ប្រជាសហគមន៍ការពារព្រៃព្រះរកា ឱ្យដឹងថា បច្ចុប្បន្នមានរោងសិប្បកម្មកែច្នៃឈើនៅតែកើតមានច្រើនព័ទ្ធជុំវិញ ព្រៃព្រះរកា ក្នុងស្រុកចំនួន ៣ របស់ខេត្តព្រះវិហារ។ ម្ចាស់រោងសិប្បកម្មទាំងនោះ ទទួលទិញឈើដែលដឹកចេញពីដែនជម្រកសត្វព្រៃព្រះរកា ដើម្បីផ្គត់ផ្គង់សង្វាក់ផលិតកម្មកែច្នៃគ្រឿងសង្ហារិម ទីផ្សារក្នុងស្រុកជាច្រើនឆ្នាំមកហើយ ដែលជាហេតុធ្វើឱ្យព្រៃការពារមួយនេះ ប្រឈមវិនាសហិនហោច។
ប្រជាសហគមន៍ការពារព្រៃព្រះរកា អំពាវនាវឱ្យក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តព្រះវិហារលុបបំបាត់រោងកែច្នៃ និងសិប្បកម្មឈើគ្រប់ប្រភេទរាប់សិបកន្លែង នៅព័ទ្ធជុំវិញព្រៃព្រះរកា ដើម្បីថែទាំព្រៃអភិរក្សមួយនេះឱ្យថិតថេរ។ ពួកគេសង្កេតឃើញថា ម្ចាស់សិប្បកម្មភាគច្រើនមានខ្នងបង្អែក ជាអ្នកមានឥទ្ធិពល និងជាមន្ត្រីយោធា ទើបធ្វើឱ្យមន្ត្រីជំនាញថ្នាក់មូលដ្ឋានមិនហ៊ានអនុវត្តច្បាប់។
សមាជិកសហគមន៍ការពារព្រៃព្រះរការស់នៅឃុំម្លូព្រៃ១ ស្រុកឆែប លោក ហែត ណៃ ឱ្យដឹងនៅថ្ងៃទី២ កក្កដាថា បច្ចុប្បន្នក្នុងឃុំម្លូព្រៃ១ ស្រុកឆែប មានរោងសិប្បកម្មកែច្នៃឈើ មិនក្រោម ៥កន្លែងនោះទេ។ លោកថា រោងសិប្បកម្មទាំងនោះ បានទិញឈើដែលកាប់ចេញពីព្រៃព្រះរកា ដើម្បីកែច្នៃទ្វារ បង្អួច តុ និងគ្រឿងសង្ហារិមផ្សេងៗ ទៀត។ លោកបន្តថា ក្នុងឃុំមរកត ស្រុកជាំក្សាន្តវិញ ក៏មានរោងសិប្បកម្មជាង ១០កន្លែង ដែលភាគច្រើនជារបស់មន្ត្រីយោធា។ លោកគិតថា បើមើលពីខាងក្រៅ អាជីវកម្មកែច្នៃឈើទាំងនេះហាក់តូចតាច ប៉ុន្តែបើបណ្ដោយឱ្យកើតមានយូរៗ ទៅ នឹងធ្វើឱ្យព្រៃអភិរក្សមួយនេះវិនាសហិនហោច៖ «យើងគិតទៅ យកដើមផ្ចឹកមកកែច្នៃជាទ្រង់ទ្រាយធំ មានកូនអ្នកធំៗ ចូលមកដើម្បីធ្វើ អ្នកខាងក្រោមអត់ហ៊ាន។ កាប់ចេញពីព្រៃព្រះរកាមកធ្វើទាំងអស់ ព្រោះអីនៅតំបន់នោះ អត់មានព្រៃអីណាទៀតទេ មានតែព្រៃព្រះរកាមួយ ភូមិខ្ញុំកត់សម្គាល់ឃើញ ៣ ចុះតំបន់ផ្សេងៗទៀត នៅខាងម្លូព្រៃ ច្រើនជាងគេ គឺនៅតំបន់ទាហាន ក្នុងស្រុកជាំក្សាន្ត »។
លោក ហែត ណៃ បន្ថែមថា រោងសិប្បកម្មនីមួយៗ មានជាងឈើចាប់ពី ៣នាក់ឡើងទៅ ហើយគេប្រើម៉ាស៊ីនតាបឈូស ម៉ាស៊ីនច្រៀក និងសម្ភារៈកែច្នៃជាច្រើនទៀត ដែលភាគច្រើនគេធ្វើនៅតាមផ្ទះ និងរោងឈើ ហ៊ុមព័ទ្ធរបងជិត។ បន្ថែមពីនេះ ឈើដែលគេយកកែច្នៃភាគច្រើនជាប្រភេទ ផ្ចឹក រាំង និងគគីរ ជាដើម។
ស្រដៀងគ្នានេះ សមាជិកសហគមន៍ការពារព្រៃព្រះរការស់នៅឃុំពោធិ៍ ស្រុកត្បែងមានជ័យ លោក បា ផល សង្កេតឃើញថា នៅឃុំពោធិ៍មានរោងសិប្បកម្មឈើ ១០កន្លែង ហើយម្ចាស់សិប្បកម្មភាគច្រើន ជាពលរដ្ឋចំណូលស្រុក។ លោកអះអាងថា គ្រប់ឃុំទាំងអស់ ក្នុងស្រុកចំនួន៣ ព័ទ្ធជុំវិញព្រៃព្រះរកា សុទ្ធតែមានរោងសិប្បកម្មកែច្នៃឈើគ្រប់ប្រភេទ ទាំងខ្នាតតូច និងធំ។ លោកថា កន្លងទៅ អ្នកភូមិប្រទះឃើញ អាជ្ញាធរចុះអនុវត្តច្បាប់ម្ដងម្កាលដែរ ប៉ុន្តែមួយរយៈខ្លីក្រោយមក ករណីនេះនៅតែកើតមានដដែល៖ «និយាយទៅវាគ្រប់ឃុំ និងគ្រប់កន្លែងវាប៉ះពាល់ មានឈើចេញមកពីណា ចេញពីព្រៃព្រះរកាទាំងអស់។ និយាយទៅអ្នកភូមិគ្មានទេ សុទ្ធតែពួកចំណូល មកសិប្បកម្ម បើសិនជាអ្នកភូមិតែងម្ដង មកតាមភូមិ គ្មានទេ »។
អាស៊ីសេរីមិនទាន់សុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និងប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ បាននៅឡើយទេ នៅថ្ងៃទី២ កក្កដា។
ចំណែក ប្រធានដែនជម្រកសត្វព្រៃ លោក យ៉ាន់ ប៊ុនសឿន ក៏មិនអាចសុំការបំភ្លឺបានដែរ ព្រោះលោកថា ទូរស័ព្ទស្ដាប់មិនឮ។
ប៉ុន្តែមេឃុំពោធិ៍ ស្រុកត្បែងមានជ័យ លោក ហម បាន ទទួលស្គាល់ថា ឃុំរបស់លោក មានរោងសិប្បកម្មលក្ខណៈគ្រួសារ តែលោកមិនបញ្ជាក់ថា មានប៉ុន្មានកន្លែងនោះទេ។ លោកថា ភារកិច្ចដោះស្រាយរឿងនេះ គឺក្រសួងបរិស្ថាន និងអាជ្ញាធរស្រុក/ខេត្ត ហួសពីសមត្ថភាពអាជ្ញាធរឃុំហើយ៖ «ធ្វើម៉េចទេលោកគ្រូ បើហ្នឹងបើក្រសួងបរិស្ថាន ខ្ញុំទៅហាមគេក៏ហាមមិនបាន ខ្ញុំគ្រាន់តែគ្រប់គ្រងពលរដ្ឋ បើរឿងព្រៃឈើ គឺបរិស្ថាន។ បើបរិស្ថានថា បិទៗ អាហ្នឹងខ្ញុំអត់ហ៊ានលូកដៃចូលក្នុងរឿងគេទេ »។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ សង្កេតឃើញថា ព្រៃឈើនៅក្រៅតំបន់ការពារ ត្រូវគេកាប់អស់ហើយ ដែលជាមូលហេតុ ធ្វើឱ្យក្រុមអ្នកកាប់ឈើ សម្រុកចូលអារឈើ ក្នុងតំបន់អភិរក្សគ្រប់គ្រងដោយក្រសួងបរិស្ថាន។ លោកថា ការបណ្ដែតបណ្ដោយឱ្យមានសិប្បកម្មកែច្នៃឈើ នៅជិតព្រៃអភិរក្ស គឺជាប្រភពនៃវិនាសកម្មព្រៃឈើ ព្រោះក្រុមឈ្មួញបានលក់ឈើ ដែលកាប់ចេញពីព្រៃព្រះរកាឱ្យម្ចាស់សិប្បកម្មច្នៃគ្រឿងសង្ហារិម៖ «សិប្បកម្មវាមួយផ្នែក ដេប៉ូស្តុកឈើមួយផ្នែក ដេប៉ូលក់ចែកចាយមួយផ្នែក ក៏ដូចជា ការដែលអាជ្ញាធរមិនបានយកចិត្តទុកដាក់បង្ក្រាបបទល្មើស បណ្ដែតបណ្ដោយ មិនបង្ក្រាបបទល្មើស និងរកស៊ីឈើមួយចំនួន អាហ្នឹងក៏មួយផ្នែកធំដែរ »។
មន្ត្រីសង្គមស៊ីវិលរូបនេះសង្ស័យថា សិប្បកម្មខ្លះអាចដំណើរការរលូន ព្រោះត្រូវរ៉ូវជាមួយអាជ្ញាធរ និងសមត្ថកិច្ចនៅមូលដ្ឋាន។ លោកអំពាវនាវឱ្យរដ្ឋាភិបាល ដោះស្រាយរឿងនេះឱ្យមានប្រសិទ្ធភាព ដើម្បីថែទាំធនធានធម្មជាតិ ដែលនៅសល់តិចតួចចុងក្រោយឱ្យគង់វង្ស សម្រាប់កូនខ្មែរជំនាន់ក្រោយ។
ដែនជម្រកសត្វព្រៃព្រះរកា ត្រូវក្រសួងបរិស្ថានដាក់បញ្ចូលជាព្រៃអភិរក្សមានទំហំ ៩ម៉ឺន ៦ពាន់ហិកតារ នៅភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប របស់ខែត្រព្រះវិហារ ក៏ប៉ុន្តែព្រៃនេះបានទទួលរងការកាប់ឈើធ្វើអាជីវកម្មខុសច្បាប់អស់រយៈពេលច្រើនឆ្នាំមកហើយ។ សព្វថ្ងៃ ព្រៃអភិរក្សមួយនេះ មានឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានចំនួន ១៤នាក់ ដែលជាចំនួនដ៏តិចតួច បើប្រៀបធៀបនឹងទំហំព្រៃដែលត្រូវការពារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។