សហគមន៍ព្រៃឡង់ខេត្តក្រចេះអះអាងថា សាឡាងមួយគ្រឿងដែលលិចនៅកំពង់ដក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះកាលពីយប់ថ្ងៃទី២៤ ខែឧសភា កន្លងទៅ បានផ្ទុកឈើមូលប្រហែលជិត២០ម៉ែត្រគូប ជារបស់ក្រុមហ៊ុនស៊ីបាយអូរថេក (Ci-Biotech Co., Ltd.) ដែលគ្រោងដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម។
សហគមន៍ថា ក្រុមហ៊ុននេះគ្មានអភិវឌ្ឍន៍អ្វី ក្រៅពីដឹកជញ្ជូនឈើមូលធំៗ ពីតំបន់ព្រៃឡង់ធ្វើអាជីវកម្មទៅលក់នៅក្រៅប្រទេស និងបានកាប់បំផ្លាញដើមឈើរបស់ជនជាតិដើមភាគតិចអស់រាប់ម៉ឺនដើម។
សហគមន៍ការពារព្រៃឡង់ ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី២៧ ឧសភា ថា អ្នកភូមិរស់នៅឃុំកំពុងចាម ប្រទះឃើញរថយន្តយីឌុបច្រើនគ្រឿង ដឹកឈើមូលធំៗ នៅកាន់ប្រទេសវៀតណាម ឆ្លងកំពង់ដឫស្សីចារជាយូរមកហើយ ហើយពួកគេបានផ្តល់ព័ត៌មានទៅមន្ត្រីបរិស្ថានឲ្យជួបទប់ស្កាត់ តែគ្មានលទ្ធផល។ លោកថា ក្រុមហ៊ុនស៊ីបាយអូថេក ឬស្ថានីយស្តារព្រៃឈើឡើងវិញ បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលវិនិយោគ តែព្រៃរិចរឹល តែធាតុពិតក្រុមហ៊ុននេះ វិនិយោគនៅតំបន់ព្រៃស្រោងខុសច្បាប់ ក្នុងឃុំកំពង់ចាម និងឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះដោយឈូសឆាយព្រៃស្រោង យកឈើមានតម្លៃ និងកាប់បំផ្លាញដើមឈើផលិតជ័រទឹក ជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១២ រហួតមកទល់ពេលនេះ៖ «និយាយរួមទៅសម្បទានដូចស្តារព្រៃឈើឡើងវិញ ប៉ុន្តែប្លុកហ្នឹង សុទ្ធដើមឈើធំៗ ព្រៃក្រាស់នៅតំបន់ហ្នឹង ហើយដើមច្បោះរបស់ពលរដ្ឋរាប់ពាន់ដើមនៅក្នុងប្លុករបស់ក្រុមហ៊ុន និងមាន ឧកញ៉ា ២ ទៅ៣នាក់ ដើម្បីធ្វើភាគហ៊ុន»។
ក្រុមហ៊ុន ស៊ី បាយអូថេច វិនិយោគដំណាំឧស្សាហកម្ម អាកាស្យា ឬស្ថានីយស្ដារព្រៃឈើឡើងវិញ ដែលវិនិយោគលើផ្ទៃដីចំនួនជាង ៣ម៉ឺនហិកតារ (៣៤.០០៧) កាលពីខែមិថុនា ឆ្នាំ២០១២ ឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
កាលពីឆ្នាំ២០១៦ពលរដ្ឋរស់នៅឃុំវឌ្ឍនៈនិងឃុំកំពង់ចាម ធ្លាប់បានដាក់ពាក្យប្តឹងក្រុមហ៊ុននេះថា ប្រើគ្រឿងចក្រ ឈូសឆាយយកឈើមានតម្លៃនៅតំបន់ព្រៃឡង់ និងបោះទីតាំងអារច្រៀក និងដេប៉ូអារឈើក្បែរតំបន់ព្រៃឡង់ ដែលមានរថយន្តយីឌុបច្រើនគ្រឿងត្រៀមដឹកចេញក្រៅ ទៅកាន់ប្រទេសវៀតណាម។
លើសពីនេះ សហគមន៍រស់នៅក្បែរតំបន់ព្រៃឡង់ ធ្លាប់ដាក់ពាក្យប្តឹងក្រុមហ៊ុននេះច្រើនសារ ពីបទកាប់បំផ្លាញដើមឈើផលិតជ័រទឹករបស់ពួកគេអស់រាប់ម៉ឺនដើម តែគ្មានដំណោះស្រាយ៕
