អាជ្ញាធរខេត្តព្រះវិហារនៅតែឈូសឆាយព្រៃព្រះរកាធ្វើទីលានចាក់សំរាម ទោះបីសហគមន៍៣ភូមិតវ៉ាក្ដី
2024.08.09
អាជ្ញាធរខេត្តព្រះវិហារនៅតែបញ្ជូនគ្រឿងចក្រឈូសឆាយ និងកាប់ដើមឈើតូចធំ ឋិតក្នុងដែនជម្រកសត្វព្រៃព្រះរកា ដើម្បីធ្វើជាទីលានចាក់សំរាម បើទោះបីប្រជាសហគមន៍ជនជាតិដើមភាគតិចកួយចំនួន ៣ភូមិ ក្នុងឃុំប្រមេរ បានលើកគ្នាតវ៉ាជាច្រើនដងមិនពេញចិត្តនឹងគម្រោងនេះយ៉ាងណាក្តី។
តំណាងសហគមន៍លោកស្រី ទេព ទឹម ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ សីហាថា អាជ្ញាធរបានបញ្ជូនគ្រឿងចក្រឈូសឆាយព្រៃ និងកាប់ដើមឈើតូច និងធំ ដឹកចេញក្រៅ ឋិតក្នុងដែនជម្រកសត្វព្រៃរកា ប៉ះចំកន្លែង ដែលជនជាតិដើមភាគតិចរកអនុផលព្រៃឈើជាច្រើនជំនាន់មកហើយ។
លោកស្រីថា តំបន់ដែលអាជ្ញាធរឈូសឆាយជាបន្តបន្ទាប់ជាង៣ សប្ដាហ៍កន្លងទៅនេះ មានផ្ទៃដី ៣១ហិកតារនៅកៀកនឹងភូមិឋានរបស់ពួកគាត់ ប្រសិនបើក្លាយជាកន្លែងចាក់សំរាម នឹងប៉ះពាល់គុណភពទឹកអូរដែលអ្នកភូមិប្រើប្រាស់ប្រចាំថ្ងៃ៖
លោកស្រី ទេព ទឹម៖ «ដល់ពេលនេះគាត់ឈូសឆាយសព្វគ្រប់ហើយកំពុងតែអារឈើចេញ កាត់ជាកង់ៗហើយ ឥឡូវគេវ៉ៃរួចរាល់ហើយ គេកំពុងតែកាប់ឈើដាក់ឡានពួកខ្ញុំមិនដឹងជាធ្វើម៉េចទៀត បើគេមិនឱ្យយើងចេះដឹងហាមឃាត់គេអ្នកចាត់ចែងនៅវាយសម្រេចអស់ហើយ ពួកខ្ញុំខំទៅតវ៉ាប៉ុន្តែអត់មានដំណោះស្រាយអ្វីសោះ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តព្រះវិហារលោក គឹម រិទ្ធី និងអភិបាលស្រុកត្បែងមានជ័យ លោក នុត សោភ័ណ្ឌ បាននៅឡើយទេ នៅថ្ងៃទី៩ សីហា។
កាលពីចុងខែមិថុនាកន្លងទៅ ជនជាតិដើមភាគតិចកួយ ៥២នាក់ រស់ក្នុងភូមិចំនួន៣ ក្នងឃុំប្រមេរបាននាំគ្នាតវ៉ាឃាត់គ្រឿងចក្រ ដោយទាមទារឱ្យអាជ្ញាធរបញ្ឈប់គម្រោងឈូសឆាយព្រៃអភិរក្សឋិតក្នុងដែនជម្រកសត្វព្រៃព្រះរកា ដើម្បីធ្វើជាទីលានចាក់សំរាមខ្នាតធំ។
ក្នុងពេលអ្នកភូមិតវ៉ា អ្នកភូមិថា អភិបាលស្រុកត្បែងមានជ័យ លោក នុត សោភ័ណ្ឌ បានប្រាប់ពលរដ្ឋនៅចំពោះមុខថា អ្នកភូមិគ្មានសិទ្ធិតវ៉ាជំទាស់នឹងគម្រោងអភិវឌ្ឍន៍របស់អាជ្ញាធរនោះទេ។
ប្រជាសហគមន៍បន្ថែមថា ពួកគាត់សោកស្ដាយដើមឈើធំៗ ទាក់ទាញភ្ញៀវទេសចរនៅកៀកនឹងភូមិកំណើតរបស់ពួកគាត់ ត្រូវបានអាជ្ញាធរឈូសឆាយឱ្យក្លាយជាវាល ដោយមិនបានជូនដំណឹង និងពិគ្រោះយោបល់ឱ្យបានទូលំទូលាយនោះឡើយ៕