សហគមន៍​ខែត្រ​ព្រះវិហារ​ថា ព្រៃ​ព្រះរកា​កំពុង​រង​ការ​កាប់​បំផ្លាញ​កាន់​តែ​ខ្លាំង​ឡើង

ដោយ អាស៊ីសេរី
2017-10-26
Share
ព្រៃ​ព្រះ​រកា ព្រះវិហារ ២០១៦ ៦២២ ដើម​ឈើ​ដែល​ត្រូវ​គេ​កាប់​រំលំ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦
RFA/Chuop Sereyroth

សកម្មភាព​កាប់​ឈើ​យក​ទៅ​ជួញដូរ​ខុសច្បាប់​នៅ​ព្រៃ​ព្រះ​រកា កំពុង​កើតមាន​ជា​រៀងរាល់ថ្ងៃ។ ចំណែក​សហគមន៍​នៅ​តំបន់​នោះ តែង​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​ឱ្យ​ជួយ​បង្ក្រាប ប៉ុន្តែ​មិន​មាន​ចំណាត់​ការ​ណាមួយ​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ។ សកម្មភាព​កាប់​ឈើ​នោះ បង្ក​ឲ្យ​ប៉ះពាល់​ដើមឈើ​ផលិត​ជ័រទឹក​ដែល​ជា​ឆ្នាំងបាយ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​រាប់ពាន់​ដើម។

តំបន់​ព្រៃ​ព្រះរកា ដែល​ឋិត​ក្នុង តំបន់​ប្រជុំ​ភូមិសាស្ត្រ​បី​ស្រុក គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ នៃ​ខេត្ត​ព្រះវិហារ កំពុង​រង​ការ​កាប់​បំផ្លាញ​គ្រប់​ទម្រង់ រីឯ​វិធានការ​ទប់ស្កាត់​របស់​ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រី​ឧទ្យានុរក្ស​នៅ​ទន់ជ្រាយ​នៅឡើយ។ សហគមន៍​ចោទ​ថា មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ទាំងនោះ​ពុំ​មាន​ឆន្ទៈ​ការពារ​សម្បត្តិ​ធម្មជាតិ​តាម​តួនាទី​នោះ​ទេ បែរជា​ចាំតែ​ស្ទាក់​ទារ​ប្រាក់​ពី​អ្នក​ដឹក​ឈើ ជា​ថ្នូរ​នៃ​ការ​ដោះលែង​ទៅវិញ។

ទីប្រឹក្សា​សហគមន៍​ការពារ​ព្រៃឈើ​ព្រះរកា ដែល​ទើប​ត្រឡប់​ពី​ចុះ​ល្បាត​ព្រៃ លោកស្រី នួន ម៉ុម ឲ្យ​ដឹង​នៅ​ថ្ងៃទី២៦ តុលា ថា ការ​លួច​កាប់​ឈើ​តូច និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញពី​ព្រៃ​ព្រះរកា​បាន​កើតមាន​ទាំង​យប់​ថ្ងៃ ប៉ុន្តែ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ធ្វើ​មិន​ដឹង​មិន​ឮ បើ​ទោះ​បី​ជា​សហគមន៍​បាន​ជូន​ដំណឹង​ច្រើន​សា​ក្ដី។ លោកស្រី​កត់​សម្គាល់​ថា នៅ​គ្រា​ដែល​សហគមន៍​ចាប់​គោយន្ត និង ម៉ាស៊ីន​អារ​ឈើ រួច​ប្រគល់​ជូន​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់ មន្ត្រី​ជំនាញ​ទាំងនោះ បាន​សម្របសម្រួល​ជាមួយ​ជនល្មើស​ដោយ​តម្រូវ​ឲ្យ​បង់​ប្រាក់​ផាក​ពិន័យ​រួច​ប្រគល់​វត្ថុ​តាង​វិញ។ មួយ​រយៈ​ក្រោយមក​ក្រុម​ជនល្មើស​ទាំងនោះ​ចូល​ព្រៃ​អារ​ឈើ​ដដែល។ លោកស្រី​រក​ឃើញ​ថា សកម្មភាព​កាប់​ឈើ​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដើមឈើ​ផលិត​ជ័រទឹក របស់​ជនជាតិ​ដើម​ភាគតិច​រាប់ពាន់​ដើម បង្ក​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​ចិញ្ចឹម​ជីវិត​ជនជាតិ​ដើម​ភាគតិច​កួយ​ច្រើន​គ្រួសារ ត្បិត​ជីវភាព​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ​មួយ​ផ្នែក​ពឹង​ផ្នែក​លើ​ការ​ប្រមូល​អនុផល​ព្រៃឈើ។

លោកស្រី នួន ម៉ុម កត់​សម្គាល់​ថា ការ​សម្របសម្រួល​ឲ្យ​អ្នកភូមិ​ទទួលយក​ប្រាក់​សំណង​តិចតួច ពី​ការ​កាប់​បំផ្លាញ​ដើមឈើ​ផលិត​ជ័រ​ទឹកជា​ថ្នូរ គឺជា​យន្តការ​ដោះស្រាយ​របស់​អាជ្ញាធរ ដើម្បី​បញ្ចប់​ការ​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់។ លោកស្រី​ថ្លែង​ថា ដើម​ច្បោះ​ជ័រ​របស់​សហគមន៍​នៅ​សេសសល់​ចុងក្រោយ នឹង​រង​ការ​កាប់​បន្ត​ទៀត ប្រសិន​ក្រុម​អាជ្ញាធរ​មិន​យកចិត្តទុកដាក់​ទប់ស្កាត់ ឬ​ស៊ើបអង្កេត​រក​ជនល្មើស​មក​ផ្ដន្ទាទោស។

ព្រៃ​ព្រះ​រកា ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ៩​ម៉ឺន ៦​ពាន់​ហិកតារ នៅ​ភូមិសាស្ត្រ​ប្រជុំ​បី​ស្រុក គឺ​ស្រុក​ជាំ​ក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប របស់​ខែត្រ​ព្រះវិហារ គឺ​ទទួលរង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ជាង ៤​ឆ្នាំ​មក​ហើយ។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង ប្រធាន​មន្ទីរ​បរិស្ថាន ខែត្រ​ព្រះវិហារ លោក ពីង ទ្រីដា ដើម្បី​សុំ​ការ​អធិប្បាយ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី២៦ តុលា។

អ្នក​សម្របសម្រួល​ផ្នែក​តស៊ូ​មតិ របស់​អង្គការ​ពន្លក​ខ្មែរ ប៉ិក សោភ័ណ សម្ដែង​ក្ដី​បារម្ភ​ខ្លាំង​ពី​ជោគវាសនា​ព្រៃ​ព្រះរកា នឹង​បាត់បង់​ទាំងស្រុង​នៅ​ពេល​ខ្លី​ខាងមុខ ប្រសិនបើ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល នៅតែ​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​បន្ត​កើតមាន​គ្មាន​ទី​បញ្ចប់។ លោក​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ព្រះ​រកា បាន​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ដើមឈើ​ផលិត​ជ័រទឹក​របស់​ជនជាតិ​ដើម​ភាគតិច​កួយ រីឯ​វិធានការ​បង្ក្រាប​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​តិចតួច​បំផុត។ លោក​កត់សម្គាល់​ថា នៅ​គ្រា​ដែល​សហគមន៍​ប្រទះឃើញ សកម្មភាព​កាប់​ឈើ​ក្នុង​ព្រៃ រួច​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ ក៏ប៉ុន្តែ​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ​ហាក់​ធ្វើ​មិន​ដឹង​មិន​ឮ។

លោក ប៉ិក សោភ័ណ បន្ថែម​ថា សហគមន៍​រាយការណ៍​ថា មាន​មន្ត្រី​មួយ​ចំនួន​បាន​ចាំ​ទារ​ប្រាក់​ពី​អ្នក​កាប់​ឈើ​ដោយ​តម្រូវ​ឲ្យ​បង់​ខែ។ ម៉ាស៊ីន​អារឈើ​មួយ​គ្រឿង ត្រូវ​បង់​ប្រាក់​ឲ្យ​សមត្ថកិច្ច​ចាប់ពី ១៥​ម៉ឺន​រៀល ទៅ​២៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ រីឯ​អ្នក​ដឹកឈើ​តាម​គោយន្ត​ត្រូវ​បង់​ក្នុង​មួយ​គោយន្ត ៥​ម៉ឺន​រៀល​ឡើង​ទៅ ទើប​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​នោះ​បាន។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង ស្ថាប័ន​ពាក់ព័ន្ធ រក​មធ្យោបាយ​ការពារ​ព្រៃ​ព្រះ​រកា ឲ្យ​គង់វង្ស ព្រោះ​ព្រៃ​នេះ គឺ​ព្រៃធំ ទី​២ បន្ទាប់ពី​ព្រៃ​ឡង់ ដែល​មាន​សក្កានុពល ដុះ​លូត​លាត់​លាស់​ឈើ​មានតម្លៃ​ច្រើន​ប្រភេទ ជាពិសេស​ដើមឈើ​ផលិត​ជ័រទឹក ដែល​ជា​ប្រភព​ប្រាក់ចំណូល​របស់​សហគមន៍ ជនជាតិ​ដើម​ភាគតិច។

ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​កួយ គឺ​ដង​ជ័រទឹក បោច​វល្លិ រក​ថ្នាំ​បុរាណ និង​រក​ឃ្មុំ​ជាដើម។ ការ​គាំពារ​ព្រៃឈើ​ឲ្យ​គង់វង្ស គឺជា​ក្ដី​ប្រាថ្នា​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ដែល​ជា​ផ្នែក​មួយ​ជួយ​អភិរក្ស​បរិស្ថាន​ធម្មជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល