អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (Alliance for Conflict Transformation) ហៅកាត់ជាភាសាអង់គ្លេស ថា អេ.ស៊ី.ធី (ACT) ផ្សព្វផ្សាយរបាយការណ៍ជាលទ្ធផលស្រាវជ្រាវរបស់ខ្លួន ស្ដីពីសក្ដានុពលនៃតំបន់អារ៉ែង និងផលប៉ះពាល់នៃទំនប់វារីអគ្គិសនី ដែលអាចមាននៅតំបន់នោះ។
លទ្ធផលស្រាវជ្រាវនេះ ត្រូវបានផ្សព្វផ្សាយដល់សាធារណជន ភាគច្រើនជានិស្សិតជិត ១០០នាក់នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ធ្នូ។
ក្រុមការងារដើម្បីដោះស្រាយទំនាស់ ហៅកាត់ថា អេ.ស៊ី.ធី បង្ហាញរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនថា នៅតំបន់អារ៉ែង មានសក្ដានុពលជាច្រើនសម្រាប់បរិស្ថាន។
មន្ត្រីគម្រោងស្រាវជ្រាវនៃអង្គការ អេ.ស៊ី.ធី លោក ភិន ចំរើន បង្ហាញនៅក្នុងវគ្គផ្សព្វផ្សាយរបាយការណ៍នៅព្រឹកថ្ងៃទី៦ ធ្នូ ថា មានសក្ដានុពលផ្នែកធនធានធម្មជាតិសម្រាប់បម្រើផលប្រយោជន៍ច្រើនវិស័យនៅភាគនិរតី ដូចជាព្រៃឈើ សត្វព្រៃ និងមច្ឆជាតិ៖ «ហើយឋិតនៅតំបន់មុំបីដែលជាប់ខេត្តពោធិ៍សាត់ កំពង់ស្ពឺ កោះកុង។ អ៊ីចឹងព្រៃដែលនៅច្រើនជាងគេ គឺនៅតែប៉ុន្មានខេត្តហ្នឹងទេ។ ភូមិសាស្ត្រនៅអារ៉ែង គឺល្អសម្រាប់អ្នករស់នៅដោយសារព័ទ្ធជុំវិញដោយភ្នំ ហើយចំណុចកណ្ដាលសម្បូរវាលទំនាប ដែលជាវាលរាបសុទ្ធ។ បើគេយកមកអភិវឌ្ឍសហគមន៍ គឺអំណោយផលផ្នែកកសិកម្ម ចិញ្ចឹមសត្វអីស្រួល ព្រោះអីដីនៅតំបន់អារ៉ែង វាលទំនាបលើស ១ម៉ឺនហិកតារ»។
លោកបញ្ជាក់បន្ថែមថា អ្នកភូមិជាជនជាតិជង នៅទីនោះមានប្រពៃណីរស់នៅតាមរបៀបស្រឡាញ់ធម្មជាតិ និងចេះរក្សាព្រៃឈើ និងសត្វព្រៃ ប៉ុន្តែមនុស្សពីខាងក្រៅ បានទៅបំផ្លាញនៅទីនោះ៖ «ឃើញទៅចាប់សត្វព្រៃ ទៅទិញក្រពះប្រមា ចាប់ស្វាចាប់ខ្លាអីមានអ្នកចម្ងាយ។ បើចំពោះវប្បធម៌របស់គាត់វិញ គាត់រក្សាបានណាស់ ដូចជាការគោរពសាសនាដូនតាអារក្ខនៅទីនោះ សត្វព្រៃមួយចំនួនគាត់អត់បរិភោគទេ។ តែបើអ្នកពីចម្ងាយគាត់សប្បាយ គាត់ធ្វើជំនួញ។ ដឹងថាអ្នកភូមិអត់ចេះបរិភោគ គាត់ទៅចាប់យកៗ មកលក់បាត់។ ដូចជាការប្រមូលភោគផលអ៊ីចឹង គាត់ប្រមូលភោគផលបាន គាត់យកមកចែកគ្នាហូប។ គាត់ដឹងតែពីហូប គាត់អត់ចេះលក់ដូរទេ ដូចជាធូរេន ខ្នុរ ពេលទុំខូចទុកឲ្យសត្វហូប»។
របាយការណ៍របស់អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ មានចំណងជើងថា "ស្ថានភាពរស់នៅរបស់ជនជាតិភាគតិចជង" បង្ហាញថា តំបន់អារ៉ែង ដែលមានចម្ងាយ ៣៥គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំង ខេត្តកោះកុង មានអ្នកភូមិជាជនជាតិជង ចំនួន ៤០០គ្រួសារ និងមនុស្សសរុប ១.៥០០នាក់កំពុងរស់នៅ។ តំបន់អារ៉ែង សម្បូរដោយធនធានធម្មជាតិ ដូចជាព្រៃឈើក្រាស់ សត្វព្រៃ មច្ឆជាតិ និងទឹកជ្រោះ។
ថ្វីបើតំបន់អារ៉ែង សម្បូរធនធានធម្មជាតិដូច្នេះក្ដី ក៏តំបន់នេះសម្បូរបញ្ហាដែរ ព្រោះតែអ្នកភូមិទាំងនោះព្រួយបារម្ភថា តំបន់នេះនឹងបាត់បង់ ប្រសិនបើមានទំនប់វារីអគ្គិសនីនៅទីនោះ។
ក្រុមអ្នកស្រាវជ្រាវព្រួយបារម្ភថា ធនធានធម្មជាតិ និងភាពអំណោយផលទាំងនេះ នឹងរងផលប៉ះពាល់ ឬបាត់បង់ ប្រសិនបើរាជរដ្ឋាភិបាលសម្រេចឲ្យសង់ទំនប់វារីអគ្គិសនីនៅតំបន់នោះ។ ការព្រួយបារម្ភអំពីទំនប់វារីអគ្គិសនីនេះ ធ្វើឲ្យអ្នកភូមិ និងសកម្មជនបរិស្ថានចេញតវ៉ាជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៣ មក។
ទាក់ទងនឹងភាពចម្រូងចម្រាសអំពីការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង នៅខែកុម្ភៈ ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបញ្ឈប់គម្រោងសាងសង់ទំនប់រហូតដល់ឆ្នាំ២០១៨។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា រដ្ឋាភិបាលបានថ្លឹងថ្លែងរវាងផលប្រយោជន៍សេដ្ឋកិច្ច និងបញ្ហាបរិស្ថាន៖ «កុំនិយាយអារ៉ែង តទៅទៀត។ សិក្សាមើលឲ្យវាច្បាស់មើល ហើយខ្ញុំគិតថា ទោះបីជាសិក្សាច្បាស់ ឬមិនច្បាស់យ៉ាងម៉េច ពីនេះដល់ឆ្នាំ២០១៨ អត់មានទេ។ អត់មានឲ្យធ្វើទេ ហើយខ្ញុំ គំនិតរបស់ខ្ញុំ ចង់ទុកឲ្យក្មេងជាន់ក្រោយឯណោះ កុំឲ្យវាពិបាកពេក។ វាដូចទីតានីញ៉ូម (Titanium) នៅជីផាត អ៊ីចឹង។ តាមការប៉ាន់ស្មានតម្លៃជាង ២០ពាន់លានដុល្លារឯណោះ។ ប៉ុន្តែដើម្បីយក ២០ពាន់លានដុល្លារ យើងត្រូវអស់ឈើប្រមាណជាង ២ម៉ឺនហិកតារ»។
នាយិកាប្រតិបត្តិនៃអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ គឺកញ្ញា ស្រី សុធាវី មានប្រសាសន៍ថា ព័ត៌មានដែលជាលទ្ធផលប្រមូលបានពីការស្រាវជ្រាវនេះ ជាការផ្សព្វផ្សាយសម្រាប់ការយល់ដឹងជាសាធារណៈ ហើយការផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៦ ធ្នូ គឺជាការផ្សព្វផ្សាយលើកទីមួយ នៃគម្រោងការងារកសាងសន្តិភាពរបស់ខ្លួនចំនួន ៤ ដែលក្នុងនោះមានគម្រោងសារព័ត៌មានសន្តិភាព ការស្រាវជ្រាវសន្តិភាព គម្រោងដោះស្រាយទំនាស់ពហុភាគី និងគម្រោងអន្តរសាសនាដើម្បីកសាងសន្តិភាពក្នុងសហគមន៍ ផ្ដោតលើការគ្រប់គ្រងធនធានធម្មជាតិ៖ «មិនមែនមានន័យថា ការដែលយើងស្រាវជ្រាវមកនេះ គឺជាលទ្ធផលបង្ហាញមក ដើម្បីតែធ្វើការរិះគន់លើរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែលទ្ធផលស្រាវជ្រាវបញ្ចេញមក ដើម្បីធ្វើការកែតម្រូវថា តើសង្គមយើងមានសន្តិភាពបានកម្រិតណាហើយ? តើនៅខ្វះចន្លោះផ្នែកណាទៀត ដែលយើងគួរបំពេញបន្ថែម។ អ៊ីចឹងមិនមែនន័យថា លទ្ធផលគ្រប់ការស្រាវជ្រាវមានការរិះគន់ បន្តុះបង្អាប់ ឬក៏មើលងាយស្នាដៃ ឬការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលទេ»។
ទន្ទឹមគ្នានឹងការប្រឈមនេះ ក្រុមអ្នកស្រាវជ្រាវបង្ហាញថា ជីវភាពរស់នៅរបស់អ្នកភូមិនៅអារ៉ែង ដែលធ្វើស្រែចម្ការ និងប្រមូលអនុផលព្រៃឈើ នៅមិនទាន់មានការអភិវឌ្ឍនៅឡើយទេ ទាំងវិស័យអប់រំ សុខាភិបាល និងសេវាគមនាគមន៍។ ក្រុមអ្នកស្រាវជ្រាវផ្ដល់អនុសាសន៍មានជាអាទិ៍ថា រដ្ឋាភិបាលគួររក្សាទុកតំបន់នេះជាតំបន់អភិរក្ស និងបង្កើតទៅជាតំបន់អេកូទេសចរណ៍អភិវឌ្ឍនៅតំបន់នោះ និងយកចិត្តទុកដាក់ដល់ការអប់រំយុវជននៅតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។