មនុស្ស​ប្រមាណ​២០០​នាក់​នឹង​ធ្វើ​ខួប​៥​ឆ្នាំ​នៃ​ឃាតកម្ម​លោក ឈុត វុទ្ធី នៅ​មុខ​វាំង

ដោយ ម៉ម មុនីរតន៍
2017-04-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី (រូប​អង្គុយ​លើក​ដៃ) ក្នុង​ឈុត​មួយ​នៃ​វីដេអូ​ឯកសារ “I am Chut Wutty" ឬ "ខ្ញុំ​ជា ឈុត វុទ្ធី"។
សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី (រូប​អង្គុយ​លើក​ដៃ) ក្នុង​ឈុត​មួយ​នៃ​វីដេអូ​ឯកសារ “I am Chut Wutty" ឬ "ខ្ញុំ​ជា ឈុត វុទ្ធី"។
RFA Screenshot

អង្គការ-សមាគម​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ២០០នាក់​នឹង​ចូលរួម​ប្រារព្ធ​ខួប ៥ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី។ យុទ្ធនាការ​ដែល​បើក​សិទ្ធិ​ឲ្យ​អ្នក​ចូល​រួម មើល​វីដេអូ នៅ​លើ​ទូរស័ព្ទ​ដៃ​អំពី " ខ្ញុំ​ជា ឈុត វុទ្ធី " នេះ នឹង​រៀបចំ​ឡើង​នៅ​ខាង​មុខ ​ព្រះបរមរាជវាំង​ពេល​ល្ងាច។ ការ​ជួបជុំ​នេះ គឺ​ដើម្បី​រំលឹក​ដល់​ការ​បាញ់​សម្លាប់ អ្នក​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា។

អ្នក​រៀបចំ​កម្មវិធី​បញ្ជាក់​ថា យុទ្ធនាការ​ក្រោម​ប្រធាន​បទ " យុត្តិធម៌​នៅ​ជើង​មេឃ " សម្រាប់​លោក ឈុត វុទ្ធី នេះ​គឺ​ជា​ការ​ប្រារព្ធ​ឡើង​ដើម្បី​ទាមទារ​យុត្តិធម៌ ចំពោះ​បុព្វហេតុ​នៃ​កា​ការពារ​ធនធានធម្មជាតិ ដែល​អ្នក​ការពារ​បរិស្ថាន​រូប​នេះ បាន​បូជា​ស្ទើរ​មួយ​ជីវិត​របស់​លោក​ទៅ​ហើយ។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ទឹម ម៉ាឡៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២២ ខែ មេសា ថា អ្នក​ចូលរួម​ខួប៥ឆ្នាំ​នៃ​អំពើ​ឃាតកម្ម នៅ​ថ្ងៃ​ទី ២៦ ខាង​មុខ​នេះ​ក្រៅ​ពី​អង្គការ-សមាគម​ហើយ គឺ​នៅ​មាន​ក្រុម​យុវជន​មក​ពី​បណ្ដាញ​ព្រៃ​ឡង់ ក្រុម​និស្សិត និង​សហគមន៍​ផ្សេង​ទៀត​ដែរ។ លោក​បន្ត​ថា យុទ្ធនាការ​នេះ​ក្រៅ​ពី ទទូច​ឲ្យ​មាន​យុត្តិធម៌​ហើយ ក៏​ចង់​ផ្ញើ​សារ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ និង​តុលាការ​ដែរ​ថា សំណុំរឿង​ដែល​បាន​បិទ​បញ្ចប់​ក្រោម​ការ​ស៊ើបអង្កេត​កន្លង​ទៅ ជា​ករណី​មិន​អាច​ទទួល​យក​បាន​ទេ៖ «រយៈពេល៥ឆ្នាំ​សំណុំរឿង​បាន​ស្ងាត់​ទៅ​វិញ​ហើយ​យុត្តិធម៌ ដែល​គ្រួសារ​របស់​សកម្មជន​ការពារ​ព្រៃឈើ​ចង់​បាន​ជាពិសេស​ពលរដ្ឋ​ខ្មែរ​ពេល​ដែល​ឮ​ឈ្មោះ ឈុត វុទ្ធី នេះ​គឺ​គាត់​មាន​សង្ឃឹម​តិចតួច និង​អ្នក​ខ្លះ​អត់​សង្ឃឹម​តែម្ដង»

លោក ឈុត វុទ្ធី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​លោក កាល​ពី​ថ្ងៃ​ទី ២៦ ខែ មេសា ឆ្នាំ២០១២។ របាយការណ៍​ស៊ើបអង្កេត​របស់​នគរបាល​យុត្តិធម៌ កាល​ពី៥ឆ្នាំ​មុន​បាន​បិទ​បញ្ចប់​ទៅ​ត្រឹម​លោក ឈុត វុទ្ធី មាន​ជម្លោះ​ដោយ​ពាក្យ​សំដី​រួច​បាញ់​ត​គ្នា​ជា​មួយ​មន្ត្រី​កងរាជអាវុធហត្ថ​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ អ៊ិន រតនា និង​ឈ្មោះ រ៉ាន់ បូរ័ត្ន បុគ្គលិក​បម្រើការ​ឲ្យ​ក្រុមហ៊ុន Timber Green ក្នុង​ខេត្ត​កោះកុង។

អាស៊ី​សេរី ពុំ​អាច​ទាក់ទង​សាច់ញាតិ​ក្រុម​គ្រួសារ​លោក ឈុត វុទ្ធី ដើម្បី​បញ្ជាក់​បន្ថែម​អំពី​គម្រោង​រៀបចំ​ពិធី​ខួប៥ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​នេះ​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី ២២ មេសា។ ប៉ុន្តែ​ជា​រៀងរាល់​ឆ្នាំ​ប្រពន្ធ​អ្នក​ការពារ​បរិស្ថាន​រូប​នេះ តែង​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​វាលស្បូវ​មិន​ដែល​លោះ​ឡើយ។

អភិបាល​រង និង​ជា​​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ លោក មាន ចាន់យ៉ាដា បដិសេធ​ថា មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​បាន​ទទួល​ការ​ស្នើ​សុំ ដើម្បី​ប្រារព្ធ​ពិធី​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ដើម្បី​ឲ្យ​ប្រាកដ​ថា​សាលាក្រុង​អនុញ្ញាត ឬ​មិន​អនុញ្ញាត លុះ​ត្រា​ឃើញ​លិខិត​ស្នើ​សុំ​រៀបចំ​កម្មវិធី​ជា​មុន​សិន៖ «យើង​មាន​ច្បាប់​ហើយ​គាត់​ធ្វើ​ដោយ​មិន​ស្នើសុំ​ធ្វើ​សម្រេច​ចិត្ត​ម៉េច​កើត? ។យើង​ចាំ​មើល​ការ​ស្នើសុំ​សិន ធ្វើ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច»

បើ​ទោះ​ជា​បែប​ណា លោក ទឹម ម៉ាឡៃ បញ្ជាក់​ថា​យុទ្ធនាការ​នេះ មិន​ចាំបាច់​ទាមទារ​លិខិត​ស្នាម​អ្វី​ឡើយ ព្រោះ​ការ​រៀបចំ​នេះ​ធ្វើ​ឡើង គ្រាន់​តែ​ជា​ការ​សំដែង​មតិ​ប៉ុណ្ណោះ។

ក្រោយ​ឃាតកម្ម​កើត​ឡើង មាន​ជន​សង្ស័យ​តែ​ម្នាក់​ប៉ុណ្ណោះ ក្នុង​រឿង​ក្ដី​នេះ ត្រូវ​តុលាការ​ខេត្ត​កោះកុង​ចោទ​ប្រកាន់។ បុគ្គលិក​របស់​ក្រុមហ៊ុន Timber Green ឈ្មោះ រ៉ាន់ បូរ័ត្ន ដែល​ពាក់ព័ន្ធ​ករណី​នេះ ត្រូវ​រស់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោយ​អនុវត្ត​ទោស​បាន ១ភាគ៣ នៃ​ទោស​បន្ទាប់​ពី​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស កាល​ពី​ខែ តុលា ឆ្នាំ២០១២ ដាក់​ពន្ធនាគារ ២ឆ្នាំ រី​ឯ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។

អង្គការ​លីកាដូ (Licadho) បាន​ចេញ​របាយការណ៍​ភ្លាមៗ នៅ​ពេល​តុលាការ​ខេត្ត​កោះកុង​អនុវត្ត​សាលក្រម​នេះ​រួច។ ស្ថាប័ន​លើក​កម្ពស់​ផ្នែក​សិទ្ធិមនុស្ស​នេះ យល់​ឃើញ​ថា ការ​ធ្វើ​ត្រាប់​តាម​ឡើង​វិញ ពី​សកម្មភាព​របស់​ឈ្មោះ រ៉ាន់ បូរ័ត្ន គឺ​ក្លែងក្លាយ និង​មិន​អាច​ជឿ​ទុក​ចិត្តបាន​ថែម​ទៀត​ផង។

របាយការណ៍​ដដែល​នេះ ក៏​បាន​ចោទ​ប្រកាន់​ដែរ​ថា ជា​ធម្មតា​គ្មាន​មធ្យោបាយ​ណា​ដែល​កាំភ្លើង​ដ៏​វែង​របស់​ឈ្មោះ អ៊ិន រតនា អាច​បែរ ១៨០ ដឺក្រេ ហើយ​បណ្ដាល​ឲ្យ​បាញ់​ត្រូវ​កន្លែង​ពីរ​ផ្សេងគ្នា​ ដោយ​មួយ​នៅ​ទ្រូង ឯ​មួយ​ទៀត​នៅ​ចំ​ត្រង់​ពោះ​លោក អ៊ិន រតនា នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល