សហគមន៍​ស្រុក​កែវសីមា​អះអាង​ថា ក្រុម​ឈ្មួញ​កាប់​ឈើ​កម្រ​ក្នុង​តំបន់​ការពារ​ភ្នំព្រេច​ដោយ​សេរី

2023.09.23
សហគមន៍​ស្រុក​កែវសីមា​អះអាង​ថា ក្រុម​ឈ្មួញ​កាប់​ឈើ​កម្រ​ក្នុង​តំបន់​ការពារ​ភ្នំព្រេច​ដោយ​សេរី រូបភាពម៉ូតូដឹកឈើ និងដើមឈើសុក្រមអារជ្រៀច ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ថតនៅថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២៣។
រូបភាព៖សហគមន៍ផ្ដល់ឲ្យ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង អះអាង​ថា ក្រុម​ឈ្មួញ​កំពុង​បន្ត​ចូល​កាប់​និង​ដឹក​ជញ្ជូន​ឈើ​កម្រ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច យក​ទៅ​ចែកចាយ​តាម​សិប្បកម្ម​ក្នុង​ស្រុក និង​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ដោយ​សេរី។ ពួកគាត់​ចោទ​ថា មន្ត្រី​ជំនាញ​នៅ​តំបន់​នោះ​ហាក់​មិន​អើពើ​ទប់ស្កាត់​បទល្មើស​នោះ​ទេ។

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ដែល​រស់​នៅ​ជាប់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ស្រុក​កែវសីមា អះអាង​ថា ជា​រៀងរាល់​ថ្ងៃ​ក្រុម​ជនល្មើស​ចូល​ទៅ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​កម្រ ជា​ច្រើន​ប្រភេទ មាន​ដូច​ជា​សុក្រំ កកោះ ផ្ចឹក ដែល​ស្ថិត​នៅ​ភូមិ​ពូទុង ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគីរី ​។ សហគមន៍​បន្ថែម​ថា ក្រុម​ឈ្មួញ​ទាំង​នោះ ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ការពារ​នៅ​ពេល​យប់ និង​មាន​ឡាន កែច្នៃ ចាំ​ដឹក​បន្ត​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ចែកចាយ​តាម​សិប្បកម្ម​ក្នុង​ស្រុក។ ពួកគេ​សង្ស័យ​ថា មន្ត្រី​ពាក់ព័ន្ធ​ទាំង​នោះ​បាន​គប់គិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​ក្រុម​ឈ្មួញ​ទាំង​អស់​នោះ ទើប​មិន​មាន​ការ​ទប់ស្កាត់ និង​ចាត់​វិធានការ​ច្បាប់​ទៅ​លើ​ក្រុម​ជន​ល្មើស​ទាំង​អស់​នោះ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង រស់​នៅ​ឃុំ​ចុងផ្លាស់ លោក ទ្រៀវ យ៉េង អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ថា ក្រុម​ឈ្មួញ​ដែល​រកស៊ី​ឈើ​ដុះស្លែ កំពុង​សម្រុក​កាប់​និង​ដឹក​ជញ្ជូន​ឈើ​យក​ទៅ​លក់​ឲ្យ​សិប្បកម្ម​ក្នុង​ស្រុក​ខ្លះ​ និង​យក​ទៅ​លក់​នៅ​ខាង​ក្រៅ​ប្រទេស​ជា​រៀង​រាល់​ថ្ងៃ ដោយ​ពុំ​ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ទប់ស្កាត់​នោះ​ទេ បើ​ទោះបី​ជា​សហគមន៍​បាន​រាយការណ៍​ទៅ​មន្ត្រី​ពាក់ព័ន្ធ​រួច​ហើយ​ក្ដី។

លោក ទ្រៀវ យ៉េង៖ «ដូច​ជា​សមត្ថកិច្ច​គេ​យក​តែ​លុយ និយាយ​រួម​ទៅ​គេ​យក​តែ​លុយ យើង​ថា គេ​បង្ក្រាប​ បង្ក្រាប​បាន​តែ​បន្តិច​បន្តួច​អ្នក​ដឹក​ម៉ូតូ​ចាប់​បង់​ផាក​ពិន័យ​គ្នា ដល់​គេ​ដឹក​ឡាន​អត់​ឃើញ​បង្ក្រាប​អី​ផង ខ្ញុំ​គិត​ថា បើ​យោបល់​ខ្ញុំ​ថា បើ​គេ​កាប់​អ៊ីចឹង​មាន​ការ​សោកស្ដាយ​ដែរ និយាយ​រួម​ទៅ តែ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច យើង​ធ្វើ​អ្វី​វា​មិន​កើត»

ជុំវិញ​រឿង​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អភិបាល​ខេត្ត​មណ្ឌលគីរី លោក ថង សាវុន និង ប្រធាន​មន្ត្រី​បរិស្ថាន​ខេត្ត​មណ្ឌលគីរី លោក ឆៅ ប៊ុនធឿន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​នេះ ដោយ​ទូរស័ព្ទ​ចូល​បាន​ចុច​ផ្ដាច់​វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​មណ្ឌលគីរី លោក ប៊ី វ៉ាន់នី យល់​ឃើញ​ថា ប្រសិន​បើ​មន្ត្រី​ពាក់ព័ន្ធ​មិន​បាន​អនុវត្ត​ច្បាប់​ទៅ​លើ​ជនល្មើស​ដែល​ប្រព្រឹត្ត​ខុសច្បាប់​នោះ​ទេ អាជ្ញាធរ​ពាក់ព័ន្ធ នឹង​រង​ការ​រិះគន់​ពី​ប្រជា​ពលរដ្ឋ ថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​រវាង​ក្រុម​ឈ្មួញ និង​អាជ្ញាធរ។ លើស​ពី​នោះ ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​លែង​មាន​ជំនឿ​ទៅ​លើ​មន្ត្រី​របស់​រដ្ឋាភិបាល​ថ្មី​ទៀត​ផង ដោយសារ​តែ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បទល្មើស​រកស៊ី​ឈើ​ដោយ​សេរី​បែប​នេះ។

លោក ប៊ី វ៉ាន់នី៖ «យើង​​សំណូមពរ​ឲ្យ​មាន​វិធានការ​ផ្លូវ​ច្បាប់ ប្រសិន​បើ​ធ្វើ​ឲ្យ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​បន្ត​កើត​មាន ការ​កាប់​ព្រៃឈើ​បន្ត​ទៀត អ៊ីចឹង​ធនធាន​ធម្មជាតិ និង​ដី​ព្រៃ​ធនធាន​ធម្មជាតិ​នឹង​បាត់​បង់ ប្រសិន​បើ យើង​មិន​ចាត់វិធានការ ទីពីរ​ប្រសិន​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​មន្ត្រី​រាជការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​អនុញ្ញាត​គប់គិត​គ្នា​ជាមួយ​បទល្មើស​បែប​នេះ ហើយ​សង្ឃឹម​ថា​រដ្ឋាភិបាល​ថ្មី មាន​គោលនយោបាយ​ថ្មី ទៅ​លើ​មន្ត្រី​មូលដ្ឋាន​ដែល​មិន​ព្រម​អនុវត្ត​តួនាទី​របស់​ខ្លួន​ឯង​ឬ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ហ្នឹង»

logging1.jpg
រូបភាពម៉ូតូដឹកឈើ និងដើមឈើសុក្រមអារជ្រៀច ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ថតនៅថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២៣។ រូបភាព៖សហគមន៍ផ្ដល់ឲ្យ

កាល​ពី​ខែ​កក្កដា រដ្ឋាភិបាល​ចាស់​បាន​ពង្រីក​ផ្ទៃដី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ពី​២២​ម៉ឺន​ហិកតារ ទៅ​២៦​ម៉ឺន​ហិកតារ ពោល​គឺ​ដែន​ជម្រក​មួយ​នេះ​មាន​ផ្ទៃដី​កើន​ឡើង​ជាង​៤ម៉ឺន​ហិកតារ។ ប៉ុន្តែ​បច្ចុប្បន្ន​គម្រប​ព្រៃ​នៃ​តំបន់​ការពារ​មួយ​នេះ​ត្រូវ​បាន​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្វើ​សម្បទាន​សង្គមកិច្ច​ចែក​ជូន​ឲ្យ​ប្រជា​ពលរដ្ឋ​ក្រីក្រ អស់​ជាង​៧ពាន់​ហិកតារ ស្ថិត​នៅ​ស្រុក​កោះញែក ខេត្ត​មណ្ឌលគីរី។ សហគមន៍​នៅ​តំបន់​នោះ​អះអាង​ថា ពួកគេ​មិន​ទាន់​ទទួល​បាន​ដី​សម្បទាន​ទាំង​អស់​នេះ​នោះ​ទេ ភាគ​ច្រើន​ដី​សម្បទាន​សង្គម​កិច្ច​បាន​តែ​ពលរដ្ឋ​ចំណាក​ស្រុក​តែ​ប៉ុណ្ណោះ។

ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ឋិត​នៅ​ស្រុក​កោះញែក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគីរី និង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះនរោត្ដម សីហនុ កំណត់​ជា​តំបន់​អភិរក្ស​តាម​ព្រះរាជក្រឹត្យ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣ មាន​ផ្ទៃ​ដី​ជាង ២២​ម៉ឺនហិកតារ (២២២.៥០០) រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ២០២៣។ រដ្ឋាភិបាល បាន​ដាក់​បញ្ចូល​ផ្ទៃ​ដី​ជាង ៤ម៉ឺន​(៤០,១៤២)ហិកតារ បន្ថែម​ទៀត។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ព្រៃ​អភិរក្ស​មួយ​នេះ តែងតែ​រង​ការ​កាប់​យក​ឈើ​មាន​តម្លៃ​ឥត​ឈប់​ឈរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។