ជនជាតិ​ដើម​ភាគតិច​ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​ផល​ប៉ះពាល់​ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ

ដោយ ឡេង ម៉ាលី
2014.07.01
Share on WhatsApp
Share on WhatsApp
អង្គការ​អាដហុក ៦១០ អង្គការ​អាដហុក (Adhoc) ធ្វើ​សន្និសីទកាសែត ស្ដីពី​ការ​រង​​អំពើ​ហិង្សា និង​​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ របស់​ជនជាតិ​ដើម​ភាគ​តិច​​នៅ​ទូទាំង​ប្រទេស នៅ​ស្នាក់​ការ​កណ្ដាល កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Leng Maly

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​នៃ​ការ​ប្រើ​អំពើ​ហិង្សា ការ​គំរាម​កំហែង និង​ការ​ចោទ​ប្រកាន់​សកម្ម​ជន​ការពារ​ធនធាន​ធម្មជាតិ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា។

ការ​ព្រួយ​បារម្ភ​អំពី​ការ​​ប្រើ​អំពើ​ហិង្សា ការ​គំរាម​កំហែង និង​ការ​ចោទ​ប្រកាន់សកម្ម​ជន​ការពារ​ធនធាន​ធម្មជាតិ​ ត្រូវ​បាន​តំណាង​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ចំនួន ៩​រូប បង្ហាញ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​សម្របសម្រួល​ដោយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាហុក (ADHOC) នា​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១ កក្កដា។

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ព្នង​មួយ​រូប លោកស្រី ខ្វើង ទុំ ថ្លែង​ថា អ្នក​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី កំពុង​តែ​ព្រួយបារម្ភ​ពី​ការ​គំរាមកំហែង​ដល់​អាយុជីវិត​ពី​ក្រុម​ឈ្មួញ និង​អ្នក​មាន​អំណាច​នៅ​ក្នុង​ខេត្ត​នេះ៖ «សហគមន៍​ប្រមូល​ផ្ដុំ​គ្នា​ទៅ​ល្បាត។ ទៅ​លើក​ទី​មួយ​អត់​អី​ទេ ទី​បី​អត់​អី​ទេ។ លើក​ទី​បួន​ហ្នឹង បាន​ធ្វើ​សកម្មភាព​គំរាម​កំហែង​ពួក​ខ្ញុំ។ ជា​រឿយៗ ពេល​ល្បាត ប្រាប់​មេ​ភូមិ​មេ​ឃុំ គេ​ថា មិន​បាច់​ទៅ​ល្បាត​ទេ ប្រយ័ត្ន​គេ​សម្លាប់​ចោល មាន​រឿងរ៉ាវ​ប្រឈម​គ្រោះថ្នាក់»

មន្ត្រី​ស៊ើបអង្កេត​សមាគម​សិទ្ធិមនុស្ស​អាដហុក ឱ្យ​ដឹង​ថា ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន វីឡេក ឌីវឺឡប់ម៉ែន (Village Development) ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​នៅ​ទី​នោះ។

អ្នកភូមិ​មួយ​រូប​ទៀត គឺ​លោកស្រី មអារ ងំ មាន​ប្រសាសន៍​ថា ពួក​អ្នក​ឡៅកា ចាប់​មាន​បញ្ហា​មិន​អាច​ប្រកប​របប​រក​អនុផល​ក្នុង​ព្រៃ​ឈើ​បាន​ចាប់​តាំង​ពី​ឆ្នាំ​២០១០ មក គឺ​នៅ​ពេល​ក្រុមហ៊ុន​ឈូស​ឆាយ​ដី និង​កាប់​ឈើ​ប្រណិត​នៅ​ព្រៃ​សហគមន៍​របស់​ពួក​គាត់៖ «ពួក​ខ្ញុំ​មិន​អាច​រកស៊ី​បាន។ ឥឡូវ​ហ្នឹង​មិន​អាច​ដើរ​ព្រៃ​ម្នាក់​ឯង​បាន​ទេ។ ពី​មុន​ដើរ​សេរី ខ្លាច​តែ​ខ្មោច​ទេ។ ឥឡូវ​ខ្លាច​មនុស្ស។ គេ​គំរាម​កំហែង ខ្លាច​មែនទែន។ បើ​ដើរ​បួន​ដប់​នាក់​ម្ភៃ​នាក់។ ពី​មុន​តែ​ពីរ​ក៏​បាន​ដែរ​ដើរ​ព្រៃ តែ​ឥឡូវ​យ៉ាប់»

ក្នុង​រយៈ​ពេល​ដើម​ឆ្នាំ​២០១៤ នេះ អ្នក​ភូមិ​ឡៅកា បាន​ល្បាត​ការពារ​ព្រៃ​សហគមន៍​ចំនួន ៤ លើក​រួច​មក​ហើយ ហើយ​ចាប់​បញ្ជូន​សម្ភារៈ​មួយ​ចំនួន​បញ្ជូន​ទៅ​អាជ្ញាធរ ប៉ុន្តែ​រាល់​លើក​អាជ្ញាធរ​ប្រគល់​សម្ភារៈ​ទាំង​នោះ​ទៅ​ឱ្យ​ក្រុមហ៊ុន​វិញ។ ពួក​អ្នកភូមិ​ឡៅកា ​នាំ​គ្នា​មក​រក​អន្តរាគមន៍​ពី​សមាគម​សិទ្ធិ​អាដហុក នៅ​រាជ​ធានី​ភ្នំពេញ គឺ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ពេល​ដែល​គាត់​អស់​ជំនឿ​លើ​អាជ្ញាធរ​នៅ​មូលដ្ឋាន។ ពួក​គាត់​ថ្លែង​ថា ពួក​គាត់​នឹង​បន្ត​សកម្មភាព​ការពារ​ព្រៃ​សហគមន៍​នោះ​ត​ទៀត។

ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា ថ្លែង​ថា ក្នុង​អំឡុង​ដើម​ឆ្នាំ​២០១៤ មាន​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ជា​ជន​ជាតិ​ដើម​ភាគ​តិច​យ៉ាង​ហោច​ណាស់ ១១០​នាក់ រង​អំពើ​ហិង្សា ការ​គំរាមកំហែង ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ។

លោក នី ចរិយា បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ និង​កត់​សម្គាល់​ចំពោះ​ឥរិយាបថ​របស់​អាជ្ញាធរ​មូលដ្ឋាន​ ដែល​មិន​សូវ​អើពើ​ទទួល​ស្គាល់ និង​គាំទ្រ​សកម្មភាព​របស់​អ្នក​ការពារ​ធនធាន​ធម្មជាតិ​ទាំង​នោះ​ទេ ហើយ​ចាត់​ទុក​សកម្មជន​ការពារ​ព្រៃឈើ​ទាំង​នោះ​ថា ជា​អ្នក​រារាំង​ការ​អភិវឌ្ឍន៍​ទៅវិញ៖ «ចំពោះ​ខ្ញុំ​មួយ បើ​សិន​ជា​នៅ​បន្ត​អ៊ីចឹង​ទៀត ម្ដង​ហ្នឹង​ប្រហែល​ជា​ដូច​ជា​ឡាន​ហ្នឹង ពួក​ខ្ញុំ​ដើរ​ល្បាត​លើក​ក្រោយ​ដុត​ហើយ អត់​ទុក​ទេ។ ផ្ញើ​សារ​ទុក​ប្រាប់​អ៊ីចឹង។ មិន​យក ឬ​លី​ទៅ​រួច​ទេ។ បើ​សិន​ជា​ឡាន​ជួប​ទៀត ខ្ញុំ​សុំ​ដុត​មែន​ទែន​ហើយ ខ្ញុំ​សុំ​ប្រាប់​អ៊ីចឹង។ បើ​ថា​ត្រង់ហ្សើនើរ អាច​យក​មក​ផ្ទះ​បាន។ ហេតុ​អី​បាន​ជា​ពួក​ខ្ញុំ​មិន​ចង់​ឱ្យ​ទៅ​គេ ត្រង់ហ្សើនើរ? គ្រាន់​តែ​យក​ឡាន​ជូន​ទៅ​គេ គេ​ពន្លែង​អស់​រលីង ហើយ​មិន​បាន​កាត់​ទោស​ពី​តុលាការ អត់​បាន​សម្រេច​ពី​តុលាការ​ផង​ហ្នឹង។ គេ​លែង​ចេញ»

លោក​ នី ចរិយា ឱ្យ​ដឹង​ថា បន្ទាប់​ពី​សន្និសីទ​សារព័ត៌មាន​អំពី​បញ្ហា​ព្រៃឈើ និង​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ភូមិ​ឡៅកា ខេត្ត​មណ្ឌលគិរី លោក​នឹង​ផ្ញើ​សារ​ទាំង​នេះ​ដល់​ថ្នាក់​ដឹកនាំ​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​យក​ចិត្ត​ទុកដាក់​ឡើង​វិញ ក្នុង​ការ​ធានា​សុវត្ថិភាព​តំណាង​សហគមន៍ និង​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​ខំ​ការពារ​ធនធាន​ធម្មជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។