គណៈកម្មការ​ទន្លេ​មេគង្គ​បង្ហាញ​ថា កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ​ឆ្នាំនេះ​ស្រក​ចុះ​ខ្លាំង

ដោយ ម៉ៅ សុធានី
2019-07-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថានភាព​ទឹក​ទន្លេ​មេគង្គ នា​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម នៅ​​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦។
ស្ថានភាព​ទឹក​ទន្លេ​មេគង្គ នា​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម នៅ​​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ឱ្យ​ដឹង​ថា ពេលនេះ​កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ​ស្រក​ចុះ​ខ្លាំង​ដែល​បណ្ដាល​ឱ្យ​ជួប​បញ្ហា​ខ្វះ​ទឹក។ គណៈកម្មការ​ទន្លេ​មេគង្គ​បញ្ជាក់​ថា ជាច្រើន​ឆ្នាំ​មកនេះ ប្រទេស​កម្ពុជា និង​ប្រទេស​ជាប់​ដង​ទន្លេ​មេគង្គ​ផ្សេងទៀត មិនដែល​ជួប​បញ្ហា​នេះ​ទេ​។ របាយការណ៍​គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​ចេញផ្សាយ​កាល​ពី​ពេល​ថ្មីៗ​បង្ហាញ កម្រិត​ទឹក​នៅ​ស្ថានីយ​នៅ​ខេត្ត​ក្រចេះ ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​គឺ​ប្រមាណ ០.៣៨​ម៉ែត្រ បើ​ធៀប​នឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ដែល​ករណី​នេះ​ស្រដៀង​គ្នា​នឹង​កំណត់ត្រា​កាលពី​ឆ្នាំ​១៩៩២។

គណៈកម្មការ​ទន្លេ​មេគង្គ បញ្ជាក់​ថា ការ​ធ្លាក់​ចុះ​នៃ​កម្រិត​ទឹក​ពេលនេះ គឺ​បាន​កើតមានឡើង​ដោយសារ​លំហូរ​ទឹក​ខ្សោយ​តាម​តំបន់​នៃ​អាង​ទន្លេ​មេគង្គ ខណៈ​ដើម​ឆ្នាំនេះ ភ្លៀង​បាន​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ ទៅលើ​តំបន់​អាង​ទន្លេ​មេគង្គ​។ ក្រៅពី​ប្រទេស​កម្ពុជា ប្រទេស​ជាប់​ដង​ទន្លេ​មេគង្គ​ផ្សេង​ទៀត​ដូចជា​៖ ប្រទេស​ឡាវ និង​ថៃ ក៏​ជួប​បញ្ហា​នេះ​ដែរ។

ស្ថាប័ន​ជំនាញ​មួយ​នេះ​ព្រមាន​ថា កម្រិត​ទឹកភ្លៀង​ទាប​នៅ​កំឡុង​ខែ​មិថុនា និង​កក្កដា​នេះ អាច​បណ្ដាល​ឱ្យ​ខ្វះខាត​ទឹក​ក្នុង​តំបន់​មួយ​ចំនួន និង​ធ្វើ​ឱ្យ​គ្មាន​ទឹក​គ្រប់គ្រាន់​នៅ​ក្នុង​ខ្សែទឹក​ទន្លេ​មេគង្គ​។​

ពេលនេះ​កសិករ​រាប់ពាន់​គ្រួសារ​កំពុង​ខ្វះខាត​ទឹក​ស្រោចស្រព​ចំណាំ​ស្រូវ​របស់​ពួកគេ។គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឱ្យ​ដឹង​ថា ដំណាំ​ស្រូវ​ជាង​៦​ម៉ឺន​ហិកតារ កំពុង​ប្រឈម​នឹង​ការខូចខាត​ដោយសារ​គ្រោះ​រាំង​ស្ងួត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល