ពលរដ្ឋ​ និង​អ្នក​ឃ្លាំ​មើល​បរិស្ថាន​ ស្នើ​ឱ្យ​គណៈកម្មការ​ជាតិ​លុប​បំបាត់​បទ​ល្មើស​ព្រៃឈើ​ នៅ​ឧទ្យាន​ជាតិ​ជួរភ្នំ​ក្រវាញ​កណ្ដាល

0:00 / 0:00

ពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ស្ពឺ​ និង​ អ្នកឃ្លាំមើល​បរិស្ថាន​ បង្ហាញ​ក្ដី​កង្វល់​ជា​ថ្មី​ទៀត​ ពី​ជោគ​វាសនា​ព្រៃ​អភិរក្ស​ ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ាញ​កណ្ដាល ដែល​នៅ​តែ​បន្តរងការ​​កាប់​រំលំ​ឈើ​ធ្វើ​អាជីវកម្ម​យ៉ាង​ច្រើន ជាពិសេស ការ​កាប់​ឈើ​ទាំង​តូច​ទាំង​ធំ ដើម្បី​ដុត​ធ្វើ​ធ្យូង​លក់។ ពួក​គេ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ជំនាញ បញ្ឈប់​អាជីវកម្ម​ឡ​ធ្យូង​ខុស​ច្បាប់​នៅ​តំបន់​នោះ។

អ្នក​ឃ្លាំ​មើល​បរិស្ថាន​ និង​​ពលរដ្ឋ​រស់​នៅ​ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៨ ខែ​តុលា​ថា សកម្មភាព​កាប់​ឈើ​ទាំង​តូច​ធំ អារ​ច្រៀក​ជា​បន្ទះ​ក្តារ និង​សកម្មភាព​កាប់​ឈើ​ដែល​មាន​មុខ​កាត់​ចាប់​ពី ១តឹក​ឡើង​ទៅ​ ដើម្បី​ដុត​ធ្វើ​ធ្យូង​លក់​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរភ្នំ​ក្រវា​ញក​ណ្ដាល​នៅ​តែ​បន្ត​កើតមាន​ជា​ហូរហែ។ ពួក​គេ​សង្កេត​ឃើញ​ថា អាជីវកម្ម​កាប់​ឈើ​ ដុត​ធ្វើ​ធ្យូង​លក់​កំពុង​កើត​មាន​រាប់​រយ​កន្លែង​ ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ។

ពលរដ្ឋ​រស់នៅ​ឃុំ​ត្រពាំង​ជោ​ ស្រុក​ឱរ៉ាល់​ ថ្លែង​សុំ​មិន​បង្ហាញ​ឈ្មោះ​ ប្រាប់​អាស៊ី​សេរី​ថា សកម្មភាព​កាប់​រំលំ​ឈើ​កើត​មាន​នៅ​តំបន់​ជួរ​ភ្នំ​ក្រវា​ញក​ណ្ដាល​ក្នុង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កោះកុង រួច​ដឹក​ឆ្លង​កាត់​ខេត្ត​កំពង់ស្ពឺ​នៅ​ចំណុច​ អូ​ត្រាវ​ ស្រែ​កិន​ សំរោង​ក្រ​វាក​ និង​ចំណុច​អន្លង់​អង្គុញ​ជា​ដើម។ លោក​ថា​ ក្រុម​អ្នក​ដឹក​ឈើ​តាម​គោយន្ត​ ត្រូវ​បង់លុយ​ឱ្យ​មន្ត្រី​បរិស្ថាន​ និង​សមត្ថកិច្ច​ចម្រុះ​តាម​ដង​ផ្លូវ​ ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់លើ​ពួក​គេ។ លោក​បារម្ភ​ថា​ អាជ្ញា​ធរប​ណ្ដោយ​ឱ្យ​មាន​អាជីវកម្ម​ឡ​ធ្យូង កើត​មាន​រាប់​រយ​កន្លែង​ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ​ គឺ​ជា​ដើម​ចម​ ធ្វើ​ឱ្យ​បាត់បង់​ ដើម​ឈើ​ទាំង​តូច​ធំៗ ជា​បន្ត​បន្ទាប់៖ «បើ​នៅ​តែ​អ៊ីចឹង​ទៀត នៅ​តែ​បាត់បង់​ហិនហោច​អស់ ព្រោះ​ដោយសារ​ឥឡូវ​ហ្នឹង សំបូរ​ដោយ​ដុត​ឡ​ធ្យូង​ហ្នឹង គឺ​វា​កាប់​តាំង​ពី​តូចៗ ទៅ ដើម្បី​ដុត។ បើ​និយាយ​ទៅ​ច្រើន​ណាស់​បង ក្នុង​ព្រៃ​មិន​អាច​ដឹក​អស់ វា​ច្រើន​ក្នុង​មួយ​កន្លែង​មាន ខ្លះ ២០ ទៅ ៣០ ខ្លះ ៥០ ទៅ ៦០ឡ​ធ្យួង ខ្លះ ១០០ អ៊ីចឹង​ទៅ។ កន្លែង​ខ្លះ​កាប់​ឈើ​លក់ អារ​ធ្វើ​ជា​ឃ្នៀប និង​ក្តារ »

បុរស​ដដែល​បន្ថែម​ថា​ ថ្វីត្បិត​មួយ​រយៈ​នេះ​ បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​ទ្រង់ទ្រាយ​ធំ​ ស្ងប់ស្ងាត់​បន្តិច​ក្ដី ក៏​សកម្មភាព​អារ​ឈើ​ក្នុង​ព្រៃ និង​ការ​ដឹក​ជញ្ជូន​ឈើ​ ចេញ​ពី​ព្រៃ​អភិរក្ស​ពេល​យប់ នៅ​តែ​កើត​មាន​ជា​ហូរហែ។ លោក​ថា ការ​បង្ក្រាប​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​តិច​តូច និង​ធ្វើ​ឡើង​ម្ដងម្កាល​ប៉ុណ្ណោះ៖ «វា​ដឹក​ឈើ​ចេញ​ពី​ចំណុច ស្រែ​កិន អូរត្រាវ ហើយ​និង​សំរោង​ក្រវាក អន្លុង​អង្គុញ អ៊ីចឹង​កំពង់ស្ពឺ​វា​ចូល​មក ៣ច្រក ចូល​មក​ពោធិ៍សាត់​មក។ កំពង់ស្ពឺ​ជា​តំបន់​មួយ​ឆ្លង​កាត់​ពី​ពោធិ៍សាត់​មក​ទេ »

ឆ្លើយតប​រឿង​នេះ អនុប្រធាន​មន្ទីរ​បរិស្ថាន​ ខេត្ត​កំពង់ស្ពឺ​ លោក​ នៅ​ ណា​ក់​ បដិសេធ​ថា​ រយៈ​ពេល​ ៦ខែ​ចុង​ក្រោយ​នេះ​ ពុំ​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ និង​កាប់​ឈើ​ក្នុង​តំបន់​ជួរភ្នំ​ក្រវ៉ា​ញក​ណ្ដាល​ទៀត​ទេ។ ក៏​ប៉ុន្តែ លោក​ទទួល​ស្គាល់​ថា​ មាន​ពលរដ្ឋ​ដឹក​ឧស បង្គោល​របង​ និង​ឈើ​គ្រាក់​បន្តិច​បន្តូច​ប៉ុណ្ណោះ​នា​ពេល​បច្ចុប្បន្ន​នេះ។ លោក​អះអាង​ថា​ កន្លងទៅ​ក៏​មាន​ពលរដ្ឋ​ ធ្វើ​អាជីវកម្ម​ឡ​ធ្យូង​ក្នុង​ព្រៃ​អភិរក្ស​នេះ​ដែរ ក៏​ប៉ុន្តែ​មន្ត្រី​ជំនាញ​បាន​ចុះ​បិទ​ និង​ទប់​ស្កាត់​អស់​ទាំង​ស្រុង​ហើយ​នៅ​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ៖ «អត់​មាន​អី​ច្រើន​ទេ មាន​តែ​ឧស​អី​តិចតួច និង​បង្គោល​របង​ប៉ុណ្ណឹង​ទេ។ ផ្សេងៗ ទៀត​ពុំ​មាន​ទេ។ ខ្ញុំ​បាន​ទប់​ស្កាត់​រយៈ​ពេល ៦ខែ​កន្លង​មក​នេះ ខ្ញុំ​បាន​ទប់​ស្កាត់​ទាំង​ស្រុង​មិន​មាន​ច្រើន​ទេ។ ដោយសារ​ការ​ធ្វេស​ប្រហែល​របស់​មន្ត្រី​របស់​យើង តែ​មិន​មាន​ច្រើន​ទេ »

ចំណែក​អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ លោក​ អេង​ ហ៊ី​ វិញ ចាត់​ទុក​ការ​លើក​ឡើង​ របស់​ពលរដ្ឋ​ និង​សកម្មជន​បរិស្ថាន​ ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពួក​គេ។ លោក​ថា​ អាជ្ញាធរ​តែងតែ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ជា​រឿយៗ ក៏​ប៉ុន្តែ​លោក​មិន​បញ្ជាក់​លម្អិត​ថា​ គណៈកម្មការ​ជាតិ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ បាន​ប៉ុន្មាន​ករណី​នោះ​ទេ​ នៅ​រយៈ​ពេល​ប៉ុន្មាន ៦ខែ​ចុង​ក្រោយ​នេះ៖ «អ្នក​និយាយ​គាត់​ចេះ​តែ​និយាយ​ទៅ ធម្មតា​សិទ្ធិ​របស់​គាត់ ក៏​ប៉ុន្តែ​យើង​ឱ្យ​មាន​បទ​ល្មើស យើង​បង្ក្រាប​ហើយ។ យើង​ឃើញ​កន្លង​ទៅ បង្ក្រាប​មួយ​ចំនួន​ហើយ តែ​មួយ​ចំនួន​ទៀត​មិន​ទាន់​ដឹង​ថា ខាង​អាជ្ញាធរ​គាត់​ធ្វើ​របៀប​ម៉េច

តំបន់​ឧទ្យាន​ជាតិ​ជួរភ្នំ​ក្រវាញ​កណ្ដាល​ ដែល​ឋិតនៅ​ចន្លោះ​ខេត្ត​កោះកុង​ ខេត្ត​កំពង់ស្ពឺ​ និង​ខេត្ត​ពោធិ៍សាត់​ ជា​តំបន់​ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ​ មាន​ផ្ទៃ​ដី​រាប់​សែន​ហិកតារ។ ព្រៃ​អភិរក្ស​មួយ​នេះ​ ទទួលរង​ការ​កាប់​ឈើ​មានតម្លៃ​ និង​កាប់​រុករាន​ទន្ទ្រានព្រៃ​យក​ដី​ធ្វើចម្ការ​ ជាច្រើន​ឆ្នាំ​មក​ហើយ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ទប់​ស្កាត់​បទ​ល្មើស​ធនធាន​ធម្មជាតិ​ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​លោក​ ជា​ ហ៊ាន​ អះអាង​ថា​ សកម្មភាព​ដឹកឈើ​ និង​កាប់​ឈើ​ ក្នុង​ព្រៃ​អភិរក្ស​នៅ​តំបន់​ឧទ្យាន​ជាតិ​ជួរភ្នំ​ក្រវាញ​កណ្ដាល​នៅតែ​កើត​មាន​យ៉ាង​ខ្លាំងក្លា។ លោក​បញ្ជាក់​ថា​ ចំណុច​ដែល​ក្រុម​ជន​ល្មើស​កំពុង​លួច​កាប់​រំលំ​ឈើ​ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ​ គឺ​ឋិត​ក្នុង​ស្រុកស្រែ​អំបិល​ ស្រុក​ថ្មបាំង​ ខេត្ត​កោះកុង​ ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់​ និង​ស្រុក​ភ្នំក្រវ៉ាញ​ ខេត្ត​កំពង់ស្ពឺ។ លោក​បញ្ជាក់​ថា ក្រុម​កម្មករ​កំពុង​អារ​រំលំ​ឈើ​ធំៗ និង​កំពុង​រក​មធ្យោបាយ​ត្រៀម​ដឹក​ចេញ​ក្រៅ​ នៅ​អំឡុង​ខែ​ធ្នូ​ខាង​មុខ​នេះ៖ «អត់​មាន​ឆន្ទៈ​ក្នុង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ ពិត​ប្រាកដ គឺ​ថា ព្រៃ​ឈើ​នឹង​រលាយ។ ឈ្មួញ​កំពុង​ប្រព្រឹត្ត​បទ​ល្មើស​ក្នុង​ព្រៃ​អភិរក្ស។ បើ​សិន​ជា​អ្នក​អនុវត្ត​ច្បាប់​អនុវត្ត​ទៅ​លើ​ជន​ប្រព្រឹត្ត និង​ជន​សម​គំនិត​មាន​ទោស​ស្មើ​គ្នា បទ​ល្មើស​នឹង​កាត់​បន្ថយ តែ​ដូច​បច្ចុប្បន្ន​អត់​ជិត​ទេ ដោយសារ​ថ្នាក់​ក្រោម​យក​លុយ​ឱ្យ​ថ្នាក់​លើ ថ្នាក់​ចេះ​តែ​ការពារ »

អ្នក​ឃ្លាំ​មើល​បរិស្ថាន​អះអាង​ថា​ គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ចន្លោះ​ប្រហោង​ច្រើន ជា​ហេតុ​ធ្វើ​ឱ្យ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ និង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុក​ ​ទទួលរង​ការ​កាប់​ឈើ​មានតម្លៃ​លក់​ជា​ហូរហែ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។