បឹង​ធម្មជាតិ​ជាង១០ ទទួលរង​ការ​រំលោភ​បំពាន​ជា​បន្ត​បន្ទាប់​នៅ​ខេត្ត​កំពង់ឆ្នាំង

ដោយ ស្ងួន អមរា
2024.04.19
បឹង​ធម្មជាតិ​ជាង១០ ទទួលរង​ការ​រំលោភ​បំពាន​ជា​បន្ត​បន្ទាប់​នៅ​ខេត្ត​កំពង់ឆ្នាំង ទិដ្ឋភាពបឹងពោធិ៍ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលសហគន៍ថា អាជ្ញាធរឃុបឃិតគ្នាលក់ដី និងបូមខ្សាច់ កាលពីថ្ងៃទី ១៩ មេសា ២០២៤។
រូបសហគមន៍ផ្តល់ឱ្យ

បឹង​ធម្មជាតិ​ជាង ១០កន្លែង​ ដែល​ជា​អត្តសញ្ញាណ​ប្រវត្តិសាស្ត្រ​របស់​អ្នក​ខេត្ត​កំពង់ឆ្នាំង​នឹង​បាត់បង់​ជា​បន្ត​បន្ទាប់ ដោយសារ​ការ​រំលោភ​បំពាន ទន្ទ្រាន​យក​ដោយ​ក្រុម​ឈ្មួញ ​អាជ្ញាធរ​មូលដ្ឋាន​ ដែល​មាន​មន្ត្រី​ថ្នាក់​កំពូលៗ ក្នុង​ជួរ​រដ្ឋាភិបាល​ជា​ខ្នង​បង្អែក ក្នុង​រយៈ​ពេល​ជិត ១០ឆ្នាំ​កន្លង​ទៅ​នេះ។

ការ​បាត់បង់​មរកត​ធម្មជាតិ​ដ៏​មាន​តម្លៃ​ទាំង​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ប្រឈម​ការ​លំបាក​ច្រើន​ដោយ ខ្វះខាត​ទឹក​ស្រោច​ស្រព​ស្រូវ​កសិកម្ម​បាត់បង់​កន្លែង​នេសាទ​ត្រី ​និង​ប៉ះពាល់​សម្រស់​ទេសភាព​បម្រើ​វិស័យ​ទេសចរ។

បើ​គេ​ធ្វើ​ដំណើរ​ចាប់​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង តាម​ផ្លូវ​ជាតិ​លេខ៥ ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង​ចម្ងាយ​ជាង ៣០គីឡូម៉ែត្រ នៅ​តំបន់​ជនបទ ឋិត​ក្នុង​ស្រុក​កំពង់​ត្រឡាច ស្រុក​រលាប្អៀរ និង​ស្រុក​ជលគីរី គេ​ឃើញ​មាន​បឹង​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​បន្សល់​ទុក​ជា​ច្រើន​ជំនាន់​មក​ហើយ។ បឹង​នេះ​សម្រាប់​ផ្គត់​ផ្គង់​ទឹក​ធ្វើ​កសិកម្ម ផ្តល់​ត្រី​សាច់ និង​វិស័យ​ទេសចរ។​

ក៏​ប៉ុន្តែ​នៅ​រយៈ​ពេល​ជិត ១ទសវត្សរ៍ កន្លង​ទៅ​នេះ បឹង​ធម្មជាតិ​យ៉ាង​ហោច​ណាស់​ជាង ១០កន្លែង កំពុង​ប្រឈម​ការ​បាត់បង់​ជា​បន្ត​បន្ទាប់។

ប្រជា​កសិករ​ឱ្យ​ដឹង​ថា បឹង​ធម្មជាតិ​នេះ​បន្ត​បាត់បង់​មាន​ទម្រង់​ផ្សេងៗ គ្នា ដោយ​បឹង​ខ្លះ​គោក​រាក់​ស្មើ​នឹង​ដី​ស្រែ ​ត្រូវ​គេ​ទន្ទ្រាន​យក​ដី​ធ្វើ​កសិកម្ម បឹង​ខ្លះ​ទៀត​គេ​លួច​ដាក់​ដី​លុប​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯកជន ធ្វើ​ឱ្យ​ផ្ទៃ​បឹង​​កាន់​តែ​រួម​តួច និង​បឹង​ខ្លះ​ផ្សេងៗ ទៀត មាន​ការ​សាងសង់​ម៉ុង​ខ្មោច​ចិន​ច្រើន​ស្អេកស្កះ​តាម​មាត់​បឹង។

ពលរដ្ឋ​រស់​នៅ​ឃុំ​កោះថ្កូវ ស្រុក​ជលគិរី លោក កួន ញ៉ាង ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី ១៩ មេសា​ថា បឹង​កន្ទប​ឋិត​ក្នុង​ឃុំ​កោះថ្កូវ​បាន​បាត់បង់​ទាំង​ស្រុង​ហើយ បច្ចុប្បន្ន​បឹង​នេះ​បាន​ក្លាយ​ជា​ដី​កសិកម្ម​​ គ្រប់គ្រង​កម្ម​សិទ្ធិ​ឯកជន។ រីឯ​បឹង​ចំនួន​ទៀត គឺ​បឹង​រំចេក ,បឹង​ស្មោច, បឹង​តាម៉ុល និង​បឹង​ឆ្នុក​អណ្ដែង​ជាដើម ក៏​កំពុង​ប្រឈម​ការ​ខូចខាត​រូបរាង និង​បាត់បង់​ជា​បន្ត​បន្ទាប់ ដោយ​គ្មាន​ការ​គ្រប់គ្រង​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

លោក កួន ញ៉ាង៖ «គេ​លក់​ត្រី​ក្នុង​បឹង​ទាំង​មូល​ ពេល​ពលរដ្ឋ​ចុះ​ទៅ​រក​ត្រី​គេ​គំរាម ពលរដ្ឋ តែ​បឹង​គេ​លក់​ឱ្យ​គេ​ហើយ។ អាជ្ញាធរ​មួយ​ចំនួន​គាត់​យក​ច្បាប់​ឱ្យ​ពលរដ្ឋ​គោរព​ តែ​គាត់​អត់​គោរព​សោះ ពលរដ្ឋ​ណា​ហ៊ាន​តវ៉ា​ត្រូវ​មាន​ទោស»

លោក កួង ញ៉ាង បន្ថែម​ថា នៅ​ពេល​ដែល​អាជ្ញាធរ​បណ្ដែតបណ្ដោយ​ឱ្យ​បឹង​គោក​រាក់​ដោយ​គ្មាន​ការ​ជីក​ស្ការ ដល់​រដូវ​ប្រាំង ធ្វើ​ឱ្យ​អាកាស​អាកាស​ធាតុ​កើន​កម្ដៅ​ខ្លាំង ទឹក​ក្នុង​បឹង​រីង​ហួតហែង ដី​ប្រះ​ស្រាំ​ ហើយ​ត្រី​មេ​ពូជ​ធំៗ ងាប់​ជា​បន្ត​បន្ទាប់ ដោយសារ​ខ្សត់​ទឹក។

លោក​ថា បឹង​ភាគ​ច្រើន​អាជ្ញាធរ​មូលដ្ឋាន​បាន​ឃុបឃិត​គ្នា លក់​ត្រី​មេ​ពូជ​ធំៗ ក្នុង​បឹង​ទាំង​មូល ទៅ​ឱ្យ​ឈ្មួញ​ចាប់​ត្រី ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការ​អភិរក្ស​ឱ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ធ្វើ​ឱ្យ​ត្រី​កាន់​តែ​ខ្សត់ ប៉ះពាល់​ជីវភាព​អ្នកភូមិ។

ប្រជា​សហគមន៍​រស់​នៅ​ស្រុក​កំពង់ត្រឡាច លោក ស្ងួន ញៀន សង្កេត​ឃើញ​ថា បឹង​ពោធិ៍​ ដែល​ពលរដ្ឋ​ចំនួន ៣ភូមិ​អាស្រ័យផល ក្នុង​ឃុំតាជេស ស្រុក​កំពង់ត្រឡាច កាន់​តែ​រួម​តួច ផ្នែក​ខ្លះ​នៃ​ផ្ទៃ​បឹង​ក្លាយ​ជា​ដី​កសិកម្ម​ដោយ​មាន​ការ​ទិញ​លក់​ខុសច្បាប់។ រីឯ​ជីវចម្រុះ និង​បន្លែ​ត្រី​សាច់ ដែល​ជា​ប្រភព​សេដ្ឋកិច្ច​របស់​អ្នកភូមិ​ក៏​កាន់​តែ​ថយ​ចុះ​ដែរ។

លោក​ថា បឹង​នេះ​មាន​ទេសភាព​ស្រស់​បំព្រង អំណោយផល​ផ្នែក​វិស័យ​ទេសចរ ​ ក៏ប៉ុន្តែ​សម្រស់​ធម្មជាតិ​ទាំង​នេះ​បន្ត​ខូច​ខាត​រូបរាង ដោយ​គ្មាន​វិធានការ​គ្រប់គ្រង​ច្បាស់លាស់​នៅ​ឡើយ​ទេ។

លោក​បន្ថែម​ថា​ នៅ​លើ​ផែន​ទី​បឹង​ពោធិ៍​មាន​ផ្ទៃ​ដី​ជាង ១០០ហិកតារ បច្ចុប្បន្ន​នៅ​ដល់​ជិត​៥០ ហិកតារ​ ក្នុង​ពេល​ដែល​អាជ្ញាធរ​គ្រប់គ្រង​បឹង​នេះ​ជំនួស​សហគមន៍​ បាន​ធ្វើ​ឱ្យ​ផ្ទៃ​បឹង​កាន់​តែ​រួម​តួច៖

លោក ស្ងួន ញៀន៖ «ខាង​អាជ្ញាធរ​លោក​មេឃុំ និង​ភាគី​ក្រុមហ៊ុន​គេ​ ហាម​ឃាត់​ពលរដ្ឋ​មិន​ឱ្យ​ធ្វើ​ស្រែ​បន្ត​ទៀត ដែល​ធ្លាប់​អាស្រ័យផល​លើ​បឹង។ នេះ​ជា​ទង្វើ​មួយ​កំពុង​ឃុបឃិត​គ្នា​លក់​បឹង​បន្ត​បន្ទាប់។ បឹង​ដែល​សំបូរ​ដោយ​ព្រៃឈើ​ និង​ធនធាន​ធម្មជាតិ​ពោរពេញ​ដោយ​ម៉ុង​ខ្មោច ទៅ​កប់​ពេញ​ដី»

អ្នកភូមិ​បន្ថែម​ថា នៅ​គ្រា​ដែល​អាជ្ញាធរ​មិន​អើពើ​ការពារ​បឹង​ធម្មជាតិ ធ្វើ​ឱ្យ​កន្លែង​បង្ហូរ​ទឹក កាន់តែ​រួម​តូច​ដែល​ប្រជា​កសិករ​មិន​អាច​ទាញ​ទឹក​ធ្វើ​កសិកម្ម​នៅ​រដូវ​ប្រាំង​បាន​គ្រប់​គ្រាន់។ រីឯ​​ត្រី​សាច់ និង​បន្លែ​ក្នុង​បឹង ក៏​កាន់​តែ​បាត់បង់ ហើយ​បរិស្ថាន​ជុំវិញ​បឹង មាន​ការ​សាងសង់​ផ្នូរ​ខ្មោច​ចិន ឬ​ម៉ុង​ខ្មោច ធ្វើ​ឱ្យ​ក្មេងៗ និង​អ្នកភូមិ​ខ្លះ​ភ័យ​ខ្លាច​មិន​ហ៊ាន​ទៅ​នេសាទ​ត្រី​ពេល​យប់។

វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ជុំវិញ​រឿង​នេះ​ពី​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៩ មេសា។

ប៉ុន្តែ​មេភូមិ​សំរោង ឃុំតាជេស លោក មួ ហាក់ អះអាង​ថា បឹង​ពោធិ៍​រួម​តួច​ដោយសារ​អាជ្ញាធរ​កាត់​ឆ្វៀល​ចែក​ជូន​ពលរដ្ឋ​អាស្រ័យផល​ធ្វើ​កសិកម្ម និង​​ផ្នែក​ខ្លះ​ទៀត អាជ្ញាធរ​អភិរក្ស​ត្រី​ទុក សម្រាប់​ប្រជា​សហគមន៍។ 

លោក​ថា អាជ្ញាធរ​កំពុង​​ជីក​ស្ដារ​បឹង​ឱ្យ​ជ្រៅ ដើម្បី​រក្សា​ទឹក​ទុក​ជា​ប្រយោជន៍​ជូន​ពលរដ្ឋ និង​អភិរក្ស​ត្រី​ត្រី។

លោក មួ ហាក់៖ «តវ៉ា​ច្រើន​ពេក​ទៅ​រដ្ឋ​កាត់​ឆ្វៀល​ឱ្យ នៅ​សល់​ជាង ២០ហិកតារ​ទេ បឹង​ហ្នឹង។ គេ​រួចរាល់​អស់​ទៅ គេ​រៀប​ចំ​ហើយ ៣ ភូមិ​ហ្នឹង គេ​ធ្វើ​ស្រួល​បួល​ហើយ។ គេ​មិន​មែន​ចេះ​តែ​ធ្វើៗ បឹង​ដែល​រីង​ហើយ ចេះ​តែ​អភិរក្ស​ដែរ អា​ហ្នឹង​មាន​អី​កើត។ ដូច​រាល់​ថ្ងៃ​គេ​នៅ​អភិរក្ស​មួយ​ថ្លុក​ទុក។ គេ​ទុក​ពូជ​ត្រី​មិន​ឱ្យ​នរណា​រក និង​អ្នក​បង់»

ឆ្លើយ​តប​រឿង​នេះ ប្រជា​សហគមន៍ លោក ស្ងួន ញៀន បាន​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​របស់​អាជ្ញាធរ​ភូមិ​រូប​នេះ ដោយ​លោក​ថា ផ្ទៃ​បឹង​ពោធិ៍​រួម​តួច​ដោយសារ​អាជ្ញាធរ​លក់​ដី​ឱ្យ​ឈ្មួញ​ ដើម្បី​សង់​ម៉ុង​ខ្មោច​ចិន ឬ​ផ្នូរ​ខ្មោច​ចិន ធ្វើ​ឱ្យ​បាត់បង់​សម្រស់​ធម្មជាតិ និង​បរិស្ថាន​ជុំវិញ​បឹង។

លោក ស្ងួន ញៀន៖ «លើក​ខាង​ដើម​អ៊ីចឹង សុទ្ធ​តែ​ម៉ុង​ខ្មោច​ទេ​ គាត់​លក់​អី​តាម​អំពើ​ចិត្ត​គាត់។ គាត់​យក​លេស​ថា កាត់​ឆ្វៀល​ឱ្យ​ពលរដ្ឋ​ លក់​បឹង​សម្រាប់​ទុក​ធ្វើ​ម៉ុង​ខ្មោច​ទាំង​អស់ ជុំ​វិញ​ហ្នឹង សុទ្ធ​តែ​ម៉ុង​ខ្មោច​ហើយ​ហ្នឹង»

បឹង​ធម្មជាតិ​ជាង ១០កន្លែង​ទាំង​នោះ​រួមមាន បឹង​រំចេក ,បឹង​ស្មោច, បឹង​តាម៉ុល, បឹង​ឆ្នុក, បឹងធំ, បឹង​ពោធិ៍ ,បឹង​កន្ទប ,បឹង​កាផល, បឹង​រលាប​សែន, និង​បឹង​ឈ្វាង ជាដើម។ បឹង​ទាំង​នេះ ឋិត​ក្នុង​ស្រុក​កំពង់​ត្រឡាច ស្រុក​រលាប្អៀរ និង​ស្រុក​ជលគីរី កំពុង​ប្រឈម​ការ​បាត់បង់​ជា​បន្ត​បន្ទាប់ ដោយ​បឹង​ខ្លះ​គេ​ចាក់​ដី​លុប​បឹង​ អាជីវកម្ម​បូម​ខ្សាច់ បឹង​ខ្លះ​ទៀត​គោក​រាក់​ស្មើ​នឹង​ដី​ស្រែ​ជា​ឱកាស​ឱ្យ​ឈ្មួញ​ទន្ទ្រាន​ដី​បឹង​ធ្វើ​កសិកម្ម។ រីឯ​បឹង​ខ្លះ​ទៀត​មាន​ការទិញ​លក់​ដូរ​ជា​កម្ម​សិទ្ធិ​ឯកជន ជាប់​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ ពន្យល់​ថា បឹង​មាន​សារៈ​សំខាន់​ណាស់ ក្នុង​ការ​រក្សា​ទឹក​ទុក​ធ្វើ​កសិកម្ម និង​អភិរក្ស​ជីវចម្រុះ ប្រសិនបើ​បាត់បង់ នឹង​ប៉ះពាល់​ដល់​ត្រី ​បណ្ដាល​ឱ្យ​ប្រែប្រួល​អាកាស​ធាតុ ជាពិសេស បាត់បង់​ផ្ទៃ​រង​ទឹក​ភ្លៀង បញ្ចៀស​ទឹក​ជំនន់​នា​រដូវ​វស្សា។

លោក លាង ប៊ុនលាភ៖ «ការ​បាត់បង់​អាង​ស្តុក​ទឹក​ហ្នឹង​វា​តែង​ប៉ះពាល់​ ដល់​ជីវភាព​រស់​នៅ​ជុំវិញ​បឹង​ហ្នឹង។ អ្នក​ដែល​មាន​ការ​អាស្រ័យផល​បឹង​ហ្នឹង ធនធាន​ទឹក​ ធនធាន​ជីវចម្រុះ ​និង​បរិយាកាស ឬ​ទេសចរ​ជា​ដើម។ ដើម្បី​ថែរក្សា​ធនធាន​បឹង​យូរ​អង្វែង​ ត្រូវ​អនុវត្ត​ច្បាប់​មាន​ស្ដាប់។ បឹង​ទន្លេ ព្រៃ សុទ្ធ​ជា​សម្បត្តិ​របស់​រដ្ឋ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា នៅ​គ្រា​ដែល​បាត់​បង់​បឹង នឹង​ធ្វើ​ឱ្យ​ខូចខាត​ប្រព័ន្ធ​ទឹក​ក្រោម​ដី ប្រែប្រួល​ចរន្ត​ទឹក​តាម​លំនាំ​ធម្មជាតិ​នា​រដូវ​វស្សា ងាយ​នឹង​មាន​ទឹក​ជំនន់ លិច​ស្រូវ​កសិកម្ម​ ផ្លូវ​ថ្នល់ និង​លំ​នៅ​ឋាន​របស់​ពលរដ្ឋ ជាដើម។

ប្រជា​សហគមន៍​បន្ថែម​ថា មុន​ឆ្នាំ២០១៦ បឹង​ភាគ​ច្រើន​អ្នកភូមិ​​គ្រប់គ្រង មានការ​អភិរក្ស​ច្បាស់លាស់ ពុំ​មាន​ការ​បាត់បង់​ដូច​បច្ចុប្បន្ន​នោះ​ទេ ក៏​ប៉ុន្តែ​ក្រោយមក​អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង បាន​ដណ្ដើម​ពី​សហគមន៍​គ្រប់​គ្រង​វិញ ជា​ឱកាស​ឱ្យ​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ឯកជន​ខ្លះ​រំលោភ​បំពាន​ដោយសារ​អំពើ​ពុក​រលួយ និង​ការ​ឃុបឃិត​គ្នា ធ្វើ​ឱ្យ​បឹង​បន្ត​បាត់​បង់ និង​ខូច​រូបរាង៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។