ប្រជា​សហគមន៍​ព្រៃ​ឡង់​ថា ​ក្រសួង​បរិស្ថាន​បើក​ដៃ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់​

0:00 / 0:00

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​អះអាង​ថា​ ក្រសួង​បរិស្ថាន​មាន​ចេតនា​ បើក​ដៃ​ឲ្យ​មាន​សកម្មភាព​កាប់​ឈើ​ទ្រង់​ទ្រាយ​ធំ​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ ក្នុង​ខេត្ត​ព្រះ​វិហារ​ និង​ខេត្ត​ស្ទឹង​ត្រែង​ ដោយ​គ្មាន​ការ​ទប់​ស្កាត់​ជា​ច្រើន​ខែ​មក​ហើយ​ បើ​ទោះ​ពួក​គាត់​បាន​ផ្តល់​ព័ត៌មាន​ និង​បង្ហោះ​រូប​ភាព​តាម​បណ្ដាញ​សង្គម​បង្ហាញ​ពី​សកម្មភាព​កាប់​ឈើ​ជា​ច្រើន​ក្តី។​

ចំណែក​សកម្ម​ភាព​កាប់​ឈើ​មូល​ធំៗ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុមហ៊ុន​វៀតណាម​ភីអ៊ិនធី (PNT Co., Ltd.)​ នៅ​តែ​បន្ត​កើត​មាន​ដដែលៗ ពុំ​មាន​អាជ្ញាធរ​ណា​ចុះ​បង្ក្រាប​នៅ​ឡើយ​ទេ​ជិត​កន្លះ​ឆ្នាំ​មក​ហើយ។​

អ្នក​សម្រប​សម្រួល​សហគមន៍ ព្រៃ​ឡង់ខេត្ត​ព្រះវិហារ លោក​ ស្រី ថី ​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៩​ ខែឧសភា​ថា​ ក្រសួង​បរិស្ថាន​ កំពុង​ជិះ​សេះ​លែង​ដៃ​ ដោយ​មិន​ខ្វល់​ ពី​ការ​រិះគន់​ទាំង​ឡាយ​ ចំពោះ​ករណី​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​ពី​សំណាក់ ​​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ។

លោក​ថា​ បើ​ទោះ​បី​ជា​ ពួក​លោក​បាន​ផ្តល់​ព័ត៌មាន និង​បង្ហោះ​សារ​ បង្ហាញ​ពី​ឧក្រិដ្ឋកម្ម​បំផ្លាញ​ព្រៃ​ឡង់​ជា​ច្រើន​ក្តី​ ក៏​ក្រសួង​បរិស្ថាន​មិន​អើពើ​ដែរ។ លោក​បន្ត​ថា ​បច្ចុប្បន្ន ​ក្រុមហ៊ុន​ភីអ៊ិនធី ​នៅ​តែបន្ត​បញ្ជូន​កម្លាំង​កម្មករ​រាប់​សិប​នាក់​ប្រើ​ប្រាស់​គោយន្ត​ និង​រណា​យន្ត​ សម្រុក​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ដោយ​គ្មាន​ការ​ទប់​ស្កាត់៖ « ក្រុមហ៊ុន វៀតណាម ភីអ៊ិនធី បន្ត កាប់ ឈើ អត់ មាន ទប់ ស្កាត់ ទេ ជិះ សេះ លែង ដៃ ដដែលៗ។ រដូវ ការ នេះ គេ កំពុង រក សំឡេង គាំទ្រ បោះឆ្នោត ឥលូវ មន្ត្រី ទៅ ធ្វើ អា ហ្នឹង វិញ ទេ »

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ ពី​ក្រុមហ៊ុន​វៀតណាម​ ភីអ៊ិនធី បាន​ទេ​នៅ​ថ្ងៃ​ទី​០៩ ​ខែឧសភា​ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​លើក។

ចំណែក​អភិបាល​ខេត្ត​ព្រះវិហារ ​លោក ប្រាក់ សុវណ្ណ និង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ លោក​ នេត្រ ភក្ត្រា ក៏​មិន​អាច​ទាក់​ទង​បាន​ដែរ។

រីឯ​នៅ​ខេត្ត​ស្ទឹង​ត្រែង​ឯណោះ​វិញ ​សកម្មភាព​ដឹក​ឈើ​តាម​គោយន្ត​ និង​ម៉ូតូ​ ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ ឆ្លង​កាត់​ឃុំ​កាំងចាម ​ស្រុក​ថា​ឡាបរិវ៉ាត់​ នៅ​តែ​បន្ត​កើត​មាន​ច្រើន។

សមាជិក​សហគមន៍​ការពារ​ព្រៃ​ឡង់​ លោក​ គង់ រី ​ថ្លែង​ថា​ បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​រវល់​តែ​រឿង​ឃោសនា​អូស​ទាញ​ប្រជាពលរដ្ឋ​ឱ្យ​បោះ​ឆ្នោត​ឱ្យ​គណ​បក្ស​កាន់​អំណាច​ដោយ​បណ្តែត​បណ្តោយ​ឱ្យ​មាន​សកម្មភាព​កាប់​ឈើ​ ក្នុង​ព្រៃ​ឡង់​កើន​ឡើង​ជាង​សព្វ​មួយ​ដង។ លោក​ថា​ ស្ទើរ​ជាង​រៀង​រាល់​ថ្ងៃ​ មាន​ម៉ូតូ​ យ៉ាង​ហោច​ណាស់​ ៥០គ្រឿង​ និង​គោយន្ត​ដឹក​ឈើ​ ៣០គ្រឿង​ ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ ដោយ​គ្មាន​ការ​អនុវត្ត​ច្បាប់​។

ក្រុមហ៊ុន ​ភីអ៊ិនធី (PNT Co., Ltd.) ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ ៧.៩០០​ហិកតារ នៅ​ស្រុក​រវៀង ​ខេត្ត​ព្រះវិហារ ​កាលពី​ឆ្នាំ២០១០​ ក្រោម​កិច្ចសន្យា​រយៈ​ពេល ៧០ឆ្នាំ។

ក្នុង​កិច្ចសន្យា​ក្រុមហ៊ុន​នេះ​វិនិយោគ​ដំណាំ​ខ្លឹម​ច័ន្ទ និង​ដំណាំរួមផ្សំ​ផ្សេងៗ ទៀត ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា ក្រុមហ៊ុន​មិន​បាន​ដាំ​ដុះ​តាម​កិច្ចសន្យា​នោះ​ទេ ដោយ​ផ្ដោត​លើ​ការ​កាប់​ឈើ​ទៅ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។