ក្រុម​អ្នក​ល្បាត​ព្រៃឡង់​រក​ឃើញ​ឈើ​ខុស​ច្បាប់​រាប់​ពាន់​ម៉ែត្រ​គូប

ក្រុម​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់ ជាង ២០០​នាក់ ដែល​ដើរ​ល្បាត​ក្នុង​ព្រៃ​រយៈពេល ៥​ថ្ងៃ ដើម្បី​ស្វែង​រក​បទល្មើស​ព្រៃឈើ បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ហើយ​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ។

0:00 / 0:00

ក្រុម​សហគមន៍​ព្រៃ​ទាំង​នោះ បាន​បំបែក​ជា​ពីរ​ក្រុម​ដើរ​ល្បាត​ដោយ​ថ្មើរ​ជើង​ក្នុង​ព្រៃ​ឋិត​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ក្រចេះ។ ក្នុង​នោះ​តំបន់​ដែល​សហគមន៍​រក​ឃើញ​បទល្មើស​ព្រៃ​ឈើ​ច្រើន​ជាង​គេ​នោះ គឺ​ឋិត​ក្នុង​ខេត្ត​ព្រះវិហារ។

ក្រុម​អ្នក​ល្បាត​ដើម្បី​ការពារ​ព្រៃឡង់ បាន​រក​ឃើញ​កំណាត់​ឈើ​រាប់​ពាន់​ម៉ែត្រ​គូប ដែល​ភាគ​ច្រើន​ជា​ប្រភេទ​ឈើ​ប្រណីត ត្រូវ​បាន​ឈ្មួញ​ជួល​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ឲ្យ​កាប់ និង​គរ​ទុក​នៅ​ក្នុង​ព្រៃ។

ក្រុម​បណ្ដាញ​សហគមន៍​ព្រៃឡង់​ជាង ២០០​នាក់ បាន​ចំណាយ​ពេល ៥ ថ្ងៃ​នៅ​ក្នុង​ព្រៃ​ដើម្បី​ល្បាត​ព្រៃ។ មន្ត្រី​ចងក្រង​បណ្ដាញ​កសាង​សន្តិភាព​សហគមន៍ លោក សេង សុខហេង មាន​ប្រសាសន៍​ថា ក្រុម​សហគមន៍​ខ្លះ​បាន​ដើរ​ល្បាត​ចេញ​ពី​ចំណុច​ភូមិ​ស្រែវាល ក្នុង​ឃុំ​ធ្មា ស្រុក​ជ័យសែន សំដៅ​ទៅ​ព្រំប្រទល់​ស្រុក​ឆែប ក្នុង​ខេត្ត​ព្រះវិហារ និង​ចាប់​បាន​ឈើ​ដែល​កាប់​បំផ្លាញ​ខុស​ច្បាប់​រាប់​ម៉ឺន​កំណាត់ ជា​ប្រភេទ​ឈើ​លេខ​១ ឈើ​ធ្នង់។ ក្រុម​សហគមន៍​ខ្លះ​ទៀត បាន​ដើរ​ល្បាត​ក្នុង​តំបន់​ព្រៃឡង់ នៅ​ខេត្ត​ក្រចេះ ប៉ុន្តែ​នៅ​តំបន់​នោះ​ចាប់​បាន​ឈើ​តិចតួច ហើយ​ភាគ​ច្រើន​ជា​ប្រភេទ​ឈើ​ទាល។ ឈើ​ដែល​ចាប់​បាន​ទាំង​នោះ ត្រូវ​បាន​ក្រុម​សហគមន៍​រាយការណ៍​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ ឲ្យ​ទៅ​ដឹក​ឈើ​ទាំង​នោះ យក​ទៅ​រក្សា​ទុក​ក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ។ ក្រុម​សហគមន៍​ក៏​បាន​ចាប់​ម៉ាស៊ីន​អារ​ឈើ ៤​គ្រឿង ប្រគល់​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ដែរ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​ពី​លោក អ៊ិត ភូម្រា នាយក​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះវិហារ បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ។ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជ័យសែន លោក គីម ចេកថាវី ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

អ្នក​ស្រាវជ្រាវ​ធនធាន​ធម្មជាតិ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ បញ្ជាក់​ថា ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ខ្លះ​បាន​ចេញ​មុខ​ផ្ទាល់​កាប់​ឈើ​នៅ​ក្នុង​ព្រៃឡង់ យក​ទៅ​លក់​ទៅ​ឲ្យ​ក្រុម​ឈ្មួញ ហើយ​ក្រុម​ឈ្មួញ​លក់​បន្ត​ទៅ​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ដែល​មាន​សិទ្ធិ​ទិញ​ឈើ​ចេញ​ពី​តំបន់​នោះ។

ទាក់ទិន​នឹង​ការ​ចូល​ទៅ​កាប់​ឈើ​ខុស​ច្បាប់​របស់​ពលរដ្ឋ​សហគមន៍​នេះ អភិបាល​រង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ លោក វ៉ាន់ សុខ ធ្លាប់​ប្រាប់​ថា អាជ្ញាធរ​ស្រុក​បាន​ប្រឹងប្រែង​អប់រំ​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ការពារ។ ប៉ុន្តែ​បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើត​មាន ដោយសារ​តែ​យន្តការ​ពង្រឹង​ច្បាប់​នៅ​មូលដ្ឋាន​នៅ​មិន​ទាន់​បាន​ទូលំទូលាយ។

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥ ដែល​ឃ្លាំមើល​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ កាល​ពី​ថ្មីៗ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ព្រួយ​បារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​បទល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា និង​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណិតៗ យ៉ាង​គគ្រឹកគគ្រេង​ដោយ​ចំហ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ដោយ​គ្មាន​វិធានការ​ទប់ស្កាត់។ អង្គការ​ទាំង​នោះ​រក​ឃើញ​ថា ក្រុម​ឈ្មួញ​បាន​ឆក់​ឱកាស​មុន និង​ក្រោយ​ពេល​បោះ​ឆ្នោត និង​ស្ថានភាព​ជាប់​គាំង​ខាង​នយោបាយ​នៅ​ពេល​បច្ចុប្បន្ន​នេះ សម្រុក​កាប់​ឈើ​ដោយ​មិន​ញញើត។អង្គការ​ទាំង​នោះ​ក៏​បាន​ព្រមាន​ថា នឹង​បញ្ចេញ​ឈ្មោះ​ឈ្មួញ និង​មន្ត្រី​ក្នុង​ស្ថាប័ន​រដ្ឋ​ជាង ១០០​នាក់ ទៅ​ស្ថាប័ន​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ប្រសិន​បើ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ទប់​ស្កាត់​ការ​បំផ្លាញ និង​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។