ព្រៃសហគមន៍របស់ជនជាតិដើមភាគតិចក្នុងស្រុកស្នួល ខេត្តក្រចេះ កំពុងរងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់ឈ្មួញមានលុយ មន្ត្រីមានអំណាច និងក្រុមប្រជាពលរដ្ឋដែលទន្ទ្រានយកដី។ អាជ្ញាធរស្រុកអះអាងថា នឹងដឹកនាំក្រុមការងារចម្រុះបើកប្រតិបត្តិការបង្ក្រាប។ ប៉ុន្តែពលរដ្ឋមិនសូវមានជំនឿថា វិធានការនេះអាចទប់ស្កាត់បាននោះទេ។ តើហេតុអ្វីពលរដ្ឋបាត់បង់ជំនឿលើវិធានការរបស់អាជ្ញាធរស្រុក?
ព្រៃការពាររបស់សហគមន៍ជនជាតិដើមភាគតិចក្នុងស្រុកស្នួល ចំនួន ៤ រួមមាន សហគមន៍ឃ្សឹម ២ធ្នូ ស្វាយជ្រះ និងសហគមន៍អញ្ចាញ រងការកាប់បំផ្លាញអស់ជាង ៧០ភាគរយនៃព្រៃសរុបដែលមានទំហំរាប់ពាន់ហិកតារ។ ប្រជាសហគមន៍ជនជាតិភាគតិចសម្ដែងការព្រួយបារម្ភថា នឹងគ្មានអ្វីទីពឹងនៅពេលខាងមុខដ៏ខ្លី ប្រសិនការបង្ក្រាបរបស់អាជ្ញាធរពុំមានប្រសិទ្ធភាព។
តំណាងសហគមន៍ការពារព្រៃជនជាតិដើមភាគតិច ជាជនជាតិដើមភាគតិចស្ទៀង លោក សន ស៊ីយ៉ាន ឲ្យដឹងក្នុងពេលចុះពិនិត្យមើលព្រៃសហគមន៍ក្នុងថ្ងៃទី៨ ខែកុម្ភៈ ថា ព្រៃសហគមន៍ដែលស្ទើរតែត្រូវកាប់បំផ្លាញទាំងស្រុងនោះ ដោយសារការទន្ទ្រានយកដីរបស់ពលរដ្ឋឈ្មួញរកស៊ីព្រៃឈើ និងមន្ត្រីមានអំណាច។ លោកបន្តថា ការកាប់បំផ្លាញព្រៃឈើនេះ គឺមានការឃុបឃិតពីមន្ត្រីផ្នែកព្រៃឈើរបស់រដ្ឋ៖ «ដើមឈើធំៗគេកាប់អស់ហើយ។ ស្នើឲ្យមានការលើកទឹកចិត្តជួយដល់សហគមន៍ផង»។
ទាក់ទងករណីការកាប់បំផ្លាញព្រៃឈើនេះដែរ របាយការណ៍របស់អង្គការ គ្លបល វីនេស (Global Witness=GW) បង្ហាញថា ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព បានរំលោភច្បាប់ជាតិ និងអន្តរជាតិ និងសហការជាមួយមន្ត្រីយោធាជាន់ខ្ពស់ដើម្បីកាប់បំផ្លាញព្រៃឈើធ្វើជាជំនួញយកទៅលក់នៅក្រៅប្រទេស។
បណ្ដាញកសាងសន្តិភាពការពារធនធានធម្មជាតិប្រចាំខេត្តក្រចេះ អ្នកស្រី មុំ សាគីម ប្រាប់ថា ការកាប់ព្រៃឈើនៅក្នុងខេត្តក្រចេះ កាន់តែមានសភាពធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកស្រីថា បើទោះជាមានការប្រឹងប្រែងការពាររបស់ប្រជាសហគមន៍ ប៉ុន្តែអាជ្ញាធរមិនបានផ្ដល់តម្លៃដល់ពួកគេទេ។
អ្នកការពារធនធានធម្មជាតិរូបនេះ មើលឃើញថា ទោះមន្ត្រីមូលដ្ឋានទប់ស្កាត់ការកាប់ព្រៃឈើក៏គ្មានប្រសិទ្ធភាពដែរ ព្រោះមន្ត្រីមានអំណាចដែលរកស៊ីរបរនេះ គេមិនខ្លាចការបង្ក្រាបរបស់មន្ត្រីមូលដ្ឋានឡើយ៖ «គ្មានការសហការ គ្មានការយកចិត្តទុកដាក់ព្រៃឈើកាន់តែបាត់បង់ពីមួយថ្ងៃទៅមួយថ្ងៃ»។
ជារឿយៗប្រជាពលរដ្ឋ ប្រជាសហគមន៍ការពារព្រៃឈើ និងអាជ្ញាធរភូមិឃុំ បាននាំគ្នាចុះល្បាតឃ្លាំមើលតំបន់ព្រៃការពារ និងបានរឹបអូសវត្ថុតាងរបស់ជនល្មើស។ ប៉ុន្តែពួកគេថា ទីបំផុតអាជ្ញាធរថ្នាក់លើមិនបានលើកទឹកចិត្តសកម្មភាពរបស់ពួកគេឡើយ។
ទន្ទឹមនឹងនេះដែរ អភិបាលស្រុកស្នួល ខេត្តក្រចេះ លោក គង់ គឹមនី ទទួលស្គាល់ថា ព្រៃសហគមន៍របស់ជនជាតិដើមភាគតិចកំពុងរងការកាប់បំផ្លាញ។ លោកអភិបាលស្រុកបានឲ្យដឹងទៀតថា ស្រុកនឹងសហការជាមួយក្រុមការងារចម្រុះបើកការបង្ក្រាបបទល្មើសនេះ៖ «បន្ទាប់ពីប្រជុំគណៈកម្មការឯកភាពរួចហើយ យើងនឹងចុះទៅបង្ក្រាប»។
បន្ថែមពីចំណាត់ការនេះ ប្រជាសហគមន៍ជនជាតិដើមភាគតិច និងអ្នកការពារធនធានធម្មជាតិ ស្នើអាជ្ញាធរគ្រប់លំដាប់ថ្នាក់មានវិធានការម៉ឺងម៉ាត់ និងទៀងទាត់លើលើបទល្មើសព្រៃឈើ ព្រមទាំងទាមទារឲ្យមានកិច្ចសហការល្អជាមួយពលរដ្ឋក្នុងមូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។