ជនជាតិ​ដើម​ភាគតិច​ព្នង​មណ្ឌលគិរី ចោទ​អ្នក​មាន​អំណាច​ម្នាក់​រំលោភ​ដី​សហគមន៍​ជាង ៤០០​ហិកតារ

0:00 / 0:00

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ភូមិ​ពូរាំង ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ចោទ​អ្នក​មាន​អំណាច​ម្នាក់​ថា ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​សហគមន៍​ ៤៧២​ហិកតារ ​ជា​សម្បត្តិ​បុគ្គល ដោយសារតែ អ្នកភូមិ ប្រទះឃើញ​ដើមឈើ​ជាច្រើន​ដើម ឋិត​ក្នុង​ព្រៃ​សហគមន៍​ភូមិ​ពូ​រាំង ត្រូវ​គេ​កាប់​ឱ្យ​ដួល និង​បាញ់ថ្នាំ​ហ៊ុមព័ទ្ធ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង (​ពូនង) ឱ្យ​ដឹង​នៅ​អាទិត្យ ថ្ងៃទី​៣០ ខែ​មិថុនា​ថា ព្រៃ​សហគមន៍​ភូមិ​ពូរាំង មាន​ផ្ទៃដី​ជាង ១​ពាន់​ហិកតារ កំពុង​ទទួលរង​ការ រំលោភបំពាន ពី​បុគ្គល​មានអំណាច​ម្នាក់​។ អ្នកភូមិ​ថា អ្នកមាន​ឥទ្ធិពល​ដែល​គេ​ស្គាល់​ឈ្មោះថា សេង សុវណ្ណារ៉ា បាន​តាំង​ខ្លួន​ថា ជា​មន្ត្រីរាជការ ធ្វើការ​នៅ​ក្រសួងយុត្តិធម៌ ហើយ​បាន​គំរាមកំហែង​ពលរដ្ឋ​ណា ដែល​ចេញមុខ​រារាំង សកម្មភាព​ហ៊ុមព័ទ្ធ​យក​ដីព្រៃ​របស់​គេ​។​

ប្រធាន​សហគមន៍​ភូមិ​ពូរាំង លោក ញ៉ាន ស្រេវ រំឭក​ថា កាលពី​សប្ដាហ៍​មុន អ្នកភូមិ​មួយ​ក្រុម ប្រទះឃើញ​ដើមឈើ​ធំៗ ជាច្រើន​ដើម​ក្នុង​ព្រៃ​សហគមន៍​នៅ​ចំណុច​អូរ​ហ៊ុ​ជ ត្រូវ​គេ​កាប់​រំលំ ហ៊ុមព័ទ្ធ យក​ដី​ ៤៧២​ហិកតារ។ លោក​ថា ក្រុម​ពលរដ្ឋ​ស៊ូ​ស្លាប់ ការពារ​ដី​ព្រៃ​សហគមន៍​ឱ្យ​គង់វង្ស និង​ចង់​ថែរក្សា​ជា​សម្បត្តិ​សមូហភាព បន្សល់​ចុងក្រោយ​ដែល​ជនជាតិ​ដើម​ភាគតិច ឃ្វាលគោ​ក្របី អាស្រ័យ​ផល និង​ជាទី​តាំង​ជ្រក​សត្វ​ដំរី​ព្រៃ​រស់នៅ៖ «៤៧២​ហិកតារ​ហ្នឹង​ជា​ដី​គាត់​យក​ហ្មង ចង់​យក​ទាំង​អស់​​ហ្នឹង​​ អត់​​ដឹង​​ដី​​សហគមន៍ ហើយ​តា​ឯង​អត់​មាន​យក​ទេ សហគមន៍​រលាយ​អស់ហើយ​។ ដី​​ហ្នឹង​​ដី​ចម្ការ​​វិល​​ជុំ និង​​ដី​ភ្នំ»។​

បុរស​ដដែល​បន្ថែម​ថា ឈ្មួញ​ដែល​រំលោភ​ដី​ព្រៃ​សហគមន៍​បាន​ប្រាប់​អ្នកភូមិ​ថា ពួកគេ​មាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ភូមិ ឃុំ និង​ស្រុក​។ លោក​សង្ស័យ​ថា អាជ្ញាធរ​មូលដ្ឋាន​មាន​ចេតនា​ឃុបឃិត​ជាមួយ​ឈ្មួញ រំលោភ​ដី​សហគមន៍​​ជាង ៤​រយ​ហិកតារ​នេះ ៖«គាត់​ថា ដី​ហ្នឹង​កាន់កាប់​អត់​ឱ្យ​នរណា​ប្រើ​ទេ សហគមន៍​ហ្នឹង​អញ ធ្វើ​ម៉េច​ក៏បាន​ដែរ អញ​ត្រូវ​យកៗ​គាត់​ថា អ៊ីចឹង​ហ្មង​។ ឈ្មោះ​គាត់​ហ្នឹង សេង វណ្ណារ៉ា ថ្នាក់​គាត់​ថា ឯកត្តនិយម​នៅ​ក្រសួងយុត្តិធម៌»។

ឆ្លើយតប​ការចោទប្រកាន់​នេះ លោក សេង វណ្ណារ៉ា បាន​បដិសេធ​មិន​បំភ្លឺ​រឿង​នេះ​៖ «ទម្លាប់​ខ្ញុំ គឺ​ខ្ញុំ​អត់​សម្ភាសន៍​តាម​ខ្យល់​ទេ​។ គឺមាន​ការ​អី បង​អញ្ជើញ​មក​ជួប​ខ្ញុំ​ផ្ទាល់»។

អាស៊ីសេរី​បាន​ទាក់ទង មេឃុំ​សែន​មនោរម្យ អ្នកស្រី ខ្វាន ត្រែល និង​អភិបាលស្រុក​អូររាំង លោក នង ទុណ្ណារី ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ តែ​ទូរស័ព្ទ​ហៅចូ​ល​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី៣០ មិថុនា​។​

រីឯ​អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា មាន​ប្រសាសន៍​ថា រដ្ឋបាល​ខេត្ត​នៅ​មិនទាន់​ទទួល​ពាក្យ​បណ្តឹង​ផ្លូវការ​ណាមួយ ពី​ពលរដ្ឋ​នៅឡើយ​ទេ​មក​ទល់​ពេល​នេះ​។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ទទួល​ពាក្យ​បណ្តឹង​ពី​ពលរដ្ឋ​គ្រប់​បញ្ហា​ទាំងអស់ និង​បាន​ដាក់​វេន​គ្នា​ចាំ​ទទួល​ពាក្យ​

បណ្ដឹង​ពី​ពលរដ្ឋ ២៤​ម៉ោង ដោយ​មិន​គិត​ថ្ងៃ​សៅរ៍ និង​អាទិត្យ​នោះ​ទេ​៖ «ប្រចាំការ​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​គឺ​ប្រចាំការ រាល់​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ គឺ​យកចិត្តទុកដាក់ និង​ធ្វើការ​ដោះស្រាយ​ជូន​គាត់​។ រដ្ឋបាល​ខេត្ត​មិន​ព្រងើយកន្តើយ​ទេ ដរាប​ណា ទទួល​បាន​ព័ត៌មាន​ឬ​ពាក្យ​បណ្ដឹង»។

ព្រៃ​សហគមន៍​ភូមិ​ពូ​រាំង គឺជា​ផ្នែក​មួយ​ក្នុង​ដែនជ​ម្រកសត្វ​ព្រៃ​កែវសីមា មាន​ផ្ទៃដី​ជាង ១​ពាន់​ហិកតារ ឋិត​​ក្នុង​​ភូមិ​​ពូរាំង ឃុំ​​សែន​​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។ សហគមន៍​បានដាក់​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ដី​សមូហភាព ទៅ​ក្រសួង​ដែនដី តែ​មិន​ទាន់​​ទទួល​​លទ្ធផល ខណៈ​ដែល​ក្រសួងមហាផ្ទៃ​ធ្លាប់​ប្រកាស​ទទួលស្គាល់​ជនជាតិ​ដើម​ភាគតិច​ព្នង ដែល​​កំពុង​​អាស្រ័យ​​ព្រៃ​ឈើ​​ក្នុង​​តំបន់​អភិរក្ស​នេះ។

សមាជិក​សហគមន៍​ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា សង្កេតឃើញ​ថា ឈ្មួញ​មានអំណាច​មាន​​មហិច្ឆតា​​កាប់​​​ព្រៃ និង​ឈូស​ឆាយ​ព្រៃ​សហគមន៍​រាប់​រយ​ហិកតារ ក៏ប៉ុន្តែ​បាន​ផ្អាក​ទៅវិញ ដោយសារ​ក្រុម​ពលរដ្ឋ​ទប់ស្កាត់​។ លោក​ថា ឈ្មួញ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ឃុបឃិត​គ្នា បាញ់ថ្នាំ​កំណត់​ព្រំ​ដី ដោយ​ស្ងាត់ៗ និង​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​​ប៉ះ​ចំ​​ដី​​ព្រៃ​​សហគមន៍​។ លោក​បារម្ភ​ថា ការបំផ្លាញ​ព្រៃ​សហគមន៍​នេះ ហាក់​បំផ្លាញ​ជម្រក​សត្វ​ដំរី​ព្រៃ និង​ផ្ដាច់ ដង្ហើម​សេដ្ឋកិច្ច​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​នោះ​ទាំងមូល​៖ «គេ​បាញ់ថ្នាំ​ព្រៃ​ខ្លួន​គេ អត់​មាន​សហ​ការណ៍​ជាមួយ​ពលរដ្ឋ​ទេ គេ​មាន​មេឃុំ មាន​មេស្រុក គេ​ទៅ​ជាមួយគ្នា​គេ​ហ្នឹង​មាន​បរិស្ថាន​។ អ៊ីចឹង​បាន​ខ្ញុំ​ថា តំបន់​ណា​ដែល​មាន​បរិស្ថាន តំបន់​ហ្នឹង​ព្រៃឈើ​រលាយ​តែម្ដង​វា ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​។ ឥឡូវ​ខ្ញុំ​សំណូមពរ​ឱ្យ​ឯកឧត្តម សាយ សំអាល់ ចុះ​ផ្ទាល់​តែម្ដង​។ រាល់​ថ្ងៃ​​ហ្មង​​កាប់​​ព្រៃ​ឈើ ទន្ទ្រាន​​ដាំ​នេះ ដាំ​នោះ »​។​

​មន្ត្រី​សម្របសម្រួល​សមាគម​ អាដហុក (Adhoc) ខេត្ត​មក​មណ្ឌលគិរី លោក អ៊ាង ម៉េងលី ចាត់​ទុក​ការ​ការទិញ​លក់​ដី​ព្រៃ​សហគមន៍ និង​ការ​ធ្វើ​ពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី​របស់​អាជ្ញាធរ​មូលដ្ឋាន ជា​ទង្វើ​ល្មើសច្បាប់​។ លោក​ថា ទីផ្សារ​ដី​ឡើងថ្លៃ ក្រុម​ឈ្មួញ​កំពុង​រក​យុទ្ធសាស្ត្រ​ច្បាម​យក​ដី​ព្រៃ​សហគមន៍ និង​ដី​សាធារណរដ្ឋ ធ្វើជា​សកម្ម​សិទ្ធិ​បុគ្គល ដែល​ទាមទារ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ចាត់​វិធាន​ច្បាប់​ជាបន្ទាន់៖ «មន្ត្រី​ក៏ដូចជា អាជ្ញាធរ​ស្រុក អាជ្ញាធរ​ខេត្ត​មេត្តា​ចាត់វិធានការ ចំពោះ​សកម្មភាព​ការទិញ​លក់​ដី នៅ​ខេត្ត​មណ្ឌលគិរី​នេះ ជាពិសេស​រូបភាព ដែល​ប្រព្រឹត្ត​ខុសច្បាប់​លើ​ដី​របស់​រដ្ឋ ត្រូវ​ចាត់វិធានការ ឱ្យ​បាន​តឹង​រឹង​។ ប្រសិនបើ​មិន​ចាត់វិធានការ​ទេ បញ្ហា​ដីធ្លី កាន់តែ​រី​កាន់តែ​ធំ​ឡើង សម្រាប់​នៅ​ខេត្ត​មណ្ឌលគិរី​នេះ​ហើយ»។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​បន្ថែម​ថា ពួកគេ​មាន​ទិសដៅ អភិរក្ស​ព្រៃ​អារក្ស ព្រៃ​ចម្ការ​វិល​ជុំ ព្រៃ​ចម្ការ​ស្រល់ និង​ដី​ព្រៃ​តំបន់​ភ្នំ​ឱ្យ​គង់វង្ស ក៏ប៉ុន្តែ​មិន​ត្រូវ​បាន​អាជ្ញាធរ​ពាក់ព័ន្ធ លើកទឹកចិត្ត និង​ជួយ​ពន្លឿន​ចុះបញ្ជី​ដី​សមូហភាព​នោះ​ទេ ដែល​​នេះ​​ជា​ឱកាស​ឱ្យ​ឈ្មួញ និង​អាជ្ញាធរ​ខ្លះ​លួច​កាប់​ព្រៃ ឈូស​ឆាយ រំលោភ​យក​ដី​ព្រៃ​សហគមន៍ និង​​ដី​​ព្រៃ​​សាធារណៈ​​របស់​រដ្ឋ​អស់​​ជា​​បន្ត​បន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។