ប្រវត្តិយុវជនការពារព្រៃឡង់ខេត្តក្រចេះ លោក ឯក សុវណ្ណា ចង់ឱ្យព្រៃឡង់គង់វង្ស
2023.03.03

យុវជនម្នាក់ដែលតស៊ូការពារព្រៃឡង់ក្នុងខេត្តក្រចេះ គឺលោក ឯក សុវណ្ណា ប្ដេជ្ញាចងក្រងសហគមន៍ឱ្យរឹងមាំ ដើម្បីការពារព្រៃឡង់ដែលនៅសល់ចុងក្រោយឱ្យគង់វង្ស បើទោះបីជា ក្រសួងបរិស្ថានបន្តរឹតត្បិតក្តី។
ក្រុមស្នូលព្រៃឡង់រូបនេះ សង្កេតឃើញថា ចាប់តាំងពីក្រសួងបរិស្ថានមកគ្រប់គ្រងព្រៃឡង់តាំងពីឆ្នាំ ២០១៦ មកទល់ពេលនេះ ដែនអភិរក្សនេះកំពុងកើតមាន បទល្មើសព្រៃឈើស្ទើរគ្រប់តំបន់ដោយគ្មានយន្តការលុបបំបាត់ឱ្យច្បាស់លាស់នៅឡើយទេ។
តើយុវជនរូបនេះ មានប្រវត្តិតស៊ូបែបណា?
យុវជនដែលស្ម័គ្រចិត្តការពារព្រៃឡង់ជាច្រើនឆ្នាំមកហើយ គឺលោក ឯក សុវណ្ណា ចាត់ទុកព្រៃឡង់ មានសារៈសំខាន់ណាស់ ដែលផ្តល់ប្រយោជន៍សំបូរបែបដល់ពលរដ្ឋជាង ២ម៉ឺននាក់ នៅជុំវិញតំបន់អភិរក្សនេះ តាមរយៈការរកអនុផលព្រៃឈើ វិស័យទេសចរ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ជាដើម។
យុវជនរូបនេះ ប្រកាសមិនរាថយ ចំពោះបេសកកម្មការពារព្រៃឡង់ ក្នុងនាមជាសហគមន៍ដែលស្ម័គ្រចិត្តការពារព្រៃឈើ១៥ ឆ្នាំមកហើយមុនពេលមិនទាន់មានវត្តមានក្រសួងបរិស្ថានគ្រប់គ្រងព្រៃនៅតំបន់នោះ។ក្រុមស្នូលការពារព្រៃឡង់ ខេត្តក្រចេះ លោក ឯក សុវណ្ណា ប្រាប់វិទ្យុអាស៊ីសេរីថា កាលពីមិនទាន់មានវត្តមានក្រសួងបរិស្ថានបញ្ជូនឆ្មាំអភិរក្ស គ្រប់គ្រងតំបន់ព្រៃឡង់ មុនឆ្នាំ២០១៦ ដើមឈើធំៗ ក្នុងព្រៃអភិរក្សនេះនៅសល់ច្រើន។ រីឯប្រជាសហគមន៍រាប់ពាន់គ្រួសារ ដែលនៅជុំវិញតំបន់ព្រៃឡង់ មានសេរីភាពពេញលេញការពារព្រៃ និងចុះល្បាតជាប្រចាំ ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើមិនដែលមករារាំងសហគមន៍មិនឱ្យការពារព្រៃនោះឡើយ។
លោកបន្ថែមថា វិនាសកម្មព្រៃឡង់ហិនហោចកាន់តែខ្លាំងឡើង ចាប់តាំងពីក្រសួងបរិស្ថានរឹតត្បិតប្រជាសហគមន៍មិនឱ្យល្បាតព្រៃ កាលពីឆ្នាំ ២០១៩ តែបើកដៃឱ្យអ្នកកាប់ឈើចូលព្រៃអភិរក្សបានដោយងាយ។

អ្នកការពារព្រៃឡង់រូបនេះសង្កត់ធ្ងន់ថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន តែងតែយកលុយពីគោយន្តដឹកឈើក្នុងមួយគោយន្តចន្លោះពី ១០ ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀលដែលជាហេតុធ្វើឱ្យបទល្មើសនៅតែកើតមានច្រើន។
ចំណែកប្រជាសហគមន៍ខ្លះ បាក់ទឹកចិត្តបោះបង់ភារកិច្ចការពារព្រៃព្រោះភ័យខ្លាចអាជ្ញាធរគំរាមកំហែង និងធ្វើបាប។ លោកថា មកទល់ពេលនេះ សមាជិកសហគមន៍ព្រៃឡង់ខេត្តក្រចេះសរុប ជិត ២០០នាក់ ដែលរស់នៅក្នុងឃុំចំនួន៣ ក្នុងស្រុកសំបូរ កំពុងពិភាក្សាគ្នាចងក្រងសហគមន៍ឱ្យរាំងមាំជាថ្មីទៀត ក្រោយពីផ្អាកមួយរយៈដោយសារមន្ត្រីបរិស្ថានរឹតត្បិតខ្លាំង។
«ដោយសារតែយើង មិនមានការសំណូកសូកប៉ាក់ យើងមានតែហាមឃាត់និងចាប់ដកហូតវត្ថុតាង។
យុវជនវ័យ ៣៧ ឆ្នាំសម្បុរខ្មៅស្រអែមរូបនេះ ធ្លាប់បួសជាសង្ឃចំនួន ៨ព្រះវស្សា ដោយគង់ចាំព្រះវស្សា ក្នុងវត្តអារាមមួយកន្លែង ឋិតនៅលើភ្នំជី ជាប់ដែនជម្រកសត្វព្រៃឡង់។
លោកមានទីលំនៅបច្ចុប្បន្នក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ អែបទន្លេមេគង្គ ហើយបច្ចុប្បន្ន លោកមានកូន ២នាក់ ដោយមានផ្ទះឈើមួយខ្នង សង់កៀកដែនជម្រកសត្វព្រៃឡង់ ហើយលោកមានមុខរបរធ្វើស្រែចម្ការ លើផ្ទៃដី ៥ហិកតារ និងរកឃ្មុំ ក្នុងតំបន់ព្រៃឡង់ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាព។
លោក ឯក សុវណ្ណា បន្ថែមថា ដើមឈើធំៗ ក្នុងតំបន់ព្រៃឡង់ បន្តបាត់បង់ទៅតាមដំណាក់កាល ពោលគឺ ការបញ្ជាទិញឈើ របស់ឈ្មួញ ផ្អែកតាមតម្រូវការទីផ្សារនិងនាំចេញទៅលក់នៅក្រៅប្រទេស។ លោកថា ដំបូងឡើយគេប្រមូលកាប់ឈើ ប្រភេទ គ្រញូង បេង និងធ្នង់ ហើយក្រោយពីឈើប្រណិតប្រភេទនេះខ្សត់ខ្លាំង គេបន្តប្រមូលកាប់ឈើប្រភេទសុក្រំ ស្រឡៅ ឈើទាល និងឈ្លីក ជាដើម។
អ្នកការពារព្រៃឡង់រូបនេះ តែងតែដឹកនាំសមាជិកសហគមន៍មូលដ្ឋាន និងចង់ក្រងបណ្ដាញដាក់វេនគ្នាចុះល្បាតព្រៃឡង់ជាប្រចាំ តាំងពីឆ្នាំ២០០៨ ក៏ប៉ុន្តែសកម្មភាពល្បាតរបស់ពួកគាត់ត្រូវផ្អាកមួយរយៈ ក្រោយពីក្រសួងបរិស្ថានហាមឃាត់ កាលពីឆ្នាំ២០១៩៖
លោក ឯក សុវណ្ណា៖ «នៅតែមន្ត្រីគេថា មិត្តភក្ដិ ឬបងប្អូនគេ គេចង់ទិញស្រា ផឹកនៅទីស្នាក់ការបរិស្ថានស្មើណាក៏បានគេអត់ពិបាកចិត្តទេ ជាមួយមន្ត្រី»។
ក្រៅពីការពារព្រៃឡង់ លោក ឯក សុវណ្ណា បាននិពន្ធបទចម្រៀងជាច្រើនបទទាក់ទងរឿងបទល្មើសព្រៃឈើ ក្នុងតំបន់ព្រៃឡង់ និងសកម្មភាពចុះល្បាតព្រៃឡង់ របស់ពួកលោកដើម្បីលើកទឹកចិត្តប្រជាសហគមន៍ឱ្យសាមគ្គីគ្នាល្បាតព្រៃ ដោយមិនភ័យខ្លាចការគំរាមកំហែងរបស់ឈ្មួញ។
ចំណែកប្រពន្ធរបស់លោក ឯក សុវណ្ណា គឺលោកស្រី វឿន ស៊ីនាង គាំទ្រការងាររបស់ប្តីដែលលះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន ការពារព្រៃ តែលោកស្រីព្រួយបារម្ភខ្លះៗ ពីសុវត្ថិភាព ដោយសារសមត្ថកិច្ច និងអាជ្ញាធរមិនសប្បាយចិត្ត នឹងការងាររបស់ប្តីលោកស្រីឡើយ។
លោកស្រីថា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច មិនបានផ្តល់តម្លៃចំពោះអ្នកការពារព្រៃឈើឡើយ ហើយអ្នកភូមិខ្លះទៀត ដែលប្រកបមុខរបរដឹកឈើលក់ក្នុងព្រៃឡង់ តែងតែប្រមាថ អ្នកការពារព្រៃ ដោយប្រើសំដីមិនសមរម្យ៖
លោកស្រី វឿន ស៊ីនាង៖ «ខាងសមត្ថកិច្ចគាត់មិនសូវជាពេញចិត្តនឹងយើង សូម្បីតែប្រធានភូមិក៏គាត់មិនសូវជារាក់ទាក់រាប់អាន មួយថា អ្នកភូមិខុសគ្នាពីអ្នកធ្វើការ។ ខ្ញុំចេះតែថា ឱ្យគាត់ស្រឡាញ់ការពារចេះថែសុវត្ថិភាពខ្លួនឯងផង»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តក្រចេះ លោក វ៉ា ថន និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា បាននៅឡើយទេ។
ជុំវិញរឿងនេះ សកម្មជនការពារបរិស្ថាន ដែលតែងតែចុះល្បាតព្រៃឡង់ ជាមួយលោក ឯក សុវណ្ណា គឺលោក ម៉ា ចិត្រា មើលឃើញថា សកម្មជនព្រៃឡង់រូបនេះ គឺជាយុវជននៅមូលដ្ឋានដែលតែងតែយកចិត្តទុកដាក់ ការពារព្រៃ និងតាមដានពីស្ថានភាពព្រៃឡង់ ជាច្រើនឆ្នាំមកហើយ។
លោកថា យុវជនរូបនេះ តែងតែប្រមូលព័ត៌មាននិងចងក្រងរបាយការណ៍បង្ហាញប្រាប់សាធារណជន និងក្រសួងបរិស្ថាន ដើម្បីអន្តរាគមន៍ទប់ស្កាត់ សកម្មភាពកាប់បំផ្លាញព្រៃឡង់។
លោក ម៉ា ចិត្រា៖ «កាលណាមានយុវជនម្នាក់ចូលរួមក្នុងកិច្ចការពារព្រៃឈើ បើសិនជាក្នុងសមរភូមិស្មើនឹងទាហានម្នាក់ កាន់កាំភ្លើងទៅ ច្បាំងជាមួយសត្រូវ។ វត្តមានគាត់ម្នាក់ ក្នុងចំណោមយុវជនផ្សេងទៀត»។
ប្រជាសហគមន៍ព្រៃឡង់ ឱ្យដឹងថា បណ្ដាញក្រុមស្នូលព្រៃឡង់ទាំង ៤ខេត្ត មានចំនួនជាង ៦០០ នាក់ បានស្ម័គ្រចិត្តបម្រើការងារជួយការពារព្រៃឡង់ ២៥ ឆ្នាំមកហើយ រហូតមកដល់ឆ្នាំ២០១៦ ទើបរដ្ឋាភិបាលចាត់ឱ្យក្រសួងបរិស្ថានការពារព្រៃឡង់។
របាយការណ៍របស់ប្រជាសហគមន៍ព្រៃឡង់ឱ្យដឹងថា ព្រៃអភិរក្សនេះមានសក្ដានុពលខ្ពស់សម្រាប់សហគមន៍មូលដ្ឋាន ដែលអ្នកភូមិជាង ២ម៉ឺន ៥ ពាន់នាក់ និងប្រជាសហគមន៍ ៣៤០ សហគមន៍ជុំវិញព្រៃឡង់ មានទំនាក់ទំនងផ្នែកវប្បធម៌ និងអាស្រ័យផលព្រៃឈើ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
ដែនជម្រកសត្វព្រៃឡង់មានផ្ទៃដីជាង ៤សែន ៣ម៉ឺនហិកតារ (៤៣.១៦៨៣ )ឋិតក្នុងចន្លោះខេត្តចំនួន ៤ គឺខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។