សកម្មជនចលនាមាតាធម្មជាតិលើកឡើងថា ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីធ្វើទុក្ខបុកម្នេញលើពួកគេ នឹងមិនអាចរារាំងពួកគេឱ្យឈប់ធ្វើសកម្មភាពការពារបរិស្ថាននោះទេ។ មន្ត្រីសង្គមស៊ីវិលស្នើរដ្ឋាភិបាលទម្លាក់រាល់បទចោទប្រកាន់ទាំងអស់ ព្រោះថា សកម្មភាពរបស់ពួកគេកន្លងមកគឺដើម្បីការពារបរិស្ថាន។
ការលើកឡើងរបស់សកម្មជនបរិស្ថាន និងសង្គមស៊ីវិលនេះ ធ្វើឡើងក្រោយពេលតុលាការក្រុងភ្នំពេញបានកោះហៅសកម្មជនចលនាមាតាធម្មជាតិឱ្យឡើងសវនាការជាថ្មីម្ដងទៀតនៅថ្ងៃទី២៩ ខែឧសភា ពាក់ព័ន្ធនឹងបទចោទប្រកាន់«ប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់»។
សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី លើកឡើងថា កញ្ញា និងសមាជិកផ្សេងទៀតបានត្រៀមខ្លួនចូលរួមសវនាការនាពេលខាងមុខ បើទោះជាតុលាការ ឬអាជ្ញាធរអាចនឹងចាប់ខ្លួនជាថ្មីក្ដី។ កញ្ញាថា ក្រុមរបស់កញ្ញាក៏នឹងរៀបចំយុទ្ធនាការជាសាធារណៈនៅមុនពេលឡើងសវនាការដើម្បីជាការលើកទឹកចិត្តដល់យុវជន និងពលរដ្ឋខ្មែរឱ្យបន្តការពារធនធានធម្មជាតិ បើទោះជាគ្មានក្រុមសកម្មជនចលនាមាតាធម្មជាតិក៏ដោយ។
កញ្ញា ភួន កែវរស្មី៖ «ទោះបីជាគ្មានវត្តមានពួកយើងនៅក្រៅ មានសេរីភាព អាចធ្វើសកម្មភាព ឬអាចនៅបន្តការពារ យើងចង់ឃើញប្រជាពលរដ្ឋខ្មែរ ឬយុវជនខ្មែរទាំងអស់សាមគ្គីគ្នា ហើយជួយការពារធនធានធម្មជាតិ និងចូលរួមកិច្ចការងារសង្គមទាំងអស់គ្នាបង»។
កញ្ញា ភួន កែវរស្មី សោកស្ដាយដែលកម្ពុជាមានមេដឹកនាំថ្មី ប៉ុន្តែនៅតែយករូបមន្តចាស់មកប្រើប្រាស់សម្រាប់ចាប់ចង និងគំរាមកំហែងមកលើអ្នកធ្វើការងារសង្គម និងអ្នកការពារបរិស្ថានជាបន្តបន្ទាប់នេះ។ ក៏ប៉ុន្តែកញ្ញាថា ក្រុមសកម្មជនចលនាមាតាធម្មជាតិនឹងមិនបោះបង់កិច្ចការពារបរិស្ថាននោះទេ បើទោះជារដ្ឋាភិបាលប្រើប្រាស់វិធានតុលាការគាបសង្កត់ក្ដី។
កញ្ញា ភួន កែវរស្មី៖ «ការដែលយើងមានរឿងក្ដីជាប់ខ្លួន អំឡុងពេលដែលប្រជាពលរដ្ឋខ្មែរគាត់គាំទ្រសកម្មភាពយើង ស្រឡាញ់ អាណិត គោរពយើង ហើយខាងសហគមន៍អន្តរជាតិផ្ដល់ពានរង្វាន់ អង្គការអន្តរជាតិគេលើកទឹកចិត្តយើង មិនថាតាមវិធីណាក៏ដោយវាបានបង្ហាញយ៉ាងច្បាស់ពីអត្តចរិតរបស់រដ្ឋាភិបាល និងប្រព័ន្ធយុត្តិធម៌នៅប្រទេសយើងដោយមិនចាំបាច់ខ្ញុំនិយាយ»។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង កាលពីថ្ងៃទី៣០ ខែមេសា បានចេញលិខិតកោះហៅមេធាវី សំ ចំរើន និងសកម្មជនចលនាមាតាធម្មជាតិទាំង៧នាក់រួមមាន កញ្ញា ស៊ុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និងលោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ព្រមទាំងអតីតសកម្មជនចលនាមាតាធម្មជាតិម្នាក់ទៀតគឺលោក ពក ខឺយ ឱ្យចូលសវនាការនៅសប្ដាហ៍ក្រោយនេះ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ ដោយលោកបានចុចបិទទូរស័ព្ទ។
សកម្មជនចលនាមាតាធម្មជាតិធ្លាប់ទទួលបានពានរង្វាន់អន្តរជាតិចំនួនពីរ គឺពានរង្វាន់អ្នកការពារជួរមុខ ពីអង្គការ Front Line Defenders និងពានរង្វាន់ រ៉ាយឡាយលីហ៊ូត (Right Livelihood) ពីប្រទេសស៊ុយអែត (Sweden) ចំពោះភាពក្លាហាននិងការហ៊ានប្រថុយគ្រោះថ្នាក់ ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិនៅប្រទេសកម្ពុជា។
ទាក់ទងរឿងនេះ នាយកប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ថ្លែងថា ការផ្ដន្ទាទោសទៅលើសកម្មជនចលនាមាតាធម្មជាតិកន្លងទៅ គឺខុសពីច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលលើកទឹកចិត្តឱ្យពលរដ្ឋ ឬយុវជនចូលរួមការពារធនធានធម្មជាតិ។ លោកអំពាវនាវដល់រដ្ឋាភិបាលថ្មីឱ្យផ្ដល់យុត្តិធម៌ដល់សកម្មជនបរិស្ថានទាំងនេះ តាមរយៈការទម្លាក់ចោទរាល់បទចោទប្រកាន់ទាំងអស់។
លោក ហេង គឹមហុង៖ «ខ្ញុំក៏ចង់ឃើញសកម្មជនការពារសិទ្ធិមនុស្ស សកម្មជនការពារបរិស្ថានទទួលបានយុត្តិធម៌ដែរ បន្ទាប់ពីខ្លួនត្រូវបានរងគ្រោះដោយសារការឃាត់ខ្លួន ការចាប់ខ្លួន ការឃុំខ្លួន នាពេលកន្លងមក ដូច្នេះខ្ញុំសូមអំពាវនាវឱ្យមានការពន្លឿននីតិវិធី ហើយព្យាយាមធ្វើយ៉ាងណាឱ្យផ្ដល់យុត្តិធម៌ឱ្យដល់ពួកគេ»។
ក្នុងចំណោមសកម្មជនដែលតុលាការកោះហៅនៅពេលនេះ មាន៣នាក់ ធ្លាប់ជាប់ពន្ធនាគារជាង១ឆ្នាំ ក្រោមបទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ហើយតុលាការបានបន្ថែមបទចោទ «រួមគំនិតក្បត់ » មួយករណីទៀតពេលអ្នកទាំង៣ កំពុងជាប់ពន្ធនាគារ។
ចំណែក កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត និងលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន តុលាការបានចោទប្រកាន់ពួកគេពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» ក្នុងនោះកញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុត ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារអស់រយៈពេល៥ខែ។ តុលាការបានដោះលែងពួកគេឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពី ខែវិច្ឆិកា ឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។