ដី​ព្រៃ​លិច​ទឹក​ជាង ៥០​ហិកតារ​ទៀត​នៅ​កំពង់ឆ្នាំង​ត្រូវ​គេ​ឈូស​អស់ ទើប​មាន​ការ​ទប់ស្កាត់

0:00 / 0:00

ដី​ព្រៃ​លិច​ទឹក​មាន​ទំហំ​ជាង ៥០​ហិកតារ​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​កសិកម្ម ឋិត​ក្នុង​តំបន់​បឹង​ទន្លេសាប​ខេត្ត​កំពង់​ឆ្នាំ​ទទួលរង​ការ​ឈូស​ឆាយ​កម្ទេច​ព្រៃ ឱ្យ​ក្លាយ​ជា​វាល​ដើម្បី​ធ្វើជា​កម្មសិទ្ធិ។សកម្មជន​ការពារ​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ចំណាត់ការ​របស់​រដ្ឋាភិបាល​ថា អនុវត្ត​ច្បាប់​ដូច​ភ្លើងចំបើង ឬ​បាន​តែមួយ​ឆាវ។

ដី​ព្រៃ​លិច​ទឹក​ឋិត​ក្នុង​តំបន់​បឹង​ទន្លេសាប ដែល​ជា​ប្រភព​ប្រាក់ចំណូល​យ៉ាង​សំខាន់​របស់​ប្រជា​នេសាទ ជម្រក​ត្រី​បង្ក​កំណើត និង​កន្លែង​សត្វ​ស្លាប​រស់​នៅ នៅតែ​បន្ត​ទទួលរង​ការ​ឈូស​ឆាយ​ឱ្យ​ក្លាយជា​វាល​ជា​បន្តបន្ទាប់ ដោយ​គ្មាន​យន្តការ​អភិរក្ស​ឱ្យ​ច្បាស់លាស់​នៅឡើយ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​ការពារ​បរិស្ថាន​បាន​ហៅ​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ថា​មើលងាយ​បទបញ្ជា របស់​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែល​បញ្ជា​ឱ្យ​ការពារ​ដី​ព្រៃ​លិច​ទឹក​ឱ្យ​គង់វង្ស បើ​មិន​ដូច្នេះ​ទេ លោក​ដក​ដំណែង​អភិបាល​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប។

ការ​លើកឡើង​នេះ ក្រោយ​ពី​ដី​ព្រៃ​លិច​ទឹក​របស់​រដ្ឋ​ឋិត​ក្នុង ដី​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប ត្រង់​ចំណុច​យាយភាជ ក្នុងភូមិ​ឯលិច ឃុំ​ច្រណូក ស្រុក​កំពង់លែង ត្រូវ​បាន​គេ​ឈូស​ឆាយ អស់​ជាង ៥២ ហិកតារ​ជា​ថ្មី​ទៀត (៥២.៩៦) កាល​ពី​ពេល​ថ្មីៗ​នេះ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សំ ច័ន្ទគា សង្កេតឃើញ​ថា អាជ្ញាធរ​តែងតែ​ចុះ​ហាមឃាត់ និង​ដកហូត​ដី​ព្រៃ​លិច​ទឹក ដែល​គេ​ឈូស​ឆាយ​អស់​ជាច្រើន​ហិកតារ ក៏ប៉ុន្តែ​មិន​ឃើញ​ឃាត់​ខ្លួន​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ​ទេ។

លើស​ពី​នេះ​ទៀត អាជ្ញាធរ​មិន​បាន​ហាមឃាត់​សកម្មភាព​ឈូស​ឆាយ​ព្រៃ​លិច​ទឹក តាំងពី​ដំបូង​នោះ​ទេ គឺ​បណ្តោយ​ឱ្យ​ឈូស​កម្ទេច​ព្រៃ​អស់ ទើប​ចុះ​ហាមឃាត់​តាម​ក្រោយ។ លោក​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ការ​អនុវត្ត​ច្បាប់​ខ្វះចន្លោះ​ច្រើន និង​គ្មាន​តម្លាភាព។

លោក សំ ច័ន្ទគា៖ «ត្រូវតែ​ផ្ដន្ទាទោស​គ្រប់​ជន​ទាំងអស់​ដែល​បាន​បំពាន​លើ​ដី​ព្រៃ​សាធារណៈ​ហ្នឹង កុំ​ធ្វើ​ដូច​កន្លង​មក ចាប់​មនុស្ស​ម្នាក់​ពីរ ដើម្បី​កំញើញ ឱ្យ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​។ ឱ្យ​ពលរដ្ឋ​ហ៊ាន​រាយការណ៍ បើសិនជា​យើង​ឱ្យ​ពលរដ្ឋ​ភ័យខ្លាច​ក្នុង​ការ​រាយការណ៍ ពលរដ្ឋ​មិនអាច​រាយការណ៍​ពី​បទ​ល្មើស​ហ្នឹង​មក​ទេ»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង សុំ​ការអធិប្បាយ​រឿង​នេះ ពី​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១២ កក្កដា។ ចំណែក ប្រធាន​មន្ទីរ​កសិកម្ម លោក ងិន ហ៊ុន ក៏​មិនទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ក៏ប៉ុន្តែ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង លោក តាត សីហាក់ បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា (Fresh News) មន្ត្រី​ជំនាញ បាន​រក​ឃើញ​សកម្មភាព​ឈូស​ឆាយ​ដីព្រៃ​លិច​ទឹក​មាន​ទំហំ​ជាង ៥០ ហិកតារ ឋិត​ក្នុង​តំបន់​បី នៃ​តំបន់​បឹង​ទន្លេសាប ក្នុងស្រុក​កំពង់លែង ដោយ​រឹបអូស​បាន​វត្ថុ​តាង​មួយចំនួន​រួម​មាន ម៉ូតូ ៣​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។ រីឯ​ជនល្មើស​បាន​រត់គេច​ខ្លួន​អស់។

កាលពី​ចុងឆ្នាំ​២០២១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​មន្ត្រី ដែល​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប ត្រូវ​ប្រញាប់​ប្រគល់​ដី​ជូន​រដ្ឋ​វិញ បើ​ពុំ​ដូច្នោះ​ទេ នឹង​ត្រូវ​ចាប់​ខ្លួន។

លោក​អះអាង​ថា នឹង​រក្សា​ដី​ព្រៃ​លិច​ទឹក​ឱ្យ​គង់វង្ស ដើម្បី​បង្កើន​ទិន្នផល​ត្រី​ក្នុង​បឹង​ទន្លេសាប។

ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​រូប​នេះ បន្ថែម​ថា អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​លោក ឈួរ ច័ន្ទឌឿន ក៏​ជាប់​ពាក់ព័ន្ធ​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ទំហំ ២​ពាន់ (២.០០០) ហិកតារ។

លោក ហ៊ុន សែន៖ «បើ​រឹងទទឹង​វាយ​ខ្នោះ​ហើយ​ភ្លាម អត់​មាន​ឱ្យ​រញ៉េរញ៉ៃ​ទេ។ ឥឡូវ​ឮ​ថា ចុះ​ហត្ថលេខា​ប្រគល់​ដី ត្រូវ​ប្រគល់​ដីព្រៃ​លិច​ទឹក​ឱ្យ​រដ្ឋ​បាន​រួចខ្លួន ដកខ្លួន អ្នកណា​មិន​ចេញ​សារភាព បើ​មិន​ប្រគល់​តាម​វាយ​ខ្នោះ។ អាហ្នឹង​ហើយ​អំណាច»។

កាលពី​ចុងឆ្នាំ​២០២១ ស្នងការ​រង​ខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ បាន​ស្ម័គ្រចិត្ត​ប្រគល់​ដី​ព្រៃ​លិច​ទឹក​ទំហំ​ជិត​ជិត ៧​រយ​ហិកតា ( ៦៧៥) ឋិត​ក្នុងស្រុក​កំពង់លែង​ជូន​រដ្ឋ​វិញ ក្រោយពី​មាន​បញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

រីឯ​រដ្ឋាភិបាល​បាន​ប្រគល់​ភារកិច្ច​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើបអង្កេត និង​ចាត់វិធានការ​ច្បាប់​ចំពោះ​អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ដោយ​ដកហូត​ដី​ជាង ២​ពាន់​ហិកតារ (២.០០០) ទុកជា​សម្បត្តិ​រដ្ឋ​វិញ ក៏ប៉ុន្តែ​មិនបាន​ចាប់ខ្លួន និង​អនុវត្ត​ច្បាប់​លើ​អតីត​អភិបាលខេត្ត​រូប​នេះ​នោះ​ឡើយ។

លោក សំ ច័ន្ទគា មើលឃើញ​ថា បុគ្គល​មាន​លុយ​មានអំណាច ដែល​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​បែរជា​រួចខ្លួន ដោយ​គ្រាន់តែ​ដកហូត​ដីព្រៃ​របស់​រដ្ឋ​ជា​សម្បត្តិ​រដ្ឋ​វិញ ខណៈដែល​ដីព្រៃ​លិច​ទឹកជា​ច្រើន​ពាន់​ហិកតារ​ត្រូវ​គេ​ឈូស​ឆាយ​អស់​ក្លាយ​ជា​វាលរហោឋាន​។ លោក​ថា ទង្វើ​នេះ ធ្វើ​ឱ្យ​អ្នកដទៃ​ទៀត មិន​ខ្លាច​ច្បាប់ ហើយ​បន្តសកម្មភាព​បំផ្លាញ​ដី​ព្រៃ​លិច​ទឹក​ដដែលៗ។

ជុំវិញ​រឿង​នេះ សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន លោក ម៉ា ចិត្រា យល់​ថា ការអនុវត្ត​ច្បាប់​ផ្អែក​តាមតែ​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ចេញ​បទបញ្ជា​ម្ដងម្កាល គឺ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។

លោក ម៉ា ចិត្រា អនុវត្ត​ច្បាប់​តាម​អនុសាសន៍​អំណាច​នៃ​ច្បាប់​ហ្នឹង​អត់​មាន​ប្រសិទ្ធភាព​ទេ ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​យើង​ត្រូវ​រក​បញ្ហា​មេ យក​អ្នក​ហ្នឹង​ទៅ​សួរនាំ បើសិន​បើ​គាត់​មិន​មាន​លទ្ធភាព​គ្រប់គ្រង​តំបន់​ហ្នឹង​ទេ​ពិចារណា ឱ្យ​គាត់​លាលែង​ពី​តំណែង។

ទាក់ទង​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ ពន្យល់​ថា ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប មាន​សារៈសំខាន់​ណាស់ និង​ជា​ជង្រុក​ត្រី​ពង​កូន​រួមមាន ត្រី​រៀល ត្រី​ក្រឡង់ និង ត្រី​ព្រួល ជាដើម​ទៀត ដែល​ប្រជា​នេសាទ​ធ្វើ​ប្រហុក​ផ្អក សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក។ លោក​ថា បរិមាណ​ត្រី​ទឹកសាប​នឹង​កើនឡើង ប្រសិនបើ​អាជ្ញាធរ​ថែរក្សា​ដី​ព្រៃ​លិច​ទឹក​ឱ្យ​គង់វង្ស។

លោក លាង ប៊ុនលាភ៖ «ដី​ព្រៃ​លិច​ទឹក​នេះឯង ជា​កត្តា​មួយ​អាច​ការពារ​ខ្យល់ បង្កើន​ឱ្យ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​ហើយ​វា​ជា​គម្រប​ដ៏​ល្អ​ប្រសើរ មាន​ឃ្មុំ ឱសថ​បុរាណ និង​ជា​ប្រពៃណី​របស់​អ្នក​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប​ហ្នឹង​ផង»។

របាយការណ៍​របស់​ក្រសួង​ដែនដី​ដែល​ចេញផ្សាយ​កាលពី​ចុងឆ្នាំ​២០២២ ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​សម្រេច​កែសម្រួល​ព្រំប្រទល់​តំបន់​២ និង​តំបន់​៣ នៃ​បឹង​ទន្លេសាប​ជាប់​ខេត្ត​ចំនួន​៥ មាន​ផ្ទៃដី​សរុប​ទំហំ​ជាង ២​ម៉ឺន ៤​ពាន់​ហិកតារ ដើម្បី​ផ្ដល់​ជា​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ចំនួន​ជាង ១​ម៉ឺន ៥​ពាន់​គ្រួសារ។

កាល​ពី​ដើម​ឆ្នាំ​២០២២ រដ្ឋាភិបាល​បាន​ដកហូត​ដី​ព្រៃ​លិច​ទឹក​ទំហំ ៦​ម៉ឺន​ហិកតារ​នៅ​ជុំវិញ​បឹង​ទន្លេសាប​មក​ទុកជា​សម្បត្តិ​របស់​រដ្ឋ​វិញ ក្រោយ​ពី​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃ​លិច​ទឹក​តាម​បណ្ដា​ខេត្ត​ទាំង​៦ រួច​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។