គណៈកម្មការទន្លេមេគង្គ (ហៅកាត់MRC) ជំរុញឱ្យមានការដោះដូរទិន្នន័យ និងព័ត៌មានកាន់តែទូលាយជាងមុនដើម្បីឱ្យប្រសើរឡើងនូវការគ្រប់គ្រងធនធានទឹកក្នុងអាងទន្លេមេគង្គ។
មន្ត្រីសង្គមស៊ីវិលធ្វើការពាក់ព័ន្ធទន្លេមេគង្គថា សង្កេតឃើញថា ការដោះដូរទិន្នន័យនៃប្រទេសសមាជិក(MRC ) រួមទាំងប្រទេសចិនផងនោះមិនទាន់ទូលំទូលាយនៅឡើយទេ ដែលបញ្ហានេះអាចបង្កការគំរាមកំហែងដល់ធនធានទឹកទន្លេមេគង្គ និងសហគមន៍តាមដងទន្លេមេគង្គ។
គណៈកម្មការទន្លេមេគង្គ(ហៅកាត់MRC) លើកទឹកចិត្តឱ្យប្រទេសប្រទេសជាសមាជិក និងដៃគូសន្ទនាចែករំលែកទិន្នន័យប្រតិបត្តិការ និងស្វែងយល់ឱ្យស៊ីជម្រៅនៃការប្រែប្រួលថ្មីនៃរំហូរទន្លេមេគង្គ និងដោះស្រាយផលប៉ះពាល់ដែលអាចកើតមានលើសហគមន៍តាមអាងទន្លេនេះ។ នាយកប្រតិបត្តិនៃលេខាធិការដ្ឋានMRC លោកបណ្ឌិត អាន ពេជ្រហត្ថដា លើកឡើងក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី៣០ ខែមិថុនា ថា ការគ្រប់គ្រងអាងទន្លេមេគង្គឱ្យកាន់តែប្រសើរ និងកិច្ចសហប្រតិបត្តិការល្អ ទាំងប្រទេសសមាជិក និងប្រទេសចិន គួរតែជូនដំណឹងនៃការប្រែប្រួលសំខាន់ ប្រតិបត្តិការនៃគម្រោងទំនប់វារីអគ្គិសនី និងចែករំលែកព័ត៌មានទាំងនេះជាមួយលេខាធិការដ្ឋានMRC។ លោកបន្តថា ការផ្ដល់ព័ត៌មានទាំងនេះមានសារៈសំខាន់ ខណៈប្រតិបត្តិការនេះអាចឱ្យកម្រិតទឹកកើនឡើង ឬធ្លាក់ចុះខុសប្រក្រតី។
របាយការណ៍គណៈកម្មការទន្លេមេគង្គឱ្យដឹងថា ក្នុងអំឡុងរដូវប្រាំងចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១ មានការប្រែប្រួលកម្រិតទឹកនៅតំបន់ផ្នែកខាងលើនៃទន្លេមេគង្គក្នុងប្រទេសឡាវ និងប្រទេសថៃ និងកម្រិតទឹកទាបដែលបានស្តុកទុកក្នុងបឹងទន្លេសាបផងដែរ។ ប្រភពដដែលបន្តថា បរិមាណភ្លៀងធ្លាក់ក្នុងមេសា និងខែឧសភា មានកម្រិតខ្ពស់ជាងគេបង្អស់ក្នុងកំណត់ត្រានៃរយៈពេល១៨ឆ្នាំចុងក្រោយនេះ ប៉ុន្តែទោះបែបនេះក្ដី រំហូរទឹកទន្លេមិនបានកើនឡើងគួរឱ្យកត់សម្គាល់ឡើយ។
របាយការណ៍ដដែលលើកឡើងទៀតថា ផលប៉ះពាល់នៃទំបន់វារីអគ្គិសនី ធ្វើឱ្យកម្រិតទឹកប្រែប្រួលយ៉ាងរហ័ស ដែលបញ្ហានេះ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទន្លេ ស្ថិរភាពច្រាំងទន្លេ និងនាវាចរណ៍ជាដើម។
ពលរដ្ឋអាស្រ័យផលលើទឹកទន្លេមេគង្គរបស់ខេត្តកំពង់ចាម លោក អ៊ាង ណាំ ប្រាប់ថា រូបលោក និងពលរដ្ឋជាអ្នកចិញ្ចឹមត្រីក្នុងតំបន់នេះបានបោះបង់របរចិញ្ចឹមត្រីព្រោះទឹកទន្លេមេគង្គចុះរាកជាច្រើនឆ្នាំ និងបញ្ហាត្រីគ្មានទីផ្សារ។ ពលរដ្ឋរូបនេះឱ្យដឹងថា ទោះនៅរយៈពេលចុងក្រោយនេះមានភ្លៀងធ្លាក់ញឹកញាប់ក្ដី ប៉ុន្តែខ្សែទឹកខាងលើមិនហូរទម្លាក់ទឹកចុះមកទេដែលឱ្យតំបន់លោកនៅតែមានកម្រិតទឹកទាបដដែល។ កសិកររូបនេះឱ្យដឹងទៀតថា កន្លងមកលោកធ្លាប់ចូលរួមប្រជុំជាមួយតំណាង គណៈកម្មការទន្លេមេគង្គប៉ុន្មានដងដែរ ប៉ុន្តែលោកសង្កេតឃើញថា គណៈកម្មការទន្លេមេគង្គមិនទាន់អាចបង្ហាញដំណោះស្រាយរួមដើម្បីដោះស្រាយបញ្ហានេះនៅឡើយទេ។ «»
ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានក្លាយជាប្រទេសមួយដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរទាំងជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ប៉ុន្តែអ្នកឃ្លាំមើលកត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជា នៅតែមិនទាន់បានត្រៀមលក្ខណៈឆ្លើយតបគ្រប់គ្រាន់នៅឡើយទេ ក្នុងករណីមានទឹកជំនន់ដែលអាចកើតឡើងភ្លាមៗ។
អ្នកជំនាញអភិបាលកិច្ចទឹក លោក ហែម ឧត្តម សង្កេតឃើញថា រយៈពេលពីរឆ្នាំចុងក្រោយមានការជជែកគ្នាច្រើន ក្រោយបណ្ដាប្រទេសជាប់ដងទន្លេមេគង្គជួបគ្រោះមហន្តរាយ បញ្ហាខ្លះទឹក និងទឹកមកមិនទៀងជាដើម។ ទោះយ៉ាងណាលោកសង្កេតឃើញថា ប្រទេសចិនមិនបានផ្ដល់ទិន្នន័យកម្រិតទឹក កម្ពស់ បរិមាណទឹក បានទូលំទូលាយនោះឡើយ។ លោកបន្តថា ចិនក៏មិនបានផ្ដល់ព័ត៌មាននៃដំណើរការនៃទំនប់វារីអគ្គិសនីរបស់ខ្លួនមកគណៈកម្មការទន្លេមេគង្គដែរ។ លោកកត់សម្គាល់ទៀតថា សូម្បីប្រទេសដែលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គក៏មិនសូវចែករំលែកព័ត៌មានទាំងនោះបានទូលំទូលាយនោះដែរ។ «»
គណៈកម្មការទន្លេមេគង្គ មានប្រទេសនៅតាមដងទន្លេមេគង្គចំនួន ៤ ជាសមាជិក ក្នុងនោះមាន កម្ពុជា ឡាវ ថៃ និងវៀតណាម ហើយពុំមានសមាជិកភាពរបស់ប្រទេសចិន និងប្រទេសមីយ៉ាន់ម៉ា ឬភូមាចូលរួមនោះទេ។ នៅឆ្នាំ២០១៥ ប្រទេសចិនបានផ្ដួចផ្ដើម និងបង្កើតឲ្យមានយន្តការថ្មីមួយទៀត ដើម្បីដោះស្រាយបញ្ហារបស់ប្រទេសក្នុងតំបន់ទន្លេមេគង្គ ដែលចិនដាក់ឈ្មោះថា យន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយមានប្រទេស៦ជាសមាជិក។ យន្តការថ្មីរបស់ចិននេះ រងការរិះគន់ថា អាចជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ចិនដើម្បីគ្រប់គ្រងទន្លេមេគង្គ និងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការដោះស្រាយវិវាទនានានៅក្នុងតំបន់ទន្លេមេគង្គ ដែលកើតចេញពីការសាងសង់ ឬអភិវឌ្ឍទំនប់វារីអគ្គិសនីនៅលើអាងទន្លេមេគង្គ។
ជុំវិញបញ្ហានេះអាស៊ីសេរីបានព្យាយាមសុំការអត្ថាធិប្បាយពីមន្ត្រីទំនាក់ទំនងផ្នែកព័ត៌មាននៃគណៈកម្មការទន្លេមេគង្គ លោក មាស សុភក្ត្រ តាមប្រព័ន្ធតេឡេក្រាម ប៉ុន្តែលោកទាន់ឆ្លើយតបមកនៅឡើយទេ គិតត្រឹមថ្ងៃទី០២ ខែកក្កដា។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក បានសហការជាមួយភាគីកម្ពុជា រៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកដំបូងថ្នាក់ឧត្តមមន្ត្រីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ (MUSP) កាលពីថ្ងៃទី២៩ មិថុនា។ ប្រទេសដៃគូទាំង៦ ក៏បានពិភាក្សាអំពីការចាត់ចែងធនធានទឹកប្រកបដោយចីរភាព ការគ្រប់គ្រងធនធានធម្មជាតិ និងកិច្ចការពារបរិស្ថាន ព្រមទាំងការប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណីទាំងឡាយ រួមទាំងការជួញដូរមនុស្ស សត្វព្រៃ ឈើប្រណិត គ្រឿងញៀន និងការជួញដូរអាវុធ ជាដើម។
អ្នកជំនាញអភិបាលកិច្ចទឹក លោក ហែម ឧត្តម លោកចង់ឃើញគណៈកម្មការទន្លេមេគង្គ ហ៊ានបង្ហាញជំហររបស់ខ្លួនឲ្យបានច្បាស់លាស់បន្ថែមទៀតពាក់ព័ន្ធនឹងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងបច្ចេកទេសអំពីបញ្ហាវិបត្តិទឹកក្នុងតំបន់ទន្លេមេគង្គនេះ តទល់នឹងប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។