USAID និង MRC ប្រកាស​ភាព​ជា​ដៃគូ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​អាង​ទន្លេមេគង្គ

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) នៅ​ថ្ងៃ​ទី២៧ ខែមិថុនា ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្ដល់​ជំនួយ ៥លាន​ដុល្លារ​អាមេរិក ដល់​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​អាង​ទន្លេ​មេគង្គ។

នាយក​ប្រតិបត្តិ នៃ​គណៈកម្មការ​ទន្លេ​មេគង្គ បណ្ឌិត អានុឡាក់ គីទីឃួន (Anoulak Kittikhoun) បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា កិច្ចព្រមព្រៀង​នេះ គឺ​បង្ហាញ​ពី​ការ​វិល​ត្រឡប់​របស់ USAID ក្នុង​ការ​គាំទ្រ​ដោយ​ផ្ទាល់​ដល់ គណៈកម្មការ​ទន្លេ​មេគង្គ ដើម្បី​បំពេញ​តម្រូវការ និង​អាទិភាព ដែល​មាន​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់ MRC ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។

កិច្ចព្រមព្រៀង​នេះ ក្នុង​គោលដៅ​ពង្រឹង​​ការ​គ្រប់គ្រង​ទឹក ពន្លឿន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព កសាង​ភាព​ធន់​នឹង​អាកាសធាតុ និង​លើក​កម្ពស់​សេដ្ឋកិច្ច ដើម្បី​សម្រេច​បាន​​​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេ​មេគង្គ។ យុទ្ធសាស្ត្រ​នេះ ក៏​នឹង​ផ្ដល់​ជំនួយ​បច្ចេកទេស ដល់​ប្រទេស​ជា​សមាជិក​របស់​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) រួមមាន កម្ពុជា ឡាវ ថៃ និង​វៀតណាម ដោយ​កែលម្អ​បច្ចេកវិទ្យា និង​ឧបករណ៍​សម្រាប់​ការ​គ្រប់គ្រង​អាង​ទន្លេ តាម​រយៈ​ប្រព័ន្ធ​ចាប់​សញ្ញា​ពី​ចម្ងាយ និង​ប្រព័ន្ធ​ផ្កាយ​រណប។ បន្ថែម​ពី​នេះ គណៈកម្មការ​ទន្លេ​មេគង្គ នឹង​ប្រើប្រាស់​ទិន្នន័យ ដែល​ប្រមូល​បាន ដើម្បី​ពិនិត្យ​មើល​ពី​ផល​ប៉ះពាល់ នៃ​ទឹកជំនន់ និង​គ្រោះ​រាំងស្ងួត នា​ពេល​បច្ចុប្បន្ន។

កិច្ចព្រមព្រៀង​នេះ ក៏​បាន​រួម​បញ្ចូល​ភាគី​ពាក់ព័ន្ធ​នានា ដូច​ជា​ សហគមន៍​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា ​ដែល​ជា​​ប្រយោជន៍​​របស់​ទន្លេ​មេគង្គ៕

MRC-USAID 3.JPG
(ឆ្វេង) ភាគី​គណៈកម្មការ​ទន្លេ​មេគង្គ និង​ភាគីទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ថត​រួម​គ្នាំ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្ដល់​ និង​ទទួល​ជំនួយ ៥លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​អាង​ទន្លេ​មេគង្គ នៅ​ថ្ងៃ​ទី២៧ ខែមិថុនា ឆ្នាំ២០២៤។ រូប៖ MRC

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។