"ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​នៅ​ខែត្រ​ស្ទឹងត្រែង​រង​ការ​កាប់​រាន​យក​ដី​ធ្វើ​អាជីវកម្ម​រាប់​ពាន់​ហិកតារ"

0:00 / 0:00

ដើម​ឈើ​មូល​ធំៗ ឋិត​ក្នុង​តំបន់​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ដែល​ជនជាតិ​ដើម​ភាគតិច​កួយ​អាស្រ័យ​ផល​ច្រើន​ជំនាន់​មក​ហើយ​នោះ ត្រូវ​បាន​គេ​លួច​កាប់​ធ្វើ​អាជីវកម្ម​អស់​ស្ទើរ​ទាំង​ស្រុង។ សហគមន៍​ថា អាជ្ញាធរ​ឃុំ ប្រធាន​សហគមន៍ និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក​មួយ​ចំនួន​គឺ​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ។

​ជនជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៨ ធ្នូ​ថា បើទោះបី​ជា​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​បាន​ចុះ​បញ្ជី​ជា​ព្រៃ​អភិរក្ស​របស់​សហគមន៍​ក្តី តែ​ការ​កាប់​ឈើ​មាន​តម្លៃ​ធ្វើ​អាជីវកម្ម ហើយ​យក​ដី​វាស់​ចែក​គ្នា​គ្រប់គ្រង បាន​កើត​មាន​ពេញ​បន្ទុក​ដោយ​មិន​ឃើញ​អាជ្ញាធរ​ណា​ចេញ​មុខ​បង្ក្រាប។

​ជនជាតិ​ដើម​ភាគតិច​កួយ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​អះអាង​ថា ជា​រៀងរាល់ថ្ងៃ​មាន​មនុស្ស​ជា​ច្រើន​ក្រុម​ប្រដាប់​ដោយ​ម៉ាស៊ីន​អារ​ឈើ​ស្វ័យប្រវត្តិ ជិះ​គោយន្ត​ចូល​ព្រៃ​អារ​ឈើ​លក់ ដែល​មាន​ឈ្មួញ​ចាំ​ទិញ​នៅ​មូលដ្ឋាន។ លើស​ពី​នេះ ឈើ​មូល​ដែល​មាន​មុខ​កាត់​ចាប់​ពី ៣​តឹក​ឡើង​ទៅ ត្រូវ​បាន​គេ​អារ​រំលំ រូ​ច​ដឹក​ជញ្ជូន​ចេញ​យ៉ាង​ឆាប់​រហ័ស។ លោក​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បាន​ចាត់​វិធានការ​ទប់​ស្កាត់ ឬ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដ៏​ធ្ងន់ធ្ងរ​នោះ​ទេ ទើប​ឈើ​មូល​រាប់​ម៉ឺន​ម៉ែត្រ​គូប​ត្រូវ​បាន​គេ​កាប់​អស់​ពី​ភ្នំ រី​ឯ​ដើមឈើ​ផលិត​ជ័រទឹក​របស់​ជនជាតិ​ដើម​ភាគ​តិច​ត្រូវ​បាន​គេ​កាប់​លក់​អស់​ស្ទើរ​ទាំង​ស្រុង៖ «ឥឡូវ​ព្រៃ​សហគមន៍​កាប់​រំលាយ​ស្ទើរ​តែ​អស់​ទាំង​ស្រុង​ហើយ តែ​មិន​ដែល​ឃើញ​មេ​ឃុំ និង​អាជ្ញាធរ​ដែន​ដី​​អើពើ​ជួយ​ទប់ស្កាត់ មាន​តែ​ព្រមាន​ខាង​សហគមន៍​កុំ​ឲ្យ​និយាយ​ស្ដី។ គេ​ចាប់​ប្រជាជន​វ៉ៃ​ចោល អា​ហ្នឹង​លោក​មេ​ឃុំ​និយាយ​ផ្ទាល់»

​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ចម្ងាយ​ប្រមាណ ១៥ ទៅ ២០​គីឡូម៉ែត្រ​ពី​ភូមិ​ឆ្វាំង ក្នុង​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង។ ព្រៃ​សហគមន៍​នេះ ជា​ប្រភព​នៃ​ឈើ​ប្រណិត និង​ឈើ​មាន​តម្លៃ​រាប់​លាន​ម៉ែត្រ​គូប ដុះ​នៅ​តំបន់​នោះ​ច្រើន​ជំនាន់​ណាស់​មក​ហើយ ដែល​ជនជាតិ​ដើម​ភាគ​តិច​តំបន់​នោះ​អភិរក្ស និង​ប្រើប្រាស់​បែប​ប្រពៃណី។ ក៏ប៉ុន្តែ​នៅ​រយៈពេល ៤​ឆ្នាំ​ចុង​ក្រោយនេះ ចលនា​កាប់​រាន​ដី​ព្រៃ​ធ្វើ​អាជីវកម្ម​របស់​ពលរដ្ឋ​ចំណាក​ស្រុក​ដោយ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​នាំ​គ្នា​លូច​កាប់​ឈើ​លក់​ជា​បន្តបន្ទាប់​អស់​ស្ទើរ​ទាំង​ស្រុង។

​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ មាន​ផ្ទៃដី​ចំនួន​ជាង ៤​ពាន់​ហិកតារ (៤.៤៤៦,១៦​ហិកតារ) ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ក្រសួង​កសិកម្ម នៅ​ដើម​ឆ្នាំ​២០១៧។

​ចំណែក​មេឃុំ​សំអាង លោក ញៀន ផុន ធ្លាប់​បញ្ជាក់​ថា ដី​ព្រៃ​សហគមន៍​បាន​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ​ឯកជន ក៏ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា អស់​ប៉ុន្មាន​ហិកតារ​នោះ​ទេ។ លោក​ថា កន្លង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ រួម​ទាំង​សហគមន៍​ផង បាន​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ និង​បាន​ធ្វើ​កិច្ច​សន្យា​ច្រើន​ករណី។

​មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ឲ្យ​ដឹង​ថា ជនជាតិ​ដើម​ភាគតិច និង​មន្ត្រី​អាដហុក គ្រោង​រៀបចំ​សំណុំរឿង​បទល្មើស​ឧក្រិដ្ឋ​នេះ​ដាក់​បណ្ដឹង​បរិហារកេរ្តិ៍​ផ្លូវការ​ទៅ​តុលាការ។ លោក​បន្ត​ថា ពលរដ្ឋ​មាន​ភស្តុតាង និង​សាក្សី​ជាក់លាក់​ដែល​បញ្ជាក់​ថា ព្រៃឈើ​រាប់ពាន់​ហិកតារ​នៅ​តំបន់​នោះ ពិត​ជា​រង​ការ​កាប់​ទន្ទ្រាន ហើយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ត្រូវ​ទទួល​ខុសត្រូវ​រឿង​នេះ ដែល​បណ្ដោយ​ឲ្យ​បទល្មើស​ឧក្រិដ្ឋ​កើត​ឡើង​ពុំ​មាន​ការ​បង្ក្រាប៖ «មូលដ្ឋាន​និង​អាជ្ញាធរ​ថ្នាក់​ណា​ទេ​ដែល​ជា​អ្នក​បណ្ដែតបណ្ដោយ​មាន​ការ​ដឹក​ឈើ​ពាសវាលពាសកាល។ ភាគច្រើន​យើង​ជឿជាក់​លើ​ប្រជាពលរដ្ឋ​យើង​ថា មាន​បទល្មើស​ឧក្រិដ្ឋ​យើង​នឹង​អង្កេត​បន្ថែម ប្រសិនបើ​មាន​បណ្ដឹង​មក​ហើយ យើង​នឹង​ចូលរួម​ជាមួយ​សហគមន៍»

សមាគម​អាដហុក រក​ឃើញ​ថា បើទោះបី​ជា​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ និង​ដី​ព្រៃ​របស់​រដ្ឋ​រាន​យក​ដី​អស់​រាប់ពាន់​ហិកតារ​ក្តី ក៏​ពុំ​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ចេញ​មុខ​ចាប់​ខ្លួន​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​ដាក់ទោស​ទណ្ឌ​ដែរ។

​បច្ចុប្បន្ន​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​នៅ​សេសសល់​ឈើ​មិន​មាន​តម្លៃ​ទីផ្សារ​តិច​តូច និង​ឈើ​មិន​ទាន់​គ្រប់​អាយុ​អាច​ប្រើប្រាស់​បានតែ​ប៉ុណ្ណោះ។ ជនជាតិ​ដើម​ភាគតិច​អំពាវនាវ​ឲ្យ​ស្ថាប័ន​អយ្យការ​ផ្តល់​យុត្តិធម៌​ដល់​ជនជាតិ​ដើម​ភាគតិច​កួយ ដែល​មាន​គម្រោង​ប្ដឹង​បរិហារ​រក​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ រួម​ទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទៅ​ស្ថាប័ន​អយ្យការ​ដើម្បី​លុបបំបាត់​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ ខណៈ​ចលនា​កាប់​រាន​ដី​ព្រៃ​ធ្វើ​ជា​សម្បត្តិ​បុគ្គល​កាន់​តែ​រាលដាល​ខ្លាំង​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។