មន្ត្រីអាវុធហត្ថ និងមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ បានចុះឆែកឆេររោងសិប្បកម្មកែច្នៃឈើខុសច្បាប់ចំនួន ៥ទីតាំងផ្សេងគ្នា និងរឹបអូសឈើដុល ដែលដឹកចេញពីព្រៃអភិរក្សបានជាច្រើនម៉ែត្រគូប។ មន្ត្រីបរិស្ថាន ឱ្យដឹងថា សមត្ថកិច្ចនឹងបញ្ជូនសំណុំរឿងនេះទៅតុលាការ។
អនុប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ លោក នៅ ណាក់ ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី២៥ ខែធ្នូថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន និងមន្ត្រីអាវុធហត្ថបានចុះអនុវត្តច្បាប់លើរោងសិប្បកម្មកែច្នៃឈើខុសច្បាប់ចំនួន ៥ទីតាំងផ្សេងគ្នា ឋិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ធ្នូកន្លងទៅ។ លោកថា ឈើទាំងនោះត្រូវជនល្មើសដឹកចេញពីព្រៃអភិរក្ស ហើយសមត្ថកិច្ចកំពុងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ បញ្ជូនសំណុំរឿងទៅតុលាការ។ លោកថា សមត្ថកិច្ចមិនទាន់ឃាត់ខ្លួនជនសង្ស័យណាម្នាក់ មកអនុវត្តច្បាប់នៅឡើយទេ ព្រោះម្ចាស់សិប្បកម្មបានរត់គេចខ្លួនបាត់ទៅហើយ។ លោកបដិសេធមិនអធិប្បាយលម្អិតថា តើសមត្ថកិច្ចរឹបអូសឈើបានប៉ុន្មានម៉ែត្រគូបនោះទេ ដោយបញ្ជាក់ថាមន្ត្រីជំនាញកំពុងបូកសរុបរបាយការណ៍៖ «ប៉ុន្មានថ្ងៃហ្នឹងកំពុងឃាត់សិប្បកម្មចំនួន ៥កន្លែង ប៉ុន្តែពាក់ព័ន្ធរបាយការណ៍សរុបខ្ញុំមិនទាន់បាននៅឡើយទេ ។ រៀបចំបញ្ជូនសំណុំរឿងមិនចាប់មនុស្សទេ ដោយសារភាគច្រើនគេធ្វើនៅលើគោលដៅដីឡូត៍របស់គេ ។ អ៊ីចឹងយើងមិនអាចាប់ខ្លួនគេទេ គ្រាន់តែថា យើងរៀបចំឈ្មោះ ដែលពាក់ព័ន្ធកសាងសំណុំរឿងបញ្ជូនទៅតុលាការ » ។
ពលរដ្ឋរស់នៅស្រុកឱរ៉ាល់ និងមន្ត្រីសង្គមស៊ីវិល ឱ្យដឹងថា ក្នុងមួយយប់ៗ មានគោយន្តចូលដឹកជញ្ជូនឈើខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល មិនក្រោម ៥០គ្រឿងនោះទេ។ ពួកគាត់អះអាងថា ឈើមួយចំនួនដឹកជញ្ជូនតាមច្រកជាំ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ឋិតក្នុងតំបន់ឧទ្យាជាតិជួរភ្នំក្រវាញកណ្តាល ហើយឈើខ្លះទៀត ដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ដែលចុះអង្កេតរឿងនេះ ថ្លែងថា បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល នៅតែកើតមានឥតឈប់ឈរ ដោយសារមានការបើកដៃពីសមត្ថកិច្ច និងមន្ត្រីបរិស្ថាន។ លោកថា បើអាជ្ញាធរពាក់ព័ន្ធមិនអនុវត្តច្បាប់ លើមន្ត្រីដែលប្រព្រឹត្តអំពើពុករលួយនោះទេ យន្តការបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈកម្មការជាតិ គឺគ្មានប្រសិទ្ធភាពនោះទេ៖ »អស់លោកពាក្យឯកសណ្ឋានជាមន្ត្រីនគរបាលយុត្តិធម៌ ប្រសិនជាមានឆន្ទៈការពារព្រៃ អត់យកលុយពីបទល្មើសព្រៃឈើគឺថា ព្រៃឈើនឹងបិទជិត។ អនុវត្តមុនគេគឺ មន្ត្រីហ្នឹងតែម្ដង បើមន្ត្រីពុករលួយ ចាប់មន្ត្រីហ្នឹងទៅផ្ដន្ទាទោស ពេលនោះហើយអាចនឹងកាត់បន្ថយ។ តែបើដូចរាល់ថ្ងៃ ថ្នាក់ក្រោមចិញ្ចឹមថ្នាក់ ថ្នាក់លើចិញ្ចឹមថ្នាក់ក្រោម បទល្មើសអត់ថយទេ មានតែកើន » ។
លោក ជា ហ៊ាន បន្ថែមថា មន្ត្រីបរិស្ថានមួយចំនួន បានយកតួនាទី បើកទីតាំងកែច្នៃឈើប្រណិតខុសច្បាប់ ដោយខ្លួនឯង ធ្វើឱ្យពលរដ្ឋអស់ជំនឿចិត្ត។ លោកថ្លែងទៀតថាអំពើពុករលួយរឿងបទល្មើសព្រៃឈើ បានក្លាយជាទម្លាប់ដដែលៗ ដែលរដ្ឋាភិបាលហាក់គ្មានយន្តការច្បាស់លាស់លុបបំបាត់ទាល់តែសោះ។ លោកសង្កេតឃើញថា គ្រាន់តែច្រកស្រែកិន ច្រកជាំ និងច្រក អូរត្រាវ មានគោយន្តដឹកឈើមិនក្រោម ៥០គ្រឿងទេ ក្នុងមួយយប់ៗ៖ «រាល់ថ្ងៃនេះអត់ស្ងាត់ទេ គោយន្តចូលយ៉ាងតិចមួយច្រក ច្រកជាំ អូរត្រាវ និងច្រកស្រែកិន ៣ចំណុចហ្នឹង ក្នុង ១ថ្ងៃយ៉ាងហិច ៥០គោយន្តដែរ » ។
តំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល លាតសន្ធឹងជាប់ទឹកដីខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តកោះកុង ជាតំបន់ការពារដោយអនុក្រឹត្យរបស់រដ្ឋាភិបាល មានផ្ទៃដីជាង ៤សែនហិកតារ (៤០១.៣១៣)។ រីឯដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ជាតំបន់ការពារដោយព្រះរាជក្រឹត្យ កាលពីឆ្នាំ១៩៩៣ ដែលមានផ្ទៃដីជាង ២សែន ៥ម៉ឺនហិកតារ (២៥៣.៧៥០)៕
( កងកម្លាំងរាជអាវុធហត្ថ និងកម្លាំងការពារបរិស្ថានខេត្តកំពង់ស្ពឺ ចុះចាប់ និងបិទសិប្បកម្មកែច្នៃឈើខុសច្បាប់ ៥ទីតាំង នៅជាប់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។ រូប៖ សកម្មជនផ្ដល់ឱ្យ )
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។