សាធារណ​ជនជាតិ និង​អន្តរជាតិ បន្ត​យុទ្ធនាការ​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន

0:00 / 0:00

សាធារណ​ជនជាតិ និង​អន្តរជាតិ នៅតែ​បន្ត​យុទ្ធនាការ​ទាមទារ​ឲ្យ​អាជ្ញាធរ​របប​លោក ហ៊ុន សែន ដោះលែង​សកម្មជន​បរិស្ថាន​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ចាត់ទុក​ថា ការ​ធ្វើ​យុទ្ធនាការ​នេះ មិនអាច​ជួយ​ឲ្យ​សកម្មជន​បរិស្ថាន​រួច​ផុត​ពី​ការ​ឃុំ​ឃាំង​បានទេ ក្រោម​ហេតុផល​ថា ពួកគេ​បាន​ប្រព្រឹត្ត​ល្មើសច្បាប់។

យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន នៅតែ​ផុសផុល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​(Facebook)​។ អ្នកចូលរួម​យុទ្ធនាការ​នេះ មាន​ចម្រុះ​ជាតិ​សាសន៍ ហើយ​ភាគច្រើន​គឺជា​អ្នក​ដែល​ធ្វើការ​នៅ​តាម​ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល​និង​ធ្វើការ​ផ្នែក​បរិស្ថាន។

អ្នកចូលរួម​យុទ្ធនាការ​មួយ​ចំនួន បាន​បង្ហោះ​រូបថត​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៦​រូប និង​សរសេរ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា «​អ្នកការពារ​បរិស្ថាន​មិនមែន​ជា​ឧក្រិដ្ឋជន​ទេ​»​។ ពួកគាត់​បន្ត​ថា «​ឧក្រិដ្ឋជន គឺ​អ្នក​ដែល​បំផ្លាញ​ព្រៃឈើ និង​ធនធានធម្មជាតិ ដូច្នេះ​សូម​ដោះលែង​សកម្មជន​បរិស្ថាន​ឡើងវិញ​»​។​អ្នក​មួយចំនួន​ទៀត បាន​បង្ហោះ​រូបថត​ខ្លួនឯង​ដែល​កាន់​បដា​ភ្ជាប់​ជាមួយ​សំណេរ​ថា «​ខ្ញុំ​ស្រលាញ់​បរិស្ថាន និង​សូម​ដោះលែង​សកម្មជន​បរិស្ថាន​»​។ ពួកគាត់ ចាត់ទុកថា៖ «​ភាព​សកម្ម​និយម​ក្នុង​កិច្ចការពារបរិស្ថាន និង​ធនធានធម្មជាតិ មិនមែន​ជា​សកម្មភាព​ខុសច្បាប់​ទេ»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ចូលរួម​បង្ហោះ​សារ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងនោះ មាន​ជាអាទិ៍ សមាគម​អាដហុក (Adhoc) អង្គការ​លីកាដូ (Licadho) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា ជាដើម​។ សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​ក៏បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​ដីធ្លី​មួយចំនួន​ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស និង​កំពុង​ជាប់ឃុំ​ផង​ដែរ​។ ចំណែក​អង្គការ​លីកាដូ​វិញ អង្គការ​មួយ​នេះ បាន​ចែកចាយ​បន្ត​នូវ​រូបថត​ជនបរទេស​ជាច្រើន​ជាតិ​សាសន៍ ដែល​ជា​អ្នកការពារ និង​ជា​អ្នក​ស្រលាញ់​បរិស្ថាន ហើយ​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​នៅ​កម្ពុជា​។ ជនជាតិ​បរទេស​ទាំងនោះ​រួមមាន​ជនជាតិ​ថៃ ជប៉ុន អាមេរិក អាល្លឺម៉ង់ ចិន អង់គ្លេស អូស្ត្រាលី និង​ជនជាតិ​មកពី​ប្រទេស​ជាច្រើន​ទៀត​នៅ​លើ​ពិភពលោក។

មន្ត្រី​តស៊ូ​មតិ​នៃ​គម្រោង​អ្នកការពារ​ព្រៃឈើ​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក សាន់ ម៉ាឡា ថ្លែង​ថា យុទ្ធនាការ​នៅ​លើ​បណ្ដាញ​សង្គម ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​នេះ គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត មិនមែន​ជា​ការរៀបចំ​របស់​ស្ថាប័ន​ណាមួយ​នោះ​ទេ​។ លោក យល់ថា ការចូលរួម​ធ្វើ​យុទ្ធនាការ​ទាមទារ​យុត្តិធម៌​ដ៏​ផុសផុល​នេះ គឺ​បង្ហាញ​ពី​ឆន្ទៈ​និង​ស្មារតី​សាមគ្គីភាព​របស់​មហាជន​ដែល​ឈឺឆ្អាល​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​អ្នកធ្វើ​កិច្ច​ការងារ​សង្គម​និង​បរិស្ថាន​។ ទោះ​យ៉ាងណា លោក សាន់ ម៉ាឡា បញ្ជាក់​ថា ដោយសារ​មាន​សកម្មជន​ជាច្រើន​ទៀត​ដែល​រង​នូវ​ភាព​អយុត្តិធម៌ ក្នុង​នោះ​រួម​ទាំង​បណ្ឌិត កែម ឡី ផង ទើប​រយៈពេល​ចុងក្រោយ​នេះ ក្រុម​យុវជន និង​អង្គការ​សង្គម​ស៊ីវិល ធ្វើ​យុទ្ធនាការ​ទាមទារ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ទាំងអស់ ឬ​ជា​ភាសា​អង់គ្លេស​ហៅថា ចាស្ទីក ហ្វអ​ល (Justice for all )​៖ «យើង​មើលឃើញ​ថា មនុស្ស​ជាច្រើន​ដែល​រងគ្រោះ​ដោយ​អយុត្តិធម៌​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ហើយ​យើង​មើល​ឃើញ​ថា ខួប​៥​ឆ្នាំ​របស់​បណ្ឌិត កែម ឡី ក៏​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១០ កក្កដា ដូច្នេះ​វា​ការ​បើក​ទូលាយ​សម្រាប់ សាធារណជន​ក្នុង​ការ​ចូលរួម។ គាត់​អាច​អំពាវនាវ​ឲ្យ​ជនរងគ្រោះ​ទាំងឡាយ​ណា​ដែល​មិនទាន់​ទទួល​បាន​យុត្តិធម៌។ យើង​នៅតែ​ស្នើសុំ​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន ព្រោះ​អ្វី​ដែល​គាត់​ធ្វើ​កន្លង​មក​ដើម្បី​ផលប្រយោជន៍​សង្គមជាតិ ដូច្នេះ​គាត់​មិន​គួរ​ត្រូវ​បាន​គេ​ចាប់​ខ្លួន ហើយ​ក្លាយជា​អ្នកទោស​ដោយសារតែ​ការងារ​បម្រើ​សង្គម​ទេ»។

ឆ្លើយតប​ចំពោះ​ការ​ធ្វើ​យុទ្ធនាការ​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ដូច​មន្ត្រី​ផ្សេងទៀត​ដែរ​ថា ការ​ចាប់​ឃុំខ្លួន​សកម្ម​ជន​បរិស្ថាន​កន្លងមក គឺ​ជា​ការ​អនុវត្ត​ច្បាប់ ។ លោក​ចោទ​ថា សកម្មជន​ទាំងនេះ ពាក់​ស្លាក​បរិស្ថាន តែ​ធ្វើ​សកម្មភាព​ល្មើសច្បាប់ ដូច្នេះ​លោក​ថា ទោះបី​ជា​មាន​ការ​ធ្វើ​យុទ្ធនាការ​ទាមទារ​បែប​ណា​ក្តី ក៏​មិន​អាច​ជួយ​ពួកគេ​ឲ្យ​មាន​សេរីភាព​បាន​ដែរ៖ «រាជរដ្ឋាភិបាល យើង​មិន​លូកលាន់​នៅក្នុង​សាច់រឿង​នេះ​ទេ ព្រោះ​យោង​តាម​អង្គហេតុ និង​ការ​បំពាន​ច្បាប់ អាស្រ័យ​ហេតុ​ដូច្នេះហើយ​សកម្មជន​ទាំងឡាយ​ណា​ចង់​ឲ្យ​មានការ​ដោះលែង​ឬ​យ៉ាងម៉េច​នោះ គឺ​ត្រូវតែ​តតាំង នៅក្នុង​សាល​វិនិច្ឆ័យ ជាជាង​គ្រាន់តែ​បន្លឺ​សំឡេង​ក្នុង​រួប​ភាព​នយោបាយ»។

ផ្ទុយ​ពី​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​នេះ លោក សាន់ ម៉ាឡា រំពឹង​ថា ការចូលរួម​ឈឺឆ្អាល​ពី​មហាជន នឹង​នាំ​ឲ្យ​ពួកគាត់​ដែល​ជា​មនុស្ស​ស្អាតស្អំ ទទួល​បាន​យុត្តិធម៌​។​

អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់ រួមមាន កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និង​យុវជន លី ចាន់ដារ៉ាវុត កាល​ពី​ថ្ងៃទី​១៦ មិថុនា​។ តុលាការក្រុង​ភ្នំពេញ បាន​ចោទ​ប្រកាន់​កញ្ញា ស៊ុន រដ្ឋា និង​លោក យីម លាងហ៊ី ចំនួន​ពីរ​បទល្មើស រួមមាន «​បទ​ប្រមាថ​ព្រះមហាក្សត្រ​» និង «​បទ​រួមគំនិត​ក្បត់​» រីឯ​យុវជន លី ចាន់​ដារ៉ាវុធ ជាប់​ចោទ​ពី​បទ «​រួមគំនិត​ក្បត់​»​។ បទ​រួមគំនិត​ក្បត់ ប្រឈម​នឹង​ជាប់ពន្ធនាគារ​រហូតដល់ ១០​ឆ្នាំ ខណៈ​បទ​ប្រមាថ​ព្រះមហាក្សត្រ​ប្រឈម​នឹង​ជាប់ពន្ធនាគារ​រហូតដល់ ៥​ឆ្នាំ​។ ក្រៅ​ពី​នេះ មាន​សកម្មជន​ចលនា​មាតា​ធម្មជាតិ ៣​នាក់​ផ្សេងទៀត ក៏​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ដែរ គឺ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី​។ ពួកគេ​ត្រូវ​បាន​តុលាការ​របប​ក្រុងភ្នំពេញ ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ចន្លោះ​ពី​១៨​ខែ ទៅ ២០​ខែ ពី​បទ​ញុះញង់ ដោយសារ​មាន​គម្រោង ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លុប​បឹង​ធម្មជាតិ​នៅ​ជាយ​ក្រុង​ភ្នំពេញ។

ប្រធាន​គម្រោង​ពង្រឹង​អភិបាលកិច្ច​លទ្ធកម្ម​ថ្នាក់ក្រោម​ជាតិ​នៃ​អង្គការ​សីលការ លោក ពុធ កុលកា លើកឡើង​ថា ការ​ចាប់​ឃុំខ្លួន​សកម្ម​ជន​បរិស្ថាន​ទាំង​៦​នាក់ ដោយ​ខ្វះ​មូលដ្ឋាន​ច្បាប់​បែបនេះ គឺជា​ការ​កាត់​ផ្តាច់​យុវជន​ដទៃទៀត មិន​ឱ្យ​ចូលរួម​ក្នុង​កិច្ចការពារបរិស្ថាន និង​ធនធានធម្មជាតិ។ លោក ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះលែង​សកម្មជន​បរិស្ថាន​ទាំង​៦​រូប​ឲ្យ​មាន​សេរីភាព​ឡើងវិញ ព្រោះ​ពួកគាត់ បាន​លះបង់​ក្តី​សុខ​ផ្ទាល់ខ្លួន ដើម្បី​រួមចំណែក​បំពេញ​ចន្លោះប្រហោង​របស់​រដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​បំផ្លិចបំផ្លាញ​បរិស្ថាន និង​ធនធានធម្មជាតិ៖ «អ្វី​ដែល​ខ្ញុំ​បាន​លើកឡើង​ខាងលើ​មិនមែន​ជា​ការរិះគន់ រដ្ឋាភិបាល​ថា ធ្វើការ​ងារ​អត់​បាន​ល្អ​នោះ​ទេ ផ្ទុ​យ​មកវិញ​បើសិន​រដ្ឋាភិបាល ធ្វើ​តាម​អនុសាសន៍ ខាងលើ​របស់ខ្ញុំ វា​នឹង​ជួយ​ដល់​រដ្ឋាភិបាល ធានា​បាន​ថា មតិ​សាធារណជន​ក្នុងស្រុក​មតិ​សាធារណជន​អន្តរជាតិ ជឿ​ទៅលើ​ការដឹកនាំ​របស់​រដ្ឋាភិបាល ជឿជាក់​ថា រដ្ឋាភិបាល ពិតជា​មិនបាន​រំលោភសិទ្ធិ​មនុស្ស​ដូច​ការចោទប្រកាន់​នោះ​ទេ​។ ពួក​យើង​ជួយ​រដ្ឋាភិបាល មិនមែន​រិះគន់​រដ្ឋាភិបាល​ឲ្យ​កាន់តែ​អាម៉ាស់មុខ​នោះ​ទេ ប៉ុន្តែ​បើសិនជា​រដ្ឋាភិបាល​នៅតែ​រឹងទទឹង ឬ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​ដែល​ខ្លួន​បាន​ធ្វើ​និង​អត់​មានការ​ធ្វើការ​រួមគ្នា ខ្ញុំ​គិតថា មតិ​មហាជន នឹង​មាន​ការចោទប្រកាន់​ដូចគ្នា​ដែរ»។

សហគមន៍​ជាតិ និង​អន្តរជាតិ បាន​ថ្កោលទោស​របប​លោក ហ៊ុន សែន ជា​បន្តបន្ទាប់​ចំពោះ​ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន​វ័យក្មេង​ទាំងនេះ និង​ទាមទារ​ឲ្យ​ដោះលែង​ពួកគាត់​ឡើងវិញ​។ កាលពី​ថ្ងៃទី​៣០ ខែ​មិថុនា ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី និង​កម្មវិធី​អង្គការសហប្រជាជាតិ​ស្ដីពី​បរិស្ថាន ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បង្ហាញ​ក្តី​កង្វល់​ចំពោះ​ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន និង​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ពួកគាត់​ជា​បន្ទាន់​។ ស្ថាប័ន​អន្តរជាតិ​ទាំងពីរ​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​គោរព​សិទ្ធិ​របស់​អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកការពារ​បរិស្ថាន​ក្នុង​ការ​បញ្ចេញមតិ ការ​ជួប​ប្រជុំ និង​ការ​ចងក្រង​គ្នា ដោយ​គ្មាន​ការ​យាយី ឈ្លបយកការណ៍ ឬក៏​ការ​រឹតត្បិត​ជ្រុល​ហួសហេតុ​ណាមួយ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។