សកម្មជនបរិស្ថាន និងសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់មកពីគណបក្សឆន្ទៈខ្មែរ រកឃើញបញ្ហាប្រឈមច្រើន ក្នុងទន្លេមេគង្គ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ បញ្ហាទាំងនោះ រួមមាន សមត្ថកិច្ចជំនាញមានភាពខ្វះចន្លោះច្រើនក្នុងកិច្ចគាំពារបរិស្ថាន និងទប់ស្កាត់បទល្មើសនេសាទ ក្នុងតំបន់អភិរក្សផ្សោត និងត្រីមេពូជ ដែលការពារដោយច្បាប់។ ពួកគេអង្កេតឃើញថា សមត្ថកិច្ចមានភាពខ្វះចន្លោះច្រើន ក្នុងការទប់ស្កាត់បទល្មើសនេសាទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយក្រុមជនល្មើសខ្លះមានខ្នងបង្អែកផង។
សកម្មជនបរិស្ថាន និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ មកពីគណបក្សឆន្ទៈខ្មែរបានស្រាវជ្រាវរួមគ្នាមួយ ពីស្ថានភាពទន្លេមេគង្គខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ តុលា។ បេសកកម្មនេះផ្ដោតសំខាន់ តាមដានការអនុវត្តគោលនយោបាយ និងច្បាប់នានា របស់អាជ្ញាធរពាក់ព័ន្ធថ្នាក់ក្រោមជាតិ មានតួនាទីអភិរក្សជីវចម្រុះ និងសត្វផ្សោតក្នុងទន្លេុមេគង្គ ឲ្យមានប្រសិទ្ធភាព។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ យោបល់មកពីគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៤ តុលាថា ក្រុមការងារលោករកឃើញភាពខ្វះចន្លោះច្រើន របស់អាជ្ញាធរពាក់ព័ន្ធថ្នាក់ក្រោមជាតិ ក្នុងកិច្ចគាំពារជីវចម្រុះ និងសត្វផ្សោតតាមដងទន្លេមេគង្គ ដែលជាមូលហេតុ ធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅរបស់ពលរដ្ឋ។ លោកថា អាជ្ញាធរពាក់ព័ន្ធ មិនបានសហការល្អជាមួយសហគមន៍មូលដ្ឋាន រួមគ្នាទប់ទល់សកម្មភាពនេសាទខុសច្បាប់ ឲ្យគ្រប់ជ្រុងជ្រោយនោះទេ ខណៈដែរបទល្មើសនេសាទនៅតែកើតមានច្រើននៅតំបន់ហាមឃាត់។ លោកសង្កត់ធ្ងន់ថា ការប្រើឧបករណ៍ខុសច្បាប់ ចាប់ត្រីក្នុងទន្លេមេគង្គ បង្កប៉ះពាល់សត្វផ្សោត និងមច្ឆាជាតិធ្ងន់ធ្ងរ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ពីអាជ្ញាធរពាក់ព័ន្ធ និង អាជ្ញាធរជាតិ៖ «នៅតំបន់ហាមឃាត់ពាក់ព័ន្ធនៅផ្សោតទន្លេ មានការកំណត់ព្រំប្រទល់នេសាទ នៅតែតែមានជនល្មើសនេសាទនៅតំបន់ហាមឃាត់។ ប្រើឧបករណ៍ឆក់ និងថ្នាំពុល មិនត្រឹមប៉ះពាល់ផ្សោតទេ គឺប៉ះពាល់មច្ឆាជាតិទូទៅ ដូច្នេះហើយគួរតែមានការយកចិត្តទុកដាក់បន្ថែមទៀត ពីអាជ្ញាធរ និងរាជរដ្ឋាភិបាល»។
លោក គង់ មុនីកា បន្ថែមថា បេសកកម្មស្រាវជ្រាវនេះ អាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋានក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង មិនបានសហការល្អ ជាមួយក្រុមការងារលោកនោះទេ នៅគ្រាលោកផ្ដល់ដំណឹងទៅអាជ្ញាធរឃុំ និងសមត្ថកិច្ច តែងជាប់រវល់ និងរុញច្រានដាក់គ្នាទៅវិញមក។ លោកបន្ថែមថា ការតាមដានការអនុវត្តការងារជាក់ស្ដែង របស់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ គឺជាហេតុផលសំខាន់ ដើម្បីរៀបចំរបាយការណ៍ ចំណុចខ្វះខាតនានា យកទៅពិភាក្សាជាមួយស្ថាប័នថ្នាក់ជាតិ និងឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ ក្នុងបំណង រកវិធីសាស្ត្រកែតម្រូវឲ្យប្រសើរឡើងវិញ ក្នុងបំណងពង្រឹងប្រព័ន្ធអភិរក្សជីវចម្រុះទន្លេមេគង្គឲ្យមានប្រសិទ្ធភាព៖ «សំខាន់គឺចុះទៅ តាមដានការអនុវត្តគោលនយោបាយ និងច្បាប់នានារបស់សមត្ថកិច្ចថ្នាក់ក្រោមជាតិ ដើម្បីជួយដល់រាជរដ្ឋាភិបាល រកឲ្យឃើញចំណុចខ្វះខាតផ្សេងហ្នឹង។ ខ្ញុំនឹងរាយការណ៍ជួនឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដើម្បីពិនិត្យពិចារណា ដើម្បីប្រើប្រាស់រូបភាពដាក់ជូនរដ្ឋាភិបាលរួមគ្នា បើឧត្ដមក្រុមប្រឹក្សាមិនឯកភាពទេ នោះ ប្រតិភូគណបក្សឆន្ទៈខ្មែរនឹងធ្វើរបាយការណ៍មួយផ្ទាល់ផ្ញើជូននាយករដ្ឋមន្ត្រីផ្ទាល់តែម្ដង»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្រ្តា បដិសេធផ្តល់បទសម្ភាសន៍ដល់អាស៊ីសេរី នៅថ្ងៃទី ២៤ តុលា ដោយលោកលើកឡើងថា រឿងនេះពុំមែនជាសមត្ថកិច្ចរបស់ក្រសួងបរិស្ថាននោះទេ គឺជាភារកិច្ចរបស់ក្រសួងកសិកម្ម។ អាស៊ីសេរីនៅមិនទាន់រកប្រភពទាក់ទង អ្នកនាំពាក្យក្រសួងកសិកម្ម ដើម្បីសុំការបំភ្លឺរឿងនេះបានទេ នៅថ្ងៃដដែលនេះ។
ប្រធានក្រុមយុវជនការពារសង្គម និងបរិស្ថាន លោក ជុំ ហួត ដែលចុះបេសកកម្មរួមគ្នានេះដែរ ថ្លែងថា ការវិវត្តន៍ នៃការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង របស់ឡាវឆ្ងាយពីព្រំដែនខេត្តស្ទឹងត្រែងជាងមួយគីឡូម៉ែត្រ នៃឃុំព្រះរំកិល កំពុងធ្វើឲ្យពលរដ្ឋខ្មែររស់នៅក្បែរនោះ ដេកភ័យពីអាយុជីវិត និងសុខុមាលភាពពីផលប៉ះពាល់សង្គម និងបរិស្ថានជាក់ស្ដែង។ លោកថា ឥទ្ធិពលនៃទំនប់នេះធ្វើឲ្យប៉ះពាល់មច្ឆាជាតិក្នុងទន្លេមេគង្គធំសម្បើម និងការប្រែប្រួលចរន្តទឹក ធ្វើឲ្យបាក់ច្រាំងទន្លេ ៥០ ម៉ែត្រ នៅក្បាលកោះល្ង ដែលជាកន្លែងកម្សាន្តរបស់ភ្ញៀវទេសចរ។ លោកបន្ថែមថា សត្វផ្សោតជាប្រភពប្រាក់ចំណូលរបស់សហគមន៍ព្រះរំកិល បានផ្អើលទៅរស់នៅខ្សែទឹកខាងលើ ធ្វើឲ្យប៉ះពាល់ប្រាក់ចំណូលសហគមន៍ទាំងមូល ដោយសារឥទ្ធិពលទំនប់វារីអគ្គិសនីដនសាហុងកំពុងសាងសង់ ជាប់អន្លង់អភិរក្សផ្សោតនោះ។ លោកអង្កេតឃើញថា ទោះបីជា សហគមន៍ និងពលរដ្ឋព្រួយបារម្ភខ្លាំងបញ្ហានេះ ក្តី គេមិនឃើញអាជ្ញាធរពាក់ព័ន្ធណាមួយ យកចិត្តទុកដាក់ដោះស្រាយ នោះទេ សូម្បីតែក្រុមការងារលោក អាជ្ញាធរតែងគេចវេះមិនសហការផ្ដល់ព័ត៌មានរឿងនេះដែរ៖ «គឺខ្ញុំសម្រេចចុះទៅអង្កេតជាប្រចាំ ទាក់ទិនការវិវត្តន៍ទំនប់វារីអគ្គិសនីដនសាហុង ប្រទេសឡាវ ដែលនៅជាប់ព្រំដែនខ្មែរយើង។ បន្ទាប់មក ពួកខ្ញុំសរសេរញត្តិមួយដាក់ទៅក្រសួងបរិស្ថាន ដើម្បីឲ្យដោះស្រាយបញ្ចៀសផលប៉ះពាល់បន្ថែមទៀត»។
ពលរដ្ឋរស់នៅឃុំព្រះរំកិល លោក ផយ វណ្ណា និយាយថា អាជ្ញាធរជំនាញនៅមិនទាន់ទប់ស្កាត់បទល្មើសគ្រប់ជ្រុងជ្រោយនោះទេ។ លោកថា មន្ត្រីជំនាញឃាត់ខ្លួនបានតែជនសង្ស័យអ្នកទន់ខ្សោយ រីឯក្រុមជនល្មើសមានខ្នងបង្អែក តែងតែរួចខ្លួន។ លោកបារម្ភថា ពលរដ្ឋខ្លះប្រកបមុខរបរនេសាទខុសច្បាប់ជាអាជីពចិញ្ចឹមជីវិត តែនេសាទនៅតំបន់ហាមឃាត់ អាជ្ញាធរជំនាញនៅមិនអនុវត្តច្បាប់បាននៅឡើយទេ៖ «ចាប់បានតែអ្នកទន់ខ្សោយ បើអ្នកមានខ្នងបង្អែកនៅតែរួចខ្លួន។ អាជ្ញាធរទប់ទល់ច្រើនណាស់ដែរ តែនៅតែមិនឈ្នះបទល្មើស ក្នុងមួយបទល្មើសជាង ២០ដងគាត់អន្តរាគមន៍បានតែ ៣ ទៅ ៥ដងទេ»។
សកម្មជនការពារសង្គម និងបរិស្ថាន បន្ថែមថា ប្រជាជនរស់នៅកៀកទំនប់វារីអគ្គិសនីដនសាហុង ក្នុងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ភ័យព្រួយពីអាយុជីវិតអាចកើតមានថ្ងៃខាងមុខ នៅពេលដែលមានការបាក់ទំនប់វារីអគ្គិសនីសេពានសេណាមណយ នៅប្រទេសឡាវកន្លងទៅ ខណៈដែរទំនប់វារីអគ្គិសនីដនសាហុង មានភូមិសាស្ត្រ នៅក្បែរភូមិកំណើតរបស់ពួកគេមិនដល់ ២គីឡូម៉ែត្រ។ លើសពីនេះ ក្តីកង្វល់ជាច្រើន ដែលសហគមន៍នៅតំបន់នោះបានតវ៉ា និងដាក់ញត្តិ ស្នើឲ្យមានការទទួលខុសត្រូវពីផលប៉ះពាល់បរិស្ថាន និងសង្គម តែមកទល់ពេលនេះគ្មានការបកស្រាយជាវិជ្ជមានណាមួយ ពីភាគីឡាវ និងអាជ្ញាធរកម្ពុជានៅឡើយទេ៕
