ពលរដ្ឋ​បន្ទាយមានជ័យ​រិះគន់​អាជ្ញាធរ​ថា​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​ដូនតា​របស់​ពួកគាត់

ដោយ ជាតិ ចំណាន
2018-10-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាពក្រុមហ៊ុន គង់ មាន បោះ​ទីតាំង​វាយ​ថ្ម​ភ្នំ​តាដុង ឃុំតាផូ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ដើម​ខែ​មេសា ឆ្នាំ ២០១៨។
សកម្មភាពក្រុមហ៊ុន គង់ មាន បោះ​ទីតាំង​វាយ​ថ្ម​ភ្នំ​តាដុង ឃុំតាផូ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ដើម​ខែ​មេសា ឆ្នាំ ២០១៨។
រូបថតផ្ដល់ដោយពលរដ្ឋ

ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​រិះគន់​អាជ្ញាធរ​ខេត្ត​នេះ​ថា បណ្ដោយ​ឲ្យ​ក្រុមហ៊ុន គង់ មាន ធ្វើ​អាជីវកម្ម​ថ្មភ្នំ​បាន​ផល​ចំណេញ​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ធ្វើ​ឲ្យ​ហិនហោច​សម្បត្តិ​ធនធានធម្មជាតិ និង​ប៉ះពាល់​ដល់​ទី​បញ្ចុះសព​ដូនតា​របស់​អ្នក​ស្រុក។ ការរិះគន់​នេះ​ដោយសារតែ អ្នកស្រុក​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ក្រុមហ៊ុន​នេះ ជិត​មួយ​ឆ្នាំ​ហើយ តែ​គ្មាន​ដំណោះស្រាយ ហើយ​ក្រុមហ៊ុន​កំពុង​ធ្វើ​សកម្មភាព​ដោយ​សេរី។

តំណាង​ពលរដ្ឋ​នៅ​ឃុំ​តាផោ ស្រុក​ស្វាយចេក លោក នេត សុផាត ឲ្យ​នៅ​ថ្ងៃ​ទី​៣១ តុលា​ថា សព្វថ្ងៃ​ក្រុមហ៊ុន គង់ មាន ធ្វើ​អាជីវកម្ម​វាយកម្ទេច​ថ្ម​នៅ​ភ្នំ​តាដុង ក្នុង​ឃុំ​តាផោ បាន​ធ្វើ​សកម្មភាព​ខ្លាំង​ប្រមាណ ១​ខែ​ហើយ។ លោក​បន្ថែម​ទៀត​ថា ថ្ម​ដែល​ក្រុមហ៊ុន​មួយ​នេះ​វាយកម្ទេច​ហើយ ដឹក​យក​ទៅ​លក់​ឲ្យ​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​ផ្លូវថ្នល់​នៅ​ក្នុង​ឃុំ​ក្បែរ​ខាងក្នុង​ស្រុក​ស្វាយចេក​ផង និង​ដឹក​ទៅ​លក់​នៅ​តំបន់​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត​បន្ទាយមានជ័យ។ ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា ពលរដ្ឋ​នៅ​ក្នុង​ឃុំ​បាន​ត្រឹម​ស្រក់​ទឹកភ្នែក​សោកស្ដាយ​ភ្នំ ព្រោះ​មិន​អាច​រារាំង​ក្រុមហ៊ុន​នេះ​ឲ្យ​បញ្ឈប់​បានទេ៖ «ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ចង់បាន​អ្វី​ក៏ដោយ ខាង​អាជ្ញាធរ​ពាក់ព័ន្ធ គឺ​ពេលខ្លះ​សូម​ឆ្លើយតប​មតិយោបល់​ដែល​ជា​តម្រូវការ​ពលរដ្ឋ​ខ្លះ​ផង មិនមែន​ពលរដ្ឋ​ចង់​បាន​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​តែ​គាត់​មិន​ឈប់ យើង​មាន​សិទ្ធិ​ទាមទារ​ហើយ​តែ​គាត់​មិន​ធ្វើតាម។ ពួកគាត់​ខ្ញុំ​ក៏​ជា​ម្ចាស់​ឆ្នោត​ដែរ ដូច្នេះ​រាល់​ការងារ​អភិវឌ្ឍន៍​ណាមួយ​ខ្ញុំ​ចង់​អោយ​អាជ្ញាធរ​មូលដ្ឋាន​គិត​ឡើងវិញ អំពី​មតិ​ពលរដ្ឋ ថា​តើ​គាត់​ស្នើសុំ​នេះ​ខុស​ឬ​ត្រូវ​? ហើយ​មតិ​ភាគច្រើន​ប៉ុនណា​ដែល​គាំទ្រ​ឲ្យ​ធ្វើ ហើយ​ភាគច្រើន​ប៉ុនណា​ដែល​គេ​បដិសេធ​មិន​ឲ្យ​ក្រុមហ៊ុន​នោះ»

លោក នេត សុផាត បន្ត​ទៀត​ថា អាជីវកម្ម​ភ្នំ​នេះ​ដំណើរការ​ទៅ​បាន​ដោយសារ​មាន​ភ្លើង​ខៀវ​ពី​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ថ្នាក់លើ​ពាក់ព័ន្ធ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​សុទ្ធតែ​បាន​ដឹង​រឿង​នេះ​ដែរ ប៉ុន្តែ​មិន​ហ៊ាន​បញ្ឈប់​ក្រុមហ៊ុន​នេះ​ឡើយ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាលស្រុក​ស្វាយចេក​លោក លឿង សុភ័ក្រ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​៣១ តុលា ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

ចំណែក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បន្ទាយមានជ័យ លោក សុត វឌ្ឍនា ក៏​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​នេះ​បាន​ដែរ ដោយ​ហៅ​ចូល​ហើយ តែ​លោក​ចុច​ផ្ដាច់​ទៅវិញ។ ចំណែក​អភិបាល​ស្រុក​ស្វាយចេក​លោក លឿង សុភ័ក្រ ក៏​ធ្លាប់​បដិសេធ មិន​ឆ្លើយ​ដល់​អាស៊ីសេរី ដោយ​រង់ចាំ​សុំ​យោបល់​ពី​ថ្នាក់លើ​ជា​មុន​សិន។

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា​នៅ​លើ​កំពូលភ្នំ​នេះ​មាន​ទូល​ប្រាសាទ​បូរាណ​ចំនួន​៣​កន្លែង ដែល​ជា​ទី​សក្ការ​របស់​ពួកគាត់ ហើយ​ជា​រៀងរាល់​ឆ្នាំ​ពលរដ្ឋ​ក្នុង​ឃុំ​តាផូ តែងតែ​នាំគ្នា​ទៅ​ធ្វើ​បុណ្យទាន​នៅ​លើ​ភ្នំ​មួយ​នេះ ដើម្បី​សុំ​សេចក្ដី​សុខ​សប្បាយ​ជាប្រចាំ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា អាជ្ញាធរ​ក្នុង​ខេត្ត​នេះ​ហាក់​មិន​ខ្វល់​រឿង​សំណើ​របស់​ប្រជាពលរដ្ឋ​សុំ​ឲ្យ​ជួយ​ថែរក្សា​សម្បត្តិ​ធនធានធម្មជាតិ​ដូចជា​ភ្នំ​ជាដើម​នោះ​ទេ។ លោក​អះអាង​ថា អាជ្ញាធរ​ធ្វើ​បែប​នេះ ដោយ​ខុស​ពី​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​ជួប​ការ​លំបាក ដោយសារ​អស់​ព្រៃភ្នំ​ជា​កន្លែង​ដែល​ពួកគាត់​ទាញ​យក​អនុផល និង​ជាទី​សក្ការ​របស់​ពលរដ្ឋ៖ «យើង​ឃើញ​ថា​ភ្នំ​ត្រង់ណា​ក៏​ត្រងោល​ដែរ​ដោយសារតែ​អ្នកមាន​លុយ​គេ​ទិញ​អស់ ហើយ​គ្មាន​នរណា​ហ៊ាន​និយាយ​ហ៊ាន​ថា​ទេ ដោយសារ​ខ្លាច​អស់លោក​ខ្លាច​បុណ្យ​ខ្លាច​ស័ក្ដិ របស់​លោកធំ​ទាំងនោះ ដែល​គាត់​បាន​អាជ្ញាប័ណ្ណ​មក​កាយ​ភ្នំ ហើយ​បាន​លុយ​បាន​កាក់​មាន​បានតែ​ក្រុម​គ្រួសារ​ខ្លួន បែរ​ទៅជា​សម្បត្តិ​ធម្មជាតិ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​រលាយ​ដោយសារ​ស្នាដៃ​ខ្លួន​នោះ»

ភ្នំ​តាដុង​ជា​សម្បត្តិ​ធនធានធម្មជាតិ​បម្រើ​ប្រយោជន៍​ដល់​ពលរដ្ឋ​ចំនួន​៣​ឃុំ ស្មើ​ប្រមាណ​៥​ពាន់​គ្រួសារ។ ភ្នំ​មួយ​នេះ​មាន​ទទឹង​ប្រហែល​១​ពាន់​៥០០​ម៉ែត្រ និង​បណ្ដោយ​ប្រមាណ​២​ពាន់​ម៉ែត្រ ​ស្ថិត​នៅ​ក្នុង​ឃុំ​តាផូ ស្រុក​ស្វាយចេក​ខេត្ត​បន្ទាយមានជ័យ។ អ្នកភូមិ​ចាត់​ទុក​ភ្នំ​មួយ​នេះ​ជា​សម្បត្តិ​ធម្មជាតិ​តែមួយគត់​របស់​ពួកគាត់ ដោយ​ពួកគាត់​រំពឹង​ទុក​ថា នៅ​ថ្ងៃ​អនាគត​ភ្នំ​នេះ នឹង​ប្រែ​ក្លាយទៅជា​រមណីយដ្ឋាន​ធម្មជាតិ​យ៉ាង​ស្រស់​ស្អាត ព្រោះ​នៅ​ខាង​មុខ​ភ្នំ​មាន​អាងទឹក​ដ៏​ធំ និង​មាន​ទេសភាព​ស្រស់​ស្អាត​ទៀត​ផង។

អ្នកភូមិ​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ក្រុមហ៊ុន​មួយ​នេះ​តាំង​កំពុង​បោះ​ទីតាំង​កាលពី​ខែ​មករា​ឆ្នាំ​២០១៨​មក ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​ទេ រហូតដល់​ក្រុមហ៊ុន​នេះ​ធ្វើ​សកម្មភាព​បាន​ជោគជ័យ។សព្វថ្ងៃ​ភ្នំ​ចាប់ផ្ដើម​ខូច​រូបរាង​បណ្ដើរៗ​ហើយ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​អើពើ​ទប់ស្កាត់​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល