ដីព្រៃលិចទឹកមានទំហំជាង ៥០ហិកតារដែលគ្រប់គ្រងដោយក្រសួងកសិកម្ម ឋិតក្នុងតំបន់បឹងទន្លេសាបខេត្តកំពង់ឆ្នាំទទួលរងការឈូសឆាយកម្ទេចព្រៃ ឱ្យក្លាយជាវាលដើម្បីធ្វើជាកម្មសិទ្ធិ។សកម្មជនការពារបរិស្ថាន និងមន្ត្រីសង្គមស៊ីវិលរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលថា អនុវត្តច្បាប់ដូចភ្លើងចំបើង ឬបានតែមួយឆាវ។
ដីព្រៃលិចទឹកឋិតក្នុងតំបន់បឹងទន្លេសាប ដែលជាប្រភពប្រាក់ចំណូលយ៉ាងសំខាន់របស់ប្រជានេសាទ ជម្រកត្រីបង្កកំណើត និងកន្លែងសត្វស្លាបរស់នៅ នៅតែបន្តទទួលរងការឈូសឆាយឱ្យក្លាយជាវាលជាបន្តបន្ទាប់ ដោយគ្មានយន្តការអភិរក្សឱ្យច្បាស់លាស់នៅឡើយទេ។
មន្ត្រីសង្គមស៊ីវិល និងសកម្មជនការពារបរិស្ថានបានហៅទង្វើរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំងថាមើលងាយបទបញ្ជា របស់លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលបញ្ជាឱ្យការពារដីព្រៃលិចទឹកឱ្យគង់វង្ស បើមិនដូច្នេះទេ លោកដកដំណែងអភិបាលខេត្តនៅជុំវិញបឹងទន្លេសាប។
ការលើកឡើងនេះ ក្រោយពីដីព្រៃលិចទឹករបស់រដ្ឋឋិតក្នុង ដីតំបន់៣ នៃតំបន់បឹងទន្លេសាប ត្រង់ចំណុចយាយភាជ ក្នុងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ត្រូវបានគេឈូសឆាយ អស់ជាង ៥២ ហិកតារជាថ្មីទៀត (៥២.៩៦) កាលពីពេលថ្មីៗនេះ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក សំ ច័ន្ទគា សង្កេតឃើញថា អាជ្ញាធរតែងតែចុះហាមឃាត់ និងដកហូតដីព្រៃលិចទឹក ដែលគេឈូសឆាយអស់ជាច្រើនហិកតារ ក៏ប៉ុន្តែមិនឃើញឃាត់ខ្លួនជនល្មើស និងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតាមច្បាប់នៅឡើយទេ។
លើសពីនេះទៀត អាជ្ញាធរមិនបានហាមឃាត់សកម្មភាពឈូសឆាយព្រៃលិចទឹក តាំងពីដំបូងនោះទេ គឺបណ្តោយឱ្យឈូសកម្ទេចព្រៃអស់ ទើបចុះហាមឃាត់តាមក្រោយ។ លោកចាត់ទុកទង្វើនេះថា ជាការអនុវត្តច្បាប់ខ្វះចន្លោះច្រើន និងគ្មានតម្លាភាព។
លោក សំ ច័ន្ទគា៖ «ត្រូវតែផ្ដន្ទាទោសគ្រប់ជនទាំងអស់ដែលបានបំពានលើដីព្រៃសាធារណៈហ្នឹង កុំធ្វើដូចកន្លងមក ចាប់មនុស្សម្នាក់ពីរ ដើម្បីកំញើញ ឱ្យស្មើភាពគ្នាចំពោះមុខច្បាប់។ ឱ្យពលរដ្ឋហ៊ានរាយការណ៍ បើសិនជាយើងឱ្យពលរដ្ឋភ័យខ្លាចក្នុងការរាយការណ៍ ពលរដ្ឋមិនអាចរាយការណ៍ពីបទល្មើសហ្នឹងមកទេ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការអធិប្បាយរឿងនេះ ពីអភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ បាននៅឡើយទេ នៅថ្ងៃទី១២ កក្កដា។ ចំណែក ប្រធានមន្ទីរកសិកម្ម លោក ងិន ហ៊ុន ក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ក៏ប៉ុន្តែ នាយផ្នែករដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក តាត សីហាក់ បានប្រាប់កាសែតក្នុងស្រុកថា (Fresh News) មន្ត្រីជំនាញ បានរកឃើញសកម្មភាពឈូសឆាយដីព្រៃលិចទឹកមានទំហំជាង ៥០ ហិកតារ ឋិតក្នុងតំបន់បី នៃតំបន់បឹងទន្លេសាប ក្នុងស្រុកកំពង់លែង ដោយរឹបអូសបានវត្ថុតាងមួយចំនួនរួមមាន ម៉ូតូ ៣គ្រឿង និងសម្ភារៈមួយចំនួនទៀត។ រីឯជនល្មើសបានរត់គេចខ្លួនអស់។
កាលពីចុងឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រី ដែលកាប់ទន្ទ្រានដីព្រៃលិចទឹកខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប ត្រូវប្រញាប់ប្រគល់ដីជូនរដ្ឋវិញ បើពុំដូច្នោះទេ នឹងត្រូវចាប់ខ្លួន។
លោកអះអាងថា នឹងរក្សាដីព្រៃលិចទឹកឱ្យគង់វង្ស ដើម្បីបង្កើនទិន្នផលត្រីក្នុងបឹងទន្លេសាប។
ប្រមុខដឹកនាំរដ្ឋាភិបាលឯកបក្សរូបនេះ បន្ថែមថា អតីតអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន ក៏ជាប់ពាក់ព័ន្ធសកម្មភាពកាប់ទន្ទ្រានដីព្រៃលិចទឹកទំហំ ២ពាន់ (២.០០០) ហិកតារ។
លោក ហ៊ុន សែន៖ «បើរឹងទទឹងវាយខ្នោះហើយភ្លាម អត់មានឱ្យរញ៉េរញ៉ៃទេ។ ឥឡូវឮថា ចុះហត្ថលេខាប្រគល់ដី ត្រូវប្រគល់ដីព្រៃលិចទឹកឱ្យរដ្ឋបានរួចខ្លួន ដកខ្លួន អ្នកណាមិនចេញសារភាព បើមិនប្រគល់តាមវាយខ្នោះ។ អាហ្នឹងហើយអំណាច»។
កាលពីចុងឆ្នាំ២០២១ ស្នងការរងខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹកទំហំជិតជិត ៧រយហិកតា ( ៦៧៥) ឋិតក្នុងស្រុកកំពង់លែងជូនរដ្ឋវិញ ក្រោយពីមានបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រីឯរដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេត និងចាត់វិធានការច្បាប់ចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ដោយដកហូតដីជាង ២ពាន់ហិកតារ (២.០០០) ទុកជាសម្បត្តិរដ្ឋវិញ ក៏ប៉ុន្តែមិនបានចាប់ខ្លួន និងអនុវត្តច្បាប់លើអតីតអភិបាលខេត្តរូបនេះនោះឡើយ។
លោក សំ ច័ន្ទគា មើលឃើញថា បុគ្គលមានលុយមានអំណាច ដែលប្រព្រឹត្តអំពើល្មើសច្បាប់បែរជារួចខ្លួន ដោយគ្រាន់តែដកហូតដីព្រៃរបស់រដ្ឋជាសម្បត្តិរដ្ឋវិញ ខណៈដែលដីព្រៃលិចទឹកជាច្រើនពាន់ហិកតារត្រូវគេឈូសឆាយអស់ក្លាយជាវាលរហោឋាន។ លោកថា ទង្វើនេះ ធ្វើឱ្យអ្នកដទៃទៀត មិនខ្លាចច្បាប់ ហើយបន្តសកម្មភាពបំផ្លាញដីព្រៃលិចទឹកដដែលៗ។
ជុំវិញរឿងនេះ សកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា យល់ថា ការអនុវត្តច្បាប់ផ្អែកតាមតែអនុសាសន៍របស់ប្រមុខរដ្ឋាភិបាល ដែលចេញបទបញ្ជាម្ដងម្កាល គឺគ្មានប្រសិទ្ធភាពនោះទេ។
លោក ម៉ា ចិត្រា អនុវត្តច្បាប់តាមអនុសាសន៍អំណាចនៃច្បាប់ហ្នឹងអត់មានប្រសិទ្ធភាពទេ ដើម្បីដោះស្រាយបញ្ហាហ្នឹងយើងត្រូវរកបញ្ហាមេ យកអ្នកហ្នឹងទៅសួរនាំ បើសិនបើគាត់មិនមានលទ្ធភាពគ្រប់គ្រងតំបន់ហ្នឹងទេពិចារណា ឱ្យគាត់លាលែងពីតំណែង។
ទាក់ទងរឿងនេះ នាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេបី លោក លាង ប៊ុនលាភ ពន្យល់ថា ដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប មានសារៈសំខាន់ណាស់ និងជាជង្រុកត្រីពងកូនរួមមាន ត្រីរៀល ត្រីក្រឡង់ និង ត្រីព្រួល ជាដើមទៀត ដែលប្រជានេសាទធ្វើប្រហុកផ្អក សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក។ លោកថា បរិមាណត្រីទឹកសាបនឹងកើនឡើង ប្រសិនបើអាជ្ញាធរថែរក្សាដីព្រៃលិចទឹកឱ្យគង់វង្ស។
លោក លាង ប៊ុនលាភ៖ «ដីព្រៃលិចទឹកនេះឯង ជាកត្តាមួយអាចការពារខ្យល់ បង្កើនឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់ហើយវាជាគម្របដ៏ល្អប្រសើរ មានឃ្មុំ ឱសថបុរាណ និងជាប្រពៃណីរបស់អ្នករស់នៅជុំវិញបឹងទន្លេសាបហ្នឹងផង»។
របាយការណ៍របស់ក្រសួងដែនដីដែលចេញផ្សាយកាលពីចុងឆ្នាំ២០២២ ឱ្យដឹងថា រដ្ឋាភិបាលបានសម្រេចកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ នៃបឹងទន្លេសាបជាប់ខេត្តចំនួន៥ មានផ្ទៃដីសរុបទំហំជាង ២ម៉ឺន ៤ពាន់ហិកតារ ដើម្បីផ្ដល់ជាកម្មសិទ្ធិជូនពលរដ្ឋចំនួនជាង ១ម៉ឺន ៥ពាន់គ្រួសារ។
កាលពីដើមឆ្នាំ២០២២ រដ្ឋាភិបាលបានដកហូតដីព្រៃលិចទឹកទំហំ ៦ម៉ឺនហិកតារនៅជុំវិញបឹងទន្លេសាបមកទុកជាសម្បត្តិរបស់រដ្ឋវិញ ក្រោយពីចុះទប់ស្កាត់បទល្មើសព្រៃលិចទឹកតាមបណ្ដាខេត្តទាំង៦ រួចមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
