សមាគមធាងត្នោតរកឃើញថា បឹងធម្មជាតិនៅរាជធានីភ្នំពេញ ចំនួន១៦ ត្រូវបានលុបទាំងស្រុង ហើយបឹងចំនួន ១០ទៀត កំពុងចាក់លុបខ្លះៗ។ ក្នុងនោះមានបឹងមួយចំនួន ដែលការពារដោយអនុក្រឹត្យ កំពុងប្រឈមការចាក់លុបដូចគ្នាដែរ។ ការចាក់លុបបឹងធម្មជាតិទាំងនេះ បានបង្កផលប៉ះពាល់ផ្នែកបរិស្ថានធ្ងន់ធ្ងរ និងបង្ហាញនូវផលអវិជ្ជមានដ៏អាក្រក់ ដូចជាទឹកជំនន់ ការបំពុលបរិស្ថាន និងការថយចុះមច្ឆាជាតិ ជាពិសេស ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារត្រូវបានបណ្ដេញចេញពីលំនៅឋាន ឬប្រឈមការគំរាមកំហែងពីការបណ្ដេញចេញនៅថ្ងៃខាងមុខ ខណៈដែលគម្រោងអភិវឌ្ឍន៍នៅបន្តគំរាមកំហែងលំនៅឋាន និងការងាររបស់ប្រជាពលរដ្ឋ។
របាយការណ៍ ២៥ទំព័រ របស់សមាគមធាងត្នោត ដែលចេញផ្សាយកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ បានលាតត្រដាងពីផលប៉ះពាល់បរិស្ថាន និងសង្គមធ្ងន់ធ្ងរ បណ្ដាលមកពី អភិវឌ្ឍន៍ទីក្រុងរណប និងបុរីជាច្រើន បានចាប់ផ្ដើមចាក់ដីខ្សាច់លុបបឹងធម្មជាតិ និងតំបន់ដីសើមក្នុងរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ២០០៣ រហូតមក។ ទន្ទឹមនឹងនេះ បឹងធម្មជាតិ ប្រមាណ ៦០ភាគរយ និងតំបន់ដីសើម ៤០ភាគរយ ត្រូវបានចាក់លុប។
របាយការណ៍បន្ថែមថា បឹងធម្មជាតិ និងតំបន់ដីសើមនៅរាជធានីភ្នំពេញ ប្រឈមនឹងបាត់ទាំងស្រុង ប្រសិនបើស្ថានភាពដូចបច្ចុប្បន្ននៅតែបន្ត ហើយទីក្រុងភ្នំពេញ និងតំបន់ជុំវិញ នឹងរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ បាត់បង់ត្រី បាត់បង់អាងប្រព្រឹត្តិកម្មទឹកកង្វក់បែបធម្មជាតិ និងប៉ះពាល់ជីវភាពប្រជាពលរដ្ឋ នៅមូលដ្ឋានជាដើម។
នាយកប្រតិបត្តិ នៃអង្គការសមាគមធាងត្នោត សឿង សារ៉ន ប្រាប់អាស៊ីសេរីនៅថ្ងៃទី៦ មករាថា ការលុបបឹងមួយចំនួននៅរាជធានីភ្នំពេញ បង្កប៉ះពាល់ជីវភាពពលរដ្ឋរាប់ពាន់គ្រួសារ ដែលរស់នៅជុំវិញបឹងធម្មជាតិ ការបណ្ដេញចេញដោយបង្ខំ ជាពិសេស បណ្ដាលឱ្យកើតមានទឹកជំនន់នៅក្រុងភ្នំពេញ បើទោះជារដ្ឋាភិបាលធ្វើកំណែទម្រង់ប្រព័ន្ធលូទឹកបែបណាក៏ក្ដី ព្រោះបឹងធម្មជាតិមានតួនាទីច្រើន សម្រាប់រំដោះទឹកចេញពីទីក្រុង។ លោកថា បឹងមួយចំនួន ដែលកំពុងលុប ដូចជាបឹងទំពុន ឬបឹងជើងឯក ដែលរដ្ឋាភិបាលធ្វើអនុប្បយោគ ឱ្យក្លាយជាដីសម្បទានសេដ្ឋកិច្ច ឬទីក្រុងរណប។ លោកជំរុញរដ្ឋាភិបាលថា គួរចេញអនុក្រឹត្យ និងព្រះរាជក្រឹត្យបន្ថែមទៀត ដើម្បីការពារបឹងធម្មជាតិ ដែលនៅសល់ នៅក្រុងភ្នំពេញឱ្យគង់វង្ស ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយកម្ដៅ នៅទីក្រុង ទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងរំដោះទឹកចេញពីទីក្រុងជាដើម៖ «ប្រសិនបើយើងរក្សា បឹងអាចតួនាទីយ៉ាងសំខាន់ ទី១ រំដោះទឹក ទី២ ជួយឱ្យទីក្រុងត្រជាក់អ៊ីចឹងជាការល្អ។ រដ្ឋាភិបាលពិចារណាចេញច្បាប់ និងអនុក្រឹត្យ ដើម្បីការពារបឹងធំៗ ជាពិសេសបឹង តាមោក បឹងទំពុន ឬក៏បឹងជើងឯង » ។
ខ្លឹមសាររបាយការណ៍បន្ថែមថា ចាប់តាំងពីឆ្នាំ១៩៩០ មក ក្នុងចំណោមបឹងធម្មជាតិចំនួន ២៦ នៅរាជធានីភ្នំពេញ មានបឹងចំនួន១៦ ត្រូវបានលុបទាំងស្រុង និងមានបឹងធម្មជាតិចំនួន ១០ទៀត ត្រូវបានលុបខ្លះៗ រួចហើយ។ ក្នុងនោះ ពុំមានបឹងណាមួយ ដែលគ្មានផលប៉ះពាល់នោះទេ។ មូលហេតុនៃការចាប់លុបបឹងទាំងនេះ បណ្ដាលមកពីការសាងសង់បុរី លំនៅឋាន និងទីក្រុងរណប។
របាយការណ៍បន្ថែមថា បឹងកក់មានទំហំ ៩០ហិកតារ ត្រូវបានលុបទាំងស្រុងនៅឆ្នាំ២០១៣ មានពលរដ្ឋជាង ៤ពាន់គ្រួសារ (៤២៥៣) ត្រូវបានបណ្ដេញចេញដោយបង្ខំ។ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានចាប់ផ្តើមសាងសង់លំនៅឋាន នៅអំឡុងឆ្នាំ១៩៩៣ ហើយពលរដ្ឋទាំងនោះ បានប្រកបមុខរបប ដាំដំណាំនៅលើផ្ទៃទឹក។ នៅឆ្នាំ២០០៧ រដ្ឋាភិបាល បានដាក់តំបន់បឹងកក់ ជួលឱ្យក្រុមហ៊ុន ស៊ូកាគូ ក្នុងទឹកប្រាក់ ៧៩លានដុល្លារ ហើយការចាក់ដីខ្សាច់លុបបឹងនេះ ចាប់ផ្តើមឡើង នៅឆ្នាំ ២០០៨ និងត្រូវបានលុបទាំងស្រុងនៅឆ្នាំ ២០១៣។
បន្ថែមពីលើនេះ ការលុបបឹងកក់ ធ្វើឱ្យខូចខាត និងលិចលង់ផ្ទះពលរដ្ឋជាច្រើនខ្នង និងមានពលរដ្ឋជាច្រើនគ្រួសារ បានបង្ខំចាកចេញពីតំបន់នោះ ដោយទទួលសំណងមិនសមរម្យ អំពើហិង្សា និងការគំរាមកំហែង ត្រូវបានប្រើប្រាស់លើពលរដ្ឋ ក្នុងតំបន់បឹងកក់ ដែលតវ៉ាប្រឆាំង ការបណ្ដេញចេញពីលំនៅឋាន។ នៅឆ្នាំ២០១០ ពលរដ្ឋប្រមាណជាង ២០០គ្រួសារ ត្រូវបានបង្ខំឱ្យទទួលសំណងមានតម្លៃទាបជាងទីផ្សារ។
ពលរដ្ឋបឹងកក់ម្នាក់ ដែលរងការបណ្ដេញចេញ ដោយបង្ខំ គឺលោកស្រី ផាន់ ឈុនរ៉េត ឱ្យដឹងនៅថ្ងៃទី៦ មករាថា ការលុបបឹងកក់ ធ្វើឱ្យពលរដ្ឋជាង ៣ពាន់គ្រួសារ រងទុក្ខវេទនា រួមមាន ការបណ្ដេញចេញដោយបង្ខំមិនផ្ដល់សំណងសមរម្យ ការចាប់ខ្លួនតំណាងពលរដ្ឋ ១១នាក់ ដាក់ពន្ធនាគារ និងមានអំពើហិង្សាលើពលរដ្ឋ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចជាដើម។ លោកស្រីថា រហូតមកទល់ពេលនេះ មានពលរដ្ឋ ៦០គ្រួសារនៅតែបន្តក្រាញននៀល ទាមទារសំណងពីអាជ្ញាធរ និងក្រុមហ៊ុន។ រីឯក្រុមហ៊ុន និងអាជ្ញាធរនៅតែមិនទាន់មានភាពច្បាស់លាស់ ក្នុងការដោះស្រាយករណីនេះដល់ពួកគេនៅឡើយទេ ជាច្រើនឆ្នាំមកហើយ។ លោកស្រីបន្ថែមថា ដីនៅតំបន់បឹងកក់បច្ចុប្បន្ន បានក្លាយជាផ្ទះល្វែង វីឡាច្រើនស្អេកស្កះ តាមតម្លៃរាប់សែនដុល្លារក្នុងល្វែង៖ «វាអយុត្តិធម៌សម្រាប់ពលរដ្ឋ ដែលរស់នៅតំបន់ដីណា ដែលមានតម្លៃ គឺគាត់ថា ដីដែលយើងរស់នៅមិនស្របច្បាប់ តែចំពោះគាត់យកទៅលក់បាន គឺអយុត្តិធម៌ខ្លាំងសម្រាប់ពលរដ្ឋក្តីក្រ។ សម្រាប់ក្រុមគ្រួសារបក្ខពួកគាត់ មានលុយមានអំណាច គឺគាត់ធ្វើអីសមស្រប។ អ៊ីចឹង យុត្តិធម៌សម្រាប់ពលរដ្ឋគ្មានទេ សម្រាប់តែអ្នកមានលុយតែប៉ុណ្ណឹង » ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា បឹងណាដែលមានប្រយោជន៍សម្រាប់បរិស្ថាន អាជ្ញាធរនឹងរក្សាទុក និងមានបឹងខ្លះសម្រាប់អភិវឌ្ឍន៍ក្នុងទីក្រុង។ លោកថា ស្ថាប័នជំនាញ មានគោលការណ៍ច្បាស់លាស់ថា បឹងប៉ុន្មានដែលត្រូវលុប និងមានបឹងប៉ុន្មានត្រូវរក្សាទុកសម្រាប់អភិរក្ស ដែលមានក្រសួងធនធានទឹក និងក្រសួងបរិស្ថាន ជាអ្នកធ្វើកិច្ចការងារនេះ។ លោកថា បឹងកប់ស្រូវ ដែលមានទំហំធំជាងគេនៅរាជធានីភ្នំពេញ មានផ្នែកខ្លះរក្សាទុកសម្រាប់សំអាតទឹកស្អុយ និងមានផ្នែកខ្លះ អភិរក្សធ្វើជាតំបន់ទេសចរធម្មជាតិក្នុងផ្ទៃបឹង។ លោកបដិសេធមិនអធិប្បាយលម្អិតថា មានបឹងណាខ្លះដែលត្រូវអភិរក្ស និងបឹងណាខ្លះត្រូវអភិវឌ្ឍនោះទេ ដោយបង្វែរសំណួរនេះ ទៅក្រសួងបរិស្ថាន និងក្រសួងធនធានទឹក៖ «ពីព្រោះគេមានមានផែនការរបស់គេ បឹងណាដែលមានសារៈប្រយោជន៍សម្រាប់ពាក់ព័ន្ធហ្នឹង Environment បរិស្ថានគេទុក ហើយគេចាត់កន្លែងខ្លះសម្រាប់ការអភិវឌ្ឍ។ អាហ្នឹងគេថា អភិរក្សប្រកបដោយការអភិវឌ្ឍន៍ អភិវឌ្ឍន៍ប្រកបដោយការអភិរក្ស។ អ្វីដែលជាគោលការណ៍ ពាក់ព័ន្ធនៅធនធានទឹក និងក្រសួងបរិស្ថាន សួរគេខាងហ្នឹងគេច្បាស់ជាង » ។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា និងអ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា ដើម្បីសុំការអធិប្បាយបន្ថែមរឿងនេះ តែទូរស័ព្ទហៅចូល គ្មានអ្នកទទួលនៅថ្ងៃទី៦ មករា។
ក្រុមយុវជនរស់នៅរាជធានីភ្នំពេញ លោក សាន់ ម៉ាឡា អំពាវនាវថា រដ្ឋាភិបាលត្រូវមានយន្តការច្បាស់លាស់ អភិរក្សបឹងដែលនៅសល់ចុងក្រោយឱ្យគង់វង្ស និងកែច្នៃជាតំបន់ឧទ្យានជាតិ បម្រើឱ្យវិស័យទេសចរក្នុងទីក្រុង ដើម្បីប្រយោជន៍រួមរបស់ពលរដ្ឋ រក្សាបរិស្ថានស្អាត និងរកចំណូលចូលសេដ្ឋកិច្ចជាតិជាដើម៖ «ក្នុងនាមខ្ញុំជាយុវជន ជាពលរដ្ឋ ខ្ញុំគិតថា ពលរដ្ឋផ្សេងៗ ទៀត ក៏គិតដូចគ្នាទេ យើងចង់ឱ្យរដ្ឋាភិបាលហ្នឹងធ្វើការពង្រីកក្រុង ហើយអភិវឌ្ឍន៍ដីគោក ដែលយើងមានស្រាប់ នៅជាយៗ ភ្នំពេញសិន សម្រាប់បឹងហ្នឹងគួរកែច្នៃវា ឱ្យទៅជាឧទ្យានសម្រាប់ឱ្យពលរដ្ឋនៅទីក្រុងហ្នឹងគាត់សម្រាក លំហែកម្សាន្ត យើងធ្វើលំហាត់ប្រាណ ឬក៏យើងកែច្នៃធ្វើម៉េច ? បើយើងអាចរកចំណូលបានពីវា ពីព្រោះប្រទេសអភិវឌ្ឍន៍ភាគច្រើនឃើញគេធ្វើអីចឹង » ។
ប្រធានក្រុមយុវជនការពារសង្គម និងបរិស្ថាន លោក ជុំ ហួត ចង់ឃើញរដ្ឋាភិបាលមានគម្រោងច្បាស់លាស់ រក្សាទុកបឹងណាដែលអភិរក្ស និងបឹងណាដែលត្រូវលុប ត្រូវបង្ហាញជាសាធារណៈ ព្រោះពួកគាត់មានមន្ទិលថា បឹងធម្មជាតិដែលលុបកន្លងទៅ តើប្រយោជន៍បានទៅបុគ្គលណាខ្លះ និងមានចំណូលចូលរដ្ឋចំនួនប៉ុន្មាន? ហើយមានពលរដ្ឋប៉ុន្មានគ្រួសារដែលទទួលបានសំណងសមរម្យ ពីការបណ្ដេញចេញដោយបង្ខំ។ លោកសង្កេតឃើញថា បឹងធម្មជាតិមួយចំនួន ដូចជាបឹងទំពុន និងបឹងកប់ស្រូវជាដើម កំពុងទទួលរងការចាក់លុប ធ្វើអាជីវកម្ម និងលំនៅឋាននៅផ្នែកខ្លះ ពីសំណាក់បុគ្គលមានអំណាច អាជ្ញាធរគ្មានយន្តច្បាស់លាស់ទប់ស្កាត់នៅឡើយទេ៖ «ប្រសិនជារដ្ឋាភិបាលនៅតែសម្រេចចិត្តបន្តលុបបឹងទៀត វាពិតជាធ្វើឱ្យប៉ះពាល់ដល់ជីវភាពពួកគាត់ខ្លាំងមែនទែន ហើយធ្វើឱ្យពួកគាត់ធ្លាក់ក្នុង ជីវភាពក្រីក្រ ដោយសារពួកគាត់មិនអាចបឹងអាស្រ័យលើដែលមានក្នុងបឹង ដែលគាត់រស់នៅជាប្រចាំ។ ម្យ៉ាងទៀត ពលរដ្ឋរស់នៅជុំវិញបឹងនៅរាជធានីភ្នំពេញហ្នឹង គឺគាត់ប្រឈមខ្លាំងមែនទែន ព្រោះគាត់ត្រូវប្រឈមការបណ្ដេញចេញទាំងបង្ខំ » ។
របាយការណ៍បន្ថែមថា បឹងតាមោក ឬបឹងកប់ស្រូវ មានទំហំ ជាង ៣ពាន់ ២រយគ្រួសារ (៣២៣៩) មានប្រជាជនរស់នៅជុំវិញបឹងចំនួន ៣១៩គ្រួសារ។ បឹងនេះ មានទំហំធំជាងគេក្នុងរាជធានីភ្នំពេញ អាចការពារទឹកជំនន់ អាងស្តុកទឹកស្អាតលក្ខណៈធម្មជាតិ ធនធានត្រី និងបក្សីជាដើម។ បឹងនេះត្រូវគេប្រើប្រាស់ ដើម្បីស្រោចស្រពស្រូវ និងការនេសាទត្រីជាច្រើនឆ្នាំមកហើយ។
កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាលបានចេញ អនុក្រឹត្យលេខ ២០ ដាក់បឹងកប់ស្រូវ ជាសម្បត្តិសាធារណៈរបស់រដ្ឋ គ្របដណ្ដប់លើផ្ទៃទឹកជាង ៣ពាន់ ២រយហិកតារ។
នាយកប្រតិបត្តិ នៃអង្គការសមាគមធាងត្នោត សឿង សារ៉ន បន្ថែមថា បឹងតាមោក និងបឹងទំពុនឬបឹងជើងឯក មានតួនាទីសំខាន់ណាស់ ក្នុងការជួយរំដោះទឹកជំនន់ ធ្វើឱ្យទីក្រុងភ្នំពេញត្រជាក់ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាដើម។ លោកថា រដ្ឋាភិបាលគួរតែពិចារណា រក្សាបឹងនេះ អភិរក្សជាសម្បត្តិសាធារណៈ និងកែច្នៃឱ្យទៅជាតំបន់ទេសចរធម្មជាតិបៃតង៖ «កុំឱ្យលុបបឹងទៀត រដ្ឋាភិបាលគួរបង្កើតនូវអនុក្រឹត្យ ឬក៏ច្បាប់ ការពារបឹងដែលសេសសល់ហ្នឹងទៅ ដើម្បីទប់ស្កាត់ ឬក៏ការពារកុំឱ្យលុបបឹងបន្ត។ អាហ្នឹងជាចំណុចចម្បង ដែលរដ្ឋាភិបាលត្រូវធ្វើ ព្រោះយើងក្រឡេកមើល ទៅប្រទេសដទៃទៀត បឹងគេរក្សាក្នុងទីក្រុង ដើម្បីទី១ ជួយបង្កើនប្រព័ន្ធអេកូឡូស៊ី (Ecology) ហ្នឹង។ ទី២ កាត់បន្ថយកម្ដៅក្នុងទីក្រុង ហើយឥឡូវហ្នឹង បញ្ហាបម្រែបម្រួលអាកាសធាតុវាច្រើន » ។
សមាគមធាងត្នោត ចាត់ទុកបឹងធម្មជាតិថា មានសារៈសំខាន់ណាស់ ក្នុងការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ហូរចេញពីរាជធានីភ្នំពេញ និងការពារទឹកជំនន់នៅរាជធានីភ្នំពេញទៀតផង ។ ការបាត់បង់ផ្នែកខ្លះនៃបឹងទំពុន ឬបឹងជើងឯក នឹងធ្វើឱ្យទឹកកខ្វក់ ចំនួន ២,៥ ទៅ ៣លានម៉ែត្រគូប ដែលត្រូវរកកន្លែងផ្សេង ដើម្បីប្រព្រឹត្តិកម្មទឹក ដែលអាចបណ្ដាលឱ្យលិចផ្នែកខ្លះនៃក្រុងភ្នំពេញ ភាគខាងក្រោម និងក្រុងតាខ្មៅ។ លើសពីនេះទៀត ការចាក់ដីខ្សាច់លុបបឹងបច្ចុប្បន្ន កំពុងមានសកម្មភាពបន្តក្នុងតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។