ពលរដ្ឋ​ខេត្ត​រតនគិរី​ជិត​ព្រំដែន​វៀតណាម​អះអាង​ថា​ឈើ​មូល​ត្រូវ​គេ​លួច​កាប់​សាជា​ថ្មី

ដោយ រដ្ឋា វិសាល
2014-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឈើ​មូល​ដែល​ត្រូវ​គេ​កាប់​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​២៨ ចំណុច​ភូមិ​ភិ ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
ឈើ​មូល​ដែល​ត្រូវ​គេ​កាប់​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​២៨ ចំណុច​ភូមិ​ភិ ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
Photo Adhoc

អ្នក​ភូមិ​អះអាង​ថា ឈើ​មូល​រាប់​រយ​ដើម ត្រូវ​គេ​កាប់​នៅ​តំបន់​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ក្នុង​ខេត្ត​រតនគិរី។ សកម្មភាព​កាប់​ឈើ​នេះ ធ្វើ​ឡើង​ដោយ​ពលរដ្ឋ​វៀតណាម និង​សង្ស័យ​ថា​មាន​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​នៅ​តំបន់​នោះ​ពាក់ព័ន្ធ​ឃុបឃិត។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ស៊ើប​អង្កេត​ករណី​កាប់​បំផ្លាញ​ព្រៃ​ឈើ​ថ្មី​មួយ​កន្លែង​ទៀត នៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​វៀតណាម។

សេចក្តី​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​អង្គការ​នេះ​ចុះ​ស៊ើប​អង្កេត​តាម​សេចក្តី​រាយការណ៍​របស់​អ្នក​ភូមិ ដែល​បាន​ប្រទះ​ឃើញ​ឈើ​មូល​រាប់​រយ​ដើម នៅ​ចំណុច​បង្គោល​ព្រំដែន​ខ្មែរ​លេខ​២៨ ក្នុង​ភូមិ​ភិ ឃុំ​សេសាន ខេត្ត​រតនគិរី ត្រូវ​គេ​កាប់ ហើយ​ដឹក​ជញ្ជូន​តាម​រថយន្ត​ចូល​ទៅ​ប្រទេស​វៀតណាម តាំង​ពី​រដូវ​ប្រាំង​រហូត​បច្ចុប្បន្ន។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​ការងារ​បាន​រក​ឃើញ​គំនរ​ឈើ ទីតាំង​កាប់​ឈើ និង​ផ្លូវ​ដឹក​ជញ្ជូន​ឈើ​ចូល​ទៅ​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ។ លោក​កត់​សម្គាល់​ថា នេះ​គឺ​ជា​សកម្មភាព​កាប់​ឈើ​អនាធិបតេយ្យ​ទ្រង់ទ្រាយ​ធំ​មួយ​ថ្មី​ទៀត ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​នៅ​តំបន់​នោះ៖ «យើង​ទៅ​ល្បាត​ទៅ​ម្តង​អត់​ជួប ទៅ​ពីរ​ដង​អត់​ជួប ទៅ​បី​ដង​ឃើញ​ឡាន​យួន​ហ្នឹង​ណា​វា​យក​ទៅ​ខ្លះ នៅ​សល់​ខ្លះ វា​មិន​ទាន់​មក​យក»

សេចក្តី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​ឃុំ​ប៉ក់ញ៉ៃ ឲ្យ​ដឹង​ដែរ​ថា ពលរដ្ឋ​វៀតណាម នៅ​តែ​បន្ត​ចូល​មក​ដី​ខ្មែរ​កាប់​ឈើ​ដឹក​ជញ្ជូន​ទៅ​ទឹក​ដី​វៀតណាម តាម​ច្រក​របៀង​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខ្មែរ នៅ​ស្រុក​អូរយ៉ាដាវ ច្រើន​កន្លែង។ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ សហគមន៍​ភូមិ​ឡំ ចាប់​បាន​រថយន្ត​ដឹក​ឈើ​មួយ​គ្រឿង​របស់​វៀតណាម ចូល​មក​ដឹក​ឈើ​ក្នុង​ដី​ខ្មែរ​នៅ​ចំណុច​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភូមិ​ឡំ។

ឆ្លើយ​តប​ការ​អំពាវនាវ​នេះ អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក លី វិន មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ចាត់​ក្រុម​ការងារ​ចុះ​អង្កេត​ករណី​នេះ​ហើយ។ លោក​អះអាង​ថា ការ​ស៊ើប​អង្កេត​កំពុង​បន្ត​ធ្វើ មិន​ទាន់​ដឹង​ពី​លទ្ធផល​នៅ​ឡើយ។

ថ្លែង​ស្រដៀង​គ្នា​នេះ​ដែរ ព្រះរាជអាជ្ញា​រង​អម​តុលាការ​ខេត្ត​រតនគិរី លោក ម៉ម វណ្ណដា បញ្ជាក់​ថា នេះ​ជា​បទល្មើស​ប្រមូល​ផល​អនុផល​ព្រៃ​ឈើ​ខុស​ច្បាប់ ក៏ប៉ុន្តែ​លោក​ថ្លែង​បដិសេធ​មិន​អធិប្បាយ​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ជន​ពាក់ព័ន្ធ​នោះ​ទេ៖ «អា​ហ្នឹង​វា​នៅ​ស៊ើប​អង្កេត​នៅ​ឡើយ អត់​អាច​ប្រាប់​បាន ប៉ុន្តែ​វា​ជា​ករណី​ប្រមូល​ផល​ព្រៃ​ឈើ​ខុស​ច្បាប់»

ទាក់ទិន​ករណី​រក​ឃើញ​បទល្មើស​ព្រៃ​ឈើ​នេះ​ដែរ ប្រជា​សហគមន៍​ភូមិ​ភិ លោក រចំ ខាំ មាន​ប្រសាសន៍​បញ្ជាក់​ថា ឈើ​ដែល​គេ​កាប់​នៅ​តំបន់​នោះ​ជា​ប្រភេទ​ឈើ​មូល​លេខ​១ ត្រូវ​គេ​អារ​ជា​ឈើ​ជ្រុង​កាត់​ជា​កង់។ ការ​កាប់​យក​ឈើ​ក្នុង​ដី​ខ្មែរ​នេះ​ជា​ក្រុម​ពលរដ្ឋ​វៀតណាម ក្នុង​នោះ​ក៏​មាន​ការ​បើក​ដៃ​ពី​សមត្ថកិច្ច​ការពារ​ព្រំដែន​នៅ​តំបន់​នោះ​ដែរ៖ «តំបន់​នោះ​មាន​កាប់​ឈើ​សន្ធឹកសន្ធាប់ តំបន់​បង្គោល​ឡាក់​ឈើ​ផ្លូវ ប៉ុន្តែ​គំនរ​ឈើ​ធំ​យើង​អត់​ឃើញ​វា​ដឹក​ចេញ​ភ្លាម»

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​ខេត្ត​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​មួយ​រូប​ឲ្យ​ដឹង​ថា សកម្មភាព​កាប់​ឈើ​នោះ​ឋិត​នៅ​ជាប់​នឹង​តំបន់​ស នៃ​ព្រំដែន​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម និង​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​វរ​៦២៣ រួម​ទាំង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​ទៅ​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

បងប្អូនខ្មែរជាទីស្រឡាញ់ រឿងនេះវាមិនមែនជាលើកទីមួយទេ វាប្រ ប្រហែលជាលើកមួយពាន់ជាងទៅហើយមើលទៅ ដែលវៀតណាម គាត់អញ្ជើញមកកាប់ឈើខ្មែរមែនទេ វាជារឿងធម្មតាសម្រាប់ប្រទេស​​ដ៏ស្លូតបូតមួយនេះមែនទេ។ ហើយខ្ញុំគ្រាន់តែចង់អោយបងប្អូនរៀន​និយាយឲ្យត្រូវតួរអក្សរ ដោយប្តូរពីពាកើយថាចូលមកលួច ទៅជាពួក​គាត់បានមកកាប់យកទៅលក់ ជាតម្លៃដែលគាត់មានគុណលើខ្មែរ និង​ប្តូរពីអាជ្ញាធរបើកដៃ ទៅជាមិនហ៊ានដើកដៃឃាត់ មិនហ៊ានហើប​មាត់ទៅវិញទើបត្រូវ មែនទេបងប្អូន?

Dec 17, 2014 09:59 AM

អ្នក​អាន​អនាមិក

ុ, ជនជាតិ វៀតណាម លួចកាប់ឈើ . បើនៅប្រទេសថៃ នឹងត្រូវ ទាហានតម្រួតថៃ បាញ់ស្លាប់ជាមិនខាន !
,. នៅប្រទេសកម្ពុជា ប៉ូលីសទាហាន ក្បត់ជាតិខ្លួនអែង ឃុបឃិត ជាមួយជនបរទេស វៀតណាម បំផ្លាញជាតិខ្លួនអែង ., បើនៅប្រទេសថៃ ប៉ូលីសទាហានក្បត់ នឹងត្រូវកាត់ទោសដាក់គុក 1 ជីវិត !

Dec 17, 2014 09:24 AM

គេហទំព័រ​ទាំងមូល