ពលរដ្ឋ​ពុល​ទឹក​ព្រែក​នៅ​ក្រចេះ​និង​មណ្ឌលគិរី​អំពាវនាវ​ឱ្យ​បញ្ឈប់​អាជីវកម្ម​រ៉ែ​មាស​គ្រប់​ប្រភេទ

0:00 / 0:00

អ្នកឃ្លាំមើល​បរិស្ថាន និង​ពលរដ្ឋ​ដែល​រងគ្រោះ​ពុល​ទឹក​ព្រែកទេរ ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត ពី​ភាព​កម្សោយ​នៃ​ការអនុវត្ត​ច្បាប់​របស់​របប​ក្រុង​ភ្នំពេញ ទៅ​លើ​ក្រុមហ៊ុន​ចិន រ៉ុង ឆេង និង អ្នក​មាន​អំណាច​មួយ​ចំនួន ដែល​បាន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល​សំដែង​ការ​ខកចិត្ត​នៅ​ពេល​ដែល​ឃើញ​រដ្ឋាភិបាល​អះអាង​ថា ពលរដ្ឋ​ស្លាប់​ដោយសារ​ពុល​ស្រា និង​ថ្នាំ​សម្លាប់​ស្មៅ។ ពួកគេ​បារម្ភ​ថា​ប្រព័ន្ធ​ដឹកនាំ​របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្មាន​សមត្ថភាព​គ្រប់គ្រង​វិស័យ​រ៉ែ​បម្រើ​ប្រយោជន៍ សង្គមជាតិ និង​ពលរដ្ឋ​ឱ្យ​ប្រសើរ​នោះ​ទេ ប៉ុន្តែ បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​រ៉ែ​ទាំង​ខុសច្បាប់ បង្ក​គ្រោះថ្នាក់​បរិស្ថាន និង​អាយុជីវិត​ពលរដ្ឋ។

អ្នកឃ្លាំមើល​បរិស្ថាន​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល សម្ដែង​ការ​ខកចិត្ត​នៅ​គ្រា​ដែល​ក្រសួង​ចំនួន ៣ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួមគ្នា​ស្ដីពី​លទ្ធផល​នៃ​ការស្រាវជ្រាវ ករណី​ពលរដ្ឋ​ស្លាប់​ជិត ២០​នាក់ និង​ជាង ៣​រយ​នាក់ ធ្លាក់ខ្លួន​ឈឺ​នៅ​ខេត្ត​ក្រចេះ គឺ​បណ្ដា​មក​ពី ពុល​ស្រា​ស និង​ថ្នាំ​សម្លាប់​ស្មៅ និង​សត្វល្អិត។ ពួកគេ​ចាត់​ទុក​ការ​បកស្រាយ​នេះ​គឺជា​លេស គេចវេះ​ពី​ការទទួលខុសត្រូវ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​ក្រុមហ៊ុន​ចិន និង​អ្នកមាន​ឥទ្ធិពល​ធ្វើ​អាជីវកម្ម​រ៉ែ​មាស នៅតែ​រួចខ្លួន​ដដែល។

ស្ថាបនិក​អង្គការ​មាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) គ្មាន​ទំនុក​ចិត្ត​លើ​សមត្ថភាព​របប​លោក ហ៊ុន សែន ក្នុង​ការ​ស្វែងរក​ការពិត​ករណី​ពលរដ្ឋ​ពុល​ស្លាប់​នៅ​ក្រចេះ​នោះ​ទេ បែរជា​ព្យាយាម​បង្វែរ​សំណុំ​រឿង​នេះ​ព្រោះ​ខ្លាច​ប៉ះពាល់​របប​រកស៊ី​ក្រុមហ៊ុន​ចិន។ លោក​កត់សម្គាល់​ថា កន្លង​ទៅ​ក្រុមហ៊ុន​មួយ​ចំនួន​ធ្វើ​អាជីវកម្ម​រ៉ែ ប៉ះពាល់​អាយុជីវិត​ពលរដ្ឋ និង​បរិស្ថាន មិន​ដែល​ឃើញ​មាន​ស្ថាប័ន​ណាមួយ​រក​អ្នក​ពាក់ព័ន្ធ​មក​ទទួលខុសត្រូវ​នោះ​ទេ។ «»

លោក អាឡិក ផ្តល់​មតិ​ថា បើ​លោក ហ៊ុន សែន ចង់​ដោះស្រាយ​រឿង​នេះ គ្មាន​អ្វី​លំបាក​នោះ​ទេ ត្រូវ​ចុះ​មូលដ្ឋាន​ផ្ទាល់ និង​បញ្ឈប់​សកម្មភាព​រ៉ែ​មាស​នៅ​តំបន់​នោះ​ទាំងអស់ និង​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ឱ្យ​មក​ទទួលខុសត្រូវ​តាមច្បាប់ មិន​ត្រូវ​ធ្វើ​របាយការណ៍​ក្លែងក្លាយ កុហក​សាធារណជន​នោះ​ទេ។ លោក​បារម្ភ​ថា ប្រសិនបើ​ពុំ​មាន​ការ​តាមដាន ពី​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​នោះ​ទេ ក្រុមហ៊ុន​ចិន​នឹង​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ដដែលៗ ហើយ​ពលរដ្ឋ​នៅតែ​រងគ្រោះ​ធ្ងន់ធ្ងរ។ «»

កាលពី​ថ្ងៃ​ទី​២៤ ឧសភា រដ្ឋមន្ត្រី ៣​ក្រសួង គឺ​ក្រសួងសុខាភិបាល ក្រសួង​រ៉ែ និង​ថាមពល និង ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ក្នុង​លិខិត​កន្លះ​ទំព័រ ដោយ​បញ្ជាក់​ថា ពលរដ្ឋ​ពុល​បង្ក​ឱ្យ​ស្លាប់ និង​ឈឺ គឺ​បណ្ដាល​មក​ពី​ស្រា​ស ដែល​លក់​នៅ​មូលដ្ឋាន​មាន​សារធាតុ​មេតាណុល​កម្រិត​ខ្ពស់ និង​ការ​ពុល​ទឹក​ព្រែកទេរ មាន​សារ​ធាតុគីមី បណ្តាល​មក​ពី​ថ្នាំ​សម្លាប់​ស្មៅ និង​សត្វល្អិត។ ការ​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​នេះ គឺ​ក្រោយ​ពេល​ដែល លោក ហ៊ុន សែន បាន​ព្រមាន​រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធិ ដែល​បាន​លាតត្រដាង ករណី​ពលរដ្ឋ​ពុល​គឺ​បណ្ដាល​មក​ពី​ប្រើ​សារធាតុ​គីមី ហ្សានីដ (Cyanide) ពី​សំណាក់​ក្រុមហ៊ុន​រុករក​រ៉ែ​នៅ​ខ្សែទឹក​ខាងលើ។

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ពុល​ទឹក​ព្រែក​ទេរ រស់នៅ​ឃុំ​កន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ឧសភា ថា ក្រោយ​ពី​កើត​មាន​បាតុភាព​នេះ ពលរដ្ឋ​រាប់ពាន់​គ្រួសារ ប្រឈម​ខ្វះ​ប្រភព​ទឹក​ប្រើប្រាស់ លំបាក​ចិញ្ចឹម​សត្វ​ពាហនៈ និង​មិន​អាច​រក​ត្រី​សាច់​បរិភោគ​ក្នុង​ទឹកអូរ និង​ព្រែក​បាន​នោះ​ទេ។ លោក​ថា អ្នកភូមិ​សំណូមពរ​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ បញ្ឈប់​អាជីវកម្ម​រ៉ែ​មាស​នៅ​ខ្សែទឹក​ខាងលើ និង​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ឱ្យ​មក​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់។ «»

ពលរដ្ឋ​រស់នៅ​តំបន់​អាជីវកម្ម​រ៉ែ​មាស​ស្រុក​កែវសីមា ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ បារម្ភ​ថា អ្នកភូមិ​នៅ​ឃុំ​ចំនួន​៣ នៃ​ស្រុក​កែវសីមា កំពុង​ភ័យ​ព្រួយ បញ្ហា​ប្រឈម​សព្វបែបយ៉ាង នៅ​គ្រា​ដែល​ក្រុមហ៊ុន​បង្ហូរ​គីមី​ចូល​ទឹកអូរ​ដែល​ជា​កន្លែង​ពួកគេ​អាស្រ័យ​ផល បណ្ដាល​ឱ្យ​ទឹកអូរ​ជាច្រើន​ខ្សែ​មាន​ជាតិពុល ប្រើប្រាស់​មិនបាន។ ចំណែក​សត្វ​ពាហនៈ​អ្នក​ភូមិ​ងាប់ ជា​បន្តបន្ទាប់​នៅ​គ្រា​ដែល​ផឹក​ទឹកអូរ​នោះ។ លោក​ថា អ្នកភូមិ​មិន​ទុកចិត្ត​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ ពី​ផល​ប៉ះពាល់​នានា​នោះ​ទេ ព្រោះ​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​នោះ​មាន​លក្ខណៈ​ធំធេង និង​ស្មុគស្មាញ ហើយ​ក្រុមហ៊ុន​ចិន បាន​ប្រើ​ទុន​វិនិយោគ​រ៉ែ​មាស​ផ្លូវ​ងងឹត រាប់​លាន​ដុល្លារ និង​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន។ «»

អភិបាលរង​ខេត្ត​មណ្ឌលគិរី លោក ចាន់ ថា ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២២ ឧសភា ថា ក្រុមហ៊ុន​ចិន​ឈ្មោះ រ៉ុង ឆេង ពុំ​ទាន់​មាន​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​នៅឡើយ​ទេ។ លោក​ថា អាជ្ញាធរ ខេត្ត​បានសម្រេច​ផ្អាក​អាជីវកម្ម​រុករក​រ៉ែ​មាស នៅ​តំបន់​នោះ​ទាំងអស់​ជា​បណ្ដោះអាសន្ន រួម​ទាំង​អាជីវកម្ម​លក្ខណៈ​សហគមន៍​ផង។ លោក​បន្ថែម​ថា ប្រសិនបើ​សហគមន៍​ប្រទះឃើញ​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម ហួស​ពី​អាជ្ញាប័ណ្ណ សហគមន៍​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត​ចាត់វិធានការ​ច្បាប់។

រហូតមកដល់​ពេលនេះ​ពុំ​ទាន់​មាន​ភាគី​ណា ក្រុមហ៊ុន ឬ​រដ្ឋាភិបាល​ចេញមុខ​ស្វែងរក​ដំណោះ​ស្រាយ​រក​សំណង​ថវិកា​ជួយ​ដល់​ជនរងគ្រោះ​ចំនួន ១៨​នាក់ ដែល​ស្លាប់​ដោយសារ​ពុល​ទឹក​នោះ​នៅ​ឡើយ​ទេ បើ​ទោះ​ជា​មានការ​អំពាវនាវ​ពី​សង្គម​ស៊ីវិល​ក៏ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។