គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ ឲ្យប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ដល់ជីវិត ដោយសារខ្យល់ព្យុះ និងរន្ទះបាញ់ ខណៈដែលរដូវភ្លៀងកំពុងចាប់ផ្តើម។
ការព្រមាននេះ ធ្វើឡើងក្រោយពីមានហេតុការណ៍រន្ទះបាញ់ជាបន្តបន្ទាប់ បណ្តាលឲ្យមនុស្សនិងសត្វពាហនៈស្លាប់ ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា ប្រាប់កាសែតខ្មែរថាមស៍ កាលពីថ្ងៃទី២៩ ខែមេសា ថា ក្រុមការងាររបស់លោក កំពុងត្រៀមវិធានការការពារ និងឧបករណ៍ ស្បៀងអាហារ ថ្នាំសង្កូវ ដើម្បីជួយសង្គ្រោះជាបន្ទាន់ អំពីគ្រោះមហន្តរាយណាមួយដែលអាចកើតឡើង ដោយសារព្យុះផ្គររន្ទះ និងខ្យល់បោកបក់ខ្លាំង បណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត របស់មនុស្ស សត្វ និងដួលរំលំផ្ទះសម្បែង ជាដើម។
របាយការណ៍របស់នគរបាលស្រុកស្វាយលើ ខេត្តសៀមរាប ឲ្យដឹងថា មនុស្សម្នាក់ស្លាប់ និង២នាក់ទៀត រងរបួស ដោយសាររន្ទះបាញ់កាលពីរសៀលថ្ងៃទី២៨ ខែមេសា ខណៈពួកគេមានគ្នា ១៥នាក់ បាននាំគ្នាធ្វើដំណើរទៅធ្វើសមាធិនៅលើភ្នំគូលែន។ ដោយសារមានភ្លៀងនិងខ្យល់ខ្លាំង ពួកគេក៏បាន ចូលទៅជ្រកក្រោមកុដិលោក នៅវត្តចាស់ ភូមិតាពេញ ឃុំខ្នងភ្នំ ស្រាប់តែរន្ទះបានបាញ់ចំកុដិលោកតែម្ដង។ អ្នកដែលស្លាប់នោះមានឈ្មោះ ថាប់ សុភ័ក្រ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរគ្រូបង្រៀនកាត់ដេរ រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ចំណែកនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យឯណោះវិញ ស្ត្រីម្នាក់អាយុ៤៧ឆ្នាំ ដែលកំពុងធ្វើស្រែនៅជិតផ្ទះ ស្ថិតក្នុងភូមិក្រសាំង ក៏ត្រូវបានរន្ទះបាញ់ដែរ ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតទេ។ អាជ្ញាធរខេត្តឲ្យដឹងដែរថា ផ្ទះជិត៦០ខ្នង ត្រូវបានខ្យល់ព្យុះបំផ្លាញ នៅស្រុកម៉ាឡៃ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានផ្តល់ដំបូន្មានពីវិធីបង្ការខ្លួនពីរន្ទះ រួមមាន ពេលកំពុងបើកបររថយន្ត ត្រូវស្ថិតក្នុងរថយន្ត និងមិនត្រូវប៉ះវត្ថុចម្លង មិនត្រូវឈរនៅក្រោមដើមឈើខ្ពស់ៗ ឬ ទួលប៉មនោះទេ។ ជៀសវាងស្ថិតក្នុងតំបន់ វាលលំហរ ដូចជាទីវាលស្រែ និងត្រូវរកកន្លែងដែលមានអន្លង់ ឬប្រឡាយ ដើម្បីអោនក្បាលចុះ ដោយដាក់ក្បាល នៅចន្លោះជើងទាំងពីរ តែមិនត្រូវដេកក្រាបផ្ទាល់ទៅលើដីជាដាច់ខាត។ បន្ថែមពីនេះ ប្រសិនបើស្ថិតនៅក្នុងផ្ទះ ត្រូវបិទ ទូរស័ព្ទ វិទ្យុ និងទូរទស្សន៍ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។