សហគមន៍​ខេត្ត​រតនគិរី​ថា ព្រៃ​សហគមន៍​ភូមិ​កែងសាន់​ដែល​សល់​ចុងក្រោយ បាត់បង់​អស់​ហើយ

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​ទំពួន​ខេត្ត​រតនគិរី​អះអាង​ថា ដែន​ជម្រក​សត្វព្រៃ​លំផាត់​រាប់ពាន់​ហិកតារ ដែល​ក្រសួង​បរិស្ថាន​ចុះបញ្ជី​ជា​ព្រៃ​អភិរក្ស បាន​ក្លាយ​ជាទី​ផ្សារ​កាប់​ឈើ និង​លក់​ដី​ព្រៃ​ជា​កម្មសិទ្ធិ​ឯកជន ពី​សំណាក់​អាជ្ញាធរ និង​ឈ្មួញ​ដោយ​គ្មាន​ការអនុវត្ត​ច្បាប់។ សហគមន៍​ថា ព្រៃ​សហគមន៍​ភូមិ​កែងសាន់ សល់​ចុងក្រោយ​មាន​ទំហំ ១​ពាន់​ហិកតារ ត្រូវ​គេ​កាប់​បំផ្លាញ​អស់ទាំង​ស្រុង នៅ​រយៈពេល​ជាង ១​ឆ្នាំ ចុង​ក្រោយ​នេះ។

ក្រុម​ជនជាតិ​ដើម​ភាគតិច​ទំពួន រស់នៅ​ភូមិ​កែងសាន់ និង​ភូមិ​សមុទ្រ​ក្រោម ស្រុក​លំផាត់ ខេត្ត​រតនគិរី​ឱ្យ​ដឹង​ថា ព្រៃ​សហគមន៍​ភូមិ​កែងសាន់ ដែល​បន្សល់​ចុងក្រោយ ប្រមាណ ១​ពាន់​ហិកតារ ឋិត​នៅ​ចំណុច​អូរភ្ញាវ និង​អូរក្រែង បាន​ទទួល​រង​ការ​កាប់​ឈើ​ប្រណីត និង​កាប់​ទន្ទ្រាន​យក​ដី​ជា​សម្បត្តិ​បុគ្គល​ឯកជន អស់ទាំង​ស្រុង ដោយ​គ្មាន​ការទប់ស្កាត់​។ សហគមន៍​ថា ពួកគេ​បាន​ដាក់​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន និង​ឈ្មួញ ទៅ​តុលាការ ៨​ករណី​មក​ហើយ តែ​គ្មាន​ប្រសិទ្ធភាព​ឡើយ។

ជនជាតិ​ដើម​ភាគតិច​ទំពួន លោក ខាំ និន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ មករា​ថា ព្រៃ​សហគមន៍​ភូមិ​កែងសាន់​នៅសល់​ចុងក្រោយ​ប្រមាណ ១​ពាន់​ហិកតារ ដែល​អ្នកភូមិ​អាស្រ័យផល ដូចជា ឃ្វាលគោ​ក្របី រក​បន្លែ​ត្រី​សាច់ ថ្នាំ​បុរាណ និង​បោច​វល្លិ៍​ជាដើម ត្រូវ​គេ​កាប់​បំផ្លាញ​រលាយ​ទាំងស្រុង​ហើយ​។ លោក​ថា ក្រុម​ឈ្មួញ បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ភូមិ​/​ឃុំ ពុះ​ដី​ចែក​គ្នា​លក់ និង​ដុត​ព្រៃ​ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ​ឯកជន ដោយ​គ្មាន​ការ​ទប់ស្កាត់​។ លោក​បន្ថែម​ថា កន្លងទៅ​ជនជាតិ​ដើម​ភាគតិច​ទំពួន បាន​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន ឆ្មាំ​អភិរក្ស និង​អភិបាលស្រុក​លំផាត់ សរុប ៩​នាក់ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី តែ​មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ​ស្ងាត់ជ្រងំ រីឯ​ជនល្មើស​នៅតែ​បន្ត​សកម្មភាព​កាប់​រុករាន​ទន្ទ្រាន​ដដែលៗ៖ «ព្រៃ​ហ្នឹង​វា​នៅសល់ ១​ពាន់​ហិកតារ​ដី​សហគមន៍​ភូមិ​កែងសាន់ ចុងក្រោយ​គេ​កាប់​ឈើ​ដួល​អស់ហើយ គ្មាន​សល់​ទេ។ តាម​យើង​យល់ គ្មាន​ពី​ណា​ទេ រៀប​គម្រោង​សុទ្ធតែ​ក្រុម​ពួក​អាជ្ញាធរ ព្រោះ​យើង​ស្គាល់ ពួក​អា​មានមុខ​ក្នុង​ហ្នឹង​យើង​ដាក់ពាក្យ​បណ្ដឹង​ទៅ​ហើយ ទី​១ លឹម ហូ ទី​២ ចាន់ ស្រូត ទី​៣ តាំ អន។ ពួក​ហ្នឹង​ខ្ញុំ​ដាក់​បណ្ដឹង​ទៅ​តុលាការ​ទាំងអស់​ហើយ​។ ពួក​ហ្នឹងហើយ​អ្នក​ចុះ​ទៅ​វាស់វែង​ផ្ទាល់»។

លោក ខាំ និន បន្ថែម​ថា កន្លងទៅ​អ្នកភូមិ ១២០​នាក់ បាន​ផ្តិត​មេដៃ​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ការពារ​ព្រៃ​សហគមន៍​ភូមិ​កែងសាន់ មាន​ទំហំ​ជាង ៤​ពាន់​ហិកតារ ឱ្យ​គង់វង្ស ក្រោយ​ពី​កើត​មាន​សកម្មភាព​កាប់​ឈើ និង​ទន្ទ្រានព្រៃ​បែប​អនាធិបតេយ្យ ក៏ប៉ុន្តែ​កម្មវត្ថុ​នេះ​មិន​ត្រូវ​បាន​អាជ្ញាធរ​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ដោះស្រាយ​ទេ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​សូម្បីតែ​វាលស្មៅ សម្រាប់​ឃ្វាល​គោ​ក្របី ក៏​ប្រឈម​ការ​បាត់​បង់​អស់​ដែរ ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង​៖ «បាត់បង់​អស់ហើយ ត្រពាំង បឹង អូរ​យើង ធ្លាប់​គោក្របី​របស់​ប្រជាជន​រស់នៅ​កន្លែង​តំបន់​ពលរដ្ឋ​ធ្លាប់ បង់សំណាញ់ ធ្លាប់​រកស៊ី​អី ដាក់​សន្ទូច និង​បង្កៃ​អី​បាត់បង់​អស់ហើយ វា​អត់​មាន​សល់​ទេ​។ ឥឡូវ​វា​បាត់បង់​ដី​ទាំងស្រុង​ហ្មង គ្មាន​នៅសល់​បន្តិច​ក្នុង​ចំនួន​ដី ១០០០​ហិកតារ​ចុងក្រោយ ដើមឈើ​វា​ដួល​អស់ហើយ គ្មាន​សល់​ទេ វា​អស់​អា​លីង​ហើយ»។

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ភូមិ​សមុទ្រ​ក្រោម លោក ឆន ផល្លា អះអាង​ថា អាជ្ញាធរ​ភូមិ និង​មេឃុំ គឺជា​មេខ្លោង ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​អភិរក្ស​ខុសច្បាប់ ហើយ​ករណី​នេះ​ពួកគេ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ជាច្រើន​ករណី​មក​ហើយ តែ​គ្មាន​ដំណោះស្រាយ​។ លោក​ថា សហគមន៍​បាន​កំណត់​មុខសញ្ញា​ជនល្មើស ឈ្មួញ រួម​ទាំង​អាជ្ញាធរ​ដែល​ឃុបឃិត​គ្នា កំណត់​ក្នុង​បណ្ដឹង​បរិហារ​ទៅ​តុលា​ខេត្ត​រតនគិរី​រួច​ហើយ​។ លោក​ថា ប្រសិនបើ​ក្រសួងបរិស្ថាន​មាន​ឆន្ទៈ​ស៊ើបអង្កេត​រឿង​នេះ គ្មាន​អ្វី​ពិបាក​ទេ​៖ «ឥឡូវ​ព្រៃឈើ​វា​ហិនហោច​អស់ហើយ គេ​កាប់​បំផ្លាញ​ខ្ទេចខ្ទី ខ្លះ​ហ្នឹង​ឈូស​ឆាយ​យក​ដី​ធ្វើ​កម្ម​ជា ដី​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ខ្លះ​ដាំ​ចន្ទី ខ្លះ​ធ្វើ​ផ្ទះ​នៅ​ដែន​ជម្រក​ហ្នឹង​។ រាល់ថ្ងៃ​ហ្នឹង​នៅតែ​កាប់​បំផ្លាញ​ព្រៃឈើ​រហូត ទោះ​បី​ថា ខ្ញុំ​ប្រឹង​ប្រាប់​អាជ្ញាធរ យើង​ខំប្រឹង​តវ៉ា ដើម្បី​ការពារ​សម្បត្តិ​ធនធានធម្មជាតិ អាជ្ញាធរ​នៅតែ​ព្រងើយ ហើយ​ឱ្យ​ជនល្មើស​នៅតែ​កាប់​បំផ្លាញ​ទាំង​យប់​ទាំង​ថ្ងៃ»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​មេឃុំ​សេដា លោក អង់ ប៊ុនធឿង ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី២៨ មករា។

ចំណែក​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី ក៏​មិនទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ស្ថានភាព​ព្រៃ​ឈើ ក្នុង​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៩។
ស្ថានភាព​ព្រៃ​ឈើ ក្នុង​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៩។ (Photo Provided)

នាយក​រដ្ឋបាល​ដែន​ជម្រកសត្វព្រៃ​ភ្នំ​លំផាត់ លោក សាន សានី មានប្រសាសន៍ថា មន្ត្រី​ជំនាញ​កំពុង​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​រឿង​នេះ និង​បាន​កំណត់​មុខសញ្ញា​ជនល្មើស​បាន​មួយ​ចំនួន​ហើយ។ លោក​ថា ករណី​នេះ​មន្ត្រី​ជំនាញ​នៅ​មិនទាន់​ស្រាវជ្រាវ​ដឹង​ថា មេភូមិ និង​មេឃុំ​មាន​ជាប់​ព័ន្ធ​ការ​លក់​ដី​ព្រៃ​របស់​រដ្ឋ​នោះ​ទេ ព្រោះ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត។ លោក​បដិសេធ​មិន​​អធិប្បាយ​​លម្អិត​ថា បាន​បញ្ជូន​សំណុំ​រឿង​នេះ ទៅ​តុលាការ​បាន​ប៉ុន្មាន​ករណី​នោះ​ទេ​៖ «ដោយសារតែ​យើង​កំពុង​ធ្វើ​សំណុំរឿង ហើយ​យើង​កំពុងតែ​ប្រកាស​រក​ម្ចាស់ ដាក់​សេចក្ដី​ជូនដំណឹង​។ មិន​ថា យើង​លែងដៃ​ទេ យើង​កំពុង​តែ​ធ្វើការ ដោយសារតែ​យើង​ទៅ​រុះរើ​ផ្ទះ​អ៊ីចឹង​។ យើង​ដាក់​សំណុំរឿង​ទៅ​តុលាការ យើង​ធ្វើ​សេចក្ដី​ជូនដំណឹង​សិន បាន​យើង​ដាក់​សំណុំរឿង​ទៅ​តុលាការ​។ បញ្ហា​ហ្នឹង​ខ្ញុំ​អត់​ទាន់​ស្រាវជ្រាវ​ដឹង​ថា ពាក់ព័ន្ធ​មេភូមិ និង​មេឃុំ​ទេ យើង​កំពុង​ស៊ើបអង្កេត»។

មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែង​ថា សហគមន៍​បាន​កំណត់​អត្តសញ្ញាណ អ្នកស៊ី​ឈ្នួល​កាប់​ទន្ទ្រានព្រៃ និង​អាជ្ញាធរ​ពាក់ព័ន្ធ​រួចហើយ ហេតុនេះ​ជនសង្ស័យ គឺ​គ្មាន​អ្វី​ពិបាក​ស៊ើបអង្កេត​នោះ​ទេ ប្រសិនបើ​ក្រសួង​សាមី និង​អាជ្ញាធរមាន​ឆន្ទៈ​អនុវត្ត​ច្បាប់​។ លោក​ថា ការ​ឃុបឃិត​លក់​ដី​ព្រៃ និង​ទន្ទ្រាន​ដី​ព្រៃ​ជា​កម្មសិទ្ធិ​បុគ្គល បាន​កើត​មាន​ជា​ប្រព័ន្ធ ហើយ​ជនជាតិ​ដើម​ភាគតិច​មាន​សិទ្ធិ​ពេញលេញ ប្ដឹង​បរិហារ​អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ ទៅ​តុលាការ ដើម្បី​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​៖ «យើង​គិត​ថា អ្នកទទួលខុសត្រូវ​មាន​ច្រើន មាន​ទាំង​មេភូមិ និង​មេឃុំ​ទាំងអស់​ហ្នឹង រហូតដល់​មន្ត្រី​បរិស្ថាន​។ យើង​ធ្លាប់​បាន​ប្តឹង​ហើយ តែ​គេ​តម្កល់​តែ​ទោះ​យ៉ាង​ណា យើង​ឱ្យ​មក​សាលាដំបូង​បន្ត​ទៀត​ដែរ​។ ទន្ទឹម​នឹង​ៗ យើង​បាន​ដាក់​បណ្ដឹង​បន្ត​ផ្សេងៗ​ទៀត»។

ព្រៃ​សហគមន៍​ភូមិ​កែងសាន់ គឺជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ គឺជា​ព្រៃ​នៅសល់​ចុងក្រោយ​ធំ​ជាងគេ ក្នុងចំណោម​ទំហំ​ព្រៃឈើ​ទាំងមូល​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​រាប់ម៉ឺន​ហិកតារ​ក្នុង​ខេត្ត​រតនគិរី​។ ជនជាតិ​ដើម​ភាគតិច​អះអាង​ថា ព្រៃ​អភិរក្ស​មួយ​នេះ បាន​បាត់បង់​ស្ទើរ​ទាំងស្រុង សូម្បី​តែ​បឹង អូរ និង​ត្រពាំង​ក៏​រីង​ហូត​ហែង​អស់ ដោយ​សារ​តែ​បាត់បង់​ទំហំ​ព្រៃឈើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។