មន្ត្រី​បរិស្ថាន​ថា​បទល្មើស​កាប់​និង​ដឹក​ជញ្ជូន​ឈើ​នៅ​តំបន់​ព្រៃឡង់​ពេល​ថ្ងៃ​ស្ទើរ​លែង​មាន

ដោយ​ សូត សុខប្រាថ្នា
2017-02-23
Share
កាប់​ឈើ ព្រៃឡង់ កំពង់ធំ ៨៥៥ ២០១៧ កំណាត់​ឈើ​ដែល​គេ​កាប់​រំលំ​នៅ​តំបន់​ព្រៃឡង់ ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ហើយ​ត្រូវ​បាន​សហគមន៍​ចុះ​ល្បាត​ប្រទះ​ឃើញ​ក្នុង​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo provided
Photo provided

មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ធំ លើក​ឡើង​ថា បទល្មើស​កាប់​បំផ្លាញ​ឈើ​នៅ​ពេល​ថ្ងៃ​ក្នុង​តំបន់​ព្រៃឡង់ គឺ​ស្ទើរ​តែ​លែង​កើត​មាន ប៉ុន្តែ​ក្រុម​ជនល្មើស​ប្ដូរ​ធ្វើ​សកម្មភាព​នៅ​ពេល​យប់​ជំនួស​វិញ។ សកម្មភាព​បទល្មើស​កើត​មាន​នៅ​ពេល​យប់ គឺ​បង្ក​ការ​លំបាក​ដល់​មន្ត្រី​ជំនាញ​ក្នុង​ការ​បង្ក្រាប ប៉ុន្តែ​មន្ត្រី​បរិស្ថាន​នឹង​ចាត់​វិធានការ​លើ​ក្រុម​ជនល្មើស​បន្ថែម​ទៀត។ ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ ខេត្ត​កំពង់ធំ មើល​ឃើញ​ថា បទល្មើស​ពិត​ជា​ថយ​ចុះ​ច្រើន​គួរ​ឱ្យ​កត់សម្គាល់។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ រក​ឃើញ​ថា ពលរដ្ឋ​ដែល​នាំ​គ្នា​ចូល​ទៅ​កាប់​នឹង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ជម្រក​សត្វ គឺ​មាន​មេខ្លោង​ជា​អ្នក​ជួល​ពួកគាត់​ឱ្យ​ចូល​ទៅ​កាប់​ឈើ​ទាំង​នោះ។ ពលរដ្ឋ​ដែល​មន្ត្រី​ជំនាញ​ចាប់​បាន​ឆ្លើយ​ថា ថៅកែ​របស់​ខ្លួន​ដែល​រស់​នៅ​ស្រុក​សណ្ដាន់ មិន​តម្រូវ​ឱ្យ​ធ្វើ​សកម្មភាព​នៅ​ពេល​ថ្ងៃ​ទៀត​ទេ ដោយសារ​មាន​ការ​ចុះ​ល្បាត​ជា​ប្រចាំ​ពី​សំណាក់​មន្ត្រី​ជំនាញ ហើយ​ប្ដូរ​ទៅ​ធ្វើ​សកម្មភាព​នៅ​ពេល​យប់​វិញ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ លោក តុប កក្កដា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ថា នៅ​ក្នុង​ភូមិសាស្ត្រ​ព្រៃឡង់ នៅ​ខេត្ត​កំពង់ធំ បទល្មើស​កាប់ និង​ដឹក​ជញ្ជូន​ឈើ គឺ​ថយ​ចុះ​ច្រើន។ ការ​ថយ​ចុះ​នេះ ក្រោយ​ពេល​តំបន់​ព្រៃឡង់ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​ចូល​ជា​តំបន់​ព្រៃ​ជម្រក​សត្វ ពិសេស​ចាប់​តាំង​ពី​មន្ត្រី​បរិស្ថាន​បាន​រៀបចំ​កម្លាំង​ពិសេស សម្រាប់​ចុះ​ល្បាត​នៅ​កណ្ដាល​ព្រៃ​ទាំង​យប់​ទាំង​ថ្ងៃ​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦។

លោក​មាន​ជំនឿ​ថា បទល្មើស​គឺ​កាន់​តែ​ថយ​ចុះ​ថែម​ទៀត ប្រសិនបើ​តុលាការ​ស៊ើប​អង្កេត​រក​មេខ្លោង ឬ​ថៅកែ​របស់​ពលរដ្ឋ ដែល​ចូល​ទៅ​កាប់​ឈើ​នៅ​តំបន់​ព្រៃឡង់​ឃើញ ហើយ​ផ្ដន្ទាទោស​តាមច្បាប់​ដោយ​គ្មាន​ការ​យោគយល់។ ជាមួយ​គ្នា​នេះ លោក​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​របរ​ស៊ី​ឈ្នួល​កាប់​ឈើ​ឱ្យ​ឈ្មួញ​បន្ត​ទៀត៖ «អាជ្ញាធរ​ស្ថាប័ន​ច្បាប់​ហ្នឹង​ឯង អនុវត្ត​ឱ្យ​មាន​វិធានការ​តឹងរ៉ឹង​ទៅ​លើ​ថៅកែ​ដែល​កម្មករ​បាន​ឆ្លើយ​ហើយ»

មន្ត្រី​បរិស្ថាន​ដដែល​បញ្ជាក់​ថា ចាប់​តាំង​ដើម​ខែ​មករា ឆ្នាំ​២០១៧ មក មន្ត្រី​ជំនាញ​បង្ក្រាប​បទល្មើស​បាន​ជា​ច្រើន​ករណី ដូចជា ដក​ហូត​ម៉ាស៊ីន​អារ​ឈើ​ចំនួន ៦៦​គ្រឿង ចាប់​ជនសង្ស័យ​បញ្ជូន​ទៅ​តុលាការ​ចំនួន ៣​នាក់ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​សកម្មភាព​ចូល​ទៅ​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ការពារ ចំនួន ២៧​នាក់។ លើស​ពី​នេះ ដក​ហូត​ឈើ​ជាង ២០​ម៉ែត្រ​គូប ដក​ហូត​អន្ទាក់​ដាក់​សត្វ​ជាង ៥០​ខ្សែ ព្រម​ទាំង​អាវុធ​កែច្នៃ​មួយ​ចំនួន​ផង។

សកម្មជន​ការពារ​ព្រៃឡង់ ស្រុក​សណ្ដាន់ លោក ហឿន សុភាព មាន​ប្រសាសន៍​ថា បទល្មើស​នៅ​តំបន់​ព្រៃ​ជម្រក​សត្វ​គឺ​ពិត​ជា​ថយ​ចុះ​មែន ប៉ុន្តែ​ពេល​យប់​ឮ​សំឡេង​រណា​យន្ត​មួយ​ចំនួន​នៅ​ក្នុង​ព្រៃ ខណៈ​ប្រជា​សហគមន៍​ចុះ​ល្បាត​កាល​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២០ កុម្ភៈ ថ្មីៗ​នេះ។ លោក​បន្ត​ថា ពេល​ចុះ​ល្បាត​ប្រជា​សហគមន៍​ប្រទះ​ឃើញ​កំណាត់​ឈើ​ជាង ១០​កំណាត់ និង​ឃើញ​ដីចម្ការ​ដែល​ទើប​កាប់​រាន​ថ្មី​ចំនួន​ពីរ​កន្លែង ដែល​មាន​ទំហំ​ប្រហែល ៥​ហិកតារ។ លោក​ថា មូលហេតុ​នាំ​ឲ្យ​បទល្មើស​ថយ​ចុះ គឺ​ដោយសារ​ការ​អនុវត្ត​ច្បាប់ និង​ការ​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ព្រមទាំង​សកម្មភាព​ចុះ​ល្បាត​របស់​ប្រជា​សហគមន៍​ជាដើម។ ប្រភព​ដដែល​យល់​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ​ស៊ី​ឈ្នួល​មួយ​ចំនួន គឺ​ដើម្បី​​ឈាន​ទៅ​ចាប់​ថៅកែ ឬ​មេខ្លោង​ដែល​នៅ​ពី​ក្រោយ​ខ្នង​កម្មករ​ស៊ី​ឈ្នួល​កាប់​ឈើ​ទាំង​នោះ៖ «យើង​ចង់​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើភាព​គ្នា។ បាន​ន័យ​ថា ទាំង​អ្នក​ក្រ ទាំង​អ្នក​មាន ទាំង​មន្ត្រី​ធំៗ ហ្នឹង​គឺ​សូម​ឱ្យ​ធ្វើ​ដូច​គ្នា»

ព្រៃឡង់​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ដាក់​ជា​តំបន់​ព្រៃ​ជម្រក​សត្វ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ ដោយ​មាន​ទំហំ​ផ្ទៃដី​សរុប​ជាង ៤៣​ម៉ឺន​ហិកតារ គ្រប​ដណ្ដប់​លើ​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង បញ្ជាក់​ថា ស្ថានភាព​បទល្មើស​នៅ​ទឹក​ដី​ខេត្ត​កំពង់ធំ គឺ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ប៉ុន្តែ​តំបន់​ផ្សេង​ទៀត បទល្មើស​គឺ​នៅ​តែ​កើត​មាន​ដដែល ដោយ​គ្រាន់​តែ​ជា​ការ​ប្ដូរ​រូបភាព​ពី​ការ​ដឹក​ជញ្ជូន​តាម​រថយន្ត​ធំៗ មក​តាម​រយៈ​គោយន្ត​ច្នៃ ឬ​ដឹក​ដោយ​ម៉ូតូ​ជំនួស​វិញ។

លោក​យល់​ថា ដើម្បី​ឱ្យ​ស្ថានភាព​បទល្មើស​កាន់តែ​ថយ​ចុះ​ជាង​នេះ​ទៀត ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​តុលាការ​ត្រូវ​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ប្រជាពលរដ្ឋ និង​ផ្ដន្ទាទោស​តាម​ច្បាប់ ពីព្រោះ​បទល្មើស​កន្លង​មក គឺ​ជាប់​ពាក់ព័ន្ធ​មន្ត្រី​អាជ្ញាធរ​មួយ​ចំនួន​រហូត​ដល់​មន្ត្រី​ឧកញ៉ា​ខ្លះ និង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ធំៗ​មួយ​ចំនួន​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល