ដំរីឈ្មោល ឈ្មោះ ខាវ៉ាន់ (Kaavan) ដែលទើបនាំពីប្រទេសប៉ាគីស្ថាន (Pakistan) មកកម្ពុជា កំពុងស្ថិតក្រោមការថែទាំពីអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជាហៅកាត់ថា CWS ដើម្បីឱ្យស៊ាំនឹងបរិស្ថានថ្មីមួយរយៈសិន មុននឹងលែងឱ្យរស់នៅក្នុងព្រៃធម្មជាតិ។
ទំព័រហ្វេសប៊ុករបស់អង្គការនេះឱ្យដឹងថា នៅជម្រកបណ្ដោះអាសន្ន ដែលគេរៀបចំនៅភាគពាយ័ព្យ ខេត្តសៀមរាប ខាវ៉ាន់ បានជួបប្រាស្រ័យជាលើកដំបូងជាមួយដំរីញីឈ្មោះ Dy Poh ។
ព័ត៌មានពីក្រសួងបរិស្ថានអោយដឹងថា នៅពេលខាវ៉ាន់ស៊ាំនឹងបរិយាកាសរស់នៅថ្មីនេះ អង្គការ CWS នឹងនាំខាវ៉ាន់ អោយទៅរស់នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តឧត្តរមានជ័យ។ អង្គការ CWS នឹងបន្តថែទាំដំរីខាវ៉ាន់ រួមនឹងជាមួយដំរីញីចំនួន៣ក្បាល ដែលមកពីខេត្តមណ្ឌលគិរី ក្នុងនោះក៏មានដំរី Dy Poh ដែរ។
ដំរីខាវ៉ាន់ ដែលគេចាត់ទុកថាជាដំរីឯកាបំផុតត្រូវអង្គការអភិរក្សសត្វនាំពីប្រទេសប៉ាគីស្ថាន មកដល់កម្ពុជាហើយកាលពីរសៀលថ្ងៃទី៣០ ខែ វិច្ឆិកា។
ក្រុមអ្នកការពារសិទ្ធិរបស់សត្វ រួមជាមួយអ្នកចម្រៀងអាមេរិកកាំង អ្នកស្រី ស៊ែរ (Cher) ផងបានធ្វើយុទ្ធនាការជាច្រើនឆ្នាំ ឱ្យដោះលែងដំរីខាវ៉ាន់ ពីសួនសត្វក្នុងក្រុង Islamabad និងនាំដំរីមួយនេះមកកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
