សហគមន៍៖ សកម្មភាព​កាប់​ឈើ​នៅ​ព្រៃឡង់​គ្មាន​ការ​ថយ​ចុះ

0:00 / 0:00

ប្រជា​សហគមន៍​ព្រៃឡង់​នៅ​ខេត្ត​កំពង់ធំ អះអាង​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់ មិន​មាន​ការ​ថយ​ចុះ​ឡើយ គឺ​រឹតតែ​កើន​ឡើង បើ​ទោះ​បី​ជា​ឋិត​នៅ​ក្នុង​រដូវ​ភ្លៀង​ក៏ដោយ។

ការ​កាប់​បំផ្លាញ​កាន់​តែ​កើន​ឡើង​ទាំង​នោះ​ គឺ​ដោយសារ​កង្វះ​ការ​បង្ក្រាប​ដែល​មាន​ប្រសិទ្ធភាព​ពី​សំណាក់​អាជ្ញាធរ។ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​បញ្ជាក់​ថា មិន​មាន​ករណី​កាប់​ឈើ​ទៀត​នោះ​ទេ ពីព្រោះ​ភ្លៀង​ធ្លាក់​ច្រើន​ ឈ្មួញ​មិន​អាច​ចូល​កាប់​បាន​ទៀត​ឡើយ។

បណ្ដាញ​ស្នូល​ព្រៃឡង់ នៅ​ខេត្ត​កំពង់ធំ នៅ​តែ​លើក​ឡើង​ថា បទល្មើស​ព្រៃឈើ​នៅ​ស្រុក​សណ្ដាន់ គ្មាន​ការ​ថយ​ចុះ​ឡើយ ជនល្មើស​នៅ​តែ​នាំ​គ្នា​ទៅ​សម្រាក​តាម​ភូមិ​អ្នក​ស្រុក​ដើម្បី​ចូល​កាប់​ឈើ​នៅ​ក្នុង​ព្រៃឡង់​មួយ​យប់ៗ ឮ​តែ​សំឡេង​ម៉ាស៊ីន​រោទ៍​ស្ទើរ​ពេញ​ព្រៃ។ មួយ​យប់ៗ​រទេះ​ជា​ច្រើន​ដឹក​ឈើ​ចេញ ហើយ​ពេល​បណ្ដាញ​ព្រៃឡង់​ចុះ​ល្បាត គឺ​ជន​ល្មើស​ទាំង​នោះ​តែង​ដឹង​ខ្លួន​ជានិច្ច។

អ្នក​សម្របសម្រួល​សហគមន៍​ព្រៃឡង់​បួន​ខេត្ត គឺ​ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង លោក ស៊ិន ស៊ាន​ មាន​ប្រសាសន៍​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​ នៅ​តែ​កក្រើក​ដដែល។ លោក​បន្ត​ថា ភាគ​ច្រើន​​ឈ្មួញ​ទាំង​នោះ​មក​ពី​តំបន់​ផ្សេងៗ មក​ស៊ី​ឈ្នួល​កាប់ និង​ដឹក​ឈើ​ឱ្យ​ឈ្មួញ​ធំៗ នៅ​ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់។ ជាង​នេះ​ទៅ​ទៀត​នោះ កម្រ​ឃើញ​អាជ្ញាធរ ឬ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ចេញ​បង្ក្រាប​ឈ្មួញ​ឈើ​ទាំង​នោះ​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើយ ដែល​ធ្វើ​ឱ្យ​បណ្ដាញ​សហគមន៍​សង្ស័យ​ថា គឺ​មាន​​មន្ត្រី​មួយ​ចំនួន​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ឈើ​​ទាំង​នោះ។

លោក ស៊ិន ស៊ាន៖ «តាម​ការ​ពិត​ទៅ​តាម​តួនាទី​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ បើ​បណ្ដោយ​ឱ្យ​ម៉ាស៊ីន​អារ​តាម​ចិត្ត បណ្ដោយ​ឱ្យ​រទេះ​ដឹង​មួយ​យប់ៗ គ្មាន​ឈប់​ឈរ​អ៊ីចឹង។ ខ្ញុំ​មិន​ដឹង​គិត​ថា​ខាង​រដ្ឋបាល​ព្រៃឈើ ឬ​គិត​ថា​ខាង​រដ្ឋាភិបាល​គាត់​គិត​យ៉ាង​ម៉េច?សហគមន៍​កំពុង​តែ​រក​វិធី​សាស្ត្រ»

ប្រភព​ដដែល​បញ្ជាក់​ថា ឈើ​ជា​ច្រើន​គឺ​កាប់​ក្នុង​តំបន់​ព្រៃឡង់ គឺ​នៅ​ចំណុច​អូរច្រោក អូរសម្បតិ្ត និង​តំបន់​សន្លង់តៃ ហើយ​ជនល្មើស​ដឹក​ជញ្ជូន​ចេញ​មក​ស្តុក​នៅ​ក្នុង​ឃុំ​មានរិទ្ធ ចំណុច ៩៩ នៅ​ភូមិ​អូរពក ភូមិ​សំអោង ដែល​ជា​កន្លែង​លាក់​ទុក​ឈើ​នៅ​តាម​ផ្ទះ រង់ចាំ​រថយន្ត​ទៅ​ដឹក​យក​មក​ទុក​នៅ​ដេប៉ូល​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ចាម និង​ទៅ​វៀតណាម ជាដើម។ ក្រៅ​ពី​នេះ ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​កាប់​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) លើ​ដី​សម្បទាន​ដែល​រដ្ឋ​ផ្ដល់​ឱ្យ​នោះ ឥឡូវ​មិន​ត្រឹម​តែ​សំអាត​ឈើ​លើ​ដី​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​កាប់​ឈើ​ចេញ​ពី​ដែន​ដី​របស់​ខ្លួន​រហូត​ស្ទើរ​តែ​ដល់​ព្រំ​ប្រទល់​​ខេត្ត​ស្ទឹងត្រែង ទៅ​ហើយ។

ការ​បាត់​បង់​ព្រៃឡង់​បន្តិច​ម្តងៗ ដែល​នឹង​ឈាន​ទៅ​ដល់​ការ​វិនាស​ក្នុង​ពេល​ឆាប់ៗ​នោះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​និង​បណ្ដាញ​ព្រៃឡង់​មាន​ការ​ព្រួយ​បារម្ភ​ថា វា​នឹង​ផ្ដល់​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ពួកគាត់​​មិន​ខាន​ឡើយ។

អភិបាល​ស្រុក​សណ្ដាន់ លោក អ៊ុន បុត្រ ​មាន​ប្រសាសន៍​បដិសេធ​កាល​ពី​ថ្ងៃ​២៤ កក្កដា ថា មិន​មាន​ការ​កាប់​បំផ្លាញ​ព្រៃឡង់​ទៀត​ទេ ពីព្រោះ​រដូវ​នេះ​ជា​រដូវ​ភ្លៀង ជន​ល្មើស​មិន​អាច​ចូល​កាប់​និង​ដឹក​ឈើ​បាន​ទៀត​ឡើយ។ លោក​បន្ត​ថា អាជ្ញាធរ​តែងតែ​ចុះ​បង្ក្រាប​ដោយ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​និង​​ប្រជា​សហគមន៍​ជា​ប្រចាំ​ចំពោះ​បញ្ហា​នេះ​នា​ពេល​កន្លង​មក។

លោក អ៊ុន បុត្រ៖ «ចង់​និយាយ​ថា ផ្លូវ​វា​ពិបាក ភ្លៀង​អ៊ីចឹង​ទៅ ដាច់​ផ្លូវ​អ៊ីចឹង​ទៅ ឱកាស​របស់​ជនល្មើស​វា​អត់​មាន​អំណោយ​ផល​ឱ្យ​ទេ។ អ៊ីចឹង​បទល្មើស​ក៏​វា​អត់​សូវ​មាន​ដែរ តំបន់​ហ្នុង»

យ៉ាង​ណា​ក៏ដោយ លោក​អះអាង​ថា អាជ្ញាធរ​ស្រុក​និង​ខេត្ត​មាន​ផែន​ការ​ដើម្បី​ចូល​រួម​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ជា​ប្រចាំ​នៅ​ពេល​ខាង​មុខ​បន្ត​ទៀត។

នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ មាន​ប្រសាសន៍​ថា នៅ​រដូវ​ភ្លៀង​នេះ​ឈ្មួញ​អាច​មាន​ការ​រាំង​ស្ទះ​ខ្លះ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ចេញ​មក​ក្រៅ ក៏ប៉ុន្តែ​ការ​កាប់​បំផ្លាញ​ព្រៃឈើ គឺ​មិន​អាច​​ថយ​ចុះ​នោះ​ឡើយ គឺ​រឹតតែ​កើន​ឡើង​ជាង​មុន​ទៅ​ទៀត។

លោក ឈឹម សាវុធ៖ «អ៊ីចឹង​ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ស្រុក​ខ្មែរ​គ្មាន​ការ​ថយ​ចុះ​ទេ។ ព្រោះ​វា​អត់​មាន​ការ​អនុវត្ត​ច្បាប់ ហើយ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​ឈ្មួញ​រក​ស៊ី​ជាប់​ជា​ប្រចាំ ជា​លក្ខណៈ​ប្រព័ន្ធ ដូច​ដែល​ខ្ញុំ​និយាយ​ពី​មុន​មក​អ៊ីចឹង។ អ៊ីចឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​កុំ​សូម្បី​​តែ​ខេត្ត​កំពង់ធំ ខេត្ត​ណា​ក៏​អត់​មាន​ការ​ថយ​ចុះ​ដែរ។ សកម្មភាព​នៅ​តែ​កើត​ឡើង​បន្ត ដូចជា​ខេត្ត​ព្រះវិហារ ជាដើម​​​កំពុង​តែ​កាប់​បន្ថែម​ជិត​អស់​ហើយ។ ធ្នង់​ឥឡូវ​គេ​កាប់​ដល់​ទៅ​ផ្ទឹក ដល់​ទៅ​សុក្រំ បន្ត​ទៀត​ហើយ។ អ៊ីចឹង​វា​ឈាន​ទៅ​រក​ការ​រលាយ​ដូច​ខ្ញុំ​និយាយ​អ៊ីចឹង»

លោក​បញ្ជាក់​ថា ឈើ​ប្រណីត​និង​ឈើ​មិន​មែន​ប្រណីត នឹង​អាច​វិនាស​ក្នុង​ពេល​ឆាប់ៗ​នេះ ពីព្រោះ​ព្រៃ​ឈើ​នៅ​ក្នុង​ស្រុក​ខ្មែរ​គឺ​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​ទៅ​ហើយ ប្រសិន​បើ​រាជ​រដ្ឋាភិបាល​នៅ​តែ​គ្មាន​ឆន្ទៈ​ការពារ ឬ​ទប់ស្កាត់​ទៀត​នោះ ព្រៃឈើ​ក្នុង​ស្រុក​ខ្មែរ​គឺ​អាច​នឹង​ផុត​ពូជ​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។