សកម្មជន​ព្រៃ​ឡង់​រឹប​អូស​ឈើ​រាប់​រយ​ម៉ែត្រ​គូប​និង​រថយន្ត​ឈ្មួញ​១​គ្រឿង

ក្នុង​រយៈពេល​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា នៃ​យុទ្ធនាការ​បង្ក្រាប និង​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​តំបន់​ព្រៃ​ឡង់ សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ បាន​រក​ឃើញ​គំនរ​ឈើ​មាន​តម្លៃ​រាប់​រយ​ម៉ែត្រ​គូប រាយ​ប៉ាយ​ក្នុង​ព្រៃ​ឡង់ ដែល​ឈ្មួញ​បម្រុង​ដឹក​ចេញ​ពី​ព្រៃ។
ដោយ វោហារ ជាតិ
2013.11.28
កាប់​ឈើ​ព្រៃ​ឡង់ ៦១០ គំនរ​ឈើ​អារ​ដែល​ឈ្មួញ​គរ​ទុក​នៅ​ក្នុង​ព្រៃ​ឡង់ ចំណុច​តំបន់​ច្រក​តោល ខេត្ត​កំពង់ធំ។
Photo Provided

សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឈើ ដែល​ដើរ​ល្បាត​ព្រៃ​ឡង់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ លោក គិម សឿន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ថា ក្រុម​ល្បាត​បាន​ដុត​កម្ទេច​ឈើ​អារ​ប្រភេទ​ធ្នង់​ប្រវែង ២​ម៉ែត្រ ២​តឹក បាន​មួយ​ចំនួន ចាប់​រថយន្ត​បាន​មួយ​គ្រឿង ហើយ​ឈើ​នៅ​សល់​មួយ​ចំនួន​ទៀត នៅ​មិន​ទាន់​ដុត​ចោល ដោយ​អ្នក​ចាំ​ឈើ​ប្រាប់​ថា ជា​ឈើ​ក្រុមហ៊ុន​រក​ស៊ី​ស្រប​ច្បាប់ ហើយ​ត្រូវ​រង់ចាំ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ដល់​ទីតាំង​គំនរ​ឈើ ដើម្បី​បង្ហាញ​ឯកសារ​បញ្ជាក់​ការ​ពិត។

លោក​បញ្ជាក់​ថា៖ «យើង​រក​ឃើញ​គំនរ​ឈើ​ពាស​ពេញ​ព្រៃ បើ​រាប់​វិញ​មួយ​ថ្ងៃ​មិន​អស់​ទេ យើង​ឃើញ​ឡាន​ដឹក​ឈើ​ច្នៃ​ពេញ​ព្រៃ»

លោក​ថា ក្រុម​ល្បាត​ប្រហែល ២០០​នាក់ បាន​ចូល​ដល់​ភូមិសាស្ត្រ​ក្នុង​ស្រុក​ឆែប ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ និង​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ធំ។ លោក​បន្ត​ថា ការ​ល្បាត​រយៈពេល​ទើប​បាន​មួយ​ថ្ងៃ​នេះ ក៏​ជួប​ការ​គំរាម​កំហែង​ពី​ក្រុម​អ្នក​កាប់​ឈើ​ខ្លះ​មាន​កាំភ្លើង​គំរាម​បាញ់​ក្រុម​អ្នក​ល្បាត​ដែរ ហើយ​ក្រុម​អ្នក​កាប់​ឈើ​នោះ​មិន​មែន​ជា​សមាជិក​ក្រុមហ៊ុន​ទេ គឺ​ជា​អ្នក​ស៊ី​ឈ្នួល​កាប់​ឈើ​ឲ្យ​ឈ្មួញ​មក​ពី​ខេត្ត​នានា ដែល​លោក​ចោទ​ថា ការ​រក​ស៊ី​ឈើ​ខុស​ច្បាប់​នេះ​មាន​មន្ត្រី​អាជ្ញាធរ​ខេត្ត​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​នៅ​ពី​ក្រោយ​ខ្នង។

អភិបាល​រង​ស្រុក​ជ័យសែន លោក វ៉ាន់ សុខ បញ្ជាក់​ថា ការ​រក​ស៊ី​កាប់​ឈើ​នៅ​ព្រៃ​ឡង់ ក្នុង​ភូមិសាស្ត្រ​ស្រុក​របស់​លោក​ស្មុគស្មាញ​ណាស់ ព្រោះ​មាន​ក្រុមហ៊ុន​រក​ស៊ី​ឈើ​ច្រើន តែ​លោក​ដឹង​ថា ក្រុមហ៊ុន​ដែល​ស្រប​ច្បាប់ គឺ​មាន​តែ​ក្រុមហ៊ុន ទ្រី ភាព មួយ​ទេ ដែល​មាន​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​ឈើ​ដែល​គេ​កាប់​រំលំ ហើយ​ខុស​ច្បាប់​នៅ​ទី​នោះ។

ទាក់ទង​ការ​បំផ្លាញ​ព្រៃ​ឈើ​តំបន់​ព្រៃ​ឡង់​នេះ លោក គិម សឿន ឲ្យ​ដឹង​ដែរ​ថា ថ្មីៗ​នេះ​ក្រុម​ឈ្មួញ​បាន​ផ្ដល់​រណារ​យន្ត​អារ​ឈើ​ដោយ​ដៃ ដល់​អ្នក​ស្ម័គ្រ​ចិត្ត​ស៊ី​ឈ្នួល​នៅ​ខេត្ត​កំពង់ធំ និង​ព្រះវិហារ ចំនួន​ប្រហែល ២០០​គ្រឿង ដើម្បី​សម្រុក​អារ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ក្នុង​ភូមិសាស្ត្រ​ស្រុក​បី​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ធំ គឺ​ស្រុក​ជ័យសែន ស្រុក​ឆែប ជាប់​ព្រំដែន​ស្រុក​សណ្ដាន់ ក្នុង​ខេត្ត​កំពង់ធំ៖ «ក្រុម​ឈ្មួញ​បាន​បោះ​ពាក្យ​ថា ក្នុង​រយៈពេល ៣​ខែ​ទៀត ពួក​គេ​នឹង​កាប់​ឈើ​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ក្នុង​ស្រុក​បី​នេះ​ក្លាយ​ជា​វាល​រហោស្ថាន»

កាល​ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ប្រហែល ៥០០​នាក់ បាន​បើក​យុទ្ធនាការ​បង្ក្រាប និង​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​រយៈពេល ៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៣។ ក្រុម​ល្បាត​ត្រូវ​បាន​ចែក​ជា​ពីរ​ក្រុម។ ក្រុម​ទី​មួយ ដើរ​ល្បាត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ។ ក្រុម​ទី​ពីរ ល្បាត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង តែ​ក្រុម​ទី​ពីរ ត្រូវ​បាន​ដាច់​ទំនាក់​ទំនង ដោយសារ​តំបន់​នេះ​គ្មាន​សេវា​ទូរស័ព្ទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។