មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​អំពាវនាវ​ឲ្យ​ឈ្មួញ​ឈប់​ធ្វើ​អាជីវកម្ម​ខ្សាច់​ខុស​ច្បាប់

ដោយ អ៊ុក សាវបូរី
2015.04.02
ឌិត ទីណា ៦២០ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ពិគ្រោះ​យោបល់​នា​សណ្ឋាគារ​សាន់វ៉េ (Sunway Hotel) កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Ouk Savborey

ក្រសួង​រ៉ែ និង​ថាមពល បាន​ហៅ​ការ​លួច​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​អាជ្ញាប័ណ្ណ ថា​ជា​សកម្មភាព​ល្មើស​ច្បាប់ ដែល​នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់​គ្រប់គ្រង​ធនធាន​រ៉ែ ព្រោះ​ការ​បូម​ខ្សាច់​អាច​បណ្ដាល​ឲ្យ​បាក់​ច្រាំង​ទន្លេ បើ​គ្មាន​ការ​សិក្សា​ថ្មី​ពី​ផល​ប៉ះពាល់ និង​លទ្ធភាព​ដែល​អាច​ធ្វើ​អាជីវកម្ម​បាន មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​នោះ។

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា អំពាវនាវ​ឲ្យ​ក្រុមហ៊ុន និង​អាជីវករ​នៅ​ខេត្ត​កណ្តាល និង​រាជធានី​ភ្នំពេញ បញ្ឈប់​ធ្វើ​អាជីវកម្ម​ខ្សាច់​ខុស​ច្បាប់​រយៈពេល ៣​ខែ ទៅ ៦​ខែ ដោយ​រង់ចាំ​ការ​សិក្សា​ផល​ប៉ះពាល់​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន ចប់​សិន។

ការ​សិក្សា​ពី​ផល​ប៉ះពាល់​ថ្មី​នេះ នឹង​ពិនិត្យ​ឡើង​វិញ​ទីតាំង​ដែល​អាច​អនុញ្ញាត​ឲ្យ​បូម​ខ្សាច់​បាន ដែល​មិន​ធ្វើ​ឲ្យ​បាក់​ដី​ច្រាំង​ទន្លេ ការ​បិទ​ផ្លាក​កាណូត សាឡង់ ដែល​ធ្វើ​អាជីវកម្ម​ខ្សាច់​ស្រប​ច្បាប់ ការ​ផ្គត់ផ្គង់​ខ្សាច់​ទៅ​ទីផ្សារ ការ​ផ្តល់​អាជ្ញាប័ណ្ណ​ដោយ​ដាក់​ឲ្យ​ដេញ​ថ្លៃ​ជាដើម ឲ្យ​អាជីវករ និង​អាជ្ញាធរ​មូលដ្ឋាន​សម្រេច។

លោក​បន្ត​ថា ការ​សិក្សា​ផល​ប៉ះពាល់​ថ្មី​នេះ​ត្រូវ​ធ្វើ​មួយ​ឆ្នាំ​ម្តង ព្រោះ​ទន្លេ​អាច​ប្ដូរ​របត់​ទឹក​ហូរ អាច​កន្លែង​ខ្លះ​ខ្សាច់​ដុះ​ច្រើន​ចាំបាច់​ត្រូវ​បូម​ចេញ ឯ​កន្លែង​ខ្លះ​មិន​អាច​បូម​បាន​ជាដើម៖ «នៅ​ពេល​ដែល​យើង​បាន​ស្នើសុំ​ឲ្យ​អាជីវករ​ដែល​អត់​ទាន់​មាន​អាជ្ញាប័ណ្ណ កុំ​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់ គឺ​ជា​ការ​តម្រូវ​នៃ​ច្បាប់ ហើយ​ដែល​យើង​នឹង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​ក្នុង​រយៈពេល​ដែល​អាជ្ញាប័ណ្ណ​គាត់​មិន​ទាន់​មាន ចាំ​រង់ចាំ​ការ​សិក្សា​ឲ្យ​ច្បាស់លាស់​របស់​យើង យើង​បាន​ជម្រាប​ជូន​គាត់ អាច​មាន​រយៈពេល​ពី ៣​ខែ​ទៅ ៦​ខែ ទៅ​តាម​ការ​ដែល​សិក្សា​ជាក់ស្តែង ពីព្រោះ​អី​ចំណុច​នេះ​យើង​ត្រូវ​ការ​ឲ្យ​ច្បាស់លាស់ ដើម្បី​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ចេញ​ទៅ​មិន​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បញ្ហា​បាក់​ច្រាំង​ទន្លេ។ អ៊ីចឹង​ហើយ​បាន​ជា​យើង​បាន​ពិនិត្យ​ជាមួយ​គ្នា​ឲ្យ​ឯកភាព​ជាមួយ​គ្នា ហើយ​បើ​សិន​ជា​ការ​សិក្សា​ចេញ​ទៅ ស្រាប់​តែ​អាច​មាន​កន្លែង​មួយ​ចំនួន​ដែល​ធ្លាប់​មាន​អាជ្ញាប័ណ្ណ​ទៅ​ជា​កន្លែង ពេល​ដែល​ទន្លេ​វា​មាន​ការ​ប្រែប្រួល​ទៅ គឺ​លែង​អាច​ផ្តល់​អាជ្ញាប័ណ្ណ​បាន គឺ​ចំណុច​នេះ​គាត់​នឹង​ត្រូវ​បាត់បង់​កន្លែង​ដែល​គាត់​ធ្វើ​ពី​មុន​នោះ​ហើយ ព្រោះ​អី​យើង​ត្រូវ​អនុវត្ត​យ៉ាង​ណា​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ការ​សិក្សា​ជាក់ស្តែង ហើយ​ចៀសវាង​ផល​ប៉ះពាល់​ទៅ​លើ​ប្រជាជន​យើង»

ការ​អំពាវនាវ​របស់​ក្រសួង​រ៉ែ និង​ថាមពល ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៥ នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ពិគ្រោះ​យោបល់​ពាក់ព័ន្ធ​នឹង​ការ​ផ្គត់ផ្គង់ និង​តម្រូវ​ការ​ខ្សាច់​រវាង​ក្រសួង​រ៉ែ និង​ថាមពល អាជ្ញាធរ​ខេត្ត​កណ្តាល មន្ត្រី​រាជធានី​ភ្នំពេញ មន្ត្រី​តុលាការ និង​អាជីវករ​ប្រមាណ ៥០​នាក់​នៅ​សណ្ឋាគារ​សាន់វ៉េ (Sunway Hotel)។

លោក ឌិត ទីណា បន្ត​ថា ការ​ផ្អាក​អាជីវកម្ម​ខ្សាច់​នេះ គឺ​ផ្ដោត​តែ​ចំពោះ​ក្រុមហ៊ុន​ដែល​អត់​ច្បាប់ ឬ​អស់​សុពលភាព​អាជ្ញាប័ណ្ណ ហើយ​នៅ​លួច​លាក់​ធ្វើ​អាជីវកម្ម​ខ្សាច់​ទៀត​នោះ។ បើ​នៅ​តែ​លួច​បូម ឬ​ជីក​ខ្សាច់ ក្រសួង​រ៉ែ និង​ថាមពល នឹង​អនុវត្ត​ទោស​ទៅ​តាម​មាត្រា​៣៥ នៃ​ច្បាប់​គ្រប់គ្រង​ធនធាន​រ៉ែ និង​ពិន័យ​ជា​ប្រាក់​ច្រើន​លាន​រៀល។ លោក​បន្ត​ថា ចំពោះ​ក្រុមហ៊ុន​ដែល​អាជ្ញាប័ណ្ណ​នៅ​សុពលភាព​អាច​បន្ត​អាជីវកម្ម​បាន។ លោក​ឲ្យ​ដឹង​ថា ការ​បូម​ខ្សាច់​ទន្លេ គឺ​មាន​តែ​ក្រុមហ៊ុន សុខ ទៀង មួយ​គត់​ដែល​អាជ្ញាប័ណ្ណ​នៅ​មាន​សុពលភាព ហើយ​កំពុង​បូម​ខ្សាច់​ទន្លេ​នៅ​កោះ​អន្លង់ចិន ខេត្ត​កណ្ដាល។ លោក​ថា ករណី​កាណូត​បូម​ខ្សាច់​នៅ​ម្តុំ​មុខ​ព្រះបរមរាជវាំង ជ្រោយចង្វារ ស្រុក​ល្វាឯម ស្រុក​ស្អាង ស្រុក​មុខកំពូល ជាដើម គឺ​គ្មាន​ច្បាប់​អនុញ្ញាត​ទេ។ លោក​បន្ត​ថា កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​ទៅ​នេះ មន្ត្រី​អធិការកិច្ច​ក្រសួង​រ៉ែ និង​ថាមពល ចាប់​បាន​ទូក ២​គ្រឿង ដែល​លួច​បូម​ខ្សាច់​ក្នុង​ទន្លេ​ពេល​យប់​នៅ​ខេត្ត​កណ្ដាល។ មន្ត្រី​អធិការកិច្ច​ក្រសួង​នេះ​បាន​ហៅ​អប់រំ ណែនាំ​ឲ្យ​ផ្អាក​បូម​ខ្សាច់​រួច​ស្រេច​ហើយ។

នៅ​ក្នុង​ការ​ពិភាក្សា​ពី​អាជីវកម្ម​ខ្សាច់​នោះ តំណាង​ក្រុមហ៊ុន​ផល​ខ្មែរ​អភិវឌ្ឍន៍ លោក មួង សៅខន ថ្លែង​ថា ក្រុមហ៊ុន​បាន​ផ្អាក​អាជីវកម្ម​បូម​ខ្សាច់​ទន្លេ​នៅ​ព្រែក​ទន្លាប់ ព្រំប្រទល់​ខេត្ត​កណ្ដាល និង​ខេត្ត​ព្រៃវែង ៥​ឆ្នាំ​ហើយ ដោយសារ​ក្រុមហ៊ុន​នេះ​សុំ​អាជ្ញាប័ណ្ណ​នាំ​ចេញ​ខ្សាច់ តែ​គេ​បិទ។ ឥឡូវ​ក្រសួង​រ៉ែ និង​ថាមពល ឲ្យ​រង់ចាំ​ពី ៣ ទៅ ៦​ខែ គឺ​ក្រោយ​ពី​សិក្សា​ផល​ប៉ះពាល់​រួច​រាល់ ការ​ហាម​នោះ គឺ​វា​ប៉ះពាល់​ដល់​របរ​រក​ស៊ី និង​ការ​បើក​ប្រាក់​ខែ​ជូន​កម្មករ និង​បង់​ថ្លៃ​ជួល​ម៉ាស៊ីន គ្រឿងចក្រ​ជាដើម។ លោក​មិន​បង្ហាញ​ការ​ខាត​បង់​ពី​ប្រាក់​ចំណូល​ប្រចាំ​ខែ​ទេ៖ «បើ​បាន​ធ្វើ​ទៅ​ទើប​បាន​ចំណេញ បើ​អត់​បាន​ធ្វើ វា​អត់​បាន​ចំណេញ។ សួរ​ថា​បាន​ចំណេញ​ប៉ុន្មាន​ខាត​ប៉ុន្មាន? ខ្ញុំ​ឆ្លើយ​ម៉េច​រួច ព្រោះ​អា​ហ្នឹង​សំខាន់ ថា​ពេល​ដែល​យើង​បើក វា​មាន​អ្នក​ទិញ​ប៉ុន្មាន? ដល់​ពេល​យើង​បិទ​វា​អស់​ប៉ុន្មាន? រួច​អ្នក​ទិញ​វា​អត់​ទៀត ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក​ក៏​ខុស​គ្នា​ដែរ»

ដូច​គ្នា​ដែរ តំណាង​ក្រុមហ៊ុន​ប្រទេស​កូរ៉េ ផ្នែក​លក់​បេតុង ខាំបូស៊ីយ៉ាណា លោក ឯក រង្ស៊ី ឲ្យ​ដឹង​ថា ចាប់​ពី​ខែ​មីនា មក​បច្ចុប្បន្ន ខ្សាច់​បាន​ឡើង​ថ្លៃ ៥០% ពី​តម្លៃ​មួយ​ម៉ែត្រ​គូប​ជាង ១០​ដុល្លារ ទៅ​ជាង ២០​ដុល្លារ ខ្សាច់​គ្រើម។ បើ​ក្រសួង​រ៉ែ និង​ថាមពល នៅ​តែ​ពន្យារ​ការ​បូម​ខ្សាច់​ទន្លេ និង​ជីក​ខ្សាច់​ចាប់​ពី ៣​ខែ​ទៅ ៦​ខែ រាប់​ពី​ខែ​មេសា នេះ​ទៅ វា​អាច​ប៉ះពាល់​ការ​ចែក​ចាយ​បេតុង​របស់​ក្រុមហ៊ុន​សំណង់​នេះ​ដែរ៖ «សង្ឃឹម​ថា​ទិញ​ខ្សាច់​បក ប៉ុន្តែ​ខ្សាច់​បក​វា​ថ្លៃ ១៣​ដុល្លារ​ក្នុង​១​គូប ឬ ១៥​ដុល្លារ»

ទោះ​ជា​មាន​ការ​ត្អូញត្អែរ​ពី​ក្រុម​អាជីវករ​ដូច្នេះ​ក្តី រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល នៅ​តែ​ប្រកាស​ឲ្យ​រង់ចាំ​ពី ៣​ខែ​ទៅ ៦​ខែ ក្រោយ​ការ​ចុះ​សិក្សា​ផល​ប៉ះពាល់​សេដ្ឋកិច្ច បរិស្ថាន និង​សង្គម រួច​រាល់​សិន ទើប​ចេញ​អាជ្ញាប័ណ្ណ​ថ្មី ឬ​បន្ត​អាជ្ញាប័ណ្ណ​ចាស់​ឲ្យ​ទៅ​អាជីវករ និង​ក្រុមហ៊ុន​ទាំងអស់​បាន។

លោក ឌិត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​មហាជន​ចូលរួម​ផ្តល់​ដំណឹង​ពី​ការ​លួច​បូម​ខ្សាច់​ខុស​ច្បាប់​នេះ គឺ​សូម​ទាក់ទង​ទូរស័ព្ទ​លេខ ៧២៧ និង​លេខ  ០៩៥ ៧២៧ ៧២៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។