មន្ត្រីសិទ្ធិមនុស្សមួយរូបបានជ្រើសរើសយកការដាក់បណ្ដឹងតាមផ្លូវច្បាប់ ជាមធ្យោបាយតស៊ូមតិបែបថ្មី ដើម្បីជំរុញឱ្យមានដំណោះស្រាយជុំវិញរឿងបទល្មើសធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើ និងបទល្មើសឧក្រិដ្ឋមួយចំនួនទៀត។ ក្នុងចំណោមបណ្ដឹងដែលមន្ត្រីសិទ្ធិរូបនោះ បានដាក់ទៅតុលាការ មានមួយចំនួនកំពុងរង់ចាំសវនាការជំនុំជម្រះ មួយចំនួនកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតរបស់ព្រះរាជអាជ្ញា និងមួយចំនួនទៀតត្រូវបានស្ថាប័នអយ្យការតម្កល់មិនចាត់ការ។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ គឺជាមន្ត្រីសិទ្ធិមនុស្សមួយរូប ដែលបានខ្នះខ្នែងដាក់បណ្ដឹងបរិហារទៅស្ថាប័នអយ្យការតាមខេត្តមួយចំនួនទូទាំងប្រទេស។ លោកបានចាប់ផ្ដើមដាក់បណ្ដឹងបរិហារនេះ តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ហើយមកទល់នឹងពេលនេះ បណ្ដឹងដែលលោកបានដាក់រួចរាល់មានចំនួន ១១បណ្ដឹង ក្នុងនោះ ៥បណ្ដឹង ដាក់ទៅតុលាការខេត្តរតនគិរី ២បណ្ដឹង ដាក់ទៅតុលាការខេត្តមណ្ឌលគិរី ១បណ្ដឹង ទៅតុលាការខេត្តកំពង់ចាម ១បណ្ដឹង ទៅតុលាការខេត្តក្រចេះ និង ១បណ្ដឹងទៀត ទៅតុលាការខេត្តកំពត។
លោក ប៉ែន បុណ្ណារ៍ អះអាងថា បណ្ដឹងបរិហារទាំងនោះ សុទ្ធសឹងជាករណីបទល្មើសធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើ និងការកាប់ទន្ទ្រានដីព្រៃ ដែលជាបទល្មើសឧក្រិដ្ឋ។ លោកបញ្ជាក់ថា បណ្ដឹងរបស់លោកដែលរួមគ្នាជាមួយប្រជាសហគមន៍នេះ ចែកជាពីរប្រភេទ គឺទីមួយប្ដឹងជនល្មើសដោយផ្ទាល់ និងមួយទៀតប្ដឹងមន្ត្រីនគរបាលយុត្តិធម៌ដែលបណ្ដែតបណ្ដោយឱ្យមានបទល្មើសធនធានធម្មជាតិក្នុងតំបន់ដែលខ្លួនគ្រប់គ្រង៖ «បណ្ដឹងមួយចំនួន យើងដាក់ប្ដឹងទៅជនល្មើសផ្ទាល់ ដែលជាឧកញ៉ា និងជាមន្ត្រីធំៗ ហើយមានបណ្ដឹងខ្លះទៀត យើងប្ដឹងពីការមិនទទួលខុសត្រូវ និងការបណ្ដែតបណ្ដោយរបស់មន្ត្រី។ ដើម្បីឱ្យបណ្ដឹងយើងងាយស្រួលក្នុងការដាក់ យើងគិតថាបន្ទាប់ពីបណ្ដឹង ១១ នេះទៅ បណ្ដឹងលើកក្រោយយើងនឹងប្រើបណ្ដឹងផ្លូវការដោយដាក់បន្ទុកទៅលើមន្ត្រីនគរបាលយុត្តិធម៌ដែលទទួលខុសត្រូវក្នុងកិច្ចការការពារធនធានធម្មជាតិនៅតំបន់ទាំងនោះតែម្ដង អីចឹងមន្ត្រីនគរបាលយុត្តិធម៌ត្រូវដោះបន្ទុកខ្លួនចំពោះការបាត់បង់ព្រៃឈើនៅក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវ»។
លោក ប៉ែន បុណ្ណារ៍ បញ្ជាក់ថា ក្នុងចំណោមបណ្ដឹងបរិហារចំនួន ១១នោះ មានតែបណ្ដឹងនៅខេត្តកំពតមួយប៉ុណ្ណោះ ដែលត្រូវបានតំណាងអយ្យការតម្កល់ទុកឥតចាត់ការ ចំណែកបណ្ដឹង ១០ ផ្សេងទៀត សុទ្ធតែមានដំណើរការ ដោយតំណាងអយ្យការបានកោះហៅរូបលោក និងពលរដ្ឋដទៃទៀត ឱ្យទៅបំភ្លឺលើពាក្យបណ្ដឹងទាំងនោះ។ ជាពិសេស គឺបណ្ដឹងទាក់ទងនឹងកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានដីព្រៃសហគមន៍ជាង ៥ពាន់ហិកតារ នៅខេត្តត្បូងឃ្មុំ ប្រព្រឹត្តដោយក្រុមឧកញ៉ាមួយចំនួន និងបក្ខពួក ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពង់ចាម បញ្ចប់នីតិវិធីរួចហើយ រង់ចាំតែថ្ងៃបើកសវនាការ នៅខែមិថុនាខាងមុខ ប៉ុណ្ណោះ។ លោកសង្កត់ធ្ងន់ថា ចំណាត់ការរបស់សាលាដំបូងខេត្តកំពង់ចាមនេះ នឹងក្លាយជាគម្រូល្អដល់តុលាការខេត្តក្រុងដទៃទៀត ហើយនេះក៏ជាការលើកទឹកចិត្តដល់រូបលោក និងប្រជាសហគមន៍ ឱ្យបន្តដាក់បណ្ដឹងបរិហារជាច្រើនផ្សេងទៀតដែរ ដើម្បីជំរុញឱ្យមានវិធានការ និងដំណោះស្រាយនានា ជុំវិញរឿងបទល្មើសធនធានធម្មជាតិ ដែលបានកើតឡើងពេញផ្ទៃប្រទេស៖ «ខ្ញុំជាមួយនឹងសហគមន៍ ហើយបន្តិចទៀតយើងនឹងប្រមូលអ្នកកាសែត និងសង្គមស៊ីវិលផ្សេងៗទៀត ដើម្បីឱ្យចូលរួមក្នុងការដាក់បណ្ដឹងបរិហារផ្លូវការ ដោយយកមាត្រា ៥២៩ ( ក្រមព្រហ្មទណ្ឌ ) ធ្វើជាគោលដៅក្នុងការដាក់បណ្ដឹង ពីព្រោះយើងបានឆ្លើយបំភ្លឺទៅស្ថាប័នអយ្យការរួចហើយ។ គាត់សួរថាហេតុអ្វីបានជាយើងដាក់បណ្ដឹង ដែលមិនមែនជាខេត្ត ឬតំបន់ដែលយើងរស់នៅ។ ( ការការពារ ) ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គឺជាកាតព្វកិច្ចរបស់កូនខ្មែរទាំងអស់ មិនថារស់នៅកន្លែងណានោះទេ ហើយក្រមព្រហ្មទណ្ឌមាត្រា ៥២៩ ក៏បានដាក់បន្ទុកឱ្យពលរដ្ឋខ្មែរទាំងអស់ត្រូវតែប្ដឹង កាលណាដឹងថាមានបទល្មើសឧក្រិដ្ឋកើតឡើងនៅកន្លែងណាមួយ។ បទឧក្រិដ្ឋព្រហ្មទណ្ឌ មិនចាំបាច់ទាល់តែជាបទល្មើសធនធានធម្មជាតិនោះទេ សូម្បីតែករណីល្បែងស៊ីសង ឬគ្រឿងញៀនក៏អាចប្ដឹងបានដែរ»។
បណ្ដឹងបរិហារ គឺជាបណ្ដឹងប្រាប់ឱ្យដឹងនូវអំពើល្មើស ឬបទល្មើសអ្វីមួយក្នុងបំណងឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមសមត្ថកិច្ចរបស់ខ្លួន ដែលច្បាប់បានកំណត់។ បុគ្គលគ្រប់រូប រួមទាំងអង្គការមិនមែនរដ្ឋាភិបាល អង្គការរដ្ឋ ឬរដ្ឋបរទេសនានា សុទ្ធសឹងតែអាចធ្វើបណ្ដឹងបរិហារបានទាំងអស់ ហើយក្រមព្រហ្មទណ្ឌមាត្រា ៥២៩ ចែងថា រាល់បុគ្គលណាដែលបានដឹងពីបទឧក្រិដ្ឋ ដែលអាចនឹងបង្ការ ឬបន្ថយអានុភាពរបស់បទល្មើសបាន ហើយមិនប្ដឹងបរិហារដល់អាជ្ញាធរតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ខែទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១ សែនទៅ ២ លានរៀល។
លោក ប៉ែន បុណ្ណារ៍ យល់ឃើញថា បណ្ដឹងបរិហារនេះ គឺជាមធ្យោបាយតស៊ូមតិថ្មីមួយ ដែលអាចមានប្រសិទ្ធភាពជាងការគ្រាន់តែចេញសេចក្ដីថ្លែងការណ៍ ឬរបាយការណ៍ ដូចដែលអង្គការសង្គមស៊ីវិល និងសកម្មជនមួយចំនួនធ្លាប់បានធ្វើ កាលពីពេលកន្លងទៅ។ ម្យ៉ាងវិញទៀត លោកថាការដាក់បណ្ដឹងបរិហារនេះមានភាពងាយស្រួល ហើយក្រមព្រហ្មទណ្ឌបានផ្តល់សិទ្ធិយ៉ាងទូលំទូលាយដល់ពលរដ្ឋខ្មែរគ្រប់រូបអាចដាក់បណ្ដឹងបរិហារនេះបាន៖ «បើសិនជាយើងប្រៀបធៀបទៅនឹងសេចក្ដីថ្លែងការណ៍ វា ( បណ្ដឹងបរិហារ ) មានឥទ្ធិពលខ្លាំងណាស់។ មុនដាក់ ( បណ្ដឹងបរិហារ ) ឧកញ៉ាទាំងអស់នោះ ធ្វើសកម្មភាពដោយមិនគ្មានខ្លាចអ្វីនោះទេ ក៏ប៉ុន្តែពេលយើងដាក់បណ្ដឹងបរិហារទៅក្នុងតុលាការ យើងឃើញថា ឧកញ៉ាទាំងអស់នោះនាំគ្នាលាក់ឈ្មោះអស់ ដូចជា ឧកញ៉ា លឹម ប៊ុនណា និងឧកញ៉ា វុន ប៊ុនថៃ ជាដើម គឺបាត់សំឡេងពីការកាប់បំផ្លាញ់ព្រៃឈើ។ ការតស៊ូមតិរបៀបដាក់បណ្ដឹងបរិហារផ្លូវការ វាជាវិធីមួយល្អហើយតាមផ្លូវច្បាប់ទៀត ហើយបើភាគីណាមួយដែលយើងបានដាក់ប្ដឹងដាក់បន្ទុកនោះ ធ្វើការគំរាមកំហែងមកលើយើងជាអ្នកប្ដឹង ភាគីនោះនឹងត្រូវច្បាប់ដាក់ទោសថែមទៀត តាមក្រមព្រហ្មទណ្ឌ»។
ពលរដ្ឋជនជាតិដើមភាគតិចទំពួនមួយរូប ដែលរស់នៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី លោក ស៊ីថាន់ ញ៉ាន់ ថ្លែងថា លោកបានចូលរួមដាក់បណ្ដឹងបរិហារមួយច្បាប់ទៅតុលាការខេត្តរតនគិរីជាមួយសមាគមអាដហុក និងអង្គការការពារធនធានធម្មជាតិ ដើម្បីប្ដឹងអាជ្ញាធរមូលដ្ឋានរហូតដល់មន្ត្រីបរិស្ថានខេត្ត ពីបទអនុគ្រោះចំពោះបទល្មើសព្រៃឈើ និងមិនទប់ស្កាត់បទល្មើសកាប់រានទន្ទ្រានដីព្រៃសហគមន៍ ភូមិសមុទ្រក្រោម និងព្រៃដែនជម្រកសត្វឱ្យបានទាន់ពេលវេលា។ លោកបញ្ជាក់ថា ការសម្រេចប្ដឹងបរិហារមន្ត្រីអាជ្ញាធរនេះ ដោយសារពួកលោកបារម្ភពីវិនាសកម្មព្រៃឈើក្នុងតំបន់ការពារ ហើយពលរដ្ឋមានក្តីសង្ឃឹមចំពោះសំណុំរឿងនេះ ដោយសារមានការចូលរួមពីអង្គការសង្គមស៊ីវិល។ លោកបញ្ជាក់ថា តំណាងអយ្យការបានកោះហៅរូបលោក និងអ្នកផ្សេងឱ្យទៅបំភ្លឺរួចហើយលើពាក្យបណ្ដឹងនេះ៖ «គាត់បានចូលប្រឡូកធ្វើពាក្យបណ្ដឹងជាមួយយើងខ្ញុំ ហើយយើងខ្ញុំក៏មានសេចក្ដីសង្ឃឹមដោយសារតែគាត់ចូលរួមនេះដែរ។ ប្រជាពលរដ្ឋមិនរាថយនោះទេ គឺនៅតែប្រកាន់ជំហរបែបនេះរហូត ហើយអ្នកដែលដាក់ពាក្យបណ្តឹងមិនហ៊ានទៅធ្វើអ្វីនោះទេ ពួកយើងចាំឃ្លាំមើលតែអីចឹងហើយ»។
កម្ពុជាបានជាប់ឈ្មោះថា ជាប្រទេសមិនគោរពនីតិរដ្ឋដោយសារតែស្ថាប័នកំពូលទាំង ៣ របស់ជាតិ ត្រូវបានដាក់ឱ្យស្ថិតក្រោមការបង្គាប់បញ្ជាពីបុគ្គលតែម្នាក់ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈតុលាការត្រូវបានរកឃើញថា ជាស្ថាប័នដែលពុករលួយជាងគេ។
ទោះបីជាបែបនេះក្ដី លោក ប៉ែន បុណ្ណារ៍ ជំរុញឱ្យអង្គការសង្គមស៊ីវិល សកម្មជន និងពលរដ្ឋខ្មែរទូទៅ រួមគ្នាដាក់បណ្ដឹងបរិហារឱ្យបានច្រើន ដើម្បីជំរុញឱ្យដំណើរការ កែទម្រង់ប្រព័ន្ធយុត្តិធម៌មានប្រសិទ្ធភាព និងជំរុញឱ្យស្ថាប័នតុលាការអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ។
លោក ប៉ែន បុណ្ណារ៍ គឺជាអ្នកការពារសិទ្ធិមនុស្សដ៏សកម្មមួយរូបនៃសមាគមអាដហុក ចាប់តាំងពីឆ្នាំ ១៩៩៩ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។ លោកធ្លាប់ជាអតីតអ្នកសម្របសម្រួលសមាគមអាដហុកខេត្តរតនគិរីចន្លោះពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១០។
ក្នុងពេលបំពេញការងារនៅខេត្តភាគឦសានមួយនេះ លោកធ្លាប់ទទួលរងបណ្ដឹងចំនួន ៤ ដែលសុទ្ធសឹងជាការចោទប្រកាន់ពីបទញុះញង់ និងផ្សាយព័ត៌មានមិនពិត ក៏ប៉ុន្តែ បណ្ដឹងទាំងនោះក្រោយមកត្រូវបានទម្លាក់ចោលវិញ។ ករណីធំជាងគេក្នុងចំណោមសំណុំរឿងទាំង ៤ នេះ គឺការប្ដឹងផ្ដល់ និងគំរាមចាប់ដាក់ពន្ធនាគារពីសំណាក់អតីតអនុប្រធានតុលាការខេត្តរតនគិរី លោក ថោ សារ៉ន ដែលចោទលោកពីបទញុះញង់ពាក់ព័ន្ធនឹងទំនាស់ដីធ្លីរវាងជនជាតិដើមភាគតិច និងបុគ្គលមានអំណាចនៅខេត្តរតនគិរី កាលពីឆ្នាំ២០០៩។ ក្រោយពេលផ្ទុះការប្ដឹងផ្ដល់នេះ លោកត្រូវបានសមាគមអាដហុកកោះហៅឱ្យមកភ្នំពេញវិញ ក៏ប៉ុន្តែលោកបានស្នើសុំទៅថ្នាក់ដឹកនាំសមាគមនេះដើម្បីទៅតតាំងក្តីរឿងនេះនៅខេត្តរតនគិរីវិញ។ នៅទីបំផុតលោកបានឈ្នះក្តីលើសំណុំរឿងនេះ ដោយចៅក្រម ថោ សារ៉ន ត្រូវទទួលរងពិន័យ ដោយត្រូវបានដាក់ឱ្យចូលនិវត្តន៍។
បន្ទាប់ពីចប់ក្តីរឿងនេះ នៅដើមឆ្នាំ២០១១ លោកត្រូវបានផ្លាស់ឱ្យមកធ្វើការនៅការិយាល័យសមាគមអាដហុកនៅភ្នំពេញវិញ ដោយត្រូវបានដំឡើងតួនាទីជាមន្ត្រីជាន់ខ្ពស់ស៊ើបអង្កេតផ្នែកដីធ្លី និងធនធានធម្មជាតិ ហើយនៅឆ្នាំ ២០១៥ លោកក៏ត្រូវបានផ្ដល់ឱ្យនូវតួនាទីបន្ថែមថ្មីមួយទៀត គឺជាមន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក។
លោក ប៉ែន បុណ្ណារ៍ ធ្លាប់ទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្សពីបណ្ដុំអង្គការសង្គមស៊ីវិលនៅកម្ពុជា ក្រោយពេលលោកបានចុះទៅជាមួយមន្ត្រីអង្គការសហប្រជាជាតិ ដើម្បីជួយជនភៀសខ្លួនម៉ុងតាញ៉ា ដែលរត់ភៀសខ្លួនចូលក្នុងព្រៃ នាទឹកដីខេត្តរតនគិរី ដោយសាររងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាម។ ក្រៅពីនេះ លោកក៏ទទួលបានប័ណ្ណសរសើរ និងប័ណ្ណលើកទឹកចិត្តមួយចំនួនពីសំណាក់ថ្នាក់ដឹកនាំនៃសមាគមអាដហុកផងដែរ៕