បញ្ហាប្រឈមរបស់ជនជាតិដើមភាគតិចក្រោយក្រុមហ៊ុនកាប់ឈើតំបន់ព្រៃឡង់
2013.05.17

ព្រៃឡង់ ឬព្រៃស្រោង នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលលាតសន្ធឹងជាប់នឹងព្រំប្រទល់ខេត្តព្រះវិហារ ត្រូវបានក្រុមឈ្មួញ និងជនល្មើសកាប់ឈើយ៉ាងអានាធិបតេយ្យ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ប៉ុន្តែ យ៉ាងនេះក្ដី ការកាប់បំផ្លាញព្រៃឡង់ជាទ្រង់ទ្រាយធំនៅក្នុងស្រុកសណ្ដាន់ នោះ ត្រូវបានសហគមន៍ការពារព្រៃឈើ បានឲ្យដឹងថា ក្រុមហ៊ុនវៀតណាម ឈ្មោះ ស៊ី.អ.ស៊ី.ខេ (CRCK) បានកាប់ទន្ទ្រាននៅតំបន់ព្រៃឡង់ជាទ្រង់ទ្រាយធំអស់រាប់ពាន់ហិកតារ ទោះបីជាបណ្ដាញសហគមន៍ការពារព្រៃឡង់មកពីខេត្តក្រចេះ ព្រះវិហារ ស្ទឹងត្រែង និងកំពង់ធំ បានប្រើមធ្យោបាយគ្រប់រូបភាព ដើម្បីទប់ស្កាត់ការកាប់រានព្រៃឈើរបស់ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ក៏ដោយ ប៉ុន្តែការកាប់រានព្រៃស្រោងរបស់ក្រុមហ៊ុននេះ នៅតែមានសកម្មភាពកាប់ដដែល។
ក្រុមសហគមន៍ជនជាតិដើមភាគតិចកួយ នៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ បានលើកឡើងថា ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ទទួលបានដីសម្បទានសេដ្ឋកិច្ចនេះហាក់បីដូចជាមានគោលបំណងកាប់ឈើជារឿងសំខាន់ជាងវិនិយោគដាំដើមកៅស៊ូ។
នៅក្រោមពន្លឺថ្ងៃក្ដៅហែងនៅពេលថ្ងៃ គ្មានម្លប់ដើមឈើដូចកាលពីមុនទៀតទេ នៅតំបន់ព្រៃឡង់ ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ តំបន់នេះបានប្រែក្លាយទៅជាទីវាលលាតសន្ធឹងល្វឹងល្វើយមើលទៅឆ្ងាយដាច់កន្ទុយភ្នែក ដោយសារតែការកាប់រានព្រៃឈើធំៗអស់។
តំបន់ព្រៃឡង់ ឬព្រៃស្រោង ដែលជាសម្បត្តិធម្មជាតិបន្សល់ទុកពីជីដូនជីតារាប់ពាន់ឆ្នាំមកហើយនោះ បាត់បង់មួយរំពេច ដោយសារតែគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាល តាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនដាំដើមកៅស៊ូ នៅតំបន់ព្រៃឡង់ ស្ថិតនៅស្រុកសណ្ដាន់។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ព្រៃឡង់ ដែលជាព្រៃធម្មជាតិចុងក្រោយ មានដើមឈើធំៗ និងមានជីវចម្រុះជាច្រើនប្រភេទនៅតំបន់អូរនាវ អន្លង់គគីរ ព្រៃនាងគួរ និងតំបន់មួយចំនួនផ្សេងៗទៀតក្នុងស្រុកសណ្ដាន់ បានក្លាយទៅជាទីវាលល្ហល្ហេវ ស្ទើរតែមិនគួរឲ្យជឿថាតំបន់នោះជាតំបន់ព្រៃឈើធំៗកាលពីប៉ុន្មានឆ្នាំមុន។ អ្វីដែលនៅសេសសល់នោះ គឺដើមឈើធំៗមួយចំនួនត្រូវបានក្រុមហ៊ុនដុតចោល តែមិនឆេះអស់ និងគំនរឈើដែលអារទុកនៅលើដីវាល ដែលក្រុមហ៊ុនរក្សាទុកមុននឹងដឹកចេញពីតំបន់ដីវាលនោះ។
ប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយ នៅភូមិស្រែវាល ឃុំដងកាំបិត ឈ្មោះ សុខ ផ្លក បានរៀបរាប់ថា សព្វថ្ងៃនេះពួកគាត់គ្មានការងារអ្វីធ្វើទៀតទេ ពីព្រោះមុខរបរប្រចាំថ្ងៃរបស់ពួកគាត់ដែលពឹងអាស្រ័យលើអនុផលព្រៃឈើនោះ ត្រូវបានក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ បានបំផ្លាញអស់ទៅហើយ។ លោកបញ្ជាក់ថា ទោះបីជាក្រុមហ៊ុនផ្ដល់ការងារឲ្យប្រជាពលរដ្ឋធ្វើក្ដី ប៉ុន្តែចំណូលប្រចាំថ្ងៃតាមរយៈស៊ីឈ្នួលក្រុមហ៊ុន រកមិនបានច្រើនទៀត ពេលខ្លះក្រុមហ៊ុនជំពាក់ថ្លៃឈ្នួលទៀត។ លោក សុក ផ្លក អះអាងថា កាលពីមុន គាត់ទៅរកជ័រច្បោះក្នុងមួយថ្ងៃបានជាង ៣ម៉ឺនរៀល៖ «កាលពីមុននៅព្រៃឡង់ បើសិនជានៅតែបណ្ដោយទៀត គេនឹងកាប់អស់»។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ មិនត្រឹមតែកាប់ដើមច្បោះដែលបន្សល់ទុកពីជីដូនជីតារបស់ពួកគាត់ប៉ុណ្ណោះទេ រីឯដីចម្ការរបស់ពួកគាត់នៅក្បែរភូមិ ក៏ក្រុមហ៊ុនវាតទីយកដែរ ដោយក្រុមហ៊ុនសន្យាថានឹងផ្ដល់សំណង តែរហូតមកទល់ពេលនេះ មិនទាន់ផ្ដល់សំណងជូននៅឡើយ។
ស្ត្រីមេម៉ាយកូន ៦នាក់ មួយរូបឈ្មោះ រឿង រើយ បានរៀបរាប់ទាំងក្ដីអស់សង្ឃឹមថា កាលពីមុន គាត់បានចំណូលពីការរកអនុផលព្រៃឈើ និងចម្ការស្វាយ និងម្នាស់របស់គាត់ តែសព្វថ្ងៃនេះ ក្រៅពីក្រុមហ៊ុនបានកាប់ដើមច្បោះរបស់ពួកគាត់ ក្រុមហ៊ុនក៏ទន្ទ្រានយកដីចម្ការរបស់គាត់ថែមទៀត។ ស្ត្រីដដែលបានរំឭកអំពីការតស៊ូដើម្បីបានដីចម្ការថា កាលពីជាង ១០ឆ្នាំមុន អ្នកស្រី និងស្វាមី បានតស៊ូកាប់រានដីព្រៃបានប្រមាណ ៥ហិកតារ ដើម្បីធ្វើចម្ការ តែជាអកុសល ស្វាមីរបស់គាត់ត្រូវពស់ចឹកស្លាប់ពេលកាប់រានដីព្រៃនោះ។ ហើយកេរមរតកដីចម្ការបន្សល់ពីស្វាមី ត្រូវបានក្រុមហ៊ុនយកទៅវិញ៖ «មន្ទីរបក្សប្រជាជនកម្ពុជា បានផ្ដិតមេដៃខ្ញុំម្ដងហើយ ដោយសន្យាថានឹងជួយរកសំណងឲ្យ តែឥឡូវនេះ គេថាអត់បានទេយូរហើយ»។
បន្ថែមពីលើនេះទៀត ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រៅពីផលប៉ះពាល់បាត់មុខរបរ និងដីចម្ការនោះ គឺប៉ះពាល់លើការចិញ្ចឹមសត្វពាហនៈថែមទៀត ពីព្រោះថាគោក្របីរបស់ពួកគាត់ មិនអាចលែងដូចកាលពីមុនទៀតទេ។ អ្នកយាមដីក្រុមហ៊ុនមិនឲ្យគោដើរឆ្លងកាត់នោះឡើយ។ អ្នកភូមិបញ្ជាក់ថា កាលពីមុន សត្វគោក្របី ជាប្រភពចំណូលប្រចាំឆ្នាំមួយរបស់ពួកគាត់ ដែលពួកគាត់លក់នៅពេលត្រូវការលុយ តែសព្វថ្ងៃនេះ មិនអាចចិញ្ចឹមសត្វគោក្របីបានដូចកាលពីមុនទៀតទេ។
អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន មានប្រសាសន៍ថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅគ្រប់ក្រុមហ៊ុនទាំងអស់នៅកំពង់ធំ អាជ្ញាធរខេត្តបានចុះទៅសិក្សាពីផលប៉ះពាល់ច្បាស់លាស់ មុននឹងធ្វើការសម្រេចចិត្ត។ លោក អ៊ុត សំអន បានពន្យល់ថា ការកាប់ឈើនោះមិនមែនជាក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ទេ គឺជាក្រុមហ៊ុនក្នុងស្រុកទេ ដែលទទួលសិទ្ធិវិនិយោគទទួលឈើ និងមានការត្រួតពិនិត្យត្រឹមត្រូវ រីឯក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ យកតែដីតែប៉ុណ្ណោះទេ។
ទោះបីជាយ៉ាងនេះក្ដី បណ្ដាញការពារព្រៃឡង់ លោក ម៉ិញ នី បានអះអាងថា គោលបំណងធំរបស់ក្រុមហ៊ុនវៀតណាម ស៊ី.អ.ស៊ី.ខេ នេះ គឺការកាប់ឈើដែលឈើមួយចំនួនអារកែច្នៃក្នុងស្រុក និងមួយចំនួនទៀតដឹកយកទៅប្រទេសវៀតណាម ឆ្លងកាត់ខេត្តកំពង់ចាម។
ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលប្រមាណ ៦ពាន់ហិកតារ។ របាយការណ៍ពីមន្ទីរកសិកម្ម ខេត្តកំពង់ធំ បានសរសេរថា គិតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ ក្រុមហ៊ុននេះឈូសឆាយដីបានជិត ៤ពាន់ហិកតារ និងដាំកៅស៊ូបានជាង ២.៥០០ហិកតារ។
ទោះបីជាយ៉ាងនេះក្ដី បណ្ដាញការពារព្រៃឡង់ បានលើកឡើងថា ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ បានឈូសឆាយដីលើសពីចំនួន ៦ពាន់ហិកតារ ដែលរដ្ឋាភិបាលផ្ដល់ជូនក្នុងគោលបំណងចម្បងដើម្បីកាប់ឈើនាំចេញទៅប្រទេសវៀតណាម។
នៅក្រៅបរិវេណដែលក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ បានកាប់ព្រៃឈើនោះ នៅតំបន់ជុំវិញនោះ ព្រៃឈើក៏ត្រូវបានគេកាប់បំផ្លាញដែរ។ នៅកន្លែងខ្លះ ខាងបរិស្ថានបានដាក់ស្លាកជាប់នឹងដើមឈើ សរសេរថា ហាមកាប់រុករានព្រៃឈើ ប៉ុន្តែនៅខាងក្រោយស្លាកសញ្ញានោះប្រមាណជា ២ម៉ែត្រ ឃើញថាដើមឈើត្រូវបានគេកាប់ផ្ដួល និងយកភ្លើងដុតចោល។ កន្លែងខ្លះទៀត មានសរសេរអក្សរពណ៌ក្រហមដាក់ថា ដីកំពុងប្ដឹងផ្ដល់ទៅតុលាការជាដើម។
ទិដ្ឋភាពជាទូទៅនៅតំបន់ព្រៃឡង់ នៅក្នុងស្រុកសណ្ដាន់ ដែលជាប់ព្រំប្រទល់ខេត្តព្រះវិហារ នោះ លែងមានព្រៃឈើធំៗទៀតហើយ ដោយសារតែការកាប់រាន។ អ្នកភូមិអះអាងថា ពិសេសក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ពីព្រោះថានៅមិនឆ្ងាយពីទីតាំងក្រុមហ៊ុនឈូសឆាយប៉ុន្មាន គឺមានការដ្ឋានអារឈើដ៏ធំមួយនៅកន្លែងនោះ ដែលគេយកស័ង្កសីបាំងព័ទ្ធជារបងជុំវិញ មានផ្ទៃដីរាប់សិបហិកតារ។ ទីតាំងអារឈើនោះ អ្នកស្រុកអះអាងថា ជាការដ្ឋានរបស់ក្រុមហ៊ុន។ នៅកន្លែងទ្វារចូល សរសេរអក្សរពណ៌ក្រហមធំៗថា ហាមចូល។
ដ្បិតតែការទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលរបស់ក្រុមហ៊ុនវៀតណាម ស៊ី.អ.ស៊ី.ខេ ធ្វើឲ្យក្រុមហ៊ុនក្នុងន័យអភិវឌ្ឍដាំដើមកៅស៊ូក្ដី ប៉ុន្តែការកាប់ព្រៃឈើនេះ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើន ពិសេសជនជាតិដើមភាគតិចកួយ ខាតបង់ និងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ បន្ទាប់ព្រៃឈើទាំងនេះបាត់បង់។ ហើយតំបន់ខ្លះដែលនៅសេសសល់ដើមឈើខ្លះៗនោះ គឺឮសំឡេងបក្សាបក្សីស្រែកឆ្លងឆ្លើយគ្នាពីមួយទៅមួយ។
«សំឡេងសត្វ»
ទាក់ទងនឹងបញ្ហានេះ អង្គការឃ្លាំមើលពិភពលោក (Global Witness) បានចេញរបាយការណ៍កាលពីថ្ងៃទី១៣ ឧសភា ថា ក្រុមហ៊ុនចម្ការកៅស៊ូធំពីររបស់វៀតណាម គឺ ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai= HAGL) និងក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group=VRG) កំពុងបង្កវិបត្តិដីធ្លីយ៉ាងធ្ងន់ធ្ងរ បំផ្លាញធនធានធម្មជាតិ រំលោភច្បាប់ និងសិទ្ធិមនុស្ស ដោយគ្មានទោសពៃរ៍នៅក្នុងប្រទេសកម្ពុជា និងឡាវ តាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដាំដើមកៅស៊ូ។ របាយការណ៍នោះបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនវៀតណាម ដែលទទួលអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជា និងឡាវ កំពុងឃុបឃិតជាមួយមន្ត្រីគ្រាក់ៗ ពាណិជ្ជករ និងឧកញ៉ាពុករលួយបំពានច្បាប់ បង្កមហន្តរាយដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាសហគមន៍យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសទាំងពីរ។
ច្បាប់ភូមិបាល និងច្បាប់វិនិយោគ បានចែងថា ក្រុមហ៊ុនមួយមានសិទ្ធិវិនិយោគដីមិនឲ្យលើសពី ១ម៉ឺនហិកតារ។ ប៉ុន្តែ ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ទទួលបានជិត ៥ម៉ឺនហិកតារ និងក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ទទួលបានជាង ១សែន ៦ម៉ឺនហិកតារ។ រូបភាពដែលក្រុមហ៊ុនទាំងពីរទទួលដីបានយ៉ាងច្រើននេះ គឺតាមរូបភាពបំបែកសាខាតូចៗវិនិយោគគ្រប់តំបន់ដែលសម្បូរព្រៃឈើធំៗ ដើម្បីអាចកាប់ឈើយកទៅលក់នៅក្រៅប្រទេស។
ប៉ុន្តែ របាយការណ៍នេះត្រូវបានមន្ត្រីរដ្ឋាភិបាលបានបដិសេធ ថាជារបាយការណ៍មិនបានឆ្លុះបញ្ចាំងពីការពិត។ ហើយជំរុញឲ្យដាក់ពាក្យប្ដឹងរដ្ឋាភិបាល ប្រសិនរកឃើញមានបទល្មើសកាប់ឈើដូចរបាយការណ៍អង្គការឃ្លាំមើលពិភពលោក បានរកឃើញនោះ។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក ឈឹម សាវុធ ជាអ្នកសម្របសម្រួលគម្រោងវេទិកាសាធារណៈ និងបណ្តុះបណ្តាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា បើរដ្ឋាភិបាលចង់ដឹងច្បាស់ថាព្រៃឈើត្រូវបានក្រុមហ៊ុនវៀតណាម កាប់ ឬមិនកាប់នោះ លោកជំរុញមន្ត្រីរដ្ឋាភិបាលចុះទៅពិនិត្យផ្ទាល់នៅស្រុកសណ្ដាន់ នឹងឃើញការពិតថាយ៉ាងណានោះ។
របាយការណ៍របស់មន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនៅទូទាំងខេត្តមានចំនួន ៣៤ក្រុមហ៊ុន លើផ្ទៃដីសរុបជាង ១សែនហិកតារ។
ព្រៃឡង់ជាព្រៃធម្មជាតិចុងក្រោយ ហើយធំជាងគេនៅអាស៊ីអាគ្នេយ៍ មានទំហំប្រមាណ ៣.៦០០គីឡូម៉ែត្រក្រឡា ជាព្រៃស្រោង និងសម្បូរទៅដោយជីវចម្រុះ ដែលជាទីជម្រកសត្វព្រៃចំនួន ២៧ប្រភេទ និងមានឈើប្រណិតៗដ៏មានតម្លៃចំនួន ២០ប្រភេទ គ្របដណ្ដប់ភាគខាងជើងនៃប្រទេសកម្ពុជា លើខេត្តចំនួន៤ គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង។
ម្យ៉ាងវិញទៀត ទោះបីជាអនុក្រឹត្យស្ដីពីសម្បទានដីសេដ្ឋកិច្ចរបស់រដ្ឋាភិបាល បានកំណត់ច្បាស់ពីការចុះត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់ជាមុនយ៉ាងណាក្ដី ប៉ុន្តែជាក់ស្ដែង រដ្ឋាភិបាលមិនសូវអនុវត្តទៅលើអនុក្រឹត្យនេះទាំងស្រុងទេ។ បញ្ហានេះ សហគមន៍ជនជាតិភាគតិចកួយ បានសម្ដែងក្ដីព្រួយបារម្ភពីអនាគតរបស់ពួកគាត់ ថាតើពួកគាត់នឹងរស់នៅយ៉ាងដូចម្ដេច ក្រោយពេលអនុផលព្រៃឈើត្រូវបានបាត់បង់អស់ និងគ្មានដីធ្វើកសិកម្មនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។