ប្រជា​សហគមន៍​ខេត្ត​ព្រះវិហារ​ថា ​មាន​សិប្បកម្ម​កែច្នៃ​ឈើ​ព័ទ្ធ​ជុំវិញ​ព្រៃ​ព្រះ​រកា​រាប់​សិប​កន្លែង

ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​នៅតែ​កើត​មាន​ច្រើន​ព័ទ្ធ​ជុំវិញ ព្រៃ​ព្រះ​រកា ក្នុង​ស្រុក​ចំនួន ៣ របស់​ខេត្ត​ព្រះវិហារ។ ម្ចាស់​រោង​សិប្បកម្ម​ទាំង​នោះ ទទួល​ទិញ​ឈើ​ដែល​ដឹក​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ដើម្បី​ផ្គត់ផ្គង់​សង្វាក់​ផលិតកម្ម​កែច្នៃ​គ្រឿង​សង្ហារិម ទីផ្សារ​ក្នុង​ស្រុក​ជាច្រើន​ឆ្នាំ​មក​ហើយ ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ព្រៃ​ការពារ​មួយ​នេះ ប្រឈម​វិនាស​ហិនហោច។

ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា អំពាវនាវ​ឱ្យ​ក្រសួង​បរិស្ថាន​ និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​លុប​បំបាត់​រោង​កែច្នៃ និង​សិប្បកម្ម​ឈើ​គ្រប់​ប្រភេទ​រាប់​សិប​កន្លែង​ នៅ​ព័ទ្ធ​ជុំវិញ​ព្រៃ​ព្រះ​រកា ដើម្បី​ថែទាំ​ព្រៃ​អភិរក្ស​មួយ​នេះ​ឱ្យ​ថិតថេរ​។ ​ពួកគេ​សង្កេត​ឃើញ​ថា​ ម្ចាស់​សិប្បកម្ម​ភាគ​ច្រើន​មាន​ខ្នង​បង្អែក ​ជា​អ្នក​មាន​ឥទ្ធិពល ​និង​ជា​មន្ត្រី​យោធា ទើប​ធ្វើ​ឱ្យ​មន្ត្រី​ជំនាញ​ថ្នាក់​មូលដ្ឋាន​មិន​ហ៊ាន​អនុវត្ត​ច្បាប់​។

សមាជិក​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា​រស់​នៅ​ឃុំ​ម្លូព្រៃ១ ស្រុក​ឆែប លោក ហែត ណៃ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២ កក្កដា​ថា បច្ចុប្បន្ន​ក្នុង​ឃុំ​ម្លូ​ព្រៃ១ ស្រុក​ឆែប មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ ​មិន​ក្រោម ៥កន្លែង​នោះ​ទេ។ លោក​ថា រោង​សិប្បកម្ម​ទាំង​នោះ បាន​ទិញ​ឈើ​ដែល​កាប់​ចេញ​ពី​ព្រៃ​ព្រះ​រកា ​ដើម្បី​កែ​ច្នៃ​ទ្វារ បង្អួច តុ និង​គ្រឿង​សង្ហារិម​ផ្សេងៗ ទៀត។ លោក​បន្ត​ថា ក្នុង​ឃុំ​មរកត ​ស្រុក​ជាំក្សាន្ត​វិញ ក៏​មាន​រោង​សិប្បកម្ម​ជាង ១០កន្លែង ដែល​ភាគច្រើន​ជា​របស់​មន្ត្រី​យោធា។ លោក​គិត​ថា បើ​មើល​ពី​ខាង​ក្រៅ​ អាជីវកម្ម​កែច្នៃ​ឈើ​ទាំង​នេះ​ហាក់​តូច​តាច ប៉ុន្តែ​បើ​បណ្ដោយ​ឱ្យ​កើត​មាន​យូរៗ ទៅ នឹង​ធ្វើ​ឱ្យ​ព្រៃ​អភិរក្ស​មួយ​នេះ​វិនាស​ហិន​ហោច៖ «យើង​គិត​ទៅ យក​ដើម​ផ្ចឹក​មក​កែច្នៃ​ជា​ទ្រង់​ទ្រាយ​ធំ ​មាន​កូន​អ្នក​ធំៗ​ ចូល​មក​ដើម្បី​ធ្វើ​ អ្នក​ខាង​ក្រោម​អត់​ហ៊ាន។​ កាប់​ចេញ​ពី​ព្រៃ​ព្រះ​រកា​មក​ធ្វើ​ទាំងអស់ ​ព្រោះ​អី​នៅ​តំបន់​នោះ ​អត់​មាន​ព្រៃ​អីណា​ទៀត​ទេ ​មាន​តែ​ព្រៃ​ព្រះ​រកា​មួយ​ ភូមិ​ខ្ញុំ​កត់​សម្គាល់​ឃើញ ​៣​ ចុះ​តំបន់​ផ្សេងៗ​ទៀត ​នៅ​ខាង​ម្លូ​ព្រៃ​ ច្រើន​ជាង​គេ​ គឺ​នៅ​តំបន់​ទាហាន ​ក្នុង​ស្រុក​ជាំក្សាន្ត »។

លោក ហែត ណៃ បន្ថែម​ថា រោង​សិប្បកម្ម​នីមួយៗ មាន​ជាង​ឈើ​ចាប់​ពី ៣នាក់​ឡើង​ទៅ ហើយ​គេ​ប្រើ​ម៉ាស៊ីន​តាប​ឈូស ម៉ាស៊ីន​ច្រៀក និង​សម្ភារៈ​កែច្នៃ​ជាច្រើន​ទៀត ដែល​ភាគ​ច្រើន​គេ​ធ្វើ​នៅ​តាម​ផ្ទះ ​និង​រោង​ឈើ ហ៊ុមព័ទ្ធ​របង​ជិត។ បន្ថែម​ពី​នេះ ឈើ​ដែល​គេ​យក​កែច្នៃ​ភាគ​ច្រើន​ជា​ប្រភេទ ​ផ្ចឹក ​រាំង ​និង​គគីរ ជាដើម។

ស្រដៀង​គ្នា​នេះ សមាជិក​សហគមន៍​ការពារ​ព្រៃ​ព្រះរកា​រស់​នៅ​ឃុំ​ពោធិ៍ ស្រុក​ត្បែង​មានជ័យ លោក​ បា ផល សង្កេត​ឃើញ​ថា នៅ​ឃុំ​ពោធិ៍​មាន​រោង​សិប្បកម្ម​ឈើ ១០កន្លែង ហើយ​ម្ចាស់​សិប្បកម្ម​ភាគ​ច្រើន ជា​ពលរដ្ឋ​ចំណូល​ស្រុក​។ ​លោក​អះអាង​ថា​ គ្រប់​ឃុំ​ទាំង​អស់ ​ក្នុង​ស្រុក​ចំនួន​៣ ​ព័ទ្ធ​ជុំ​វិញ​ព្រៃ​ព្រះ​រកា សុទ្ធ​តែ​មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​គ្រប់​ប្រភេទ ​ទាំង​ខ្នាត​តូច និង​ធំ។ លោក​ថា កន្លង​ទៅ ​អ្នក​ភូមិ​ប្រទះ​ឃើញ អាជ្ញាធរ​ចុះ​អនុវត្ត​ច្បាប់​ម្ដងម្កាល​ដែរ ប៉ុន្តែ​មួយ​រយៈ​ខ្លី​ក្រោយ​មក ករណី​នេះ​នៅ​តែ​កើត​មាន​ដដែល៖ «និយាយ​ទៅ​វា​គ្រប់​ឃុំ ​និង​គ្រប់​កន្លែង​វា​ប៉ះពាល់​ មាន​ឈើ​ចេញ​មក​ពី​ណា ​ចេញ​ពី​ព្រៃ​ព្រះ​រកា​ទាំង​អស់។ និយាយ​ទៅ​អ្នកភូមិ​គ្មាន​ទេ ​សុទ្ធ​តែ​ពួក​ចំណូល ​មក​សិប្បកម្ម​ បើ​សិន​ជា​អ្នកភូមិ​តែង​ម្ដង មក​តាម​ភូមិ ​គ្មាន​ទេ »។

អាស៊ី​សេរី​មិន​ទាន់​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​លោក នេត្រ ភក្ត្រា និង​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះវិហារ ​លោក សុង ច័ន្ទសុជាតិ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២ កក្កដា។

ចំណែក​ ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ លោក យ៉ាន់ ប៊ុនសឿន ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​ ព្រោះ​លោក​ថា ​ទូរស័ព្ទ​ស្ដាប់​មិន​ឮ។

ប៉ុន្តែ​មេ​ឃុំ​ពោធិ៍ ​ស្រុក​ត្បែង​មានជ័យ លោក ហម បាន ទទួល​ស្គាល់​ថា ឃុំ​របស់​លោក មាន​រោង​សិប្បកម្ម​លក្ខណៈ​គ្រួសារ​ តែ​លោក​មិន​បញ្ជាក់​ថា ​មាន​ប៉ុន្មាន​កន្លែង​នោះ​ទេ។ លោក​ថា ភារកិច្ច​ដោះ​ស្រាយ​រឿង​នេះ គឺ​ក្រសួង​បរិស្ថាន ​និង​អាជ្ញាធរ​ស្រុក/ខេត្ត ហួស​ពី​សមត្ថភាព​អាជ្ញាធរ​ឃុំ​ហើយ៖ «ធ្វើ​ម៉េច​ទេ​លោកគ្រូ បើ​ហ្នឹង​បើ​ក្រសួង​បរិស្ថាន ខ្ញុំ​ទៅ​ហាម​គេ​ក៏​ហាម​មិន​បាន ខ្ញុំ​គ្រាន់​តែ​គ្រប់គ្រង​ពលរដ្ឋ​ បើ​រឿង​ព្រៃ​ឈើ គឺ​បរិស្ថាន។ បើ​បរិស្ថាន​ថា បិទៗ អា​ហ្នឹង​ខ្ញុំ​អត់​ហ៊ាន​លូក​ដៃ​ចូល​ក្នុង​រឿង​គេ​ទេ »។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ សង្កេត​ឃើញ​ថា ​ព្រៃឈើ​នៅ​ក្រៅ​តំបន់​ការពារ ​ត្រូវ​គេ​កាប់​អស់​ហើយ​ ដែល​ជា​មូលហេតុ ​ធ្វើ​ឱ្យ​ក្រុម​អ្នក​កាប់​ឈើ សម្រុក​ចូល​អារ​ឈើ ក្នុង​តំបន់​អភិរក្ស​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​។ ​លោក​ថា ការ​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​សិប្បកម្ម​កែច្នៃ​ឈើ ​នៅ​ជិត​ព្រៃ​អភិរក្ស ​គឺ​ជា​ប្រភព​នៃ​វិនាសកម្ម​ព្រៃឈើ ​ព្រោះ​ក្រុម​ឈ្មួញ​បាន​លក់​ឈើ​ ដែល​កាប់​ចេញ​ពី​ព្រៃ​ព្រះ​រកា​ឱ្យ​ម្ចាស់​សិប្បកម្ម​ច្នៃ​គ្រឿង​សង្ហារិម៖ «សិប្បកម្ម​វា​មួយ​ផ្នែក ដេប៉ូ​ស្តុក​ឈើ​មួយ​ផ្នែក ​ដេប៉ូ​លក់​ចែក​ចាយ​មួយ​ផ្នែក ​ក៏​ដូច​ជា​ ការ​ដែល​អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​បទល្មើស ​បណ្ដែត​បណ្ដោយ​ មិន​បង្ក្រាប​បទល្មើស ​និង​រក​ស៊ី​ឈើ​មួយ​ចំនួន ​អា​ហ្នឹង​ក៏​មួយ​ផ្នែក​ធំ​ដែរ »។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​សង្ស័យ​ថា សិប្បកម្ម​ខ្លះ​អាច​ដំណើរ​ការ​រលូន​ ព្រោះ​ត្រូវរ៉ូវ​ជាមួយ​អាជ្ញាធរ ​និង​សមត្ថកិច្ច​នៅ​មូលដ្ឋាន។ លោក​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល ដោះ​ស្រាយ​រឿង​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​ថែទាំ​ធនធាន​ធម្មជាតិ ដែល​នៅ​សល់​តិចតួច​ចុង​ក្រោយ​ឱ្យ​គង់​វង្ស សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ។

ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ត្រូវ​ក្រសួង​បរិស្ថាន​ដាក់​បញ្ចូល​ជា​ព្រៃ​អភិរក្ស​មាន​ទំហំ ៩ម៉ឺន ៦ពាន់​ហិកតារ នៅ​ភូមិសាស្ត្រ​ប្រជុំ​បី​ស្រុក គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប របស់​ខែត្រ​ព្រះវិហារ ក៏​ប៉ុន្តែ​ព្រៃ​នេះ​បាន​ទទួលរង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ។ សព្វថ្ងៃ ព្រៃ​អភិរក្ស​មួយ​នេះ​ មាន​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ចំនួន ១៤នាក់ ដែល​ជា​ចំនួន​ដ៏​តិច​តួច បើ​ប្រៀប​ធៀប​នឹង​ទំហំ​ព្រៃ​ដែល​ត្រូវ​ការពារ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។