សង្គម​ស៊ីវិល​ស្នើ​ដោះលែង​និង​ទម្លាក់​ការ​ចោទប្រកាន់​លើ​សកម្មជន​ព្រៃឈើ​នៅ​ខេត្ត​រតនគិរី

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល ជាង​១០០​ស្ថាប័ន បាន​រួម​គ្នា​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​១០​កុម្ភៈ ស្នើ​ទៅ​តុលាការខេត្ត​រតនគិរី សំណូមពរ​ឲ្យ​ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​សកម្មជន​ព្រៃឈើ​ម្នាក់​ដែល​តុលាការ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៥​ឆ្នាំ។ ប្រពន្ធ​សកម្មជន​ព្រៃឈើ​រូប​នេះ​ថា ចាប់តាំងពី​ប្ដី​ជាប់ពន្ធនាគារ​មក លោកស្រី​ត្រូវ​ដើរ​ស៊ីឈ្នួល​កាប់​ដំឡូង​យក​ប្រាក់​ចិញ្ចឹម​កូន។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​សហគមន៍​ដីធ្លី ចំនួន​១១៣​ស្ថាប័ន លើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ការសម្រេច​របស់​សាលាដំបូង​ខេត្តរតនគិរី ធ្វើឡើង​ដោយ​អយុត្តិធម៌ និង​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​គោលបំណង​គម្រាម​កំហែង បំភិតបំភ័យ និង​បំបាក់ស្មារតី​របស់​សកម្មជន​ព្រៃឈើ​លោក ឆន ផល្លា ក៏ដូចជា​សកម្មជន​បរិស្ថាន​ផ្សេង​ទៀត ដែល​សកម្ម​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ។

ការ​លើកឡើង​បែបនេះ ក្រោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា តុលាការ​គ្មាន​ភស្តុតាង​រឹងមាំ​ក្នុង​ការ​ដាក់បន្ទុក​លើស​កម្ម​ជន​ព្រៃឈើ លោក ឆន ផ​ល្លា នៅពេល​ជំនុំ​ជម្រះក្ដី។ ជាង​នេះ​ទៅ​ទៀត តំណាង​អយ្យការ​បាន​ប្ដូរ​បទ​ចោទ​លើ​សកម្មជន​ដីធ្លី​រូប​នេះ ពី​បទ កាប់​គាស់​រុករាន ឆ្ការ​ដុត និង​ឈូស​ឆាយ​ដីធ្លី​ព្រៃ​យក​ធ្វើ​កម្មសិទ្ធិ មក​ជា​បទ​ចោទ កាប់​រាន​ដី​ព្រៃ ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ តាម​មាត្រា​៧៩​នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ ដែល​ធ្វើ​ឲ្យ​សកម្មជន​ដីធ្លី​រូប​នេះ​ត្រូវ​ជាប់ពន្ធនាគារ​៥​ឆ្នាំ ទាំង​ដែល​លោក ឆន ផល្លា គ្មាន​ដី​នៅ​តំបន់ ដែល​តុលាការ​ចោទប្រកាន់។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក​(ADHOC) លោក ស៊ឹង សែនករុណា ដែល​បាន​ចុះទៅ​តាមដាន​សវនាការ​នោះ ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា នៅ​ពេល​បើកសវនាការ មាន​សាក្សី​ជាច្រើន​នាក់​បញ្ជាក់​ថា លោក ឆន ផល្លា មិន​បាន​ប្រព្រឹត្តិ​កំហុស​នោះ​ទេ។ លោក​បន្ត​ថា តុលាការ​បាន​ចោទ​ប្រកាន់​លោក ឆន ផល្លា ទាំង​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ដាក់បន្ទុក។ លោក​យល់​ថា នេះ​ជា​រឿង​អយុត្តិធម៌​ចំពោះ​សកម្មជន​ការពារ​ព្រៃឈើ ដែល​ត្រូវ​ក្រុម​ជនខិលខូច រួមគ្នា​ធ្វើ​បាប៖ «ទទូច​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ជាពិសេស​ស្ថាប័ន​យុត្តិធម៌​ធ្វើ​យ៉ាងណា​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​ករណីនេះ ហើយ​បើ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​អនុវត្ត​តួនាទី​អត់​បាន​ត្រឹមត្រូវ​គប្បី​មាន​ចំណាត់ការ​ផ្នែក​រដ្ឋបាល​ក្ដី រក​ឃើញ​ខុសច្បាប់​ព្រហ្មទណ្ឌ​ត្រូវ​ចាត់​វិធានការ​ច្បាប់ព្រហ្មទណ្ឌ​កុំ​ឲ្យ​យក​តួនាទី​ទៅ​អនុវត្ត​ផ្ដេសផ្ដាស​ហើយ​ធ្វើ​ឲ្យ​រំលោភបំពាន​ទៅលើ​សិទ្ធិ​របស់​ពលរដ្ឋ​បែប​ហ្នឹង​បាទ»។

សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា បាន​យកប្រពន្ធ​ជា​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​រតនគិរី ដោយ​ចិត្ត​ស្រលាញ់​ព្រៃឈើ​។ លោក​បាន​ក្លាយ​ខ្លួន​ជា​សកម្មជន​ការពារ​ព្រៃឈើ​នៅ​មូលដ្ឋាន​របស់​លោក​រស់​នៅ ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ។ ពេល​បំពេញ​ការងារ​ជា​អ្នកការពារ​ព្រៃឈើ លោក​តែង​ធ្វើ​សកម្មភាព​ឃ្លាំមើល តាមដាន​ជនខិលខូច ដែល​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ និង​ធនធានធម្មជាតិ​។ លោក និង​តំណាង​សហគមន៍​ផ្សេងៗ​ទៀត​ក៏បាន​ប្រមូល​ព័ត៌មាន​ចងក្រង​រៀបចំ​ដាក់ពាក្យ​ប្ដឹង​បរិហារ​ប្រឆាំង​នឹង​អាជ្ញាធរ ដែល​មិន​បាន​អនុវត្ត​តួនាទី​របស់​ខ្លួន និង​បាន​បណ្ដែតបណ្ដោយ​ឲ្យ​ជនខិលខូច​បំផ្លាញ​ព្រៃឈើ និង​ធនធានធម្មជាតិ។ប្រពន្ធ លោក ឆន ផល្លា គឺ​លោកស្រី ខាំ សាឡុង ជនជាតិ​ដើម​ភាគតិច​ទំពួន យល់​ថា ការចោទប្រកាន់​លើ​ប្ដី​លោកស្រី ទំនង​ក្រុម​ឈ្មួញ​រកស៊ី​កាប់​ឈើ មិន​ពេញ​ចិត្តនឹង​សកម្មភាព​របស់​ប្ដី​លោកស្រី ព្រោះ​អ្វី​ដែល​ប្ដី​លោកស្រី​បាន​ធ្វើ​នា​ពេល​កន្លងមក​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​របស់​ពួកគេ​។ លោកស្រី​ត្អូញត្អែរ នៅពេល​ប្ដី​ជាប់ពន្ធនាគារ​បែប​នេះ លោកស្រី​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​កូន​បី​នាក់ ដោយ​របរ​ស៊ីឈ្នួល​កាប់​ដំឡូង​ឲ្យ​គេ​។ លោកស្រី​ស្នើ​ទៅ​តុលា​ការ​ផ្ដល់​យុត្តិធម៌ និង​សេរីភាព​ដល់​ប្ដី​លោកស្រី​ឡើងវិញ៖ «ពិបាក​មែនទែន​ប្អូន​អឺយ​បើ​នៅ​ជុំគ្នា​មាន​កម្លាំង​រកស៊ី​ជាមួយគ្នា​ដល់​គេ​ចាប់​អ៊ីចឹង វា​ពិបាក​ខ្ញុំ ណាមួយ​មើល​កូន​ផង កូន​នៅ​តូចៗ ធ្វើ​កម្មករ​គេ​កាប់​ដំឡូង​គេ​កន្លះ​ខែ​បាន​បាន​មួយ​តោន​ព្រោះ​យើង​ម្នាក់​ឯង ស៊ី​តោន​គេ​មួយ​តោន​១៥​ម៉ឺន ( រៀល ) មួយ​ខែ បាន​តោន​ល្មម​បាន​មួយ​តោន​ហ្នឹង​ត្រូវ​ចែក​មើល​កូន​ផង ណា​ចែក​មើល​ប្ដី​ទៀត គ្រប់សព្វ​ហ្មង​ខ្ញុំ​សព្វថ្ងៃ»។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប ពី​អ្នកនាំពាក្យ​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​រតនគិរី លោក ម៉ម វ៉ាន់ដា បាន​ទេ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ។

លោក ឆន ផល្លា កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​រតនគិរី ជាង​បួន​ខែ​មក​ហើយ បន្ទាប់ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ នៅ​ពេល​លោក​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​សេដា ស្រុក​លំផាត់។ សកម្មជន​ព្រៃឈើ​រូប​នេះ កាលពី​ឆ្នាំ​២០២០ ត្រូវ​បាន​ក្រុម​មនុស្ស​ដែល​ស្និទ្ធ​នឹង​អាជ្ញាធរ​ព្រួត​គ្នា​បង្ក​ហិង្សា បណ្ដាល​ឲ្យ​រង​របួស ក្នុង​ពេល​លោក ចូលរួម​បញ្ចេញមតិ​ទាក់ទង​រឿង​ការពារ​ព្រៃឈើ នៅ​វេទិកា​មួយ នៅ​សាលាឃុំ​សេ​ដា​។ លោក​បាន​ប្ដឹង​ទៅ​តុលាការ​រួចហើយ ប៉ុន្តែ មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​ណាមួយ​លើ​ក្រុម​ជន​ដៃដ​ល់​ដែល​ប្រព្រឹត្តិ​ហិង្សា​មក​លើ​រូបលោក​នៅ​ឡើយ​ទេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សង្ឃឹមថា រដ្ឋាភិបាល​នឹង​ចងចាំ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​កម្ពុជា និង​ធានា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​ក្នុង​ជីវភាព​សង្គមជាតិ ហើយ​តុលាការ​នឹង​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក ឆន ផល្លា និង​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។