ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ប្ដេជ្ញា​ចិត្ត​បន្ត​ការងារ​ការពារ​បិរស្ថាន​ទោះ​ប្រឈម​នឹង​គុក​ច្រវាក់

ដោយ ថា ថៃ
2024.08.30
ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ប្ដេជ្ញា​ចិត្ត​បន្ត​ការងារ​ការពារ​បិរស្ថាន​ទោះ​ប្រឈម​នឹង​គុក​ច្រវាក់ (រូបឯកសារ) ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ​តស៊ូមតិ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ ដោយ​ទាមទារ​ក្រសួង​បរិស្ថាន​ឱ្យ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិសមុទ្រ​របស់​ជាតិ។
រូបពីពលរដ្ឋ

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ប្ដេជ្ញា​ចិត្ត​បន្ត​ការងារ​ការពារ​ធនធាន​ធម្មជាតិ និង​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន​ចំនួន ៥នាក់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ទោះ​ជា​ពួកគាត់​កំពុង​ប្រឈម​នឹង​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​យ៉ាង​ណា​ក្ដី។ ពួកគាត់​អះអាង​ថា ការ​ចាប់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដាក់​ពន្ធនាគារ​មិន​បាន​ធ្វើ​ឱ្យ​ពួកគាត់​ភ័យ​តក់ស្លុត​ឡើយ ផ្ទុយ​វិញ​ពួកគាត់​កាន់​តែ​មាន​ទឹកចិត្ត​មោះមុត​បន្ថែម​ទៀត។

បន្ទាប់ពី​រដ្ឋាភិបាល​ចាប់​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៥នាក់​​ដាក់​ពន្ធនាគារ​ ក្រុម​យុវជន​បរិស្ថាន និង​យុវជន​សង្គម​មួយ​ចំនួន​នៅ​តែ​មាន​គោលជំហរ​រឹងមាំ​ធ្វើ​ការ​ការពារ​បរិស្ថាន​បន្ត​ទៀត ពីព្រោះ​ពួកគាត់​មើល​ឃើញ​ថា ការ​ការពារ​ធនធាន​ធម្មជាតិ គឺជា​ការពារ​ផលប្រយោជន៍​រួម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ផៃ ផាន់យ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី៣០ ខែ​សីហា ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​បង្ហាញ​ការ​ពិត​ពី​បញ្ហា​សង្គម​ដូច្នេះ​លោក​មិន​ខ្លាច​រដ្ឋាភិបាល​ចាប់​លោក​ដាក់​ពន្ធនាគារ​ឡើយ។ លោក​បន្ត​ថា ការ​ចាប់​សកម្មជន​បរិស្ថាន​ដាក់​ពន្ធនាគារ​គឺជា​ការ​ជំរុញ​ទឹក​ចិត្ត​ឱ្យ​លោក និង​យុវជន​ផ្សេង​ទៀត​កាន់​តែ​ក្លាហាន​មោះមុត​ហ៊ាន​និយាយ​ការ​ពិត​ពី​វិនាសកម្ម​ធនធាន​ធម្មជាតិ។

លោក ផៃ ផាន់យ៉ា៖ «ខ្ញុំ​អត់​ធ្លាប់​គិត​ថា ខ្ញុំ​នឹង​បោះបង់​ការ​ការពារ​ធនធាន​ធម្មជាតិ​ទេ​បើ​ទោះ​សព្វថ្ងៃ​ខ្ញុំ​កំពុង​រៀន​ជំនាញ​ផ្សេង​ពី​ការ​ថែរក្សា​ធនធាន​ធម្មជាតិ​ក៏​ដោយ ប៉ុន្តែ​បើ​ទោះ​ខ្ញុំ​ទៅ​ដល់​ទីណា​ក៏​ខ្ញុំ​នឹង​ចូលរួម​នៅ​ក្នុង​ការ​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​សង្គម។បញ្ហា​ធនធាន​ធម្មជាតិ​ទាំងអស់​ហ្នឹង​មិន​ថា ខ្ញុំ​ជា​សកម្មជន​បរិស្ថាន មិន​ថា​ខ្ញុំ​ថា​ក្លាយ​ទៅ​ជា​បុគ្គល​ក្រុមហ៊ុន​ណា​មួយ​ក៏​ដោយ»

រីឯ​យុវតី​ដែល​តែង​ចូលរួម​ទាមទារ​យុត្តិធម៌​សង្គម កញ្ញា ស៊ុយ មិនា យល់​ឃើញ​ថា ប្រសិនបើ​កញ្ញា​មិន​ចូលរួម​ការងារ​ការពារ​បរិស្ថាន និង​សង្គម​ទេ​រដ្ឋាភិបាល​នឹង​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​យុវជន​កាន់តែ​ខ្លាំង ដូច្នេះ​កញ្ញា​មិន​បោះបង់​ការងារ​ដែល​ជួយ​ដល់​ប្រយោជន៍​ពលរដ្ឋ​ឡើយ។

កញ្ញា ស៊ុយ មិនា៖ «ខ្ញុំ​នៅ​ចងចាំ​ពាក្យ​លោក​បណ្ឌិត កែម ឡី ដែល​លោក​បាន​និយាយ​ថា ប្រសិនបើ​មិន​ធ្វើ​អ្វី​សោះ​មុន និង​ក្រោយ​នឹង​ដល់​វេន​យើង​ហើយ​ខ្ញុំ​ឃើញ​ថា នៅ​ក្នុង​សង្គម​របស់​យើង​ជាក់ស្ដែង​វា​ពិត​ជា​អ៊ីចឹង​មែន ។ អ៊ីចឹង​បាន​ជា​ខ្ញុំ​ខិតខំ​ចូលរួម​សង្គម​ផ្សេងៗ​ពីព្រោះ​ថា ខ្ញុំ​អត់​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​រង​ទុក្ខ​ជា​បន្តបន្ទាប់​រង​នូវ​ការ​គំរាមកំហែង​ហ្នឹង​កាន់​តែ​ខ្លាំង​ឡើងៗ ទៀត​ទេ​ហើយ​មិនមែន​តែ​អ្នក​ដទៃ​រួម​ទាំង​ខ្លួន​ខ្ញុំ​ផង​ដែរ»

ដោយឡែក យុវជន​ម្នាក់ទៀត​ដែល​តែង​ចូលរួម​ការពារ​បរិស្ថាន​ជាមួយ​ក្រុម​ចលនា​មាតា​ធម្មជាតិ​គឺ លោក គីម ជាលីន កត់​សម្គាល់​ថា នៅ​ពេល​រដ្ឋាភិបាល​ព្យាយាម​បំបិទ​សំឡេង​យុវជន​មិន​ឱ្យ​និយាយ​ការ​ពិត​ពី​បញ្ហា​សង្គម​យុវជន​កាន់​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​សង្គម។ លោក​បន្ត​ថា រដ្ឋាភិបាល​ចាប់​សកម្មជន​បរិស្ថាន​៥នាក់​ដាក់​ពន្ធនាគារ នឹង​មាន​យុវជន​ជា​ច្រើន​នាក់​ទៀត​បន្ត​ងើប​ឈរ​និយាយ​ពី​បញ្ហា​បរិស្ថាន និង​បញ្ហា​សង្គម។

លោក គីម ជាលីន៖ «បើ​ទោះ​ជា​ពេល​នេះ​យើង​កំពុង​ធ្វើ​កិច្ច​ការងារ​ប្រឈម​នឹង​គុក​ច្រវាក់ ប្រឈម​នឹង​ការ​ស៊ី​អត់​ស៊ី​ឃ្លាន​មែន​ក្ដី ការ​ឈឺ​ចាប់​រៀង​កាយ ការ​ឈឺចាប់​ផ្លូវ​ចិត្ត​មួយ​ចំនួន​ក្ដី​ប៉ុន្តែ​យ៉ាង​ហោច​ណាស់​វា​ឈឺចាប់​ត្រឹមតែ​រយៈពេល​១០ឆ្នាំ ឬក៏​មួយ​ជំនាន់​របស់​យើង។ ប៉ុន្តែ​អ្វី​ដែល​យើង​ខំ​ព្យាយាម​នេះ​យើង​នឹង​សម្រេច​សមិទ្ធផល​មួយ​គឺ​សម្រាប់​ជាតិសាសន៍​បន្ត​ទៅ​មុខ​រាប់​ជំនាន់​ទៀត។ ដូច្នេះ​ខ្ញុំ​យល់​ថា គួរតែ​រម្លឹក​ឡើងវិញ​នៅ​ចំណុច​ចាប់​ផ្ដើម​របស់​ខ្លួនឯង​ហើយ​ប្រកាន់​ខ្ចប់​នៅ​គោលជំហរ និង​រឹងត្អឹង​នូវ​គោលជំហរ​របស់​ខ្លួន​ហ្នឹង»

រយៈ​ពេល​ជាង​មួយ​ខែ​ហើយ​ចាប់​តាំង​ពី​តុលាការ​ក្រុង​ភ្នំពេញ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​បក្ស​កាន់​អំណាច​បាន​ផ្ដន្ទាទោស​សកម្មជន​បរិ​ស្ថាន​ចំនួន៥នាក់រួម មាន លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី៦ឆ្នាំ​ទៅ ៨ឆ្នាំ ពី​បទ«រួមគំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ»ដោយសារ​ពួកគាត់​​ចេញមុខ​ការពារ​បរិស្ថាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​ជា​ពួកគាត់​កំពុង​ជាប់​ពន្ធនាគារ​ក្ដី ក៏​ពួកគាត់​នៅ​តែ​មាន​គោល​ជំហរ​រឹងមាំ និង​តែង​ដាស់​ស្មារតី​ឱ្យ​យុវជន​គិតគូរ​ពី​បញ្ហា​សង្គម​ជានិច្ច ហើយ​ជារឿយៗ​នៅ​ពេល​ក្រុម​គ្រួសារ​ទៅ​សួរ​សុខទុក្ខ​ពួកគាត់​នៅ​ពន្ធនាគារ​ពួកគាត់​តែងតែ​ផ្ដាំផ្ញើ និង​លើក​ទឹក​ចិត្ត​ឱ្យ​យុវជន​ក្លាហាន​ហ៊ាន​និយាយ​ការ​ពិត​ពី​បញ្ហា​នៅ​ក្នុង​សង្គម។

ប្រពន្ធ​សកម្មជន​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី ថ្លែង​ថា នៅ​ពេល​លោកស្រី​ទៅ​សួរ​សុខទុក្ខ​ប្ដី​នៅ​ពន្ធនាគារ​ប្ដី​លោកស្រី​តែងតែ​ផ្ដាំ​ផ្ញើ​ឱ្យ​យុវជន​បន្ត​ការងារ​សង្គម និង​កុំ​បាក់​ចិត្ត​ទឹក​នៅ​ពេល​គ្មាន​វត្តមាន​របស់​ពួកគាត់។

លោកស្រី ប៉ាត់ រស្មី៖ «ខ្ញុំ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ក៏​ដូចជា​តុលាការ ហើយ​មន្រ្តី​ដែល​ពាក់ព័ន្ធ​អី​គួរតែ​ពិចារណា​ឡើងវិញ​គួរតែ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដើម្បី​ចូលរួម​ការពារ​បរិស្ថាន​ឡើង​វិញ​ដើម្បី​ប្រយោជន៍​រួម​ទាំងអស់​គ្នា។ ហើយ​ក៏​ផ្ដាំ​ផ្ញើ​ទៅ​យុវជន​ជំនាន់​ក្រោយ​កុំ​ឱ្យ​បាក់ស្បាត​នៅ​ពេល​គេ​ចាប់​ពួកគាត់។ ពួកគាត់​មិន​អី​ទេ​ពួកគាត់​នៅ​តែ​បន្ត​ឆន្ទៈ​របស់​ពួកគាត់​ដដែល»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ជិន ម៉ាលីន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៣០ ខែសីហា ។

ទាក់ទង​បញ្ហា​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរតែ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​សកម្មជន​បរិស្ថាន ហើយ​ងាក​មក​លើក​ទឹក​ចិត្ត​ពួក​គាត់​វិញ។ លោក​បន្ត​ថា ការ​ចាប់​សកម្មជន​បរិស្ថាន និង​សង្គម​ដាក់​ពន្ធនាគារ​មិន​បាន​ផ្ដល់​ចំណេញ​ដល់​រដ្ឋាភិបាល​ឡើយ។

លោក អំ សំអាត៖ «ខ្ញុំ​គ្រាន់តែ​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​គ្រប់​រូប​ក៏​ដូចជា​យុវជន​ដែល​ចូលរួម​សកម្ម​ក្នុង​ការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ហ្នឹង​គួរតែ​ផ្ដល់​នូវ​កិច្ច​ការពារ និង​លើក​ទឹកចិត្ត​សម្រាប់​គាត់​មិន​ត្រូវ​ធ្វើ​ទុក្ខបុកម្នេញ​ឬក៏​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​គាត់​ទេ»

ក្រុម​យុវជន​លើកឡើង​ថា ដរាប​ណា​ធនធាន​ធម្មជាតិ​នៅតែ​រង​ការ​បំផ្លាញ​ពី​ជន​អ្នក​មាន​លុយ​មាន​អំណាច និង​គ្មាន​ការ​ស្ដារ​ឡើងវិញ​នូវ​គម្រប់​ព្រៃឈើ​ទេ ពួកគាត់​នៅតែ​បន្ត​ការ​ធ្វើ​ការងារ​សង្គម​បន្ត​ទៅ​មុខ​ទៀត ទោះ​ជា​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​យាយី និង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​បែប​ណា​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។