ជន​ប្រព្រឹត្ត​បទល្មើស នៅ​ក្រៅ​ច្បាប់​នោះ​ទេ​។ យើង​ត្រូវ​តែ​អនុវត្ត​ច្បាប់ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ ក៏ដូចជា​ការពារ​ព្រៃ​សហគមន៍ និង​ព្រៃ​របស់​រដ្ឋ​ដែរ។

ប្រជា​សហគមន៍​បន្ថែម​ថា មក​ទល់​ពេល​នេះ ព្រៃ​បម្រុង​ទុក​សហគមន៍ នៅតែ​ប្រឈម​ការបំផ្លាញ​គ្រប់​រូបភាព ដើម្បី​កាប់​ទន្ទ្រាន​យក​ដី ដាំ​ដំណាំ​ដំឡូង​មី និង​ស្វាយចន្ទី​ជាដើម ដោយ​ក្រុម​ពលរដ្ឋ​ចំណូលស្រុក​អស់​រាប់​រយ​ហិកតារ ប៉ះពាល់​ជម្រក​វប្បធម៌ និង​កន្លង​អាស្រ័យ​ផល​ព្រៃឈើ របស់​ជនជាតិ​ដើម​ភាគតិច​ព្នង និង​ថ្មូន៕

កំ ណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។