សង្គម​ស៊ីវិល​និង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​ឲ្យត្រួត​ពិនិត្យ​អាជីវកម្ម​ឈើ​ឧកញ៉ា ទ្រី ភាព

មន្ត្រី​សង្គម​ស៊ីវិល និង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​ធ្វើ​ការងារ​ទាក់ទង​ផ្នែក​ច្បាប់ បាន​ថ្លែង​រិះគន់​ចំពោះ​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ដែល​ថា ជំនួញ​ឈើ​របស់​លោក​ឧកញ៉ា ទ្រី ភាព គឺ​ជា​មុខ​របរ​ស្រប​ច្បាប់។ ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​ឯករាជ្យ​ចម្រុះ​មួយ​ដើម្បី​ស៊ើប​អង្កេត​ជំនួញ​ឈើ​របស់​ឧកញ៉ា ទ្រី ភាព។

ខណៈ​ដែល​ជំនួញ​ឈើ​របស់​លោក​ឧកញ៉ា ទ្រី ភាព នៅ​តែ​មិន​ត្រូវ​បាន​គេ​ទម្លាយ​អោយ​ដឹង​ទាំង​របាយការណ៍ និង​សកម្មភាព​ប្រមូល​ផល​ឈើ​ប្រណិត ក្រុម​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​បង្កើត​ក្រុម​ការងារ​ឯករាជ្យ​មួយ​ស្រាវជ្រាវ​លើ​រឿង​នេះ។ ដើម្បី​ដឹង​ពី​ការពិត​នៃ​របរ​ជំនួញ​ឈើ និង​បង្ហាញ​ពី​ភាព​ស្អាតស្អំ​ក្នុង​ករណី​លោក ទ្រី ភាព មិន​ប្រព្រឹត្ត​ខុស​ច្បាប់​ក្នុង​ការ​នាំ​ចេញ​ឈើ។

​កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក អ៊ុក រ៉ាប៊ុន មាន​ប្រសាសន៍​ថា របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) មិន​បាន​ពិនិត្យ​ច្បាស់លាស់​ពី​នីតិវិធី​នៃ​ការ​នាំ​ចេញ​ឈើ​ឡើយ។ លោក​បញ្ជាក់​ថា ប្រសិន​ការ​នាំ​ចេញ​ឈើ​របស់​លោក ទ្រី ភាព គ្មាន​ច្បាប់​ត្រឹមត្រូវ​ក៏​គេ​មិន​អាច​ថត​ឈើ​ដែល​នាំ​ចេញ​នៅ​កំពង់ផែ បាន​ដែរ។

ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​លើក​ឡើង​ថា មុន​នឹង​លោក​រដ្ឋមន្ត្រី​ថ្លែង​ការពារ​ឧកញ៉ា ទ្រី ភាព គួរ​ណាស់​បង្ហាញ​របាយ​ការណ៍ ឯកសារ​អំណះអំណាង ខណៈ​ដែល​ជំនួញ​របស់​លោក​ឧកញ៉ា ទ្រី ភាព ត្រូវ​បាន​អង្គការ​ឃ្លាំមើល​ជាតិ និង​អន្តរជាតិ​រក​ឃើញ​ថា អ្នក​ជំនួញ​ឈើ​ល្បី​ឈ្មោះ​រូប​នេះ​កំពុង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ធ្ងន់ធ្ងរ។

លោក អំ សំអាត ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​សិក្សា​ស្រាវ​ពី​ជំនួញ​ឈើ​របស់​លោក​ឧកញ៉ា ទ្រី ភាព៖ «បើ​សិន​ជា​យើង​មិន​ពិនិត្យ និង​ស្រាវជ្រាវ​ស៊ើប​អង្កេត​ឲ្យ​បាន​ដិតដល់​ទេ គឺ​ជា​វប្បធម៌​អាក្រក់ ធ្វើ​ឲ្យ​បាត់បង់​ធនធាន​ធម្មជាតិ​របស់​យើង»

ការ​ថ្លែង​របស់​លោក អំ សំអាត ស្រដៀង​គ្នា​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក កាល​ពី​ដើម​ខែ​កុម្ភៈ រក​ឃើញ​ថា លោក​ឧកញ៉ា ទ្រី ភាព គឺ​ជា​អ្នកដឹកនាំ​នៃ​បណ្ដាញ​កាប់​ព្រៃឈើ​ខុស​ច្បាប់​ដែល​កាង​ដោយ​ក្រុម​មន្ត្រី​យោធា ប៉ូលិស និង​មន្ត្រី​គយ​ក្នុង​ការ​បោស​សំអាត​ឈើ​គ្រញូង​របស់​ខ្មែរ​ពី​តាម​ខេត្ត​នានា ហើយ​ដឹក​ជញ្ជូន​តាម​កប៉ាល់​ទៅ​កាន់​កំពង់ផែ​ក្រុង​ហុងកុង។

តាម​រយៈ​ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក​ដដែល​នោះ យ៉ាង​ហោច​ណាស់​ឈើ​ប្រណីត​របស់​ខ្មែរ​ចំនួន ៨៥​ភាគរយ ត្រូវ​បាន​ឈ្មួញ​លក់​ទៅ​ប្រទេស​ចិន ហើយ​ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​សិប្បកម្ម​តុ ទូ​តាំង​របស់​ចិន ធ្វើ​ដោយ​ឈើ​ប្រណិត​របស់​ខ្មែរ កើន​ឡើង​ដល់​ទៅ ១៥០​ភាគរយ ក្នុង​ចន្លោះ​ឆ្នាំ​២០១៣ និង​២០១៤។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ទ្រី ភាព បាន​នៅ​ឡើយ​ទេ ដើម្បី​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ។ យ៉ាង​ណា​ក៏ដោយ​ចុះ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ប្រចាំ​ចម្ការ​កៅស៊ូ និង​ម្រេច​ខេត្ត​ព្រះវិហារ លោក ដែត សិលា ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រុមហ៊ុន ទ្រី ភាព មិន​មែន​វិនិយោគ​លើ​ឈើ​មួយ​មុខ​នោះ​ទេ។ ក្រុមហ៊ុន​នេះ​មាន​ទិសដៅ​លើក​ស្ទួយ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ដោយ​ធ្វើ​ការ​ដាំ​ដំណាំ​កសិ-​ឧស្សាហកម្ម រួម​មាន​ម្រេច កៅស៊ូ សាងសង់​កាស៊ីណូ តំបន់​សេដ្ឋកិច្ច​ពិសេស និង​សណ្ឋាគារ​មួយ​ជាដើម។

យោង​តាម​ច្បាប់​ស្ដីពី​ព្រៃ​ឈើ​មាត្រា​២៩ ចែង​ថា ការ​ប្រមូល​អនុផល​ព្រៃឈើ​ក្នុង​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍ ដែល​ត្រូវ​បាន​ហាមឃាត់​រួម​មាន ប្រភេទ​ឈើ​ក្នុង​លំដាប់​ថ្នាក់ និង​ដែល​មិន​ទាន់​ដល់​ទំហំ​អប្បបរមា​អនុញ្ញាត​ឲ្យ​កាប់​រំលំ។ ប្រភេទ​ឈើ​ដែល​មាន​ដោយ​កម្រ។ ប្រភេទ​ឈើ​ដែល​ប្រជាជន​ក្នុង​មូលដ្ឋាន​ចោះ​យក​ជ័រ​តាម​ប្រពៃណី ដើម​ឈើ​ផ្ដល់​ជ័រ​មានតម្លៃ។ ប៉ុន្តែ​លើកលែងតែ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​មូលហេតុ​លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល ឈើ​ចំណី​ផ្លូវ​ដែល​ត្រូវ​សាងសង់ ឬ​លក្ខខណ្ឌ​ឧបទ្ទវហេតុ​ផ្សេង​ទៀត​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋបាល​ព្រៃឈើ។

ប៉ុន្តែ​អ្នកស្រី មេហ្គែន ម៉ាក់ស៊ីនែស (Megan MacInnes) មន្ត្រី​ឃ្លាំមើល​នៃ​អង្គការ​ឃ្លាំមើល​ពិភពលោក​និយាយ​ថា លោក​ឧកញ៉ា ទ្រី ភាព កាប់​បំផ្លាញ​ព្រៃឈើ​តាម​រូបភាព​ដី​សម្បទាន​សេដ្ឋកិច្ច។

ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក លោក នី ចរិយា មាន​ប្រសាសន៍​ថា លោក​ឧកញ៉ា ទ្រី ភាព ក៏​ជា​អ្នក​ផ្សំគំនិត​ក្នុង​បទល្មើស​បំផ្លាញ​ព្រៃឈើ ព្រោះ​លោក ទ្រី ភាព ជា​ឈ្មួញ​ទិញ​ឈើ​ខុស​ច្បាប់។ ចំពោះ​ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ថា ការ​រកស៊ី​ឈើ​របស់​ឧកញ៉ា ទ្រី ភាព ស្រប​ច្បាប់ ត្រូវ​បាន​លោក នី ចរិយា យល់​ថា មន្ត្រី​រដ្ឋាភិបាល​ថ្លែង​បិទបាំង​ការ​អសមត្ថភាព​របស់​ខ្លួន​ក្នុង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ៖ «ខ្ញុំ​យល់​ថា គ្រាន់តែ​ជា​បិទបាំង​ការ​ប្រាជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ថា ការពារ​ព្រៃឈើ​មិន​បាន​កាត់​ក​ចោល»។ ​

មន្ត្រី​អង្គការ​ឃ្លាំមើល​ពិភពលោក អ្នកស្រី មេហ្គែន ម៉ាក់ស៊ីនែស ធ្លាប់​ផ្ដល់​បទសម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី ថា អង្គការ​ឃ្លាំមើល​ពិភពលោក មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​រក​ឃើញ​ថា លោក​ឧកញ៉ា ទ្រី ភាព នាំ​ឈើ​ទៅ​ទីក្រុង​ហុងកុង និង​បញ្ជូន​បន្ត​ទៅ​ប្រទេស​ចិន ដោយ​ខុសច្បាប់។ ​អ្នកស្រី មេហ្គែន បញ្ជាក់​ថា ក្នុង​១​ខែ​លោក ទ្រី ភាព លក់​ឈើ​ចំនួន ៥​ពាន់​ម៉ែត្រ​គូប​ដែល​ចំណេញ​ជិត ៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

របាយការណ៍​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា ដែល​មាន​ចំណងជើង​ថា «ឃ្លាំមើល​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​ភាគ​១ ស្តី​អំពី​ក្រុមហ៊ុន ទ្រី ភាព និង​នយោបាយ​ប្រមូល​ឈើ​ឲ្យ​អស់ពី​ស្រុក​ខ្មែរ» បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​ឆ្នាំ​២០១៣ សរសេរ​ថា លោក​ឧកញ៉ា ទ្រី ភាព មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជិត ៧​ម៉ឺន​ហិកតារ គ្រប​ដណ្ដប់​លើ​ខេត្ត​ក្រុង​ចំនួន ១២ ក្នុង​ប្រទេស​កម្ពុជា ដែល​ដឹក​ឈើ​ប្រណិត​ជា​ចំហ​ទៅ​លក់​នៅ​បរទេស។

អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា ច្រាន​ចោល​របាយការណ៍​ចោទ​ក្រ​កាន់​ថា ពី​មុខ​ជំនួញ​លោក​ឧកញ៉ា ទ្រី ភាព និង​ការ​ទាមទារ​បង្កើត​ក្រុម​ស៊ើប​អង្កេត​ណា​មួយ​ទៅ​លើ​មុខ​ជំនួញ​នៃ​ក្រុមហ៊ុន ទ្រី ភាព។ លោក​បញ្ជាក់​ថា ការ​នាំ​ឈើ​ទៅ​លក់​របស់​លោក​ឧកញ៉ា ទ្រី ភាព ត្រូវ​គ្រប់គ្រង​ដោយ​ច្បាប់​ត្រឹមត្រូវ​រួច​រាល់​អស់ហើយ៖ «ការ​ប្រកប​អាជីវកម្ម​របស់​ក្រុម​នោះ (ក្រុមហ៊ុន ទ្រី ភាព) គឺ​មាន​ការ​គ្រប់គ្រង​ដែល​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ ដូច្នេះ​មិន​គួរ​គប្បី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឆក់​ឱកាស​វាយ​ប្រហារ​រដ្ឋាភិបាល​ទេ»

តំណាង​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ និយាយ​ថា ការ​ថ្លែង​ការពារ​លោក​ឧកញ៉ា ទ្រី ភាព របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម មិន​ទាន់​គ្រប់គ្រាន់​ទេ ត្រូវ​តែ​មាន​ការ​បញ្ជាក់​ថា តើ​ហេតុ​អ្វី​ក្រុមហ៊ុន ទ្រី ភាព មាន​សិទ្ធិ​អំណាច​ខ្លាំង​ក្នុង​ការ​នាំ​ឈើ​ចេញ​ច្រើន​តែ​ម្នាក់​ឯង​ដូចនេះ។

មន្ត្រី​ជាន់​ខ្ពស់​បក្ស​ឆាំង​រូប​នេះ​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក អ៊ុក រ៉ាប៊ុន ត្រូវ​មក​ឆ្លើយ​បំភ្លឺ​ជា​សាធារណៈ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​រដ្ឋសភា​ពី​ការ​ចាប់​បំផ្លាញ​ព្រៃឈើ និង​វិស័យ​កសិកម្ម៖ «រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ត្រូវ​តែ​ឆ្លើយ​ឲ្យ​ច្បាស់លាស់​រឿង​បំផ្លាញ​ព្រៃឈើ ដី​សម្បទាន និង​កសិកម្ម»

​ស្រដៀង​ទៅ​នឹង​ការ​លើក​ឡើង​របស់ លោក សុន ឆ័យ ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា បាន​រក​ឃើញ​ឃ្លាំង​ស្តុក​ឈើ​ប្រណីត​ចំនួន ១៤​កន្លែង និង​អាជ្ញាប័ណ្ណ​ទិញ​ឈើ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២៧​កន្លែង​នៅ​តាម​ខេត្ត​ចំនួន ១២ ព្រមទាំង​មាន​ក្រុមហ៊ុន​សាខា​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១៥​កន្លែង នៅ​តាម​ខេត្ត​ចំនួន ១០ ដែល​មាន​ផ្ទៃដី​សរុប​ជិត ៧​ម៉ឺន​ហិកតារ។ ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង ឲ្យ​ដឹង​ថា លោក​ឧកញ៉ា ទ្រី ភាព មាន​ចេតនា​បំផ្លាញ​ព្រៃឈើ​ឲ្យ​អស់​ពី​ប្រទេស​កម្ពុជា។ លោក​ថា ក្រុមហ៊ុន​មួយ​នេះ កាប់​ឈើ​អស់ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ផ្សេង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។