តំណាងពលរដ្ឋខេត្តកោះកុង នាំគ្នាដាក់ញត្តិនៅរដ្ឋសភា និងក្រសួងរ៉ែ និងថាមពល សុំឲ្យបញ្ឈប់សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន អ៊ិនធឺណេសិនណល រេនបូ ខាំបូឌា (International Renbow Cambodia) ដែលបូមខ្សាច់ខុសពីទីតាំង ដែលបានកំណត់នៅក្នុងអាជ្ញាប័ណ្ណ។
ក្រុមប្រជាពលរដ្ឋកំពុងបារម្ភ និងអះអាងថា សកម្មភាពបូមខ្សាច់នៅទីនោះ បានធ្វើឲ្យប៉ះពាល់ការរស់នៅ និងមុខរបរនេសាទរបស់អ្នកភូមិនៅឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។
តំណាងរាស្ត្រក្នុងគណៈកម្មការទី៣ នៃរដ្ឋសភា និងមន្ត្រីក្រសួងរ៉ែ និងថាមពល បានទទួលយកញត្តិរបស់អ្នកភូមិមកពីឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង រួចហើយ ដែលពួកគាត់សុំឲ្យជួយអន្តរាគមន៍សកម្មភាពបូមខ្សាច់សមុទ្រនាំចេញអនាធិបតេយ្យរបស់ក្រុមហ៊ុន អ៊ិនធឺណេសិនណល រេនបូ ខាំបូឌា។
ប្រធានរដ្ឋបាល និងព័ត៌មានវិទ្យានៃក្រសួងរ៉ែ និងថាមពល លោក កែវ ទួត ថ្លែងថា ញត្តិដែលទទួលនេះ នឹងបញ្ជូនទៅថ្នាក់ដឹកនាំក្រសួងពិនិត្យ៖ «ខ្ញុំនឹងទទួលយកញត្តិនេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំរបស់ខ្ញុំ ដើម្បីចាត់ការបន្ថែមជូនបងប្អូន»។
លោក គង់ សភា និងអ្នកស្រី ឡោក ខេង តំណាងឲ្យប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ចេញមកទទួលញត្តិពីពលរដ្ឋឃុំកោះកាពិ នៅថ្ងៃទី២៣ ខែមេសា ប៉ុន្តែមិនផ្តល់ចម្លើយតបពេលណាទេ។
ក្រោយពីដាក់ញត្តិរួច តំណាងឲ្យពលរដ្ឋមកពីសហគមន៍កោះស្រឡៅ ឃុំកោះកាពិ លោក ហាក់ ពិទូ ឲ្យដឹងថា អ្នកភូមិ ៣៤០គ្រួសារ ពឹងអាស្រ័យលើធនធានសមុទ្រ ប៉ុន្តែអាជីវកម្មខ្សាច់របស់ក្រុមហ៊ុន អ៊ិនធឺណេសិនណល រេនបូ ខាំបូឌា បូមខ្សាច់ផង កាយខ្សាច់ផង ដឹកចេញផង ធ្វើឲ្យប៉ះពាល់ជីវចម្រុះដោយការបំពុលទឹក ខូចខាតព្រៃកោងកាង បាក់ឆ្នេរសមុទ្រ និងបំផ្លាញឧបករណ៍នេសាទរបស់អ្នកភូមិ។ លោកថា ក្រុមហ៊ុន អ៊ិនធឺណេសិនណល រេនបូ ខាំបូឌា មិនបានបូមខ្សាច់ឲ្យចំគោលដៅនៃអាជ្ញាប័ណ្ណផ្តល់ឲ្យបូម នៅឯឃុំត្រពាំងរូង និងឃុំអណ្ដូងទឹក នោះទេ បែរជាមកបូមខ្សាច់នៅភូមិកោះស្រឡៅ ឃុំកោះកាពិ វិញ។ លោកថា ក្រុមហ៊ុនប្រើគ្រឿងចក្រ ៨គ្រឿង និងសាឡង់ ១០គ្រឿងសម្រាប់បូម និងដឹកជញ្ជូនខ្សាច់ដែលនាំឲ្យប៉ះពាល់ដៃសមុទ្រក្នុងសហគមន៍កោះស្រឡៅ៖ «ដល់ពេលគាត់មកបូមនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ដល់អាជ្ញាប័ណ្ណរបស់គាត់ពិតប្រាកដនៅត្រពាំងរូង និងអណ្ដូងទឹក ឯណោះ ហើយអាជ្ញាប័ណ្ណនោះ គឺហួសសុពលភាពពីរខែមកហើយ»។
ចំណែក លោកស្រី ឯក សុផល តំណាងសហគមន៍កោះស្រឡៅ ឲ្យដឹងបន្ថែមថា តាំងពីឆ្នាំ២០០០ មក ក្រុមហ៊ុន អ៊ិនធឺណេសិនណល រេនបូ ខាំបូឌា បាននាំចេញខ្សាច់សមុទ្រទៅប្រទេសសិង្ហបុរី (Singapore)។ នៅថ្ងៃទី១១ ខែមេសា មុនចូលឆ្នាំ អ្នកភូមិទប់ស្កាត់សាឡង់ក្រុមហ៊ុន ១២គ្រឿង មិនឲ្យដឹកជញ្ជូន និងបូមខ្សាច់។ នៅថ្ងៃទី១៥ ខែមេសា អ្នកភូមិរកឃើញថា អាជ្ញាប័ណ្ណក្រុមហ៊ុន រេនបូ ឲ្យធ្វើអាជីវកម្មខ្សាច់នៅឃុំត្រពាំងរូង និងឃុំអណ្ដូងទឹក ឯណោះទេ។ លោកស្រីថា អ្នកភូមិបានចោទក្រុមហ៊ុន រេនបូ បូមខ្សាច់អនាធិបតេយ្យ ទើបលើកគ្នារារាំងកាណូត និងសាឡង់ មិនឲ្យធ្វើអាជីវកម្មខ្សាច់៖ «ទោះបីមានអាជ្ញាប័ណ្ណ និងគ្មានអាជ្ញាប័ណ្ណ ខ្ញុំក្នុងនាមប្រជាជន ខ្ញុំសុំបញ្ឈប់ការបូម ព្រោះប៉ះពាល់យ៉ាងខ្លាំងសម្រាប់ឆ្នាំងបាយប្រជាជន។ ខ្ញុំនឹងបន្តបញ្ឈប់ការបូមខ្សាច់បន្តទៀត»។

យុវជនអង្គការមាតាធម្មជាតិ ប្រចាំខេត្តកោះកុង លោក ឃឹម ចាន់សេរីវឌ្ឍន៍ ឲ្យដឹងថា យុវជនចូលរួមជាមួយសហគមន៍កោះស្រឡៅ ដើម្បីការពារបរិស្ថាន និងការពារធនធានជីវចម្រុះ ព្រោះអាជ្ញាប័ណ្ណក្រុមហ៊ុនយកមកអះអាងនោះ ខុសទីតាំងធ្វើអាជីវកម្មជាក់ស្តែង៖ «អាជ្ញាប័ណ្ណគាត់ គឺខុសទាំងស្រុង ដែលចែងនៅក្នុងហ្នឹង គឺបូមនៅក្នុងឃុំអណ្ដូងទឹក ហើយនិងឃុំត្រពាំងរូង ក្នុងស្រុកបុទុមសាគរ និងស្រុកកោះកុង ប៉ុន្តែកន្លែងដែលគាត់បូមសព្វថ្ងៃ គឺនៅក្នុងឃុំកោះកាពិ និងឃុំជ្រោយប្រស់។ អ៊ីចឹងវាអត់មានត្រូវទេ ហើយម្យ៉ាងទៀត ប្រជាពលរដ្ឋបងប្អូនដែលរស់នៅកោះស្រឡៅ គាត់អត់ខ្វល់រឿងអាជ្ញាប័ណ្ណទេ ព្រោះការបូមខ្សាច់ទាំងអស់ គឺប៉ះពាល់។ អ៊ីចឹងយើងអត់ត្រូវការក្រុមហ៊ុនបូមខ្សាច់មកទេ ទោះបីមានអាជ្ញាប័ណ្ណ ក៏យើងអត់យល់ស្របដែរ»។
កាលពីថ្ងៃទី១១ ខែមេសា ប្រធានក្រុមហ៊ុន អ៊ិនធឺណេសិនណល រេនបូ ខាំបូឌា សុំមិនប្រាប់ឈ្មោះបានប្រាប់វិទ្យុអាស៊ីសេរី ថា នៅក្នុងខេត្តកោះកុង មានតែក្រុមហ៊ុនពីរទេដែលអាជ្ញាប័ណ្ណបូមខ្សាច់មានសុពលភាពរហូតទៅដល់ចុងឆ្នាំ២០១៥ ក្នុងនោះមានក្រុមហ៊ុន អ៊ិនធឺណេសិនណល រេនបូ ខាំបូឌា មួយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។