គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានដោះលែង មន្ត្រីនគរបាលយុត្តិធម៌នៅខេត្តមណ្ឌលគិរី ៥នាក់វិញ ក្រោយពីសួរនាំ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តនេះ រយៈពេញពេញ ១ថ្ងៃ។ ការឃាត់ខ្លួនមន្ត្រីជំនាញទាំង ៥រូបនេះ ក្រោយពីមានតម្រុយ ទាក់ទិនការឃុបឃិត ប្រព្រឹត្តអំពើពុករលួយ រឿងបទល្មើសព្រៃឈើពាក់ព័ន្ធ លោកឧកញ៉ា ស៊ឹង សំអុល ដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារ។
សកម្មជនបរិស្ថាន ក្រុមជនជាតិដើមភាគតិច និងមន្ត្រីអង្គការសង្គមស៊ីវិល ជំរុញឱ្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើស៊ើបអង្កេតឱ្យស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ចំពោះមន្ត្រីពាក់ព័ន្ធណា ដែលប្រព្រឹត្តអំពើពុករលួយ ជាមួយក្រុមឧកញ៉ាជាឧក្រិដ្ឋជនជួញដូរឈើខុសច្បាប់។
កាលពីថ្ងៃទី១៣ កក្កដា គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានកោះហៅ មន្ត្រី ៥នាក់ រួមមានប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ ប្រធានមន្ទីរកសិកម្មខេត្ត លោក សុខ ឃាង នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក អ៊ុ វណ្ណសុភក៌ ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក លោក ប៉ែត ភ័ក្ត្រា និង លោក ហាន សុខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច។
មន្ត្រីពង្រឹងសិទ្ធិអំណាច សហគមន៍នៃសមាគម អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា ការបណ្ដែតបណ្ដោយឱ្យមានបទល្មើសឧក្រិដ្ឋព្រៃឈើ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាទម្រង់នៃបទល្មើសព្រហ្មទណ្ឌ ហើយអាចជាប់ពាក់ព័ន្ធអំពើ ពុករលួយ ដែលទាមទារឱ្យគណៈកម្មការជាតិស៊ើបអង្កេតឱ្យគ្រប់ជ្រុងជ្រោយ និងឯករាជ្យ។ លោកគិតថា មន្ត្រីនគរបាលយុត្តិធម៌ថ្នាក់ជាតិ គួរតែស៊ើបអង្កេតស្រាវជ្រាវបន្ថែមទៀត បើទោះជាខ្លួនដោះលែងមន្ត្រីទាំង ៥រូបនេះក្តី។ លោកថា មន្ត្រីទាំងនោះ ទំនងជាគណៈកម្មការជាតិដាក់ការសង្ស័យថា អាចពាក់ព័ន្ធ បទល្មើសឧក្រិដ្ឋព្រៃឈើ និងប្រព្រឹត្តអំពើពុករលួយ៖ «ការឃាត់ខ្លួនម្សិលមិញ និងដោះលែងវិញយើងជឿថា មន្ត្រីនគរបាលយុត្តិធម៌ថ្នាក់ជាតិ កំពុងធ្វើការស្រាវជ្រាវបន្ថែមទៀត ព្រោះតាមច្បាប់ ត្រូវកំណត់ឱ្យច្បាស់នៃបទល្មើស មុននឹងបញ្ជូនទៅអយ្យការ។ យើងជឿថា មន្ត្រីទាំង ៥រូបហ្នឹង មន្ត្រីនគរបាលយុត្តិធម៌ថ្នាក់ជាតិ សង្ស័យថា មានពាក់ព័ន្ធបទឧក្រិដ្ឋព្រៃឈើដែលប្រព្រឹត្តឡើងដោយ ឧកញ៉ា ស៊ឹង សំអុល ហើយ»។
អ្នកនាំពាក្យគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី បដិសេធមិនអធិប្បាយជុំវិញ មូលហេតុនៃការដោះលែងមន្ត្រីនគរបាលយុត្តិធម៌ទាំង ៥រូបនេះទេ ដោយលោកថា កំពុងជាប់រវល់ និងឈប់ទទួលទូរស័ព្ទ។
តែយ៉ាងណា លោកធ្លាប់ប្រាប់អាស៊ីសេរីថា បុគ្គលណា ឬក្រុមហ៊ុនណាក្តី ដែលពាក់ព័ន្ធបទល្មើសព្រៃឈើ គណៈកម្មការជាតិនឹងអនុវត្តច្បាប់ទាំងអស់៖ «គណៈកម្មការជាតិឱ្យតែរកឃើញថា គាត់គាត់ល្មើសច្បាប់ ត្រូវតែអនុវត្តច្បាប់។ អ៊ីចឹងអយ្យការ និងចៅក្រមស៊ើបសួរ គាត់អនុវត្តតាមច្បាប់»។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ យល់ថា ប្រសិនបើគណៈកម្មការជាតិ រកឃើញថា មន្ត្រីនគរបាលយុត្តិធម៌ទាំងនោះ ប្រព្រឹត្តអំពើពុករលួយ ហើយនៅតែដោះលែងវិញ មានន័យថា ពលរដ្ឋ និងមហាជននឹងអស់ជំនឿពីប្រសិទ្ធភាពការងាររបស់គណៈកម្មការជាតិមួយនេះ៖ «យើងដឹងថា ឧកញ៉ា ស៊ឹង សំអុល មានឈ្មោះល្បីល្បាញជាទីបំផុត គាត់បែរជាបណ្ដោយឱ្យឧកញ៉ាមួយនេះ រកស៊ីឈើយ៉ាងគឃ្លើន។ អ៊ីចឹងហើយគណៈកម្មការនេះ ត្រូវកំណត់មុខសញ្ញា និងដាក់ទោសទណ្ឌដល់មន្ត្រីមួយចំនួនដែរ ដែលពាក់ព័ន្ធឱ្យមានការកាប់បំផ្លាញព្រៃឈើនៅតំបន់ខេត្តមណ្ឌលគិរី យកទៅដាក់ក្នុងពន្ធធនាគារដូចឧកញ៉ាដែរ ព្រោះពួកគាត់ជាអ្នក ផ្សំរួមគំនិតគ្នា ឱ្យមានការកាប់បំផ្លាញព្រៃឈើ»។
សកម្មជនបរិស្ថានរូបនេះបន្ថែមថា គណៈកម្មករជាតិត្រូវមានភាពច្បាស់លាស់ ស្រាវជ្រាវ និងវែកមុខជនពាក់ព័ន្ធទាំងអស់ ដែលជាប់ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើក្នុងខេត្តមណ្ឌលគិរី។ លោកសង្កត់ធ្ងន់ថា គណៈកម្មការជាតិត្រូវតែអនុវត្តច្បាប់ ចំពោះមន្ត្រីពាក់ព័ន្ធទាំងអស់ ប្រសិនបើរកឃើញថា ឃុបឃិតគ្នា បណ្ដោយឱ្យមានបទល្មើសឧក្រិដ្ឋព្រៃឈើ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៖ «ការកាប់បំផ្លាញព្រៃឈើនៅស្រុកកោះញែក មណ្ឌលគិរី គគ្រឹកគគ្រេងមែនទែន ហេតុអ្វីបានជាអាជ្ញាធរទាំងអស់ហ្នឹងមិនទប់ស្កាត់។ នេះជាសំនួរដែលសួរថ្នាក់ដឹកនាំ ខេត្តហ្នឹង។ ក្នុងមួយយប់ៗឡានដឹកឈើចេញពីតំបន់ព្រៃហ្នឹងតើវាមានប៉ុន្មានរយឡាន ? ហេតុអ្វីបានជាពួកគាត់ មិនព្រមចាត់វិធានការ បែរជាបណ្ដោយឱ្យមានការកាប់បំផ្លាញព្រៃឈើ។ នេះហើយបញ្ជាក់ថា ពួកគាត់រួមគំនិត»។
សហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី លោក ក្រើង តុលា សំណូមពរឱ្យគណៈកម្មការជាតិស្រាវជ្រាវឱ្យលម្អិតករណីនេះ។ លោកសង្ឃឹមថា បេសកកម្មរបស់គណៈកម្មការជំនាញមួយនេះ បំពេញភារកិច្ចបម្រើជាតិដោយស្មោះត្រង់នឹងមិនប្រព្រឹត្តអំពើពុករលួយ៖ «តែប្រសិនចម្លើយដោះសារ ពីណាឆ្លើយដោះសារបានដែរ ខ្លួនឯងចោរក៏ឆ្លើយដោះបាន។ បញ្ហាបទល្មើសកើតរដ្ឋបាលរបស់ខ្លួនពិតមែន។ នេះជាចំណុចមួយ សំណូមពរគណៈកម្មការហ្នឹងផ្អៀងផ្ទាត់ឱ្យលម្អិត និងស្រាវជ្រាវ តើវាមានការប្រព្រឹត្តអំពើពុករលួយយ៉ាងម៉េច ? ព្រោះមានជាប់ពាក់ព័ន្ធថ្នាក់ដឹកនាំខេត្ត និងដែនជម្រក»។
មកទល់ពេលនេះ អាស៊ីសេរីនៅមិនទាន់ទទួលបានរបាយការណ៍បឋម ពីគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ស្ដីពីតួលេខ ឃាត់ចាប់វត្ថុតាង និងរឹបអូសឈើប្រណិតបានប៉ុន្មានម៉ែត្រគូបនោះទេ? ក៏ប៉ុន្តែកាសែតក្នុងស្រុកបានបង្ហោះវីដេអូ ភ្ជាប់រូបភាព បង្ហាញពីសកម្មភាពដុតកម្ទេចរថយន្តប៉ាកុង ឬអារេវ ដែលបម្រើមធ្យោបាយដឹកជញ្ជូនឈើអស់ជាច្រើនគ្រឿង ដែលឃាត់ចាប់បាន នៅខេត្តមណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និងខេត្តរតនគិរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។