ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃ បន្តធ្វើយាត្រាឆ្ពោះទៅខេត្តព្រះសីហនុ នៅថ្ងៃទី២២ តុលា នេះ បន្ទាប់ពីសម្រាកយកកម្លាំង កាលពីម្សិលមិញ។ យុទ្ធនាការថ្មើរជើងថ្ងៃទី៦ នេះ ក្រុមយុវជនមាតាធម្មជាតិ ដែលមានគ្នា ៥នាក់ និងព្រះសង្ឃ ២អង្គ ធ្វើយាត្រាបានជាង ១០គីឡូម៉ែត្រ ចេញពីចំណុចផ្សារត្រែងត្រយឹង នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងបានទៅដល់ជិតជ្រោះពេជ្រនិលនៅពេលល្ងាច។ ក្រុមយុវជន និងព្រះសង្ឃបានត្រឡប់មកស្នាក់នៅវត្តមួយកន្លែងក្នុងឃុំត្រែងត្រយឹងវិញ ដោយសារតំបន់ដែលពួកគាត់បានធ្វើយាត្រាទៅដល់ មិនមានវត្តអារាមនៅទីនោះ។
ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃបានធ្វើយាត្រា អស់រយៈពេល ៨ថ្ងៃមកហើយ គិតចាប់ពីថ្ងៃទី១៥ តុលា ក៏ប៉ុន្តែដោយសារការហេវហត់អស់កម្លាំង ក្រុមយុវជន និងព្រះសង្ឃបានសម្រាករយៈពេលពីរថ្ងៃ កាលពីថ្ងៃទី១៧ និងទី២១ តុលា។ គិតត្រឹមពេលនេះ ក្រុមយុវជន និងព្រះសង្ឃ ធ្វើយាត្រាបានជាង ១០០គីឡូម៉ែត្រហើយ ពោលគឺបានប្រមាណពាក់កណ្ដាលនៃចម្ងាយផ្លូវពីភ្នំពេញទៅខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋាននៅតែបន្តឃ្លាំមើលសកម្មភាពរបស់ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃដដែល ក៏ប៉ុន្តែមិនបានរារាំង ឬហាមឃាត់អ្វីនោះទេ។
គោលបំណងនៃការធ្វើយាត្រាលើចម្ងាយផ្លូវជាង ២០០គីឡូម៉ែត្ររបស់ក្រុមយុវជន និងព្រះសង្ឃនេះ គឺដើម្បីទាមទារឱ្យអាជ្ញាធរចុះរុះរើសំណង់កាស៊ីណូចិនយីហោ ជីនទីង (Jingding) ដែលសាងសង់រំលោភលើដីឆ្នេរសមុទ្រកោះរ៉ុងសន្លឹម និងទីតាំងសំណង់ខុសច្បាប់ដទៃទៀតនៅក្នុងខេត្តព្រះសីហនុ។ ជាមួយគ្នានេះ ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃ ក៏ចង់ដាស់ស្មារតីពលរដ្ឋ ជាពិសេស យុវជនខ្មែរឱ្យងាកមកចាប់អារម្មណ៍ និងចូលរួមថែរក្សាធនធានធម្មជាតិផងដែរ។
ក្រុមយុវជនមាតាធម្មជាតិឱ្យដឹងថា ពួកគេអាចនឹងប្រើពេលជាង ១សប្តាហ៍ទៀត ទើបទៅដល់ទីរួមខេត្តព្រះសីហនុ ក៏ប៉ុន្តែពួកគេប្ដេជ្ញាចិត្តថា នឹងដើរឱ្យដល់គោលដៅ ទោះជាប្រឈមនឹងការលំបាកបែបណាក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។